កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) របស់ថៃ នៅថ្ងៃទី២៦ ខែកុម្ភៈ ឱ្យដឹងថា ក្រុមជនសង្ស័យជនជាតិជាតិបុរសតៃវ៉ាន់ ៤នាក់ និងស្ត្រីថៃម្នាក់ បានរត់គេចមកប្រទេសកម្ពុជា ក្រោយមានករណីសម្លាប់បុរស ដែលជាជនជាតិតៃវ៉ាន់ឈ្មោះ ស៊ីមូ ជៀង (Shih Mou Chiang) នៅក្នុងប្រទេសថៃ។
សាកសពលោក ស៊ីមូ ជៀង ដែលពោរពេញដោយស្នាមសាក់ ត្រូវបានគេរកឃើញមានស្លាកស្នាមគេបាញ់សម្លាប់ នៅក្នុងតូបលក់អាហារ ដែលគ្មានមនុស្ស នៅក្បែរវាលយន្តហោះអន្តរជាតិសុវណ្ណភូមិ កាលពីថ្ងៃទី២៥ ខែកម្ភៈ។
ប្រធានអន្តោប្រវេសន៍ថៃ ខេត្តស្រះកែវ ប្រាប់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៦ ខែកម្ភៈ ថា កាមេរ៉ាសុវត្ថិភាពបានបង្ហាញអំពីក្រុមជនសង្ស័យទាំងនោះ ដែលមកដល់ខេត្តស្រះកែវតាមឡានក្រុងប្រហែលម៉ោង ៤ រសៀល ថ្ងៃទី២៥ ខែកម្ភៈ។ ជនសង្ស័យទាំង ៥នាក់ បានបង្ហាញលិខិតឆ្លងដែនដល់មន្ត្រីអន្តោប្រវេសន៍ និងបានឆ្លងដែនចូលមកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកម្ភៈ ហើយចូលទៅកាស៊ីណូ វេលាម៉ោង ៧កន្លះយប់ និងជួលរថយន្តតាក់ស៊ីចេញទៅភ្នំពេញ នៅម៉ោង ៩យប់ថ្ងៃដដែលនោះ។ នៅពេលឆ្លងដែនចូលកម្ពុជា ប៉ូលិសអន្តោប្រវេសន៍ថៃ មិនបានឃាត់ខ្លួនពួកគេបានទេ ដោយសារមិនមានដីកាឱ្យឃាត់ខ្លួននៅឡើយ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានទេ នៅថ្ងៃទី២៦ ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។