អ្នកវិភាគថា ការផ្ដួចផ្ដើមកែរដ្ឋធម្មនុញ្ញរបស់លោក ហ៊ុន សែន ដែលកំណត់ឲ្យមេដឹកនាំស្ថាប័នកំពូលរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ កើតចេញពីកំហឹងឬទោសៈរបស់លោក ហ៊ុន សែន។ ការរិះគន់នេះ ខណៈសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ នឹងត្រូវគេដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែតុលាខាងមុខ។
អ្នកវិភាគ ពលរដ្ឋ និងសកម្មជនបក្សប្រឆាំង លើកឡើងស្រដៀងគ្នាថា ការកែរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិមេដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលរដ្ឋាភិបាលកំពុងធ្វើយ៉ាងតក់ក្រហល់នេះ មិនអាចក្លាយជាច្បាប់ល្អនោះឡើយ។ ពួកគេក៏មិនរំពឹងថា ការអនុវត្តច្បាប់នេះមានប្រសិទ្ធភាពនោះដែរ។
ពលរដ្ឋរស់នៅខេត្តជាប់មាត់សមុទ្រម្នាក់លោក ស៊ុន សុផាត និយាយថា ការស្មោះត្រង់នឹងជាតិមិនសំដៅលើការមានសញ្ជាតិខ្មែរតែមួយនោះ។ លោកថា ការកែច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ បើរដ្ឋាភិបាលចង់ធ្វើមិនពិបាកទេ ព្រោះសព្វថ្ងៃប្រទេសកម្ពុជា កំពុងដឹកនាំដោយគណបក្សនយោបាយតែមួយ៖ «ខ្ញុំយល់ថារឿងស្មោះត្រង់ ឬមិនស្មោះត្រង់រឿងមានសញ្ជាតិពីរមិនសំខាន់លើសញ្ជាតិទេ ឲ្យគាត់ស្មោះត្រង់ទៅគាត់ធ្វើការបម្រើជាតិបានហើយហើយទោះបីគាត់មានសញ្ជាតិតែមួយក៏ដោយបើគាត់មិនស្មោះត្រង់គាត់មិនបម្រើជាតិបានដដែល»។
ស្រដៀងគ្នានេះដែរ សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុន លោក ហៃ វណ្ណា យល់ថា បើ លោក ហ៊ុន សែន មានស្មារតីជាតិនិយមមែន គឺត្រូវកំណត់ចាប់ពីមេភូមិឡើងទៅត្រូវមានសញ្ជាតិខ្មែរតែមួយ។ ទោះបែបនេះក្ដី លោកថា រឿងកែច្បាប់កំណត់សញ្ជាតិពេលនេះ គ្រាន់ជាល្បែងនយោបាយរបស់លោក ហ៊ុន សែន។ លោកថា ទោះច្បាប់នេះចេញជាធរមានក្ដី ប៉ុន្តែក៏គ្មានប្រសិទ្ធភាពដែរ ព្រោះប្រទេសកម្ពុជាគ្មានស្ថាប័នឯករាជ្យចុះស្រាវជ្រាវថា មេដឹកនាំណាខ្លះមានសញ្ជាតិប៉ុន្មាននោះទេ៖ «អ៊ីចឹងទោះបីគាត់ ( លោក ហ៊ុន សែន ) បង្កើតច្បាប់ប៉ុន្មានមកទៀតក៏ដោយ ហើយគាត់ប្រកាសថា គាត់មានសញ្ជាតិតែមួយព័ត៌មានពិតគាត់មានសញ្ជាតិពីរ ក៏យើងមិនអាចទៅធ្វើអីពួកគាត់កើតដែរ»។
ប្រតិកម្មរបស់ពលរដ្ឋនេះ ក្រោយពេលលោក ហ៊ុន សែន ប្រញាប់បញ្ជាឲ្យកែច្បាប់កំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ ដែលជាការឆ្លើយតបនឹងលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ អ្នកវិភាគនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់សំដៅលើលោក សម រង្ស៊ី ដោយចង់មិនឲ្យលោក សម រង្ស៊ី អាចធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែ លោកថា ស្ថានភាពសព្វថ្ងៃនេះទោះគ្មានច្បាប់ថ្មីនេះក៏លោក សម រង្ស៊ី មិនអាចធ្វើនាយករដ្ឋមន្ត្រីបានដែរ ព្រោះមេដឹកនាំបក្សប្រឆាំងរូបនេះជាប់ទោសយ៉ាងច្រើនដែលអាចជាប់ពន្ធនាគារមិនក្រោម៣០ឆ្នាំនោះទេ។ អ្នកវិភាគនយោបាយជើងចាស់រូបនេះរិះគន់ថា ផែនការកែច្បាប់ពេលនេះ ជានិមិត្តរូបនៃកំហឹងរបស់លោក ហ៊ុន សែន៖ «បើសិនជាវិធានការនេះសំដៅទប់ស្កាត់លោក សម រង្ស៊ី ឡើងធ្វើនាយករដ្ឋមន្ត្រីមិនចាំបាច់ធ្វើទេ ទណ្ឌិតអត់មានសិទ្ធចុះឈ្មោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យទេ ដូច្នេះមិនអាចជានាយករដ្ឋមន្ត្រីបានទេ»។
បណ្ឌិត ឡៅ ម៉ុងហៃ រំលឹកថា ស្មារតីនៃច្បាប់ជាសេចក្ដីសម្ដែងឆន្ទៈនៃប្រជាជាតិទាំងមូលហើយច្បាប់ដែលល្អ និងមានប្រយោជន៍ចំពោះជាតិ និងពលរដ្ឋ មិនអាចកើតចេញពីការខឹងសម្បារ ឬទោសៈ នៃអ្នកធ្វើច្បាប់នោះទេ។ លោកបន្តថា ការធ្វើច្បាប់ដែលចេញពីកំហឹងរបស់លោក ហ៊ុន សែន ពេលនេះ គ្រាន់តែជាបង្ហាញថា លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ មានអំណាចប្រមូលផ្ដុំអាចធ្វើអ្វីតាមចិត្តរបស់ខ្លួន។ លោកជំរុញឲ្យមានការជជែកគ្នាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន៖ «ពោលគឺច្បាប់គេត្រូវសតិអារម្មណ៍នឹងនរអត់មានស្អប់ខ្ពើម ស្រលាញ់អីទេ អាណឹងច្បាប់ចេញមកគឺគំនិតរបស់ប្រជាពលរដ្ឋទាំងមូល រួចដល់យើងក្នុងកាលៈទេសៈនេះធ្វើច្បាប់មានកំហឹងច្បាប់ហ្នឹងទៅជានិមិត្តរូបនៃកំហឹង ឬទោសៈ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរលើហ្វេសប៊ុកថា អង្គគណៈរដ្ឋមន្ត្រីនឹងបើកប្រជុំពេញ នាថ្ងៃទី៨ ខែតុលា ខាងមុខដែលនឹងជជែក សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី៧ ខែតុលា។ ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ឲ្យវិទ្យុអាស៊ីសេរីដឹងថា សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញនេះ គឺពាក់ព័ន្ធនឹងការកំណត់ឲ្យមេដឹកនាំកំពូលនៃស្ថាប័នរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ។ អ្នកនាំពាក្យដដែលមិនទាន់អាចបញ្ជាក់ថា នឹងត្រូវការពេលវេលាប៉ុន្មានក្នុងការធ្វើច្បាប់នេះទេ ព្រោះត្រូវធ្វើតាមនីតិវិធី គឺក្រោយគណៈរដ្ឋមន្ត្រីអនុម័ត នឹងត្រូវបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (រដ្ឋសភា និងព្រឹទ្ធសភា) បន្តទៀត។
ទាក់ទងករណីនេះដែរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា ជនជាតិខ្មែរដែលមានសញ្ជាតិពីរសព្វថ្ងៃមានពីរប្រភេទ មួយក្រុមជាធនធានសំខាន់របស់ជាតិ និងមួយក្រុមទៀតគឺជាជនឧក្រិដ្ឋបំផ្លាញជាតិ។
លោកបន្តថា ក្រុមទី១ គឺជនជាតិខ្មែរ ដែលបានភៀសខ្លួន ទៅរស់នៅឯនាយសមុទ្រ ដោយសារការកាប់សម្លាប់ សង្គ្រាម និងការធ្វើទុក្ខបុកម្នេញ ពីសំណាក់របបលោក ហ៊ុន សែន រហូតពួកគេទទួលបានសញ្ជាតិពីរ។ លោកបន្តទៀតថា អ្នកទាំងនោះភាគច្រើន មានការសិក្សាពីប្រទេសជឿនលឿននិងមានបទពិសោធន៍ការងារគ្រប់វិស័យ ដែលជាធនធានដ៏មានតម្លៃរបស់ជាតិ។ ដោយឡែក លោកថា ក្រុមទី២ ដែលមានសញ្ជាតិពីរនោះដែរ ពួកគេជាថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ ដែលបានបំផ្លិចបំផ្លាញជាតិ ប្លន់ដីធ្លីពលរដ្ឋ ទ្រព្យសម្បត្តិជាតិ និងលួចទិញសញ្ជាតិបរទេសត្រៀមរត់ចោលស្រុកពួកគេមិនមែនធនធានជាតិទេ គឺជាជនឧក្រិដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។