មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍ករណីយុវជនមូស្លីមកម្ពុជាចំនួន ១១នាក់ ដែលត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពហ្វឹកហាត់យោធា។ មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ អះអាងថា ស្ថានទូតកំពុងធ្វើការលើរឿងនេះ ហើយព័ត៌មានលម្អិតស្ថានទូតនឹងផ្ដល់ឱ្យនៅពេលក្រោយទៀត។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា អាជ្ញាធរកម្ពុជាមានកាតព្វកិច្ចក្នុងការជួយការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរ ទោះជាក្នុងស្ថានភាពណាក៏ដោយ។ លោកថា ករណីឃាត់ខ្លួនយុវជនមូស្លីមកម្ពុជានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ត្រូវជួយពួកគេតាមលទ្ធភាពដែលអាចធ្វើទៅបាន ជាពិសេស គឺការផ្ដល់មេធាវី ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ពួកគេ៖ «ការសម្រេចសេចក្ដី ឬក៏តុលាការថៃកាត់ទោសយ៉ាងម៉េច អាហ្នឹងយើងមិនអាចជ្រៀតជ្រែកបាន ប៉ុន្តែស្ថានទូតមានលទ្ធភាពពិនិត្យមើលតើ ហើយអាចរកមេធាវីដើម្បីការពារ ព្រោះអ្នកទាំងអស់ហ្នឹងជាប្រជាពលរដ្ឋខ្មែរដែរ ហើយប្រសិនបើគេកាត់ទោសកាត់អី អាហ្នឹងយើងអាចចរចាទាក់ទងហ្នឹងការធ្វើបត្យាប័ន អាហ្នឹងជារឿងក្រោយមួយទៀត ដែលខាងរដ្ឋាភិបាលត្រូវគិតគូរ»។
កាលពីពេលថ្មីៗនេះ សមត្ថកិច្ចថៃបានឃាត់ខ្លួនយុវជនមូស្លីមកម្ពុជាចំនួន ១១នាក់ ពាក់ព័ន្ធនឹងសកម្មភាពហ្វឹកហាត់យោធា ក្នុងបរិវេណសាលាអ៊ីស្លាមមួយកន្លែង ស្ថិតនៅក្នុងខេត្តប៉ាតានី (Pattani) ភាគខាងត្បូងប្រទេសថៃ។ ក្នុងចំណោមយុវជនទាំង ១១នាក់នោះ មាន ៩នាក់ ចូលមកក្នុងប្រទេសថៃតាមរយៈទិដ្ឋាការទេសចរណ៍ ម្នាក់ទៀតមានប័ណ្ណការងារស្របច្បាប់ក្នុងប្រទេសថៃ និងម្នាក់ទៀតជាជនអន្តោប្រវេសន៍ខុសច្បាប់។
មន្ត្រីយោធានៃបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភូមិភាគ ៤ របស់ថៃ បានអះអាងប្រាប់ កាសែត ឌឺ ណេស៊ិន (The Nation) ថា មានភស្តុតាងជាវីដេអូដែលបង្ហាញថា យុវជនមូស្លីមកម្ពុជាទាំងនោះ កំពុងហ្វឹកហាត់របៀបការពារខ្លួនតាមបែបយោធា ហើយប្រតិបត្តិការឃាត់ខ្លួនពួកគេ ធ្វើឡើងក្រោយពេលអាជ្ញាធរបានពិនិត្យមើលវីដេអូនោះ។ មន្ត្រីយោធាដដែលបន្តថា បន្ទាប់ការឃាត់ខ្លួនយុវជនមូស្លីមកម្ពុជានោះ ម្ចាស់សាលាអ៊ីស្លាមមួយកន្លែងនោះ ត្រូវបានចោទប្រកាន់ពីបទផ្តល់ឱ្យជនបរទេសស្នាក់នៅដោយខុសច្បាប់។
បច្ចុប្បន្ន យុវជនមូស្លីមកម្ពុជាទាំងនោះ កំពុងស្ថិតក្រោមការសាកសួររបស់អាជ្ញាធរថៃ ហើយពួកគេនឹងត្រូវបញ្ជូនទៅទីក្រុងបាងកក បន្ទាប់ពីផុតរយៈពេល ១៥ថ្ងៃ។ មេប៉ូលិសអន្តោប្រវេសន៍ថៃ លោក ស៊ូរ៉ាឆេត (Surachet Hakpal) បានអះអាងថា យុវជនទាំងនោះនឹងត្រូវបញ្ជូនមកកម្ពុជាវិញ ប្រសិនបើរកមិនឃើញពីទោសកំហុសរបស់ពួកគេ។ ក៏ប៉ុន្តែលោកថា ប្រសិនបើរកឃើញថា ពួកគេបានប្រព្រឹត្តកំហុស យុវជនមូស្លីមកម្ពុជាទាំងនោះ នឹងរងការផ្ដន្ទាទោស និងការបណ្ដេញចេញពីប្រទេសថៃ។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកមួយរូប ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យអាស៊ីសេរីដឹងថា ស្ថានទូតបានដឹងពីព័ត៌មាននេះរួចហើយ និងកំពុងស្នើសុំព័ត៌មានបន្ថែមពីអាជ្ញាធរថៃ។ មន្ត្រីដដែលអះអាងថា អាជ្ញាធរថៃកំពុងសាកសួរយុវជនមូស្លីមទាំងនោះ ដោយមិនទាន់សម្រេចចោទប្រកាន់ពួកគេនៅឡើយ៖ «ប្រសិនបើគាត់អត់មានទោសអី អាហ្នឹងអត់អីទេ តែប្រសិនបើគាត់មានទោស អាហ្នឹងតាមនីតិវិធីច្បាប់របស់គេ។ ប៉ុន្តែគ្រាន់ថា អត់ទាន់ដឹងព័ត៌មានលម្អិតទេ ដោយសារយើងដឹងតែពីតាមគ្នាយើង និង ( បណ្តាញ ) ព័ត៌មានទេ។ អ៊ីចឹងឥឡូវខាងស្ថានទូតកំពុងតាមដានរឿងហ្នឹងដែរជាមួយអាជ្ញាធរថៃ»។
អាស៊ីសេរីបានព្យាយាមទាក់ទងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥសា្លមកម្ពុជា លោក ឧស្មាន់ ហាសាន់ ជាច្រើនដងតាមទូរស័ព្ទនៅថ្ងៃទី៥ មករា ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។
រយៈពេលជិត ២ទសវត្សរ៍កន្លងទៅនេះ អាជ្ញាធរថៃបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងនៅដែនដីភាគខាងត្បូង ដោយសាររីករាលដាលនៃចលនាទាមទារផ្ដាច់ទឹកដីនិយម។ រដ្ឋាភិបាលថៃបានដាក់ខេត្ត ៣ រួមមានខេត្តប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត ដែលជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ក្រោមច្បាប់អាជ្ញាសឹកតាំងពីឆ្នាំ២០០៤ រហូតមកដល់ពេលបច្ចុប្បន្ន ក្រោយព្រឹត្តិការណ៍ក្រុមឧទ្ទាមលួចវាយឆ្មក់ចូលបន្ទាយទាហាននៅខេត្តណារ៉ាធីវ៉ាត ដោយប្រមូលយកអាវុធយុទ្ធភណ្ឌជាច្រើន និងបណ្ដាលឱ្យស្លាប់ទាហានរដ្ឋាភិបាលមួយចំនួន។ ការប្រឈមមុខដ៏ហិង្សារវាងរដ្ឋាភិបាលក្រងបាងកក និងកងឧទ្ទាមនៅភាគខាងត្បូងប្រទេសថៃ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់អាយុជីវិត ក្នុងនោះភាគច្រើន គឺជាជនស៊ីវិលស្លូតត្រង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។