សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនអធិការរងនគរបាលក្រុងបាវិត ករណីបាញ់ស្ត្រីម្ចាស់ហាងផឹកស៊ីមួយកន្លែង បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២០ ខែធ្នូ។ សង្គមស៊ីវិលជំរុញឲ្យតុលាការ ផ្ដន្ទាទោសជនដៃដល់ឲ្យមាន ប្រសិទ្ធភាព ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងលុបបំបាត់អំពើបាញ់បោះដោយសេរីនេះ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង លោក ឈុន ដាវី សម្រេចចេញដីកាឃុំខ្លួន អធិការរងនគរបាលក្រុងបាវិត លោក កែវ ចិត្រា អាយុ២៩ បណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តស្វាយរៀង ក្រោមបទចោទប្រកាន់ចំនួនពីរ គឺបទឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
អធិការរងនគរបាលក្រុងបាវិត លោក កែវ ចិត្រា គឺជាកូនប្រុសបង្កើតរបស់អធិការនគរបាលក្រុង បាវិត លោក កែង គង់។ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ជនជាប់ចោទរូបនេះ បានដកកាំភ្លើងខ្លីបាញ់ ចំក្បាលស្ត្រីម្ចាស់ភោជនីយដ្ឋានយីហោ "តន្ត្រីសំណាងដាណេ"ក្នុងពេលចូលទៅផឹកស៊ីក្នុងភោជនីយដ្ឋានរបស់ជនរងគ្រោះ។ ជនរងគ្រោះឈ្មោះ សឿន ស្រីណេ ភេទស្រី អាយុ៣៨ឆ្នាំ បានស្លាប់ ពេល បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
របាយការណ៍របស់នាយប៉ុស្តិ៍នគរបាលសង្កាត់បាវិត លោក ម៉ៅ ភិនភិរម្យ ឲ្យដឹងថា មូលហេតុ ដែលលោក កែវ ចិត្រា បាញ់ស្ត្រីរងគ្រោះ គឺដោយសារផឹកស្រាស្រវឹង។ ក្រោយបង្កសកម្មភាពរួច ជនសង្ស័យ បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង។ ចំណែកសាក្សី បានប្រាប់កាសែតក្នុងស្រុកថា មូលហេតុដែលជនដៃដល់ដកកាំ ភ្លើងបាញ់ ដោយសារខឹងស្ត្រីម្ចាស់ហាង យកមីស្រុះមកយឺតពេក។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង (Licadho) លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ការសម្រេចចោទប្រកាន់របស់តុលាការនៅពេលនេះ ជាសញ្ញាវិជ្ជមាននៃពន្លឺយុត្តិធម៌ដល់សាច់ញាតិជនរងគ្រោះ ប៉ុន្តែលោក ជំរុញឲ្យការផ្ដន្ទាទោសនោះមានប្រសិទ្ធភាព ពោលគឺកុំធ្វើឡើងតែមួយភ្លែត ហើយស្ងាត់ៗ ជនជាប់ចោទ មានសេរីភាពវិញ៖ «ករណីនេះកូនជាអធិការរង ហើយឪពុកជាអធិការ។ បើនិយាយតាមច្បាប់ គឺធ្វើឲ្យមានទំនាស់ផលប្រយោជន៍ ហើយកូនអាងឪពុកធ្វើអីក៏ដោយក៏មិនខ្លាច ហើយ ជាកម្លាំងមានអាវុធថែមទៀត អាចឈានដល់ការបាញ់បោះដោយមិនគិតគ្រោះថ្នាក់ដល់អ្នកដទៃ។ ទោះយ៉ាងណាក៏ដោយ យើង ក៏ស្នើសុំឲ្យរឹតបន្តឹងការគ្រប់គ្រងអាវុធ ហើយត្រូវអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹង និងផ្ដន្ទាទោសឲ្យបានច្បាស់លាស់តាមច្បាប់។ បើធ្វើដូច្នេះបាន ខ្ញុំគិតថា បទល្មើសនេះវាអាចថយចុះ » ។
ការបាញ់បោះដោយសេរីនេះ បានកើតឡើងជាញឹកញាប់ ហើយអ្នកប្រព្រឹត្តភាគច្រើន ជាមន្ត្រីកងកម្លាំងប្រដាប់អាវុធ ជាមន្ត្រីថ្នាក់ធំ ឬជាកូនចៅមន្ត្រីទាំងនោះ សូម្បីតែក្រុមក្មួយៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ ក៏ធ្លាប់ពាក់ព័ន្ធនឹងអំពើបាញ់បោះសេរី និងពាក់ព័ន្ធជាមួយគ្រឿងញៀនដែរ។
មន្ត្រីសង្គមស៊ីវិល អះអាងថា ការដែលមិនអាចទប់ស្កាត់ករណីបាញ់បោះនេះប្រកបដោយប្រសិទ្ធ ភាពខ្ពស់នោះ ដោយសារតែបញ្ហានិទណ្ឌភាព និងប្រព័ន្ធរដ្ឋបាលនៅអន់ខ្សោយ។
មាត្រា ១៩៩ នៃច្បាប់ព្រហ្មទណ្ឌចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ ដល់មាត្រា ២០៥ គឺជាឃាតកម្ម។ ជនប្រព្រឹត្តបទល្មើស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំដល់ ១៥ឆ្នាំ។ ចំណែកការកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត ត្រូវផ្ដន្ទាទោសពី ៦ខែទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៦លានរៀល៕