មន្រ្តី​ក្រសួង​មហាផ្ទៃ​ ​ថា​​ច្បាប់​​ស្តីពី​​ការ​​ពរ​ពោះ​​ជំនួស​ ​នៅ​ចេញ​មិនទាន់​រួច

0:00 / 0:00

មន្រ្តី​ក្រសួងមហាផ្ទៃ​ ​ថា​ច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស​ ​ដែល​កម្ពុជា​កំពុង​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ ​នៅ​មិនទាន់​អា​ចចេញ​ឆាប់ៗ​ ​បាន​នៅឡើយ​នោះ​​ទេ​ ​ព្រោះ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នោះ​ ​នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​កា​រហាម​ការ​ពរ​ពោះ​ជំនួស​។​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ​ស​ ​ខេង​ ​កាលពីដើម​ខែ​មេសា​ ​បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ​យក​សេ​ក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ពរ​ពោះ​ជំនួស​នេះ​ ​មក​ពិនិត្យ​សិក្សា​ឡើងវិញ​ ​ក្រោយ​ពី​បាន​ផ្អាក​រយៈពេល​ជាច្រើន​ឆ្នាំ​។​

សេចក្តីព្រាងច្បាប់​ស្ដីពី​ការ​ពរ​ពោះ​ជំនួស​ ​ដែល​ក្រុម​ការងារ​អន្តរ​ក្រសួង​ដឹកនាំ​ដោយ​ក្រសួង​កិច្ចការ​នារី​ ​រួមគ្នា​ធ្វើ​អស់​រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ​នោះ​ ​នៅតែ​មិនទាន់​អាច​ចេញរួច​។​ ​ច្បាប់​នេះ​ ​មាន​គោលបំណង​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​ ​ក្នុង​រូបភាព​នៃ​ការ​ពរ​ពោះ​ជំនួស​។​

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ ​ប្រយុទ្ធ​ប្រឆំាង​ការ​ជួញ​ដូរ​មនុស្ស​នៃ​ក្រសួងមហាផ្ទៃ​អ្នកស្រី​ ជូ ​ប៊ុនអេង​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី​១០​ ​ខែ​មេសា​​ថា​ មូលហេតុ​ចម្បង​ ​ដែល​សេចក្ដីព្រាងច្បាប់​នេះ​ ​នៅតែ​ចេញ​មិនទាន់​រួច​ឆាប់​នោះ​ ​គឺ​មកពី​ពេល​ដែល​រៀបចំ​ច្បាប់​នោះ​ ​គឺ​ខុស​ពី​គោលការណ៍​ដែល​ចង់បាន​៖ «អ្វី​ដែល​យើង​ចង់បាន​ ​គឺ​ចង់និយាយ​អំពី​បទល្មើស​ពរ​ពោះ​ជំនួស​ ​ដើម្បី​ជួញ​ដូរ​ទារក​ ​ពីព្រោះ​ការ​ពរ​ពោះ​នេះ​ ​មិនមែន​គ្រាន់តែ​ជា​ការ​ពរ​ពោះ​ដូច​ស្រ្តី​ទូទៅ​ទេ​ ​ពរ​ពោះ​ដើម្បី​លក់​កូន​។​ ​កម្ពុជា​​យើង​ហ្នឹង​ គឺ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​រឿង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​។​ ​ទារក​គឺជា​អនីតិជន​ ​គឺជា​មនុស្ស​ ​ដែល​យើង​មិន​អាច​លក់​បាន​។​ អ៊‍ីចឹង​អំពើ​​ពរ​ពោះ​ដែល​ដើម្បី​ជួញ​ដូរ​ទារក​ ​ត្រូវ​ហាមឃាត់​។​ ​ពេល​ដែល​យើង​ធ្វើ​ច្បាប់​មានន័យ​ថា ​ច្បាប់​មិនមែន​ធ្វើ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ពរ​ពោះ​ជំនួស​នោះ​ទេ»។

នៅមុន​ឆ្នាំ​២០១៦​ ​យ៉ាងហោចណាស់​ ​មាន​ស្រ្តី​ខ្មែរ​ជាង​ ​៣​០​ ​នាក់​ ​ត្រូវ​មេខ្យល់​ជួល​ឲ្យពរ​ពោះ​ជំនួស​ឲ្យ​ជនបរទេស​ ​រួម​មាន​ជនជាតិ​អូស្រ្តាលី​ជាដើម​ ​ក្នុង​តម្លៃ​១​ម៉ឺន​ដុល្លារ​​ម្នាក់​ ​ដោយ​ពួកគេ​ទទួល​បាន​ប្រាក់កក់​ដំបូង​ ​ពេល​មានផ្ទៃពោះ​ចំនួន​ ​៥០០​ដុល្លារ​ ​ហើយ​ពេល​កូន​កើតមក​ ​ពួកគេ​ទទួល​បាន​ ​៣០០​ដុល្លារ​ក្នុងមួយ​ខែ​។​ ​តាម​​ការ​អះអាង​របស់​មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ​ក្នុង​ជំនួញ​ពរ​ពោះ​ជំនួស​នេះ​ ​អ្នក​ដែល​កាក់កប ​គឺ​មេខ្យល់​ឯណោះ​ទៅវិញ​ទេ​។​ ​ប៉ុ​ន្តែ​ ​ការ​ពរ​ពោះ​ជំនួស​ជា​ថ្នូរ​នឹង​ប្រាក់​នេះ​ ​ល្មើសច្បាប់​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ ​ទើប​រដ្ឋាភិបាល​កម្ពុជា​ ​ហាមឃាត់​តាំងពី​ចុង​ឆ្នាំ​ ​២០១៦​មក​។​

មុននេះ​មួយ​ឆ្នាំ​ ​រដ្ឋាភិបាល​ប្រទេស​ថៃ​ ​ក៏បាន​ចេញ​បម្រាម​ដូច្នេះ​ដែរ​ ​ក្រោយ​មាន​ករណី​ជនជាតិ​អូស្រ្តាលី​ ​បោះបង់​ចោល​ទារក​ភ្លោះ​ ​ដែល​ពួកគាត់​ជួល​ឲ្យ​ស្រ្តី​ថៃ​ពរ​ពោះ​ជំនួស​ ​ក្រោយ​ក្មេងៗ​នោះ​កើតជំងឺ​ខ្សោយ​សតិបញ្ញា​ (​ឬ​ ​down​ ​syndrome​)​។

សេចក្ដីព្រាងច្បាប់​មួយ​មាន​កម្រាស់ ​២​៧​ទំព័រ​ ​៨​ជំពូក​ ​ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌​ ​និង​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​ ​កាលពីដើម​ឆ្នាំ​ ​២​០​១​៩​ ​បើកឲ្យ​ពរ​ពោះ​ជំនួស​បាន​ ​ប៉ុន្តែ​ត្រូវ​ធានា​ការ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ ​ដើម្បី​ការពារ​សិទ្ធិ​ជន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពរ​ពោះ​ជំនួស​នេះ​ ​ជាពិសេស​ស្រ្តី ​និង​កុមារ​ ​ដោយធ្វើ​យ៉ាងណា​ឲ្យ​ស្របតាម​បញ្ញត្តិច្បាប់​ ​និង​ការពារ​ ​និង​ទប់​ស្កាត់​ ​មិន​ឲ្យ​មាន​អាជីវកម្ម​ពរ​ពោះ​ជំនួស​នេះ​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ​ស​ ​ខេង​ ​កាលពីដើម​ខែ​មេសា​ ​បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ​យក​សេ​ក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ពរ​ពោះ​ជំនួស​នេះ​ ​មក​ពិនិត្យ​សិក្សា​ឡើងវិញ​ ​ក្រោយ​ពី​បាន​ផ្អាក​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​។

អ្នកស្រី​ ជូ ​ប៊ុន​អេង​ ​ទទួលស្គាល់​ថា​ ​កម្ពុជា​អនុញ្ញាត​ឲ្យ​មានការ​ពរ​ពោះ​ជំនួស​បាន​ ​ក្នុងរង្វង់​គ្រួសារ​ខ្មែរ​ ​ដូចជា​ ក្នុង​ករណី​ដែល​ម្តាយ​មិន​អាច​ពរ​ពោះ​បាន​ ​គឺ​ស្រ្តី​ខ្មែរ​ជា​ម្ដាយ​នោះ​ ​អាច​ពឹងពាក់​ស្រ្តី​ខ្មែរ​ដែល​នៅ​ក្នុងរង្វង់​គ្រួសារ​ ​ឲ្យ​ជួយ​ពរ​ពោះ​ជំនួស​ ​ប៉ុន្តែ​មិនមែន​ក្នុង​ន័យ​លក់​កូន​នោះ​ទេ​។​ ​ដូច្នេះ​ហើយ​ ​ទើប​អ្នកស្រី​ ​ថា​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស​នោះ​ ​គឺ​ទាល់តែ​ចែង​ ​និង​បញ្ជាក់​ខ្លឹមសារ​ច្បាប់​ឲ្យ​ច្បាស់​ ​អំពី​ការ​ហាមឃាត់​ការ​ពរ​ពោះ​ជំនួស​ដើម្បី​ធ្វើអាជីវកម្ម​ ​ទើប​ច្បាប់​នោះ​អាច​ចេញរួច​។​ ​អ្នកស្រី​បន្ថែម​ ​ថា​ការ​ពរ​ពោះ​ជំនួស​ដើម្បី​ធ្វើអាជីវកម្ម​នេះ​ ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​កុមារ​ ​និង​បំពានច្បាប់​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស​៖ «អ្នក​ដែល​រងគ្រោះ​ គឺ​ទារក​ដែល​គ្នា​អត់​ដឹង​អ្វី​ទាល់តែសោះ​។​ ​ទីបំផុត​យើង​បង្កើត​គាត់​មក​ ​ហើយ​យើង​យក​គាត់​ទៅ​លក់​ ​ដោយ​មិន​ខ្វាយខ្វល់​អំពី​ជោគវាសនា​របស់​គាត់​ ​ថា​អ្នកណា​ជា​ឳពុក​ ​អ្នកណា​ជា​ម្តាយ​ក៏​គាត់​មិនបាន​ដឹងផង​ហ្នឹង»

អតីត​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អ្នកស្រី​ រ៉ូណា​ ​ស្មីត​ (Rhona​ ​Smith) ​កាលពី​ក្នុង​បេសកកម្ម​របស់​អ្នកស្រី​នៅ​កម្ពុជា​ ​នៅ​ចុង​ឆ្នាំ​២០១៧​ ​អ្នកស្រី​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​ពិភាក្សា​បង្កើត​ច្បាប់​ស្ដីពី​ការ​ពរ​ពោះ​ជំនួស​នេះ​ ​ក្នុង​ន័យ​ការពារ​សិទ្ធិ​ស្ត្រី​ ​និង​កុមារ​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ​ធ្លាប់​បញ្ជាក់​ ​ថា​ពួកគេ​ចង់​ឲ្យច្បាប់​នេះ​ ​មាន​ស្តង់​ដារ​កម្រិត​អន្តរជាតិ​ផង​ដែរ​។​ ​ប៉ុន្តែ​ ​មន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​ធ្លាប់​ព្រមាន​ថា​ ​បើ​កម្ពុជា​អនុញ្ញាត​ឲ្យ​មានការ​ពរ​ពោះ​ជំនួស​ ​ទោះ​ក្នុង​ទម្រង់​ណា​ក៏ដោយ​ ​ក៏​ងាយ​នឹង​នាំឲ្យ​មាន​ការរំលោភ​សិទ្ធិ​កុមារ​ ​និង​ការ​ជួញ​ដូរ​មនុស្ស​ ​លុះត្រាតែ​កម្ពុជា​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​ទប់​ស្កាត់​អំពើពុករលួយ​រ៉ាំរ៉ៃ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​លើកស្ទួយជីវភាព​ស្រ្តី​ខ្មែរ​ ​ឲ្យ​ពួកគាត់​រួចផុត​ពី​ការ​ភាព​ក្រីក្រ​ ​និង​ការ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​ដូច​សព្វថ្ងៃ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។