ឯក​អគ្គ​រដ្ឋទូត​​​​អាមេរិក​​ប្រចាំ​​កម្ពុជា​​ទទូច​​ឱ្យ​​ស៊ើបអង្កេត​​​ពេញ​លេញ ក្នុង​​​សំណុំ​រឿង​​​​ឃាតកម្ម បណ្ឌិត កែម ឡី

ឯក​អគ្គ​រដ្ឋទូត​​សហរដ្ឋ​​​អាមេរិក​​ប្រចាំ​​កម្ពុជា លោក បាទ្រីក ម័រហ្វី (Patrick Murphy) ទទូច​​ឲ្យ​អាជ្ញាធរ​ខ្មែរ ​ធ្វើ​ការ​​ស៊ើបអង្កេត​​ឲ្យ​​បាន​ពេញលេញ ក្នុង​​សំណុំ​រឿង​​ឃាតកម្ម​​លើ​​បណ្ឌិត កែម ឡី។

ឯក​អគ្គ​រដ្ឋទូត​​សហរដ្ឋ​​អាមេរិក​​​ប្រចាំ​​កម្ពុជា លោក បាទ្រីក ម័រហ្វី សរសេរ​​លើ​​ទំព័រ​​ធ្វីតធ័រ (Twitter) របស់​​លោក​នៅ​ក្នុង​ឱកាស​ខួប ៥ឆ្នាំ នៃមរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី១០ កក្កដា ដោយ​ចាត់ទុក​អំពើ​ឃាតកម្ម​នេះ ថា​​បាន​ធ្វើ​ឡើង​ដោយ សាហាវ​ព្រៃផ្សៃ។

លោក ប៉ាទ្រីក ម័រហ្វី ថ្លែង​សារ​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​បណ្ឌិតនិង​ប្រជាជន​ខ្មែរ​ដែល​ផ្ដល់​តម្លៃ​ដល់​ភាព​ស្មោះត្រង់សុច្ចរិតនិង​ស្នេហា​ជាតិ​របស់​លោក​បណ្ឌិត កែម ឡី។

Five years ago today, courageous & respected analyst & physician Dr. Kem Ley was gunned down in cold blood. Our condolences remain with Kem's family & all Cambodians who valued his integrity & patriotism. We implore authorities to conduct a full investigation of his killing.

ក្នុង​ខួប ៥ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី១០ កក្កដា ម្សិលមិញនេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះសារ​នៅ​លើ​ហ៊្វេសប៊ុក ស្ថានទូត ហៅ​ករណី​នេះជា​ការ​បាញ់​សម្លាប់​ដ៏​អគតិ​លើ​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​លះបង់​យ៉ាង​មោះមុតដើម្បី​លទ្ធិប្រជាធិបតេយ្យក្នុង​ប្រទេស​កម្ពុជា។

ស្ថានទូត​សរសេរ​ថា ជាថ្មី​ម្តង​ទៀតយើង​សូម​សម្រែង​នូវ​អារម្មណ៍​សោក​សង្រេងនិង​រំលែក​មរណទុក្ខ​ចំពោះ​ក្រុម​គ្រួសារហើយ​សូម​ចងចាំ​នូវ​សុចរិតភាព ឯករាជ្យភាព និង​សុទិដ្ឋិនិយម​របស់​លោក។ ស្ថានទូត អំពាវនាវ​ជា​ថ្មី​ម្តង​ទៀតដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​មិន​លម្អៀងនិង​ប្រកប​ដោយ​តម្លាភាពចំពោះ​ឃាតកម្ម​លើ​រូប​លោកដើម្បី​ស្វែង​រក​យុត្តិធម៌​ចំពោះ​លោក​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។