ប៉ូលិស និងអាជ្ញាធរ រារាំងពលរដ្ឋ មិនឲ្យឈរតវ៉ា លើកបដា ស្រែកទាមទារ សុំដោះលែង លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាទេ នៅថ្ងៃទី០១ សីហា នេះ។ ក្រុមអ្នកតវ៉ាថ្កោលទោស ចំពោះការរារាំងនេះ និងទទូចឲ្យដោះលែង លោក រ៉ុង ឈុន ដោយគ្មានលក្ខខណ្ឌ។ មន្ត្រីតុលាការឲ្យដឹងថា តុលាការសម្រេចឃុំខ្លួន លោក រ៉ុង ឈុន ជាបណ្តោះអាសន្នហើយ នៅពន្ធនាគារព្រៃស ម១ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ពលរដ្ឋច្រើននាក់ នាំគ្នាស្រែកតវ៉ាទាមទារ ឲ្យដោះលែង លោក រ៉ុង ឈុន តាំងពីព្រឹកព្រលឹម រហូត ដល់ព្រលប់ នៅក្រុងភ្នំពេញ។ យ៉ាងហោចណាស់ក៏មាន ពលរដ្ឋ និងគ្រូបង្រៀន ប្រមាណ៥០នាក់ ជួបជុំគ្នា តាំងពីម៉ោង៨ព្រឹក នៅម្ខាងផ្លូវមុខស្នងការដ្ឋានរាជធានីភ្នំពេញ ផ្លូវជាសុផារ៉ា ដោយសារ កងកម្លាំងប៉ូលិសច្រើនលើសលប់ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ត្រូវបានគេដាក់ពង្រាយនៅមុខស្នងការដ្ឋាន ដើម្បីត្រៀមបង្ក្រាបក្រុមអ្នកតវ៉ា។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ប្រាប់អាស៊ីសេរីថា ការតវ៉ានៅម្ខាងផ្លូវមុខស្នងការដ្ឋាន មិនរងការបង្ក្រាបទេ តែនៅម៉ោងជាង១០ព្រឹក ក្រុមអ្នកតវ៉ាទទួលបានព័ត៌មានថា ប៉ូលិសបញ្ជូន លោក រ៉ុង ឈុន ទៅសាលាដំបូងរាជធានីភ្នំពេញ ទើបក្រុមអ្នកតវ៉ា នាំគ្នាមកទាមទារនៅមុខសាលាដំបូងវិញ។ អ្នកស្រីប្រាប់ថា នៅមុខសាលាដំបូង ក៏មានប៉ូលិសប្រដាប់ដោយកាំភ្លើងពង្រាយនៅមុខតុលាការដែរ ដូច្នេះក្រុមអ្នកតវ៉ាអាចឈរបានត្រឹមនៅម្ខាងផ្លូវទល់មុខតុលាការ។អ្នកស្រី អះអាងថា ពលរដ្ឋ កម្មករ គ្រូបង្រៀន បាននាំគ្នា តវ៉ាទាំងភ្លៀង នៅមុខតុលាការហើយដំបូងឡើយអាជ្ញាធរ បានឆក់បដា ពីយុវជន និងហាមមិនឲ្យស្រែកតវ៉ាដោះលែង លោក រ៉ុង ឈុន ទេ។ប៉ុន្តែក្រោយពេលកម្មករ និងគ្រូបង្រៀន មកតវ៉ាកាន់តែច្រើន រហូតជាងមួយរយ (១០០)នាក់ អាជ្ញាធរ ហាមឃាត់លែងបាន៖ «កាលពីព្រឹកមិញ ដោយសារតែ មនុស្សយើង បួន ដប់ ម្ភៃ សាមសិបនាក់ យើងឃើញថា កូនក្មេងក៏គេមកចាប់ហែកសារ ដាក់ថា ដោះលែង លោក រ៉ុង ឈុន វិញហ្នឹង មិនឲ្យយើងលើក គេខ្លាចសូម្បីក្រដាសប៉ុនបាតដៃ។ ប៉ុន្តែពេលឥឡូវនេះ មានកម្មករ មានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ដែលគាត់រួចរាល់ពីការងារហ្នឹង ចូលរួមកាន់តែច្រើនឡើង ចូលរួមប្រហែលជា១០០នាក់ហើយ ដូច្នេះឃើញថា មានការលើកបដាវិញ»។
ក្រៅពីពង្រាងកងកម្លាំងប្រដាប់ ដោយអាវុធគ្រប់ដៃ នៅខាងមុខតុលាការហើយនោះ អាជ្ញាធរបានដាក់ពង្រាយក្រុមសន្តិសុខខណ្ឌ៧មករា ច្រើននាក់ ទប់ទល់នឹងក្រុមតវ៉ានៅម្ខាងផ្លូវ ទល់មុខតុលាការ ហើយអាជ្ញាធរ បានប្រកាសតាមឧគ្ឃោសនស័ព្ទព្យាយាមឲ្យក្រុមអ្នកតវ៉ាបំបែកគ្នា បញ្ឈប់សកម្មភាពតវ៉ា តែពលរដ្ឋ មិនព្រម និងនៅតែបន្តស្រែកកាន់តែខ្លាំង ទាមទារឲ្យដោះលែង លោក រ៉ុង ឈុន។ «»
ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក នី សុខា ដែលចូលរួមឃ្លាំមើលការតវ៉ានៅមុខតុលាការ ឲ្យដឹងថា មានការប៉ះទង្គិចគ្នាមួយប្រាវ ដោយសារ អាជ្ញាធរព្យាយាមកញ្ឆក់បដា និងបញ្ចុះបញ្ចូលឲ្យក្រុមអ្នកតវ៉ារំសាយ តែមិនបង្កឲ្យមានហិង្សាទេ។ លោក ថា អាជ្ញាធរប្រុងជើងការធ្វើសកម្មភាពបំបែកក្រុមអ្នកតវ៉ា នៅមុខតុលាការគ្រប់ពេល។
អ្នកការពារសិទ្ធិមនុស្សរូបនេះ អះអាងថា ការតវ៉ាទាមទារដោះលែង លោក រ៉ុង ឈុន ជាសិទ្ធិសេរីភាពស្របច្បាប់របស់ពលរដ្ឋ។ លោក ចង់ឲ្យអាជ្ញាធរ បញ្ឈប់សកម្មភាព គំរាមកំហែងក្នុងរូបភាព ត្រៀមខ្លួនបង្ក្រាប ហើយត្រូវជួយសម្រួលការពារ ដល់សកម្មភាពតវ៉ារបស់ពលរដ្ឋ ឲ្យបានត្រឹមត្រូវតាមច្បាប់៖ «ខ្ញុំថា ក្នុងសង្គមប្រជាធិបតេយ្យ ( អាជ្ញាធរ ) គួរតែកុំត្រៀមខ្លួនដើម្បីបង្ក្រាបក្រុមអ្នកតវ៉ា គួរតែត្រៀមខ្លួនការពារទៅដល់សុវត្ថិភាព ទៅដល់សន្តិសុខអ្នកតវ៉ា អាហ្នឹង វាជារឿងមួយប្រសើរ ដើម្បីធានាទៅដល់ប្រជាពលរដ្ឋ ដើម្បីលោកអាចអនុវត្តសិទ្ធិរបស់លោកបាន»។
ចំណែកក្រុមអង្គការ សមាគម និងគណបក្សនយោបាយ ក៏នាំគ្នាចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់ថ្កោលទោសការចាប់ខ្លួន និងទាមទារឲ្យដោះលែង លោក រ៉ុង ឈុន ជាបន្ទាន់ នៅថ្ងៃទី០១ សីហា។ ក្រុមអង្គការសមាគម និងគណបក្សនយោបាយទាំងនោះ មានដូចជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋាននៅប្រទេសស៊ុយអែត គណបក្សសង្គ្រោះជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម។ក្រុមអ្នកឃ្លាំមើលទាំងនោះ ខ្លះបានចោទថា របបក្រុងភ្នំពេញរំលោភច្បាប់ ហើយសម្រុកចាប់ខ្លួន លោក រ៉ុង ឈុន ទាំងកម្រោល ដើម្បីបំបាក់ស្មារតី គំរាមកំហែង កុំឲ្យហ៊ានងើបតវ៉ា និងរិះគន់បញ្ហាព្រំដែន។ ជុំវិញការចាប់ខ្លួន លោក រ៉ុង ឈុន នេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១ សីហា ដោយសារ ទូរស័ព្ទច្រើនដង លោកមិនទទួល។
ទោះជាយ៉ាងណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺ លោក សេង ហៀង បានចោទប្រកាន់ លោក រ៉ុង ឈុន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅចៅក្រមស៊ើបសួរ នៅរសៀលថ្ងៃទី០១ សីហា។ ប៉ុន្តែ លោក គុជ គឹមឡុង មិនបញ្ជាក់ថា នរណាជាដើមបណ្ដឹងទេ។
របបក្រុងភ្នំពេញ បានសម្រុកចូល ចាប់ខ្លួន លោក រ៉ុង ឈុន នៅយប់ថ្ងៃទី៣១ កក្កដា ហើយបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋានរាជធានីភ្នំពេញ ដោយចោទថា បានប្រព្រឹត្តិបទល្មើសជាក់ស្ដែង ដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា វៀតណាម។
មុនពេលឃាត់ខ្លួន លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា វៀតណាម នៅចំណុចភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្ដីថ្លែងការណ៍ ពីលទ្ធផលស្រាវជ្រាវ កាលពីថ្ងៃទី២១ កក្កដា។ នៅថ្ងៃទី ៣១ កក្កដា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចោទថា លោក រ៉ុង ឈុន ញុះញង់ពីការបោះបង្គោលព្រំដែនថ្មីរវាង កម្ពុជា វៀតណាម ចូលមកដីកម្ពុជា ប្រហែលប្រាំរយ (៥០០)ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។