រដ្ឋសភា​អនុម័ត​ច្បាប់​សហជីព​ដោយ​គ្មាន​សំឡេង​គាំទ្រ​ពី​បក្ស​ប្រឆាំង

0:00 / 0:00

កិច្ចប្រជុំ​ពិភាក្សា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដែល​មាន ១០០​មាត្រា និង ១៧​ជំពូក ស៊ី​ពេល​ពេញ​មួយ​ថ្ងៃ​ទី​៤ ខែ​មេសា។ សភា​បាន​អនុម័ត​ម្ដង​មួយ​ជំពូកៗ ដោយ​មាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​ជា​អ្នក​អាន​មួយ​មាត្រាៗ គ្រប់​មួយ​ជំពូក​ទើប​សភា​អនុញ្ញាត ចំណែក​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ចោទសួរ។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​សភា​ថា ច្បាប់​នេះ​ភាគ​ច្រើន​មិន​បាន​ដាក់​នូវ​អ្វី​ដែល​សហជីព​ទាមទារ និង​ក្រុម​ការងារ​ចំពោះ​កិច្ច​បាន​ធ្វើ​ទេ។ លោក​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​លើក​ដៃ​អនុម័ត​នៅ​ពេល​នេះ មិន​មែន​ចង់​កេង​ចំណេញ​នយោបាយ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ គិតគូរ​វែងឆ្ងាយ​ពី​បញ្ហា​របស់​កម្មករ សហជីព និង​អ្នក​បញ្ជា​ទិញ។

ក្នុង​ពេល​សួរ​ដេញដោល​មុន​នឹង​រដ្ឋសភា​អនុម័ត​ម្ដងៗ​មួយ​ជំពូក ឃើញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក សុន ឆ័យ លោក អេង ឆៃអ៊ាង ឬ​លោក នឹម ញេង ជាដើម​នោះ​ជា​អ្នក​សួរ​ដេញដោល ដោយ​ពេល​ខ្លះ​ក៏​ទទួល​បាន​ចម្លើយ ពេល​ខ្លះ​ក៏​មិន​បាន​ទទួល​ចម្លើយ។

ចំណែក​រាស្ត្រ​គណបក្ស​កាន់​អំណាច មាន​លោក ឈាង វុន លោក ប៉ែន បញ្ញា និង​តំណាង​រដ្ឋាភិបាល​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ជា​អ្នក​ឆ្លើយ ប៉ុន្តែ​គេ​មិន​ឃើញ​តំណាង​គណបក្ស​កាន់​អំណាច​ងឿង​ឆ្ងល់ ឬ​ចោទ​សួរ​ចំពោះ​ច្បាប់​នេះ​ទេ។ ក្នុង​ពេល​អនុម័ត​នោះ​ដែរ តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ដែល​មាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី ហាក់​មិន​សូវ​ខ្វល់​រឿង​កិច្ច​ប្រជុំ​ទេ ព្រោះ​គាត់​រវល់​តែ​ចុច​ទូរស័ព្ទ។

ក្នុង​ពេល​សួរ​ដេញដោល​នៅ​ក្នុង​រដ្ឋសភា រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង និង​ប្រធាន​គណៈកម្មការ​ទី​៦ ទទួល​បន្ទុក​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា លោក ប៉ែន បញ្ញា ថ្លែង​ប្រាប់​អង្គ​សភា​ថា ពួកគេ​បាន​កែប្រែ ៣៧​ចំណុច ២២​មាត្រា​នៃ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​អស់ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​បាន​ចំណាយ​ពេល​ពន្យល់​អំពី​អ្វី​ខ្លះ​ជា​ចំណុច​ដែល​ពួកគេ​បាន​កែប្រែ​នោះ​ទេ។

តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ការពារ​សេចក្ដី​ព្រាង​ច្បាប់​នោះ​ថា ប្រទេស​កម្ពុជា នៅ​ពេល​នេះ ត្រូវ​ការ​ច្បាប់​ស្ដីពី​សហជីព ហើយ​ជា​ច្បាប់​មួយ​ដែល​ការពារ​កម្មករ និង​អ្នក​វិនិយោគ។

ដូច​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ថ្លែង​នៅ​ពេល​រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ថា លោក​នឹង​ចាត់ចែង​អនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា ការ​អនុម័ត​ច្បាប់​នេះ​ជា​ការ​ធានា​សង្វាក់​ផលិតកម្ម​រវាង​កម្មករ​និង​ថៅកែ និង​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត៖ «ការ​អនុម័ត​ច្បាប់​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ខ្ពស់​នៃ​រដ្ឋសភា និង​ការ​ធានា​សេរីភាព​អង្គការ​វិជ្ជាជីវៈ និង​សុខដុមនីយកម្ម​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​ជា​កត្តា​ស្នូល​ស្ថិរភាព​ខ្សែ​សង្វាក់​ផលិតកម្ម និង​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា»

ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​រាត្រី​ថ្ងៃ​ទី​៤ ខែ​មេសា មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ច្បាប់​នេះ​មាន​ចរិត​នយោបាយ និង​មិន​បាន​ការពារ​កម្មករ​ទេ។ លោក​ថា មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ ផ្ទុយ​នឹង​បទដ្ឋាន​អន្តរជាតិ៖ «មាន​មាត្រា​មួយ​ចំនួន​ផ្ទុយ​បទដ្ឋាន​អន្តរជាតិ ព្រោះ​នៅ​ក្នុង​បទដ្ឋាន​អន្តរជាតិ គេ​សំដៅ​ថា បើក​សិទ្ធិ​ឲ្យ​កម្មករ​និយោជិត​បង្កើត​សហជីព​ដោយ​សេរី​គ្មាន​ការ​រឹត​ត្បិត​ទេ»

​គណបក្ស​ប្រឆាំង​ព្រួយ​បារម្ភ​ថា នៅ​ពេល​រដ្ឋសភា​អនុម័ត​ច្បាប់​នេះ កម្ពុជា​អាច​នឹង​រង​គ្រោះ​ព្រោះ​សហគមន៍​អន្តរជាតិ ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាដើម អាច​នឹង​ដាក់​បន្ទុក​លើ​រដ្ឋាភិបាល ប៉ុន្តែ​អ្នក​ដែល​រងគ្រោះ​គឺ​ជា​កម្មករ និង​ថៅកែ​រោងចក្រ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។