មេធាវី​និង​ពលរដ្ឋ​ថា​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ជា​ភាព​អយុត្តិធម៌

ដោយ អាស៊ីសេរី
2017.10.31
សវនាការ កឹម សុខា ២០១៧ ៦២២ សកម្មភាព​សមត្ថកិច្ច​ដាក់​ប៉ារាស់​រារាំង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ជិត​តុលាការ​កំពូល នៅ​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៧។
RFA

មេធាវី​របស់​លោក កឹម សុខា យល់​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​ប្រកាស​តម្កល់​សាលដីកា​សាលឧទ្ធរណ៍​ដែល​ចាត់​ទុក​ថា បានការ​នោះ គឺ​ជា​អំពើ​អយុត្តិធម៌​សម្រាប់​កូនក្ដី​របស់​លោក។

មេធាវី​ម្នាក់ ក្នុងចំណោម​ច្រើន​នាក់​របស់ លោក កឹម សុខា គឺ​លោក សំ សុគង់ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​តុលាការ​កំពូល ក្រោយ​ពេល​សវនាការ ដោយ​គ្មាន​វត្តមាន​ចុង​ចម្លើយ គឺ​លោក កឹម សុខា ចូលរួម ថា ចៅក្រម​ជំនុំជម្រះ​បានសម្រេច​រក្សា​សេចក្ដី​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍ ចាត់ទុកជា​បានការ។ លោក​មេធាវី សំ សុគង់ ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ថា​មិនបាន​ផ្ដល់​យុត្តិធម៌​សម្រាប់​កូនក្ដី​លោក​នោះ​ទេ។

សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា បាន​សម្រេច​ទាត់ចោល លើ​បណ្ដឹង​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន ហើយ​សេចក្ដី​សម្រេច​នៅ​ពេល​នោះ របស់​សភា​ស៊ើបសួរ និង​បានសម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទុកជា​បាន គឺ​បន្ត​ឃុំខ្លួន​លោក​កឹម សុខា។ កាលនោះ ក្រុម​មេធាវី របស់​លោក កឹម សុខា បាន​បង្ខំចិត្ត​ដើរចេញ​ពី​បន្ទប់​ជំនុំជម្រះ ដោយសារ​សវនាការ​នោះ អវត្តមាន​កូន​ក្តី​របស់​ខ្លួន។ សវនាការ​នៅ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ក៏​មិន​មាន​វត្តមាន លោក កឹម សុខា​ដែរ តែ​ជំនួស​ទៅវិញ គឺ​សំបូរ​វត្តមាន​របស់​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ និង​កង​សន្ដិសុខ​សាលាក្រុង​ភ្នំពេញ​ជាច្រើន​នាក់ រួម​ទាំង​ប៉ារាស់​បិទ​ផ្លូវ​ជាច្រើន ខណៈ​ដែល​ឡាន​ទាហាន និង​ឡានទឹក​ជាច្រើន ដាក់​នៅ​ម្ដុំ​ចំណុច​វាលហង្ស ជិត​ព្រះបរមរាជវាំង។

លោក កឹម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុងភ្នំពេញ ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​កម្ពុជា-វៀតណាម។ មុន​មាន​ដីកា​ឃុំ​ខ្លួន ប្រធាន​គណបក្សប្រឆាំង​រូប​នេះ ត្រូវ​បាន​ព្រះរាជ​អាជ្ញា​រង​លោក សៀង សុខ ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ក្រោយ​ពេល​សមត្ថកិច្ច​ចូល​ឡោមព័ទ្ធ​ចាប់ខ្លួន​ទាំង​កណ្ដាលយប់ ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក​ក្រុងភ្នំពេញ។

ក្រោយ​មក តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​លោក កឹម សុខា ពី​បទ​សន្ធិតិកម្ម ដែល​មាន​ន័យ​ស្រដៀង នឹង​បទ​ក្បត់ជាតិ​ដែរ។ បទ​ចោទ​របស់​តុលាការ​ក្រុង​ភ្នំពេញ ធ្វើ​ឡើង​ក្រោយ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ចោទ លោក កឹម សុខា ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស ដោយ​ផ្អែក​លើ​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហោះ​ត​គ្នា ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) តាំងពី​ឆ្នាំ​២០១៣។

លោក​មេធាវី សំ សុគង់ អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា បើ​ទោះ​ជា​ក្នុង​សវនាការ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ លោក កឹម សុខា ព្យាយាម​បង្ហាញ​ភស្តុតាង និង​ឯកសារ​ជាច្រើន ដែល​ចាត់​ទុក​ការ​ឃុំ​ខ្លួន លោក កឹម សុខា កន្លង​មក ជា​ការ​ខុស​នីតិវិធី ក៏​លើក​ការ​បង្ហាញ​ទាំងនោះ មិន​ត្រូវ​បាន​ចៅក្រម​យក​ទៅ​ពិចារណា​ដែរ។

លោក​បន្ត​ថា ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ លោក កឹម សុខា ទាំងអស់ មិន​អាច​ទទួល​យក​បាន​ទេ នូវ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដែល​នៅតែ​ចាត់​ទុក​ថា លោក កឹម សុខា មាន​ទោស​តាម​ការ​ចោទ​របស់​តុលាការ​នៅ​ថ្នាក់​ក្រោម​ៗ​នោះ។ បើ​ទោះ​បែបនេះ​ក្ដី លោក មេធាវី សំ សុគង់ អះអាង​ថា ក្រុម​មេធាវី​នឹង​រិះរក​វិធី​ផ្លូវច្បាប់​បន្ថែម​ទៀត ដើម្បី​ជួយ​កូនក្ដី​របស់​ពួកគេ។

កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​ដែល​បាន​ដាក់​នៅ​ព័ទ្ធជុំវិញ​តុលាការ​កំពូល ត្រូវ​បាន​រំសាយ​នៅ​ក្រោយ​សវនាការ​បាន​បញ្ចប់ ខណៈ​ដែល​វត្តមាន​អ្នកគាំទ្រ​គណបក្សប្រឆាំង ទៅ​ឃ្លាំ​មើល​សវនាការ​មាន​ចំនួន​តិចតួច​បំផុត ដែល​មិន​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ។

សមាជិក​ព្រឹទ្ធសភា​ម្នាក់ មកពី​គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស​សម រង្ស៊ី គឺ លោក ទាវ វណ្ណុល យល់ថា ការ​ដាក់​ពង្រាយ​កងកម្លាំង​ដ៏​សន្ធឹកសន្ធាប់ ហើយ​គ្មាន​អ្នក​តវ៉ា​បែបនេះ រដ្ឋាភិបាល​ហាក់​បង្ហាញ​ឲ្យ​គេ​មើល​មក​ថា មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង។

អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នើសុំ​ការ​បញ្ចេញមតិ​ពី​អ្នកវិភាគ ឬ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បានទេ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា។ ប៉ុន្តែ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​បញ្ហា​នយោបាយ និង​សង្គម ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា លោក​ហាក់​ពុំ​មាន​រំពឹង​ថា លោក កឹម សុខា អាច​នឹង​បាន​នៅ​ក្រៅ​ឃុំ ព្រោះ​ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​ក្រោម​ការ​រិះគន់​ថា អនុវត្ត​ច្បាប់​ដោយ​បំពាន ហេតុនេះ​ប្រសិនបើ​មានការ​ដោះលែង​មែន​នោះ រដ្ឋាភិបាល​ខ្លាច​ណាស់​ពី​ភាព​អាម៉ាស់ និង​ការ​ទទួល​បរាជ័យ​ទៅដល់​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន។ មិនតែប៉ុណ្ណោះ សំណុំ​រឿង​នេះ គឺជា​រឿង​នយោបាយ​ស្រាប់​ផង ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើ​សុំ​គឺ​មិនមែន​ជា​ការ​ងាយ​នោះ​ឡើយ។

ពលរដ្ឋ​ម្នាក់ ឈ្មោះ រស់ ច័ន្ទគន្ធាវី មិន​ពេញ​ចិត្ត​នឹង​ការសម្រេច​របស់​តុលាការ​កំពូល​ទេ។ អ្នកស្រី នៅ​តែ​យល់​ថា លោក កឹម សុខា គ្មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

ក្រៅពី​ការ​ដាក់​ប៉ារាស់​បិទ​ជុំវិញ​តុលាការ​កំពូល និង​អម​ដោយ​វត្តមាន​សមត្ថកិច្ច​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ហើយ​នោះ សវនាការ​នៅ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា​នេះ ក៏​មិន​ស្វាគមន៍​សង្គម​ស៊ីវិល របស់​អង្គការ​សិទ្ធិមនុស្ស​ដែរ។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក (Adhoc) ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​ចូល​តាមដាន​សវនាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។