អ្នកសិក្សាផ្នែកច្បាប់បង្ហាញក្ដីបារម្ភថា ស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជានឹងមិនមានភាពល្អប្រសើរឡើយ នៅពេលទំនាក់ទំនងកម្ពុជា ចិន កាន់តែរឹងមាំ។
អ្នកសិក្សាផ្នែកច្បាប់ លោក វន ចាន់ឡូត មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) មកប្រទេសកម្ពុជា មិនត្រឹមតែបញ្ជាក់គោលជំហរគាំទ្ររដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះទេ ក៏ជាយុទ្ធសាស្ត្របង្កើនទំនាក់ទំនងនយោបាយការបរទេសជាមួយកម្ពុជា និងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មុននឹងលោក ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលខាងមុខដ៏ខ្លីផងដែរ។ លោកបន្ថែមថា បើទោះបីជាប្រទេសចិនគឺជាប្រទេសនាំមុខ ផ្ដល់ការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាលើវិស័យសេដ្ឋកិច្ច និងយោធាក្ដី ប៉ុន្តែជំនួយរបស់រដ្ឋាភិបាលចិនមិនបានភ្ជាប់មកជាមួយកាតព្វកិច្ចគោរពសិទ្ធិមនុស្សនោះឡើយ ទើបគម្រោងអភិវឌ្ឍជាច្រើន រួមទាំងការវិនិយោគរបស់ក្រុមហ៊ុនចិនភាគច្រើន តែងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍។
លោក វន ចាន់ឡូត៖ «ការដឹកនាំផ្នែកសេដ្ឋកិច្ចគឺចិនជាអ្នកកាច់ចង្កូតនៅកម្ពុជាហើយ ទាំងវិស័យវាយនភណ្ឌ ដីសម្បទានសេដ្ឋកិច្ច ការសាងសង់អីផ្សេងៗហ្នឹង កម្ពុជាគឺអាស្រ័យទៅលើចិនទាំងមូលតែម្ដង បើសិនជាចិនប៉ះទង្គិចទៅលើវិស័យទាំងអស់ហ្នឹង គឺធ្វើឱ្យប៉ះពាល់ទៅដល់កម្ពុជាដែរ ហើយយើងអាចនិយាយមួយបែបទៀតថា ការវិនិយោគរបស់ចិន គឺមិនសូវជាបានផលប៉ុន្មានទេ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយភាគច្រើននៅក្នុងការវិនិយោគទាំងនោះ មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បញ្ហាសិទ្ធិមនុស្ស ការរំលោភបំពានទៅលើដីធ្លី ហើយជាពិសេសទៅទៀតយើងឃើញថា វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិ មានព្រៃភ្នំ មានរ៉ែមាសអីជាដើម»។
ប្រតិកម្មរបស់អ្នកសិក្សាផ្នែកច្បាប់បែបនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីថ្មីដែលគ្រោងនឹងឡើងកាន់តំណែង លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រកាសប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ចិន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត នៅថ្ងៃទី១៣ ខែសីហា។ ក្រៅពីជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត ហើយនោះ នៅក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនមកកម្ពុជា លោក វ៉ាង យី បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងបេក្ខភាពរដ្ឋមន្ត្រីការបរទេសថ្មីលោក សុខ ចិន្ដាសោភា ផងដែរ។ តាមរយៈដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសចិននេះ សារព័ត៌មានក្នុងស្រុក (Fresh News) ដែលជាសេនាធិការរបស់គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា កម្ពុជា ចិន និងពង្រឹងបន្ថែមទៀតទៅលើកិច្ចសហប្រតិបត្តិការ វិស័យអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យពាណិជ្ជកម្មជាដើម។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏នឹងបន្តផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ។
អ្នកវិភាគនយោបាយធ្លាប់បានលើកឡើងថា កម្ពុជាមិនបានទទួលផលចំណេញនោះឡើយពីទំនាក់ទំនងកម្ពុជា ចិន ព្រោះការវិនិយោគរបស់ក្រុមហ៊ុនចិនភាគច្រើន តែងមានអំពើពុករលួយ និងបំផ្លាញធនធានធម្មជាតិ ខណៈការផ្ដល់ជំនួយយោធាចិន នឹងធ្វើឱ្យកម្ពុជារងគ្រោះពីជម្លោះភូមិសាស្ត្រនយោបាយសមុទ្រចិនខាងត្បូង និងក្នុងតំបន់អាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។