ជនរងគ្រោះ ត្រូវគ្រាប់កាំភ្លើង ក្នុងព្រឹត្តិការណ៍ជម្លោះដីធ្លី នៅខេត្តព្រះសីហនុ កាលពីចុងខែមករា លោក ពៅ សារ័ត្ន ធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរ ខណៈមុខរបួសរលួយកាន់តែធំទៅ។ ម្ដាយជនរងគ្រោះ ប្រាប់ថា គាត់ត្រូវបង្ខំចិត្តយកកូន ទៅព្យាបាលចាប់សរសៃបែបបុរាណវិញ ព្រោះគ្មានប្រាក់បន្តព្យាបាលនៅមន្ទីរពេទ្យ។ សង្គមស៊ីវិលថា តំណាងអយ្យការ ត្រូវស្រាវជ្រាវរកជនដៃដល់ ដើម្បីឲ្យទទួលខុសត្រូវព្រហ្មទណ្ឌ ថ្លៃព្យាបាល និងជំងឺចិត្តជនរងគ្រោះ។
ម្ដាយរបស់ លោក ពៅ សារ័ត្ន គឺ អ្នកស្រី អន អៀន ប្រាប់ថា លោកស្រីបានយកកូនប្រុស មកព្យាបាលនៅកន្លែងគ្រូខ្មែរចាប់សរសៃមួយកន្លែង នៅខេត្តបាត់ដំបង ដោយសង្ឃឹមថា នឹងឆាប់សះស្បើយ ក្រោយពេលអស់ប្រាក់ ព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ នៅរាជធានីភ្នំពេញ។
លោកស្រី អន អៀន រៀបរាប់ថា លោកស្រី បានសុំគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) យកកូន ចេញពីមន្ទីរពេទ្យ កាលពីថ្ងៃទី២៨ កុម្ភៈ ហើយយកទៅសម្រាកនៅផ្ទះ។ សម្រាកនៅផ្ទះបានជាងមួយសប្ដាហ៍ មុខរបួសកាន់តែធ្ងន់ និងដំបៅដែលត្រូវគ្រាប់កាំភ្លើងកាន់តែរីកមុខ ហើយអ្នកភូមិបានណែនាំឲ្យយកជនរងគ្រោះ ទៅព្យាបាលនៅគ្រូចាប់សរសៃ នៅខេត្តបាត់ដំបង។ លោកស្រីថា បច្ចុប្បន្នលោកស្រីអស់លទ្ធភាព សូម្បីតែប្រាក់ព្យាបាលគ្រូបុរាណខ្មែរ បែបចាប់សរសៃ៖ « យកកូនមកកន្លែងព្យាបាលសរសៃខ្នង លោកពូ។ ឥឡូវលោកពូ អើយ ដំបៅធំណាស់។ ដំបៅកញ្ចូញគូទ ដែលប្រែមិននេះនោះ ( ប្រែមិនរួច ) ដំបៅធំ ហើយក្នុងខ្លួននៅឈឺដើមទ្រូងនៅឈើ។ ជើង ធ្វើចលនាទៅវាមានខ្វើកខ្លះហើយ លោកពូ។ ខ្វើកៗ យកមកផ្ទះបានកន្លះខែ បានយកចេញមកពេទ្យនៅអន្លង់វិល បាត់ដំបង ពេទ្យសរសៃឆ្អឹងខ្នង។ តែកូនខ្ញុំ ដំបៅកញ្ចូញគូទធំណាស់។ កូនផ្ងារមិនបាន»។
ម្ដាយជនរងគ្រោះរំលឹកថា ពេលត្រូវរបួសដំបូង លោកស្រីទទួលបានការជួយឧបត្ថម្ភច្រើន ដើម្បីយកមកព្យាបាល លោក ពៅ សារ័ត្ន ក្នុងនោះ អាជ្ញាធរខេត្តព្រះសីហនុ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជម្លោះដីធ្លីម្នាក់ គឺលោកឧកញ៉ា ស៊ីវ គង់ទ្រីវ បានឲ្យតំណាងយកលុយទៅឲ្យដល់មន្ទីរពេទ្យព្រះកុសុមៈ ចំនួន ១.០០០ដុល្លារ។ ក្រោយមកថវិកាទាំងនោះ បានចំណាយលើថ្លៃព្យាបាលអស់ ហើយកាន់តែលំបាកជាងនេះទៅទៀត គឺលោកស្រី ត្រូវរ៉ាប់រងការមើលថែ ប្រែ លើករំកិល លោក ពៅ សារ័ត្ន តែម្នាក់ឯង ទាំងការស្លៀកពាក់ ហូបចុក ខ្វេះលាមកជាដើម។
លោក ពៅ សារ័ត្ន ជាកម្មករសំណង់ នៅខេត្តព្រះសីហនុ។ លោក ត្រូវ របួស ដោយគ្រាប់កាំភ្លើង បាញ់ចំស្មាពីផ្នែកខាងក្រោយ បៀមគ្រាប់ជាប់នឹងឆ្អឹងខ្នង កាលពីថ្ងៃទី២៤ ខែមករា ក្នុងព្រឹត្តិការណ៍អាជ្ញាធរដឹកនាំកងកម្លាំងយោធា កងរាជអាវុធហត្ថ និងនគរបាល ប្រមាណ ៣០០នាក់ ចុះអនុវត្តសាលដីការបស់តុលាការកំពូល ដោយប្រើហិង្សាបាញ់បង្ក្រាបអ្នកតវ៉ាលើដីជម្លោះមួយកន្លែង នៅក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
ក្នុងព្រឹត្តិការណ៍កាលណោះ ពលរដ្ឋអះអាងថា លោក ពៅ សារ័ត្ន មិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ទេ ពេលត្រូវគ្រាប់កាំភ្លើង ហើយត្រូវដេកស្ដូកស្ដឹងនៅលើដីជាច្រើនម៉ោង។ ក្រោយមក នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គ្រូពេទ្យបានបញ្ជូនបន្ត មកមន្ទីរពេទ្យនៅភ្នំពេញ ភ្លាមៗ។ ប៉ុន្តែមកដល់ថ្ងៃទី២៥ ខែមករា ទើបលោក ពៅ សារ័ត្ន ត្រូវបានវះកាត់យកគ្រាប់កាំភ្លើងចេញ។
ម្ដាយរបស់លោក ពៅ សារ័ត្ន លោកស្រី អន អៀន រំលឹកថា ពេលកូនត្រូវរបួស លោកស្រីបានសុំមេភូមិឲ្យជួយធ្វើប័ណ្ណក្រីក្រ និងទទួលបានប័ណ្ណក្រីក្រ សម្រាប់កាត់បន្ថយថ្លៃព្យាបាល។ លោក ពៅ សារ័ត្ន មានបងប្អូន ប្រុសស្រីចំនួន ៤នាក់ សុទ្ធតែជាកម្មករសំណង់។ មុនលោក ពៅ សារ័ត្ន ត្រូវរបួស លោកស្រី អន អៀន រស់នៅលើដីជួលមួយកន្លែង នៅខេត្តកំពង់ចាម និងជួយមើលថែចៅ ៤នាក់ ព្រោះឪពុកម្ដាយពួកគេត្រូវទៅធ្វើសំណង់។
អ្នកស្រីរៀបរាប់ថា មុនធ្វើសំណង់នៅខេត្តព្រះសីហនុ លោក ពៅ សារ័ត្ន ធ្លាប់ជាកម្មករ នៅប្រទេសថៃ។ ក្រោយមក លោក ជាអ្នកស៊ីឈ្នួលដាំដំឡូង និងពោត។ តមកទៀត លោក ពៅ សារ័ត្ន បានចំណាកស្រុកកំណើត មកធ្វើការងារសំណង់ជាមួយសាច់ញាតិនៅខេត្តព្រះសីហនុ និងរកចំណូលបានចន្លោះពី ៣ ទៅ ៤ម៉ឺនរៀល ក្នុងមួយថ្ងៃ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ករណីអនុវត្តសាលក្រមតុលាការកំពូលដោយហិង្សាបាញ់បង្ក្រាបនិងវាយដំពលរដ្ឋ នៅភូមិគគីរ រដ្ឋាភិបាលបានដកតំណែង និងដាក់ពិន័យមន្ត្រីរដ្ឋបាល (អភិបាលរងខេត្ត) មន្ត្រីយោធា និងប៉េអិមរួចហើយ។ ប៉ុន្តែមិនទាន់រកឃើញ ជនដៃដល់ បាញ់ លោក ពៅ សារ័ត្ន និងមិនទាន់ឃើញ សំណងផ្លូវច្បាប់ សម្រាប់ជនរងគ្រោះនៅឡើយ។ តំណាងសង្គមស៊ីវិលរូបនេះថា ទោះគ្រួសារជនរងគ្រោះមិនទាន់ប្ដឹងទារជំងឺចិត្ត (រដ្ឋប្បវេណី) តែតំណាងអយ្យការ មានតួនាទីប្ដឹងរកជនដៃដល់ (ព្រហ្មទណ្ឌ) និងថ្លៃព្យាបាលឲ្យជនរងគ្រោះ៖ « ក្នុងករណីនេះ យើងឃើញ ហើយយើងមានការព្រួយបារម្ភ ហាក់ដូចជាអាជ្ញាធរនៅពេលចាត់វិធានការ អ្នកដែលបានចាប់ខ្លួន ហើយអ្នកមានការដកតំណែងមួយចំនួន ហើយហាក់ដូចអត់បានធ្វើការទៅតាមនីតិវិធី ច្បាប់ដើម្បីផ្ដន្ទាទោស ហើយនឹងសងជំងឺចិត្តទៅលើជនរងគ្រោះនោះទេ។ ផ្ទុយទៅវិញ ការផ្ដល់កន្លងមកគ្រាន់ជាថវិកា សប្បុរសធម៌មួយ ក្រៅពីចំណាត់ការ ឬក៏វិធានការរកខុសត្រូវតាមនីតិវិធីរបស់តុលាការនៅឡើយទេ»។
ក្រោយព្រឹត្តិការណ៍អនុវត្តសាលក្រមតុលាការកំពូលជាង ១ខែ គឺនៅថ្ងៃទី១ មីនា មេដឹកនាំរបបឯកបក្ស ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រ ដកតំណែងអភិបាលរងខេត្តព្រះសីហនុ ២នាក់ចេញ និងត្រូវបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេត។ ចំណែកមន្ត្រីកងរាជអាវុធហត្ថ ៥នាក់ និងយោធាម្នាក់ ត្រូវដាក់ពិន័យរដ្ឋបាល។ ក្នុងនោះ មានកងរាជអាវុធហត្ថម្នាក់ ឈ្មោះ សុខ ធារិទ្ធិ និងយោធាម្នាក់ឈ្មោះ ចាន់ ម៉ៅ ត្រូវផ្អាកពីការងារ និងបញ្ជូនទៅតុលាការ។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងជាអ្នកដឹកនាំកងកម្លាំងចុះអនុវត្តសាលដីកាតុលាការកំពូល លោក ហួត វិចិត្រ ប្រាប់អាស៊ីសេរីថា សំណុំរឿងនេះ មិនមែនលោកជាអ្នកកាន់ ដូច្នេះមិនដឹងករណីនេះទេ និងណែនាំឲ្យសួរទៅអ្នកនាំពាក្យផ្នែកជម្រះក្ដី លោក យឹម ប៊ុណ្ណារ៉េត។ ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក យឹម ប៊ុណ្ណារ៉េត មិនទទួលទូរស័ព្ទ។
ម្ដាយរបស់លោក ពៅ សារ័ត្ន អ្នកស្រី អន អៀន អំពាវនាវឲ្យសាធារណៈជន ជួយគ្រួសារអ្នកស្រីផង ព្រោះ សូម្បីថវិកាព្យាបាលតាមវិធីចាប់សរសៃបែបបុរាណ ក៏អ្នកស្រីគ្មានលទ្ធភាពដែរ។ លេខទូរស័ព្ទរបស់ អ្នកស្រី អន អៀន ដែលត្រូវជាម្ដាយរបស់ជនរងគ្រោះ ពៅ សារ័ត្ន គឺលេខ (088 368 96 32)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។