ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ សម្ដែងការមិនពេញចិត្តនឹងច្បាប់ថ្មី ដែលរដ្ឋសភានៃរបបលោក ហ៊ុន សែន បានអនុម័តកាលពីថ្ងៃទី៧ ខែមិថុនា ដោយសារតែលោកស្រី អះអាងថា ច្បាប់នេះមានការរឹតត្បិតខ្លាំង លើសេរីភាពបញ្ចេញមតិរបស់កម្មករផង និងមិនបានប្រឹក្សាយោបល់មួយខាងសហជីពឯករាជ្យទេ មុននឹងតាក់តែងជាច្បាប់ ដែលមានប៉ះពាល់ដល់ប្រយោជន៍កម្មករនេះ។
អ្នកស្រីបន្តថា កង្វល់របស់សហជីព មិនត្រូវបានអ្នកធ្វើច្បាប់ យកទៅពិចារណានោះឡើយ ដែលប្រការនេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សិទ្ធិសេរីភាពរបស់សហជីព និងកម្មករ។ លើសពីនេះទៀត អ្វីដែលអ្នកស្រីបារម្ភខ្លាំងបំផុត គឺមាត្រាច្បាប់ដែលចែងមិនអនុញ្ញាតឲ្យកម្មករតវ៉ា ចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលកម្មករយល់ថា មិនទាន់សមស្របទៅតាមតម្រូវការជាក់ស្ដែងរបស់កម្មករនៅឡើយ។ ម្យ៉ាងទៀត អ្នកស្រីរឹតតែមិនពេញចិត្តទៅនឹងការរឹតត្បិត សូម្បីតែការសិក្សាស្រាវជ្រាវអំពីបញ្ហាជីវភាពកម្មករ និងប្រាក់ឈ្នួល ដែលផ្ដល់ជូនពួកគាត់ តើវាសមស្រប ឬមិនស្របនោះ៖ «ការមិនបើកសិទ្ធិឲ្យអង្គការសង្គមស៊ីវិល អង្គការណាមួយ ឬភាគីណាមួយ ដូចជា ភាគីសហជីពណា ធ្វើការសិក្សាស្រាវជ្រាវ ទៅលើប្រាក់ឈ្នួលរបស់បងប្អូនកម្មករទេ ក្រៅពីគណៈកម្មការហ្នឹង។ ដូច្នេះ កន្លែងហ្នឹងមួយ ខ្ញុំគិតថា គឺជាការរឹតត្បិត សិទ្ធិសេរីភាពបងប្អូនកម្មករ។ ធម្មតាជាសិទ្ធិសេរីភាពរបស់គេ បើគេយល់ថា បងប្អូនកម្មករមានជីវភាពលំបាក គេចង់សិក្សាស្រាវជ្រាវរឿងហ្នឹង គួរតែបើកសិទ្ធិឲ្យពួកគេ។ ត្រង់ថា យើងទទួលយកសំណើរបស់គេ ឬមិនទទួល នោះ គឺជាសិទ្ធិរបស់ខាងណោះវិញ»។
លោកស្រី យ៉ាង សុភ័ណ្ឌ លើកឡើងថា ការមិនយកសំណើសុំរបស់សហជីព យកទៅពិចារណាបញ្ចូលក្នុងការតាក់តែងច្បាប់ថ្មីនេះ គឺជាការផាត់ចោលនូវក្ដីកង្វល់ និងផលប្រយោជន៍របស់កម្មកររាប់សែននាក់ ដែលផ្ទុយទៅនឹងខ្លឹមសារនៃច្បាប់ដែលចែងអំពីយន្តការត្រីភាគី សម្រាប់សិក្សាស្រាវជ្រាវ អំពីអត្ថប្រយោជន៍របស់កម្មករ។
អាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺ ពីអ្នកនាំពាក្យក្រសួងការងារ ជុំវិញបញ្ហាបាននៅឡើយទេ កាលពីថ្ងៃទី៧ មិថុនា។
ច្បាប់ថ្មីស្ដីពីប្រាក់ឈ្នួលអប្បបរមា បានកំណត់ប្រាក់ឈ្នួលអប្បបរមាត្រឹម ១៧០ដុល្លារ។ ប៉ុន្តែ ខាងសហជីពឯករាជ្យអះអាងថា ប្រាក់ឈ្នួលអប្បបរមាសមរម្យ គួរតែកម្មករទទួលបានយ៉ាងតិចជាង ២០០ដុល្លារក្នុងមួយខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។