តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ របស់​សកម្មជន​​បក្ស​ប្រឆាំង ២នាក់ នៅ​ដើម​ខែ​តុលា

0:00 / 0:00

តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ របស់​​គ្រូ​បង្រៀន និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ជាប់​ឆ្នោត​ ២នាក់ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​​លោក ពៀត ម៉ាប់ និង លោក ស៊ុន ធន់ នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​កញ្ញា។ សាច់​ញាតិ​ជំរុញ​​តុលាការ​កំពូល ឱ្យដោះលែង​​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​នាក់ ដោយ​ឥត​លក្ខខណ្ឌ។

មេធាវី​ការពារ​ក្ដី ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​ពីរ​នាក់ គឺ​លោក​មេធាវី ឡោ ជុនធី មិន​ទាន់​​​សន្និដ្ឋាន​​​បាន​ថា តុលាការ​កំពូល នឹង​​សម្រេច​បែប​ណា​ទេ តែ​​លោក​មេធាវី​សង្កេត​ឃើញ​ថា អង្គ​ហេតុ​នៃ​សំណុំ​រឿង​ក្ដី​នេះ កន្លង​យូរ​ទៅ​ច្រើន​​ឆ្នាំ​ហើយ មិន​គួរ​​តុលាការ​លើក​យក​មក​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន កូន​ក្ដី​ទាំង ២​ទៀត​នោះ​​ទេ។

លោក​មេធាវី​ខក​ចិត្ត​ ចំពោះ​​ការ​បាត់​បង់​ឱកាស​របស់​​កូន​ក្ដី សម្រាប់​ត​ទល់​ក្នុង​សវនាការ​មុន​អង្គ​សេចក្ដី​នៅ​​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី២៨ កញ្ញា​ ដោយ​សារ​មន្ត្រី​ខាង​ពន្ធនាគារ​ប្រាប់​​តុលាការ​ថា មិន​បាន​ទទួល​បញ្ជី​ឈ្មោះ ឲ្យ​ដឹក​​ជន​ជាប់​ឃុំ​ទាំង​ពីរ​ មក​តុលាការ​កំពូល។ ទោះ​យ៉ាង​ណា លោក យល់​ថា កូន​ក្ដី ទាំង​ពីរ គួរ​ទទួល​បាន​ការ​ដោះលែង​ នៅ​ថ្ងៃ​ទី៥ តុលា​ខាង​មុខ៖ « អ៊ីចឹង មើល​ឃើញ​ថា វា​មិន​សម​ហេតុ​សម​ផល​ដែរ សំណុំ​រឿង​វា​យូរ​មក​ហើយ​។ ដល់​​ឥឡូវ​ហ្នឹង ២០២០​ បាន​មាន​បញ្ហា​កូវីដ បាន​ដល់​រឿង​កូន​ក្ដី​យើង ហើយ​ចាប់​ពួក​គាត់​មក អ៊ីចឹង​ណា។ អា​ហ្នឹង វា​អត់​សម ហើយ​ពួក​គាត់ ( កូន​ក្ដី ) មាន​ដែល​ទៅ​ណា មក​ណា គាត់​ជា​គ្រូ​បង្រៀន នៅ​តែ​ផ្ទះ​ហ្នឹង ហើយ​អត់​ដែល​រត់​គេច​ទៅ​ណា​ទៀត។ អ៊ីចឹង វា​ពិបាក​ដែរ ហេតុ​ផល​ដែល​យក​មក​វា​មិន​សូវ​សម​​ សំណុំ​រឿង​យូរ​ហើយ ពាក់ព័ន្ធ​នឹង​គូកន​អ៊ីចឹង​ណា វា​ដូច​ជា​មិន​សូវ​សម​ទេ»

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នគរបាល​មូលដ្ឋាន​ នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ចុះ​ចាប់​លោក ពៀត ម៉ាប់ នៅ​ចុង​ខែ​ឧសភា និង​ចាប់​លោក ស៊ុន ធន់ នៅ​ដើម​ខែ​មិថុនា ដើម្បី​បញ្ជូន​មក​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បញ្ជា និង​ចូលរួម​គំនិត​ក្បត់​ជាតិ​ ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​លើក​ទី១ របស់​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំងលោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។

លោក ពៀត ម៉ាប់ គឺជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ នៅ​ខេត្ត​សៀមរាប ហើយ​​លោក​ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដក​ហូត​អាសនៈ​ក្រុម​ប្រឹក្សា​ខេត្ត​​ ដោយ​សារ​​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច នៅ​ចុង​ឆ្នាំ​២០១៧​។ នៅ​ដើម​ឆ្នាំ​២០១៨ រដ្ឋ​​មន្ត្រី​ក្រសួង​អប់រំ​ បាន​លុប​ឈ្មោះ លោក​ចេញ​ពី​ក្រប​ខណ្ឌ​​ក្រសួង​ទៀត ដោយ​ចោទ​ថា លោក​អវត្តមាន​​ដោយ​គ្មាន​ការ​សុំ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ។​

ចំណែក លោក​ ស៊ុន ធន់ គឺជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ខេត្ត​កំពង់ធំ។ នៅ​ខែ​មិថុនា ឆ្នាំ២០១៩ លោក ស៊ុន ធន់ ​​ត្រូវ​​ ជន​មិន​ស្គាល់​មុខ ៤នាក់ បោក​បញ្ឆោត​ឲ្យ​ឡើង​ឡាន ហើយ​ដឹក​យក​ទៅ​កន្លែង​ស្ងាត់ ព្រួយ​វាយ​ម្ដង​ហើយ ដោយ​សារ​លោក​ធ្វើ​សកម្មភាព​កៀរគរ​សកម្មជន​បក្ស​ប្រឆាំង នៅ​មូលដ្ឋាន​នាំ​គ្នា​ហូប​នំ​បញ្ចុក និង​ត្រៀម​ទទួល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍។

កូន​ប្រុស​របស់​លោក ស៊ុន ធន់ គឺ​លោក ធន់ ធានី ខក​ចិត្ត​ ដែល​មិន​បាន​ឃើញ​ឪពុក ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​កញ្ញា ដោយ​សារ​ភាព​ធ្វេស​ប្រហែល​របស់​មន្ត្រី​ពន្ធនាគារ។ តែ​យ៉ាង​ណា លោក ធន់ ធានី រំពឹង​ថា តុលាការ​កំពូល នឹង​ដោះលែង​​ឪពុក​របស់​លោក​ ឲ្យ​មាន​សេរីភាព​ នៅ​ថ្ងៃ​ទី៥ តុលា ខាង​មុខ៖ « ខាង​គ្រួសារ​យើង​ខ្ញុំ នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ដោះលែង​ប៉ា​របស់​ខ្ញុំ និង​សកម្មជន​ផ្សេង​ទៀត ដោយ​មិន​មាន​លក្ខខណ្ឌ ហើយ​កុំ​ចេះ​តែ​ចោទ​ប្រកាន់​ខុស​សាច់​រឿង​អ៊ីចឹង​ទៅ»

នាយក​រង​ ទទួល​បន្ទុក​ផ្នែក​​​សិទ្ធិ​មនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត សោកស្ដាយ ​ចំពោះ​ អវត្តមាន ​របស់​​​ លោក ពៀត ម៉ាប់ និង​លោក ស៊ុន ធន់ ក្នុង​តុលាការ​កំពូល​ ព្រោះ​ជន​ជាប់​ចោទ​ទាំង​២ មាន​សិទ្ធិ ក្នុង​ការ​ត​ទល់​ក្ដី និង​ការពារ​ខ្លួន ក្នុង​សវនាការ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​ជំរុញ​ឲ្យ​តុលាការ​កំពូល ដោះលែង​​ មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​នាក់​នេះ​ដែរ៖ « ប៉ុន្តែ​ទោះ​យ៉ាង​ណា យើង​ឃើញ​ថា សវនាការ​នេះ បាន​បន្ត​រួច​ទៅ​ហើយ​។ អ៊ីចឹង មាន​តែ​មួយ​ទេ សង្ឃឹម​ថា ហេតុផល​អ្នក​ទាំង​ពីរ តាម​រយៈ​មេធាវី​ហ្នឹង តុលាការ​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​ពីរ​ហ្នឹង ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​បាន ដោយសារ​មាន​ហេតុផល​គ្រប់​គ្រាន់ ក្នុង​ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ហើយ​​ទី​២ ដោយសារ​តែ​វ័យ ហើយ​និង​ជីវភាព​រស់​នៅ​របស់​គ្រួសារ​របស់​គាត់»

របប​ក្រុង​ភ្នំពេញ ​បង្កើន​ការ​ចាប់​ខ្លួន​​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​​ឡើងវិញ នៅ​ឆ្នាំ២០២០ ពី​បទ​ញុះញង់ ចូលរួម​គំនិត​ក្បត់​ជាតិ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ (Covid--19) ក្រោយ​បាន​ដោះ​លែង​ជា​ទ្រង់ទ្រាយ​ធំ​ម្ដង កាល​ពី​ចុង​ឆ្នាំ២០១៩។

មក​ដល់​ពេល​នេះ តុលាការ​បាន​ឃុំ​ខ្លួន សកម្មជន​នយោបាយ​ប្រឆាំង​ទាំង​នោះ ជាង​២០​នាក់​ហើយ​។ ជាមួយ​គ្នា​នេះ តុលាការ​ក៏​​ចាប់​ផ្ដើម​កាត់​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​ ដែល​បាន​ដោះលែង កាល​ឆ្នាំ​២០១៩ ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​​ឡើងវិញ ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។