មេធាវីការពារអោយកម្មការិនីបីនាក់ ដែលជាជនរងគ្រោះដោយការបាញ់ប្រហាររបស់លោក ឈូក បណ្ឌិត នឹងដាក់បណ្ដឹងទាមទារសំណងដល់ពួកគេនៅសប្ដាហ៍ក្រោយ ទៅតាមសាលដីកាស្ថាពររបស់តុលាការកំពូល។ គម្រោងទាមទារសំណងនេះ នៅពេលកម្មការិនីរងគ្រោះដោយគ្រាប់កាំភ្លើងលោក ឈូក បណ្ឌិត នៅមិនទាន់ទទួលបានសំណងនៅឡើយទេ ស្របពេលទណ្ឌិតរូបនេះកំពុងជាប់ពន្ធនាគារនៅខេត្តស្វាយរៀង។ ទោះយ៉ាងណា ជនរងគ្រោះសប្បាយចិត្តដែលលោក ឈូក បណ្ឌិត ត្រូវបានផ្ដន្ទាទោសតាមច្បាប់ តែក៏មិនទាន់ពេញចិត្តចំពោះទំហំប្រាក់សំណងនៅឡើយ។
មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នឹងដាក់បណ្ដឹងទៅតុលាការខេត្តស្វាយរៀង ដោយរំពឹងថា សំណងប្រាក់ចំនួន ៣៨លានរៀល ឬជិត ១ម៉ឺនដុល្លារ នឹងបានដល់ជនរងគ្រោះ។
មេធាវី អ្នកស្រី សារី បុត្រចរិយា មានប្រសាសន៍នៅថ្ងៃទី៩ ខែសីហា ថា អ្នកស្រីនឹងទាមទារអោយកូនក្ដីទៅតាមនីតិវិធី៖ «នឹងរៀបចំដាក់ពាក្យបណ្ដឹងសុំអនុវត្តសាលដីកាតុលាការកំពូល ប្រហែលជាអាទិត្យក្រោយអីហ្នឹង ខ្ញុំចាប់ផ្ដើមធ្វើការងារនេះហើយ»។
ចំពោះកម្មការិនីរងគ្រោះលើកឡើងថា ទំហំទឹកសំណងដែលពួកគេត្រូវទទួលបានក្នុងរឿងក្តីបង្ករបួសស្នាមដោយអចេតនា ដែលជាសាលក្រមសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង នោះ មិនអាចឆ្លើយតបចំពោះតម្លៃព្យាបាលមុខរបួសដោយគ្រាប់កាំភ្លើងរបស់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បាននៅឡើយ។
កញ្ញា កែវ នា រៀបរាប់ថា ការចូលខ្លួនទទួលទោសរបស់លោក ឈូក បណ្ឌិត បានធ្វើអោយពួកគាត់សប្បាយចិត្ត ត្បិតស្បើយការភ័យខ្លាច។ តែទោះជាយ៉ាងណាក៏ដោយ កម្មការិនីរងគ្រោះថា មិនពេញចិត្តក្នុងការទទួលយកសំណងតិចតួចនេះទេ ព្រោះជំងឺនៅតែធ្វើទុក្ខ ហើយត្រូវការចំណាយលុយសម្រាប់ថ្នាំព្យាបាលស្ទើររាល់ថ្ងៃ៖ «សំណងដែលសងមកពួកខ្ញុំ គឺនៅតិចជាងពេលដែលពួកខ្ញុំមើលជំងឺទៅទៀត ហើយរាល់ថ្ងៃគឺពួកខ្ញុំចេញលុយខ្លួនឯងមើលជំងឺទៀតផង។ សម្រាប់ខ្ញុំ គឺពេលគេបាញ់ត្រូវដៃ ពេទ្យប្រាប់ថា ដាច់សរសៃ និងសាច់ធំណាស់ អ៊ីចឹងពេលយប់ត្រជាក់ ចាប់ផ្ដើមចុកចាប់ ហើយក្តៅកន្លែងមុខរបួសធ្វើអោយដេកមិនបានទេ»។
សាលក្រមតុលាការខេត្តស្វាយរៀង បានតម្រូវអោយលោក ឈូក បណ្ឌិត បង់ប្រាក់សំណងទៅអោយកម្មការិនី កែវ នា ដែលរងរបួសដៃចំនួន ៨លានរៀល ឬប្រហែល ២.០០០ដុល្លារ កម្មការិនី នុត សាខន របួសខ្នង ចំនួន ១០លានរៀល ឬប្រហែល ២.៥០០ដុល្លារ និង ប៊ុន ចិន្តា ដែលត្រូវបានបាញ់ចំទ្រូងធ្លាយទៅក្រោមក្លៀកស្ដាំចំនួន ២០លានរៀល ឬប្រហែល ៥.០០០ដុល្លារ។
កាលពីថ្ងៃទី៨ ខែសីហា លោក ឈូក បណ្ឌិត ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត ដោយអនុវត្តតាមសាលដីកាស្ថាពររបស់តុលាការកំពូល ដែលកាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣៨លានរៀលក្នុងបទបង្ករបួសស្នាមដោយអចេតនា។
ការចោទប្រកាន់នេះ បន្ទាប់ពីលោក ឈូក បណ្ឌិត បានបាញ់រះធ្វើឲ្យកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ (Kaoway) ក្នុងក្រុងបាវិត ចំនួន ៣នាក់ រងរបួសក្នុងពេលពួកគេតវ៉ាទាមទារលក្ខខណ្ឌការងារល្អកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
តាំងពីរងរបួសនោះមក កម្មការិនីរងគ្រោះទាំងបីនាក់ ចាប់ផ្ដើមបាត់បង់ចំណូលប្រចាំខែប្រមាណជាង ៣០ដុល្លារ ដោយសារពួកគេមិនអាចធ្វើការថែមម៉ោងបានដូចពីមុន និងត្រូវការថវិកាព្យាបាលជាប្រចាំទៀតផង ដូច្នេះសំណងនេះ គឺមិនអាចបំពេញការខូចខាតរបស់ពួកគាត់ឡើយ៖ «ពេលពួកខ្ញុំ មិនទាន់ត្រូវរបួស ខ្ញុំធ្វើរយៈមួយខែពេញមួយខែអ៊ីចឹង អាចរកប្រាក់ចំណូលបានច្រើន តែពេលខ្ញុំត្រូវរបួស គឺរកចំណូលបានតិចដោយសារមិនសូវបានថែមម៉ោង និងឈប់ច្រើន ព្រោះអាការៈជំងឺឈឺជាមិនទៀង»។
ការចាប់ខ្លួនលោក ឈូក បណ្ឌិត នេះ នៅបន្ទាប់ពី ៥ថ្ងៃក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី១ ដែលគាំទ្រឲ្យប៉ូលិសអាំងទែ ប៉ូល (Interpol) ឲ្យតាមស្វែងរកចាប់លោក ឈូក បណ្ឌិត ដែលកំពុងលាក់ខ្លួន។
ដូច្នេះករណីនេះ កញ្ញា កែវ នា មើលឃើញថា ការចូលទទួលទោសរបស់អតីតអភិបាលក្រុងបាវិត នៅពេលនេះ គឺមិនមែនជាការស្ម័គ្រចិត្តឡើយ ពោលគឺដោយសារឥទ្ធិពលនៃការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ជិតមួយឆ្នាំហើយ តុលាការប្រកាស អោយគាត់ចូលខ្លួនម្តេចមិនចូល ហេតុអីប៉ុន្មានថ្ងៃនេះ ក្រោយពួកខ្ញុំសុំអោយសម្ដេចតេជោ ហ៊ុន សែន ប្រកាសចាប់ខ្លួន លោក ឈូក បណ្ឌិត ហើយមិនបានប៉ុន្មានថ្ងៃផង គេចាប់បានមែន។ អ៊ីចឹងបញ្ហាហ្នឹង គឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអោយលោក ឈូក បណ្ឌិត ទទួលទោសមុខច្បាប់»។
យ៉ាងណាក៏ដោយ ទាំងជនរងគ្រោះ និងអង្គការសង្គមស៊ីវិល ព្រមទាំងមេដឹកនាំសហជីពសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចដែលបានចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទាទោស។ បែបនេះក្តី ពួកគេនៅតែយល់ថា តុលាការស្រុកខ្មែរនៅតែមិនទាន់ឯករាជ្យ និងមិនយុត្តិធម៌ ដោយនៅតែអនុវត្តស្តង់ដារពីររវាងមន្ត្រីបក្សកាន់អំណាច និងប្រជាជនសាមញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។