គណៈកម្មការចំពោះកិច្ចគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ចប់ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពហើយ។ ការពិនិត្យពិភាក្សានេះ គឺផ្ដោតលើសំណូមពររបស់សហជីព ដែលស្នើសុំឲ្យកែលំអសេចក្ដីព្រាងច្បាប់នេះ។
មន្ត្រីក្រុមការងារនៃគណៈកម្មការចំពោះកិច្ចពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៩ មករា ប្រកាសបញ្ចប់ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ២១ចំណុច ដែលជាសំណូមពររបស់សហជីព។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការបិទបញ្ចប់កិច្ចប្រជុំនេះ ថាជាភាពជោគជ័យ ដែលគណៈកម្មការចំពោះកិច្ចបានពិភាក្សាដោះស្រាយរាល់កង្វល់របស់សហជីព៖ «អ៊ីចឹងថ្ងៃនេះ យើងសម្រេចបាន ១២មាត្រាលើចំណុចសំណើរបស់សហជីព ៨ចំណុច។ អ៊ីចឹងបានសេចក្ដីថា ចប់រាល់សំណើរបស់សហជីព គឺយើងបានសម្រេចហើយ ក៏ប៉ុន្តែយើងមិនមានសិទ្ធិអីដើម្បីនឹងគូសវាសថាជាអត្តនោម័តិរបស់គណៈកម្មការចំពោះកិច្ចទេ។ បញ្ហាមួយចំនួន គឺយើងស្នើសុំការបំភ្លឺពីក្រសួង ដែលជាតំណាងរាជរដ្ឋាភិបាលឲ្យបំភ្លឺឲ្យច្បាស់ថែមទៀត ដើម្បីឲ្យច្បាប់ហ្នឹងធានាបាននូវសុក្រឹតភាព នៃការធានាផលប្រយោជន៍កម្មករនិយោជិត ហើយនិងនិយោជកផង។ អានេះបញ្ហាសំខាន់តែប៉ុណ្ណឹងទេ»។
លោក សុន ឆ័យ បន្ទរថា កិច្ចប្រជុំពិភាក្សាគ្នាបានប្រព្រឹត្តទៅល្អ មិនមានភាពតានតឹង និងមិនមានការកាន់ជើងសហជីព ឬនិយោជកទេ។
ថ្វីបើដូច្នេះក្ដី ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ចាប់អារម្មណ៍ថា ចំណុចដែលខាងសហជីពស្នើសុំ ២១ចំណុចនោះ មិនមានការកែប្រែច្រើនទេ ហើយលោកសង្ឃឹមលើការពិចារណាចុងក្រោយរបស់រដ្ឋសភា៖ «សភា គឺជាជម្រើសចុងក្រោយរបស់ខាងយើង ដែលស្នើឲ្យមានការពិនិត្យឡើងវិញ។ ប្រសិនបើសភាពអត់បានពិនិត្យបញ្ហានេះទេ មានថាប្រជាពលរដ្ឋខ្មែរ ពិសេសកម្មករកម្មការិនី គាត់នឹងទទួលរងនូវការបាត់បង់ការតវ៉ាដោយសន្តិវិធី ការជួបជុំ ក៏ដូចការចងក្រង»។
ទាក់ទងនឹងបញ្ហានេះដែរ លោក សុខ ឥសាន បញ្ជាក់ថា ការមិនបានឆ្លើយតបទាំងអស់ គឺចំណុចបញ្ហាខ្លះពាក់ព័ន្ធនឹងច្បាប់ស្ដីពីការងារ ដូចជា ក្នុងច្បាប់ថ្មីចែងថា អ្នកសុំបង្កើតសហជីព ឬមួយក៏អង្គការនិយោជក កំណត់អាយុ ១៨ឆ្នាំ ប៉ុន្តែគណៈកម្មការសម្របសម្រួលដាក់ ២៥ឆ្នាំ ដើម្បីកុំឲ្យទាស់នឹងច្បាប់ស្ដីពីការងារដែលមានស្រាប់។
ថ្វីបើដូច្នេះក្ដី ទាំង លោក សុខ ឥសាន និងលោក សុន ឆ័យ ឲ្យដឹងថា គណៈកម្មការចំពោះកិច្ច បានពិភាក្សាអំពីបញ្ហាដែលសហជីពមិនបានលើកឡើងដែរ ជាពិសេសមាត្រា២៨ ដែលនិយាយអំពីតុលាការការងារ៖ «ក៏ប៉ុន្តែយើងយកចិត្តទុកដាក់ទាំងអស់ដើម្បីពិភាក្សា គឺមាត្រា២៨ និយាយពីច្បាប់តុលាការការងារ មានចំណុចខ្លះសរសេរមិនច្បាស់ថា តុលាការដាក់រួម។ អ៊ីចឹងយើងសុំបន្ថែមពាក្យការងារ គឺតុលាការការងារ ពីព្រោះច្បាប់និយាយរួមសំដៅលើការវិនិច្ឆ័យរបស់តុលាការការងារ»។
ចំពោះចំណុចដែលមិនច្បាស់លាស់ ដូចជា និយមន័យពាក្យមួយចំនួន គណៈកម្មការនឹងសុំឲ្យក្រសួងជំនាញបញ្ចូលទៅក្នុងសទ្ទានុក្រមភ្ជាប់ក្នុងច្បាប់នេះ ដើម្បីបកស្រាយការអនុវត្តឲ្យត្រឹមត្រូវទៅតាមខ្លឹមសារដែលចង់បាន។
លោក សុន ឆ័យ ថ្លែងថា គណៈកម្មការបានពិភាក្សាទាំងចំណុចមិនត្រូវគ្នា និងទាំងចំណុចមិនទាន់ដោះស្រាយ ហើយសេចក្ដីព្រាងនេះនឹងត្រឡប់ទៅគណៈកម្មការជំនាញវិញ គឺគណៈកម្មការនីតិកម្ម ដែលទទួលភារកិច្ចពិនិត្យ និងដោះស្រាយជាមួយតំណាងរាជរដ្ឋាភិបាល មុននឹងដាក់បញ្ចូលទៅក្នុងគណៈកម្មការអចិន្ត្រៃយ៍សម្រាប់ការពិនិត្យ និងអនុមតិ ហើយចំណុចខ្វះខាតទាំងឡាយដែលមិនច្បាស់លាស់ ឬក៏មិនទាន់បានសម្រេច គឺយើងនឹងពិភាក្សានៅក្នុងសភា។
លោក សុខ ឥសាន ថ្លែងថា គណៈកម្មការចំពោះកិច្ច មិនបានពិភាក្សាអំពីសំណូមពររបស់សហព័ន្ធនិយោជកដែលស្នើសុំឲ្យកំណត់ចំនួនកម្មករ ២០% ដើម្បីឲ្យអាចបង្កើតសហជីពមូលដ្ឋានទេ ដោយសារតែគណៈកម្មការបានសម្រេចកំណត់យកចំនួន ១០នាក់ហើយ កាលពីកិច្ចប្រជុំលើកដំបូងនៅថ្ងៃទី៤ មករា។
មន្ត្រីក្រុមការងារគណបក្សទាំងពីរបញ្ជាក់ថា បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងច្បាប់សហជីពនេះ គណៈកម្មការចំពោះកិច្ច នឹងធ្វើរបាយការណ៍រួមមួយ ហើយនឹងធ្វើសិក្ខាសាលាប្រមូលមតិយោបល់ពីសហជីពមួយលើកបន្ថែមទៀត មុននឹងដាក់ជូនរដ្ឋសភាអនុម័ត ក៏ប៉ុន្តែមន្ត្រីទាំងពីរគណបក្ស នៅមិនទាន់អាចបញ្ជាក់បានថា សិក្ខាសាលានោះនឹងធ្វើនៅពេលណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។