សង្គមស៊ីវិល បារម្ភថាតុលាការកំពូលអាចទម្លាក់បទចោទលើក្មួយប្រុសលោក ហ៊ុន សែន
2019.03.28

សង្គមស៊ីវិលបារម្ភថា តុលាការកំពូលអាចទម្លាក់បទចោទលើក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ៊ុន ជា ករណីបាញ់រះប្រមាណ ១០គ្រាប់ នៅទីសាធារណៈកាលពីឆ្នាំមុន។ ការបារម្ភនេះ ដោយសារតុលាការកំពូល គ្រោងប្រកាសសាលក្រមលើបណ្ដឹងសុំទម្លាក់បទចោទ នៅដើមខែមេសា ខាងមុខ។
សង្គមស៊ីវិលយល់ឃើញថា ប្រសិនបើតុលាការកំពូលសម្រេចប្រកាសសាលក្រមដោយទម្លាក់បទចោទលើលោក ហ៊ុន ជា ទាំងស្រុងមែននោះ គឺបង្ហាញថា តុលាការកំពុងបន្តអនុវត្តច្បាប់ស្តង់ដាពីរនិងបង្ហាញថា តុលាការនៅតែស្ថិតក្រោមឥទ្ធិពលអ្នកមានលុយ និងអ្នកមានអំណាច។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ សន្និដ្ឋានថា បណ្ដឹងសាទុក្ខដែលប្ដឹងដោយលោក ហ៊ុន ជា ស្នើសុំឱ្យតុលាការកំពូលទម្លាក់បទចោទប្រកាន់ទាំងស្រុងនេះ អាចមានក្តីសង្ឃឹមខ្ពស់ ព្រោះកន្លងមកតុលាការបានបំពេញបំណងលោក ហ៊ុន ជា រួចហើយ គឺ ដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោយជាប់ពន្ធនាគាររយៈពេលខ្លី។ ម្យ៉ាងទៀត លោក ហ៊ុន ជា គឺជាមនុស្សមានឥទ្ធិពលដោយសារលោកគឺជាសមាជិករបស់ត្រកូលហ៊ុនមួយរូបដែរ៖ «ខ្ញុំយល់ថាអត់មានអីចម្លែកទេ ប្រហែលជាមានសញ្ញាវិជ្ជមានសម្រាប់លោក ហ៊ុន ជា ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត ខ្ញុំមិនធានានឹងទទួលការសម្រេចទៅតាមការស្នើសុំទេ។ ស្តង់ដារពីរនៃការអនុវត្តច្បាប់នៅតែជាចំណុចចាប់អារម្មណ៍ពីមហាជនទាំងជាតិ និងអន្តរជាតិ»។
កាលពីថ្ងៃទី២៧ ខែមីនា តុលាការកំពូលបានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខដែលប្ដឹងដោយលោក ហ៊ុន ជា ប៉ុន្តែលោក ហ៊ុន ជា មិនមានវត្តមានក្នុងបន្ទប់សវនាការទេ គឺមានតែតំណាងមេធាវីរបស់លោក និងព្រះរាជអាជ្ញាតែប៉ុណ្ណោះ។ តុលាការកំពូលនឹងប្រកាសសាលក្រមនៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ។
កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ឧត្ដមសេនីយ៍ឯកផ្កាយមាសបីលោក ហ៊ុន ជា ត្រូវបានសាលាដំបូងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ក្រោមការចោទប្រកាន់ពីបទគំរាមកំហែងសម្លាប់តាមមាត្រា២៣៣ និងធ្វើឱ្យខូចដោយចេតនាតាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌក្រោយពីលោកបាញ់រះប្រមាណជា ១០គ្រាប់ ដោយគ្មានគោលដៅកាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយសង្ស័យថាអាចកើតជម្លោះនៅក្នុងគ្រួសារឬស្រវឹងស្រា។
ទោះបីជាសាលាដំបូងផ្ដន្ទាទោសឱ្យលោក ហ៊ុន ជា ឱ្យជាប់ពន្ធនាគារ១៨ ខែក្តី ប៉ុន្តែ លោក ហ៊ុន ជា បានអនុវត្តទោសរយៈពេល ៦ខែ ចំណែក ១២ខែទៀត ត្រូវបានព្យួរ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មិនទាន់ហ៊ានសន្និដ្ឋានថា យ៉ាងណាឡើយ ព្រោះជាការសម្រេចរបស់តុលាការកំពូល ប៉ុន្តែលោក សង្ឃឹមថា តុលាការកំពូលនឹងសម្រេចសេចក្ដីឱ្យបានត្រឹមត្រូវតាមអង្គហេតុ និងអង្គច្បាប់ដូចសាលា ដំបូង និងសាលាឧទ្ធរណ៍ដែលបានសម្រេចរក្សាបទចោទដដែល។ លោកបន្តថា សំណុំរឿងលោក ហ៊ុន ជា គឺសាធារណជន ក៏កំពុងតាមដាននិងចាប់អារម្មណ៍ខ្លាំងផងដែរ៖ «បញ្ហារវាងអ្នកមានអំណាច និងកូនអ្នកមានអំណាចអីកន្លងមក គឺមានការរិះគន់ច្រើនដោយសារតែការអនុវត្តច្បាប់ហាក់បីដូចជាមានស្តង់ដារពីរ ហើយការកាត់សេចក្ដីហាក់ដូចជាមានភាពខុសគ្នារវាងអ្នកដែលធ្វើការងារសង្គម ឬអ្នកដែលមិនមានឥទ្ធិពលឬក៏ប្រជាពលរដ្ឋសាមញ្ញជាមួយអ្នកមានឥទ្ធិពល ឬក៏ឬគ្រួសារអ្នកមាននិងអ្នកមានអំណាច។ អ៊ីចឹងទាក់ទងនឹងរឿងនេះ យើងសង្ឃឹមថា តុលាការកំពូលនឹងអនុវត្តទៅតាមផ្លូវច្បាប់»។
អាស៊ីសេរីបានព្យាយាមទាក់ទងមេធាវីការពារក្តីលោក ហ៊ុន ជា គឺលោក គី ប៊ុនទ្រាន ប៉ុន្តែលេខ ទូរស័ព្ទរបស់លោកមិនអាចហៅចូលបាន។ ទោះយ៉ាងណាក្ដីកាសែតភ្នំពេញប៉ុស្តិ៍បានស្រង់ សម្ដី លោក គី ប៊ុនទ្រាន ថា បណ្ដឹងសាទុក្ខនេះគឺ ស្នើសុំឱ្យតុលាការទម្លាក់បទចោទប្រកាន់ទាំងអស់ក្រោមហេតុផលថា មានភស្តុតាងផ្ទុយជាច្រើនដែលបានបញ្ជាក់ថា លោក ហ៊ុន ជា គ្មានកំហុសដូចការចោទប្រកាន់។
អាស៊ីសេរីមិនអាចសុំការឆ្លើយពីអ្នកនាំពាក្យតុលាការកំពូលលោក នៅ មុនីជោត និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីតុលាការផ្ដន្ទាទោសលោក ហ៊ុន ជា ភ្លាម គឺលោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាឪពុកមា ក៏បានបញ្ជាឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវឃ្លាំមើលក្មួយប្រុសបង្កើតរបស់លោកម្នាក់នេះប្រយ័ត្នចេញពីពន្ធនាគារមុនការកំណត់នៃច្បាប់រយៈពេល១៨ ខែ ប៉ុន្តែទីបំផុតលោក ហ៊ុន ជា នៅតែចេញពីពន្ធនាគារមុនកំណត់ដដែល៖ «ក្មួយៗរបស់ខ្ញុំមានតិចណាស់ដែលធ្វើការងារ នៅក្នុងរាជការហ្នឹង។ អាមួយកំពុងជាប់គុកនៅព្រៃស ប៉ុន្តែមើលៗផងតិច អាជា (ហ៊ុន ជា) រួចចេញពីគុកវិញវើយ។ រឿងអីទៅបាញ់ ច្បាប់មិនអនុញ្ញាតទេក្មួយបង្កើតយើងបានហាមឃាត់តើអារឿងបញ្ហាបាញ់។ បើយើងដាក់ទោសអ្នកណាយ៉ាងម៉េច យើងត្រូវដាក់ទោសអាសាច់ញាតិឯងហើយកូនខ្លួនឯង ក៏ត្រូវតែដាក់ដែរ។ ខ្ញុំសុខចិត្តយកបាយទៅឱ្យវានៅកន្លែងឃុំឃាំងទៅចុះឱ្យវាជាប់គុកសិន ឱ្យវាត្រូវតាមច្បាប់»។
លោក ហ៊ុន ជា គឺជាកូនរបស់លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។ លោក ហ៊ុន ជា ធ្លាប់ជាប់ពាក់ព័ន្ធនឹងករណីល្មើសច្បាប់ជាច្រើនរួមមានអំពើបាញ់បោះដោយសេរីក្នុងឆ្នាំ២០០០ និង២០១១ និងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់ក្នុងឆ្នាំ២០០៨ ដែលបណ្ដាលឱ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់។ បើទោះជាលោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសមួយចំនួនក៏ដោយ លោកតែងតែត្រូវបានដោះលែងឱ្យមានសេរីភាពវិញក្រោយការឃុំខ្លួនរយៈពេលខ្លី។ក្នុងអំឡុងឆ្នាំ២០១០ លោក ហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវជាសាធារណៈឱ្យលោក ហ៊ុន ជា ត្រឡប់ចូលផ្ទះវិញដែរ ក្រោយពីលោក ហ៊ុន ជា បានគេចខ្លួនមួយរយៈដោយសារមានការចោទ ប្រកាន់រឿងបោកប្រាស់ប្រពន្ធ និងប្រើប្រាស់គ្រឿងញៀន។
របាយការណ៍អង្គការឃ្លាំមើលពិភពលោក (GlobalWitness) កាលពីឆ្នាំ២០១៦ ស្តីពីការក្ដោបក្ដាប់សេដ្ឋកិច្ចប្រទេសកម្ពុជារបស់ត្រកូល «ហ៊ុន» ឱ្យដឹងថាលោក ហ៊ុន ជា កាន់តំណែងជានាយកក្រុម ហ៊ុនចំនួន៤ ក្នុងវិស័យពាណិជ្ជកម្ម និងដឹកជញ្ជូនដែលនេះជាការបង្ហាញពីការរំលោភច្បាប់ខណៈលោកកំពុងកាន់តួនាទីនៅក្នុងជួររដ្ឋាភិបាល៕