មន្ត្រី​សិទ្ធិមនុស្ស​ថា ការ​ឆក់​យក​កាបូប​យុវជន​ខ្មែរ​ថាវរៈ​មុន​ពេល​ចាប់ខ្លួន ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់

សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ប្រតិកម្ម​ចំពោះ​ប្រតិបត្តិការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ប្រព្រឹត្ត​ទៅលើ​ក្រុម​យុវជន​ជា​អ្នក​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន មុន​ពេល​ចាប់ខ្លួន​យុវជន​ទាំងនោះ ថា ធ្វើឡើង​ដោយ​ខុសច្បាប់។ ការ​លើកឡើង​នេះ បន្ទាប់​ពី​អ្នកនាង ឈឿន ដារ៉ាវី ជា​សកម្មជន​សង្គម​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​ចោទ​ថា សន្តិសុខ​ខណ្ឌ​៧​មករា ស្លៀកពាក់​ស៊ីវិល​ឆក់​យក​កាបូបស្ពាយ​របស់​នាង ក្នុង​គ្រា​ដែល​សន្តិសុខ​ខណ្ឌ និង​ប្រជា​ការពារ​ព្យាយាម​បំបែក​ការ​ជួបជុំ​តវ៉ា​របស់​ពួកគាត់ រួចហើយ​បន្ត​សកម្មភាព​ចាប់ខ្លួន​ពួកគេ​ជា​ក្រោយ​។ មន្ត្រី​ជាន់ខ្ពស់​អគ្គស្នងការ​នគរបាល​ជាតិ បដិសេធ ការចោទប្រកាន់​នេះ និង​អះអាង​ថា សមត្ថកិច្ច​បាន​អនុវត្ត​តាមច្បាប់ ហើយ​នឹង​ពិនិត្យមើល​ទ្រព្យសម្បត្តិ​នេះ​ទៅតាម​សំណុំរឿង​ចាប់ខ្លួន។

អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ យល់​ឃើញ​ថា ការដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដកហូត​ទ្រព្យសម្បត្តិ​និង​សម្ភារៈ​របស់​ជន​ណា​ម្នាក់ គួរតែ​ត្រូវ​បាន​ធ្វើ​កំណត់ហេតុ និង​មាន​សាក្សី​ច្បាស់លាស់ ស្រប​ពេល​ដែល​មាន​ការ​ឃាត់ខ្លួន​មនុស្ស។

ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៤ សីហា នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ទង្វើ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដកហូត ឬ​យក​សម្ភារៈ ទ្រព្យសម្បត្តិ​របស់​ជន​ណា​ម្នាក់​ទៅ​មុន អស់​ជាច្រើន​ម៉ោង រួច​ឃាត់ខ្លួន​ជា​ក្រោយ ដោយ​មិន​ធ្វើ​របាយការណ៍​ពី​សម្បត្តិ​និង​សម្ភារៈ​នោះ​គឺជា​ការ​អនុវត្ត​ខុស​នីតិវិធី​ច្បាប់។ លោក​ចោទ​ជា​ចម្ងល់​ថា អ្នក​អនុវត្ត​ច្បាប់​បាន​យក​កាបូប​ដោយ​គ្មាន​ការអនុញ្ញាត ដោយ​គ្មាន​កំណត់ហេតុ និង​ទាំង​មិន​ទាន់​បាន​ឃាត់ខ្លួន​មនុស្ស​ផង សួរ​ថា​តើ​នេះ​ជា​ករណី​ដក​ហូត​យក​សម្ភារៈ​ដែល​ទាក់ទង​នឹង​បទល្មើស​ឬ​យ៉ាងណា​? លោក​បញ្ជាក់​ថា ការអនុវត្ត​ត្រឹមត្រូវ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់ ព្រម​ជាមួយ​សម្ភារៈ​ដែល​មាន និង​ធ្វើ​កំណត់ហេតុ​នូវ​វត្ថុ​តាង​ណា​ដែល​ទាក់ទង​នឹង​បទល្មើស​៖ «​ បើ​សុខៗ​មក​ឆក់​យក​ទៅ អាហ្នឹង​ជា​បទល្មើស​ឬក៏​ស្អី​ ? ត្រូវ​ពិនិត្យ​ពិចារណា​ដែរ មិនមែន​សុខៗ​ទៅ​ឆក់​យក​របស់​គេ​បាត់​ហើយ ស្រាប់តែ​ក្រោយ​មក​ថា ការ​ចាប់ខ្លួន​ហ្នឹង​ថា​ការ​ដកហូត មិនមែន​ទេ​បើ​ការ​ដកហូត​មាន​ន័យ​ថា បើ​ចាប់​ទៅ​មាន​សម្ភារ​អី​នៅ​ហ្នឹង​ខ្លួន​គឺ​ដកហូត​ធ្វើ​កំណត់ហេតុ មិនមែន​ឈរ​សុខៗ​ឆក់​យក​ទៅ​អាហ្នឹង​ខុសច្បាប់​ហើយ »

កាលពី​ថ្ងៃ​ទី​១៣ សីហា អាជ្ញាធរ​ខណ្ឌ​៧​មករា បាន​ប្រើ​អំពើ​ហិង្សា​បំបែក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ប្រជាពលរដ្ឋ ដែល​ជួបជុំ​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ដែល​ចៅក្រម​បន្ត​នីតិវិធី​សួរនាំ លោក រ៉ុង ឈុន ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន​។ គ្រា​ដែល​សន្តិសុខ​ខណ្ឌ​៧​មករា ចុះ​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា ដោយ​ប៉ះ​ពាក្យសំដី ឈ្លោះប្រកែក​ជាមួយ​អ្នក​តវ៉ា និង​បាន​ឈាន​ដល់​ប្រើ​ហិង្សា​រុញច្រាន ប្រវាយប្រតប់​ទៅលើ​ក្រុម​យុវជន​ដែល​ភាគច្រើន​ជា​ស្ត្រី​។ បន្ទាប់​ពី​ព្យាយាម​បំបែក​មិន​ឲ្យ​ជួបជុំ​អស់​មួយ​ព្រឹក កងកម្លាំង​ដែល​លាយឡំ​ស្លៀកពាក់​ស៊ីវិល​បាន​បន្ត​បណ្ដេញ​យុវជន​មិន​ជួបជុំ និង​ដេញ​ចាប់ គំរាម​ដកហូត​ទូរស័ព្ទ​របស់​ពួកគេ ហើយ​ចុងក្រោយ​បាន​ឆក់​យក​កាបូបស្ពាយ​របស់​អ្នកនាង ឈឿន ដារ៉ាវី ជា​សមាជិក​យុវជន​ខ្មែរ​ថាវរៈ។

យុវជន​ខ្មែរ​ថាវរៈ​ចោទ​ថា ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​រួច ក្រុម​សន្តិសុខ​នៅតែ​បន្ត​ប្រើ​ហិង្សា​លើ​ក្រុម​អ្នកតវ៉ា ដោយ​នាំគ្នា​រុញច្រាន ក្រុម​អ្នកតវ៉ា​ឲ្យ​ដួល ហើយ​ឆ្លៀតឱកាស​ជាន់​ទាត់ ធាក់ បណ្ដាល​ឲ្យ​អ្នក​តវ៉ា របួស​ជាង​១០​នាក់ ឯ​ម្នាក់​គឺ​យុវតី ជា គន្ធីន អាយុ​១៨​ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​នាំទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

មុន​ពេល​ចាប់ខ្លួន អ្នកនាង ឈឿន ដារ៉ាវី ថត​Live វីដេអូ​នៅ​លើ​ហ្វ៊េសប៊ុក​របស់​ខ្លួន ដោយ​ពួកគេ​បាន​ព្យាយាម​អង្គុយ​រង់ចាំ និង​ទៅ​សួរនាំ​សុំ​យក​កាបូប​នោះ​មក​វិញ ប៉ុន្តែ​សន្តិសុខ​ខណ្ឌ​មិន​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឆក់​នោះ​ទេ​។ នាង​អះអាង​ថា ក្នុង​កាបូប​នោះ មាន​ឯកសារ និង​លុយកាក់​ចំនួន​ច្រើន៖ « យើង​មាន​ភស្តុតាង​មាន​វីដេអូ ហើយ​ដែល​បញ្ជា និង​អ្នក​ដែល​ចាប់​កាបូប​ខ្ញុំ​។ ខ្ញុំ​មក​សួរ​ស្រួលបួល​ខ្ញុំ​បាត់​របស់ខ្ញុំ​មាន​ភស្តុតាង​គឺ​ឆក់ លួច​នៅ​មុខ​តុលាការ​។ ឥឡូវ​បាត់​បុគ្គល​ហ្នឹងហើយ អត់​ឃើញ​នៅ​ទេ​។ លុយ​ខ្ញុំ​រាប់ពាន់​ដុល្លារ​នៅ​ក្នុង​កាបូប ខ្ញុំ​ត្រូវ​បង់​ធនាគារ បង់​ដី បង់​ផ្ទះ​ខ្ញុំ លុយ​ជនរួមជាតិ​ដែល​ជួយ​មក​បងប្អូន​ដែល​រងគ្រោះ​បែរជា​លួច​ឆក់​ប្លន់​ពួក​យើង បែរជា​អត់​មា​នរក​ដំណោះស្រាយ រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ដែល​អំពើ​ហ្នឹង​កើតឡើង​នៅ​មុខ​តុលាការ »

ក្រោយ​ពួកគេ​អង្គុយ​រង់ចាំ​រហូតដល់​ម៉ោង​ប្រមាណ ៤​ល្ងាច ក្រុម​បុរស​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម​បាន​នាំ​គ្នា​មក​ប្រើ​ហិង្សា​ម្ដងទៀត ចុះ​ចាប់​អ្នកនាង ឈឿន ដារ៉ាវី បោច​សក់ រុញ​ញាត់​បញ្ចូល​ក្នុង​ឡាន និង​ដឹក​យក​ចេញ​ទៅ​បាត់ ដោយ​មិន​បង្ហាញ​ដីកា ឬ​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នោះ​ឡើយ។

ក្រោយ​ចាប់ខ្លួន​ប៉ុន្មាន​ម៉ោង ទើប​សមត្ថកិច្ច​ចោទ​ថា នាង​ពាក់ព័ន្ធ​នឹង​បទល្មើស បង្ក​ភាព​វឹកវរ​និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ចាប់​យុវជន​៥​នាក់​ផ្សេងទៀត។

ត្រង់​ចំណុច​នេះ លោក អំ សំអាត ថា ការ​ដក​យក​សម្ភារៈ​ទ្រព្យសម្បត្តិ​ជនសង្ស័យ​មុន​ឃាត់ខ្លួន រួច​ចាប់ខ្លួន​ចោទ​ប្រកាន់​ជា​ក្រោយ​គឺជា​រឿង​មិន​សម​ទំនង និង​ខុស​នីតិវិធី​។ លោក​ស្នើ​ឲ្យ​មន្ត្រី​យុត្តិធម៌​គួរ​ពិចារណា និង​ពិនិត្យ​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់​មុន និង​អនុវត្ត​៖ «​ ចុះ​ឧទាហរណ៍​ថា សាមីខ្លួន​គេ​ថា មាន​១​ម៉ឺន​ហើយ​អ្នក​យក​ទៅ​មិន​ដឹង​នរណា​ទេ ស្រាប់តែ​ក្រោយមក​គេ​ថា​លុយ​ហ្នឹង​មាន​១​ពាន់ នរណា​អ្នកទទួលខុសត្រូវ និង​ធ្វើ​កំណត់ហេតុ​ក្នុង​ការ​ដឹកនាំ​ធ្វើ​កំណត់ហេតុ​ទាំងអស់​។ ទាក់ទង​និង​សម្ភារៈ​ដែរ បើសិន​ជា​មាន​ដីកា​ចូល​ឆែកឆេរ​ផ្ទះ គេ​មាន​សាក្សី​គេ​ដកហូត​អ្វី​គឺ​គេ​មាន​កំណត់​ហេតុនេះ​ជា​នីតិវិធី មិនមែន​ថា សុខៗ​ដកហូត​យក​របស់​គេ​ទៅ​បាត់​មិន​ដឹង​យក​ទៅ​ណា អ្នក​យក​មិន​ដឹង​នរណា​ទៅទៀត ហ្នឹង​មិនមែន​ស្របតាម​ផ្លូវច្បាប់​ទេ »

ទោះជា​មានការ​អះអាង​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន បាន​បដិសេធ​។ លោក​ថា សមត្ថកិច្ច​បាន​ធ្វើ​ការ​ត្រឹមត្រូវ​តាមច្បាប់ និង​ធានា​បាន​នូវ​សុវត្ថិភាព​សន្តិសុខ​របស់​ប្រទេស​ជាតិ រីឯ​សម្ភារៈ​ដែល​បាន​ដកហូត នឹង​ប្រគល់​ជូន​គ្រួសារ​វិញ ប្រសិនបើ​រក​មិន​ឃើញ​បទល្មើស​ពាក់ព័ន្ធ​ណាមួយ​៖ «​ លឺ​តែ​គេ​ថា លឺ​តែ​គេ​និយាយ​វា​អាក្រក់​ស្ដាប់​ណាស់ សមត្ថកិច្ច​យើង​វា​អាក្រក់​ស្ដាប់​ណាស់ គ្មាន​របៀប​គ្មាន​របប​ទេ ដើរ​និយាយ​អ៊ីចឹង​។ តាមពិត​យើង​ធ្វើការ​មាន​របៀប​មាន​របប​មាន​នីតិវិធី​ត្រឹមត្រូវ​បើសិនជា សម្ភារៈ​ទាំងអស់​នោះ វា​អត់​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស គេ​នឹង​ប្រគល់​ជូន​វិញ​ហើយ​គេ​មិន​លេប​យក​ទេ »

នាយិកា​នៃ​អង្គការ​យេនឌ័រ និង​ការអភិវឌ្ឍន៍​ដើម្បី​កម្ពុជា ឬ​ហៅ​កាត់​ថា ហ្គេតស៊ី (GADC) អ្នកស្រី រស់ សុភាព សោកស្ដាយ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ប្រព្រឹត្ត​បែបនេះ​។ អ្នកស្រី​យល់ថា ការ​ដែល​អាជ្ញាធរ​ដកហូត​សម្ភារៈ​ពី​ជនសង្ស័យ​ហើយ​មិនបាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ និង​ធ្វើ​កំណត់ហេតុ​ឬ​របាយការណ៍​ចំពោះ​មុខ​ជនសង្ស័យ ឬ​សាក្សី នោះ​ហើយ​ដែល​នាំ​ឲ្យ អ្នកនាង ឈឿន ដារ៉ាវី មិន​អស់ចិត្ត ធ្វើ​ឲ្យ​នាង​ស្រែក​ទ្រហោ​នៅ​ទី​សាធារណៈ ដែល​នេះ​ជា​ការ​បង្កើត​ឲ្យ​មាន​ភាព​អសន្តិសុខ​ទៅវិញ​ទេ​៖ « វិធានការ​ហ្នឹង​ហាក់​ដូចជា​មិន​ទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ ឬ​ផ្អែក​ទៅ​លើ​សីលធម៌​រស់នៅ​ក្នុង​សង្គម​របស់​យើង​ទេ​។ ខ្ញុំ​មើល​ទៅ​មាន​លក្ខណៈ​សោកសង្រេង​ដែរ »

រហូត​ដល់​ពេលនេះ របប​ក្រុងភ្នំពេញ​បាន​បញ្ជូន​ខ្លួន​អ្នកនាង ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ ជា​យុវជន​ខ្មែរ​ថាវរៈ​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ ចោទ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម ឯ​លោក ហ៊ុន វណ្ណៈ ចោទ​បទ​ពី​បទ​រារាំង​សមត្ថកិច្ច​ឆែកឆេរ​ផ្ទះ​។ ទោសកំហុស​នេះ​គឺ​បន្ទាប់​ពី​ពួកគេ ជួបជុំ​តាំងពី​ថ្ងៃ​ទី​១ សីហា មក​ដើម្បី​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​ដ៏​មាន​ប្រជាប្រិយភាព ដែល​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​លោក​ទាំង​យប់ កាលពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​ទៅ ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។