សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាកោះហៅមន្ត្រីនគរបាលជាន់ខ្ពស់ពីររូបនៅខេត្តកំពង់ស្ពឺ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាមួយជនចាប់ចោទឈ្មោះ សរ សារ៉ាត។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យតុលាការខេត្តព្រះសីហនុ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះករណីនេះ។
អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កោះហៅ មេប៉ុស្តិ៍ត្រែងត្រយឹង លោក សែម វុទ្ធី និងអធិការរងស្រុកភ្នំស្រួច លោក ផែន ប្រុស ចូលខ្លួនបំភ្លឺនៅតុលាការ នៅថ្ងៃទី៨ វិច្ឆិកា ខាងមុខ ពាក់ព័ន្ធនឹងការសង្ស័យរឿងជួញដូរគ្រឿងញៀន។ នេះតាមដីការបស់តុលាការ ដែលវិទ្យុអាស៊ីសេរី ទើបទទួលបាននៅថ្ងៃទី៤ វិច្ឆិកា។ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរកឃើញថា លោក សែម វុទ្ធី និងលោក ផែន ប្រុស ជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន ជាមួយជនជាប់ចោទ ឈ្មោះ សរ សារ៉ាត ដែលត្រូវជាបងថ្លៃរបស់ លោក ផែន ប្រុស ដោយសារអ្នកទាំងពីរបានផ្ដល់ព័ត៌មានទៅក្រុមឈ្មួញ នៅពេលមន្ត្រីជំនាញចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដែលប្រព្រឹត្តទៅនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក ធុច បញ្ចសន្តិភាព ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា ថា វាជាចំណុចវិជ្ជមានមួយ ដែលតុលាការព្រះសីហនុ មានវិធានការទៅមន្ត្រីនគរបាលសាធារណៈជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពីព្រោះកន្លងទៅបទល្មើសគ្រឿងញៀននៅខេត្តព្រះសីហនុ បានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារមានការកើននៃជនជាតិចិន ហើយក៏មានការប្រើប្រាស់គ្រឿងញៀនកាន់តែច្រើនថែមទៀត ។ លោកស្រីសាទរចំពោះវិធានការមួយនេះ និងលើកទឹកចិត្តឲ្យមន្ត្រីរដ្ឋាភិបាលស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធថែមទៀត ដោយសារក្នុងខេត្តមួយនេះ គឺជាកន្លែងមួយប្រមូលផ្ដុំទៅដោយក្រុមឧក្រិដ្ឋជន និងជាកន្លែងលាក់ទុក ឬស្តុកទុកនូវសារធាតុញៀនជាច្រើនប្រភេទ ។
លោកស្រី ជៀប សុធារី៖ «ខ្ញុំនិងប្រជាពលរដ្ឋផ្សេងទៀតហ្នឹងក៏នៅតែទទូចដែរថា គ្រឿងញៀនវាមិនអាចចូលមកប្រទេសកម្ពុជាយើងបានដោយងាយៗទេ បើសិនជាគ្មានការគប់គិត និងការជួយជ្រោមជ្រែងពីមនុស្សមួយចំនួនដែលមានអំណាច ឬក៏មានឥទ្ធិពល តាមច្រកចេញ តាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស គឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ចយ៉ាងតឹងរ៉ឹងជាទីបំផុត»។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅថ្មីៗនេះ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ចំនួន៦នាក់ ពាក់ព័ន្ធនិងការទទួលផលពីអំពើ ជួញដូរគ្រឿងញៀន ម្ដងរួចមកហើយ ។ ក្នុងចំណោមមន្ត្រីកងរាជអាវុធហត្ថទាំង៦នាក់នេះ ក៏មានមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ទិត្យ វណ្ណៈ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច លោក យស ឌីណា ផងដែរ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធត្រូវតែហ៊ាន ចាត់វិធានការច្បាប់ទៅលើ ក្រុមឧកញ៉ា និងមន្ត្រីអ្នកមានអំណាចនៅក្នុងជួររដ្ឋាភិបាល ពីព្រោះបញ្ហាការជួញដូរគ្រឿងញៀន កើតឡើងមក សុទ្ធសឹងតែជាប់ ពាក់ព័ន្ធជាមួយអ្នកទាំងអស់នោះ ។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវមានយន្តការឲ្យច្បាស់លាស់ ក្នុងការលុបបំបាត់ ការជួញដូរគ្រឿងញៀន និងបោសសំអាត អ្នកប្រើប្រាស់គ្រឿងញៀននៅតាមភូមិឃុំ រួមទាំងនៅតាមគ្រឹះស្ថានអប់រំផងដែរ។
លោក វ៉ន ចាន់ឡូត៖ «រដ្ឋាភិបាលគួរតែដាច់ណាត់ ទោះបីជាអ្នកហ្នឹងជានរណាក៏ដោយ ឱ្យតែជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀននេះ យើងត្រូវតែយកច្បាប់មកអនុវត្តទី១ ទី២រដ្ឋាភិបាលត្រូវធានាថា ជារដ្ឋាភិបាលមួយស្អាតស្អំ រដ្ឋាភិបាលមួយសុចរិត រដ្ឋាភិបាលមួយដែលតម្លាភាព ហ្នឹងទើបអាចធានាបានពីឆន្ទៈ ឬការប្ដេជ្ញាចិត្តនៅក្នុងការប្ដេជ្ញាចិត្តបោសសំអាតហ្នឹងបានល្អជោគជ័យ»។
ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់ចេញវិធានការបង្ក្រាបការចែកចាយនិងការប្រើប្រាស់គ្រឿងញៀននៅតាម ពន្ធនាគារទូទាំងប្រទេសរួចមក ស្នងការនគរបាលខេត្តព្រៃវែងបានរកឃើញ មន្ត្រីនគរបាលជាង១០នាក់ ដែលជាមួយពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននេះផងដែរ។
កាលពីខែកញ្ញា អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅទូទាំងប្រទេសបានជាង ៥ពាន់ករណី (៥.០៦០ករណី) និងឃាត់ខ្លួនជនសង្ស័យបានជាង ១ម៉ឺន ២ពាន់នាក់ (១២.៣៥៦) ក្នុងនោះ សមត្ថកិច្ចបានដកហូតសារធាតុញៀន ជាង ២ពាន់ ៦រយ(២.៦០០) គីឡូក្រាម និងកញ្ឆាស្ងួត ជិត៥០ គីឡូក្រាម ហើយសារធាតុគីមីជាង៨០០គីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។