ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាមើលឃើញថា ក្នុងរយៈពេលជាង ២ឆ្នាំ មកនេះ របបលោក ហ៊ុន សែន បានប្រឹងប្រែងធ្វើច្បាប់ជាច្រើនដែលមានចរិតគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងបិទលំហនយោបាយរបស់អ្នកមានទស្សនៈផ្ទុយ។ យុទ្ធសាស្ត្របែបនេះ ទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញលេញពីសំណាក់ស្ថាប័ននីតិបញ្ញត្តិ ដោយសារតែគ្មានគណបក្សផ្សេងចូលរួមផ្តល់មតិយោបល់។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់រដ្ឋសភាបកស្រាយថា ច្បាប់ដែលត្រូវបានធ្វើឡើងនៅក្នុងអាណត្តិទី០៦ នេះ សុទ្ធសឹងតែបម្រើឱ្យប្រយោជន៍សាធារណៈ។
របបឯកបក្សរបស់លោក ហ៊ុន សែន បានបង្កើតច្បាប់ជាច្រើនប្រភេទ និងច្រើនវិស័យ ចាប់តាំងពីរបបនេះក្រសោបយកអំណាចផ្តាច់មុខ តាមរយៈការបោះឆ្នោត ដ៏ចម្រូងចម្រាស់នាឆ្នាំ២០១៨ រួចមក។ ច្បាប់ខ្លះមានសារៈសំខាន់ ព្រោះជាប់ពាក់ព័ន្ធនឹងចំណូលចំណាយរបស់ជាតិ ការធានាបរិយាកាសវិនិយោគ និងគម្រោងអភិវឌ្ឍន៍នានា។ ក៏ប៉ុន្តែច្បាប់មួយចំនួនទៀត ត្រូវបានក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា ជាច្បាប់រឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ប៉ះពាល់ដល់បូរណភាពទឹកដី និងមានទិសដៅបង្ក្រាបសំឡេងប្រឆាំង។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ច្បាប់មួយចំនួនទាមទារឱ្យមានការដេញដោលស៊ីជម្រៅ ព្រោះប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងអធិបតេយ្យជាតិជាដើម។ លោកបញ្ជាក់ថា ស្ថាប័នដ៏សំខាន់ដែលមានកាតព្វកិច្ចត្រួតពិនិត្យ និងវែកញែកខ្លឹមសារច្បាប់ទាំងនោះ គឺរដ្ឋសភា ប៉ុន្តែលោកសង្កេតឃើញថា ស្ថាប័ននីតិបញ្ញតិមួយនេះ មិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានពេញលេញនោះទេ។ ផ្ទុយទៅវិញ ស្ថាប័ននេះ បែរជាចេញមុខការពារច្បាប់ទាំងនោះថែមទៀត បើទោះជាមានមតិរិះគន់ពីអ្នកជំនាញជាតិ និងអន្តរជាតិយ៉ាងណាក្តី៖ « ច្បាប់ទាំងអស់ហ្នឹង គឺថាហាក់ដូចជាមានភាពតក់ក្រហល់ មានន័យថា មានការប្រញាប់ប្រញាល់ មិនបានបើកទូលំទូលាយឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងការជជែក ក្នុងការរកអនុសាសន៍បន្ថែមដូចកាលមុនៗទេ។ ឧទាហរណ៍ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺថាលឿនមែនទែន។ កាលណារដ្ឋាភិបាលចេញ គណៈកម្មការដាក់ក្នុងការជជែកពិភាក្សាហើយ គឺថាអនុម័តយល់ព្រមដោយពេលវេលាខ្លី។ វាខុសពីច្បាប់មុនៗ ហើយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសង្គមស៊ីវិល គឺថាអត់បានដាក់ធាតុចូលទៅក្នុងច្បាប់ទាំងអស់ហ្នឹងទេ » ។
ចាប់តាំងពីចុងឆ្នាំ ២០១៨ រហូតដល់ដើមឆ្នាំ ២០២១ នេះ របបលោក ហ៊ុន សែន បានបង្កើតច្បាប់យ៉ាងហោចណាស់ចំនួន ៧៤ ច្បាប់។ ក្នុងចំណោមច្បាប់ទាំងនោះ ច្បាប់ខ្លះមិនមានបញ្ហាចម្រូងចម្រាស់ធំដុំទេ ព្រោះជាច្បាប់ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុក បរិស្ថាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាដើម។ ក៏ប៉ុន្តែ ច្បាប់ខ្លះទៀត មានភាពចម្រូងចម្រាស់ខ្លាំង ដោយសារខ្លឹមសាររបស់ច្បាប់ទាំងនោះ រំលោភលើគោលការណ៍សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញ ហើយប៉ះពាល់ដល់អធិបតេយ្យជាតិ។ ម្យ៉ាងទៀត មានច្បាប់ខ្លះទៀតហាក់ធ្វើឡើងក្នុងទិសដៅយកចិត្តម្ចាស់ជំនួយ ជាជាងការប្តេជ្ញាចិត្តអនុវត្តឱ្យបានពិតប្រាកដ។
ច្បាប់ដែលរងការរិះគន់ខ្លាំងទាក់ទងនឹងការគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ រួមមាន ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន និងច្បាប់គ្រប់គ្រងជំងឺកូវីដ-១៩។ ចំណែកច្បាប់ដែលរងការរិះគន់ថា ធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាវិញ ច្បាប់ទាំងនោះមានជាអាទិ៍ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ទាក់ទងនឹងបង្គោលព្រំដែនគោកដែលបានបោះរួចជាមួយភាគីវៀតណាមចំនួន ៨៤% និងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម។ រីឯច្បាប់ដែលក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា ធ្វើឡើងដើម្បីស្អំចិត្តសហគមន៍អន្តរជាតិវិញ ច្បាប់ទាំងនោះមានដូចជា ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងច្បាប់ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ច្បាប់ទាំងពីរនេះ ធ្វើឡើងក្រោយពេលគណៈកម្មការអឺរ៉ុបដាក់បញ្ចូលកម្ពុជាក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ កាលពីខែឧសភា ឆ្នាំ២០២០
ច្បាប់ដ៏ចម្រូងចម្រាស់ទាំងនេះ ត្រូវបានរដ្ឋសភាឯកបក្សប្រជុំអនុម័តយ៉ាងប្រញាប់ប្រញាល់ តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងសម័យប្រជុំនីមួយៗ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មិនបានជជែកដេញដោលឱ្យបានស៊ីជម្រៅឡើយ ដោយគ្រាន់តែអានខ្លឹមសារច្បាប់ ម្តងមួយមាត្រាៗ ហើយលើកដៃគាំទ្រទាំងស្រុង។ ពេលទៅដល់ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ច្បាប់ទាំងនោះក៏គ្មានអ្វីកែប្រែដែរ រហូតទៅដល់ព្រះមហាក្សត្រឡាយព្រះហស្ថលេខា ឬប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ ប្រកាសឱ្យប្រើ។ ជារួមដំណើរការតាក់តែងច្បាប់ទាំងនេះ ហាក់ធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ច ដោយមិនមានធាតុចូលដទៃ ក្រៅពីអ្វីដែលគណៈរដ្ឋមន្ត្រីបានបញ្ជូនទៅនោះឡើយ។

ជុំវិញរឿងនេះ អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បកស្រាយថា ច្បាប់នីមួយៗបានឆ្លងកាត់ការពិភាក្សាជាច្រើនដំណាក់កាលរួចមកហើយ ទាំងនៅក្នុងគណបក្សប្រជាជនកម្ពុជា គណៈរដ្ឋមន្ត្រី និងគណៈកម្មការជំនាញនៃរដ្ឋសភា ហេតុដូច្នេះទើបមិនមានការពិភាក្សាច្រើនទៀតនៅក្នុងសម័យប្រជុំរដ្ឋសភា។ លោកថ្លែងទៀតថា រាល់ច្បាប់ដែលអនុម័តក្នុងអាណត្តិទី០៦ នេះ សុទ្ធតែត្រឹមត្រូវ និងល្អប្រសើរសម្រាប់បម្រើប្រយោជន៍សាធារណៈ។ លោក គូសបញ្ជាក់ថា បើគណបក្សណាមិនពេញចិត្តនឹងច្បាប់ដែលត្រូវបានបង្កើតឡើងក្នុងអាណត្តិនេះទេ ពួកគេអាចធ្វើវិសោធនកម្ម ឬកែប្រែច្បាប់ទាំងនោះបាន នៅពេលឈ្នះឆ្នោតដឹកនាំប្រទេស៖ « ច្បាប់នីមួយៗ គឺថាបានឆ្លងនីតិវិធីច្រើនជាន់ដែរហើយ ហើយបញ្ហាទាំងអស់ គឺបានលើកមកអស់ហើយ។ ការអនុវត្តទៅ និយាយតាមច្បាប់ គឺថាត្រឹមត្រូវ អនុវត្តបានល្អ ដូច្នេះយើងអនុវត្តតាមច្បាប់ វាល្អ។ លើកលែងតែមានជនណាដែលមិនអនុវត្ត ខ្ញុំក៏មិនដឹងដែរអាហ្នឹង។ ល្មើសច្បាប់ គឺវាមិនល្អទេ » ។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានច្រានចោលការបកស្រាយរបស់អ្នកនាំពាក្យរដ្ឋសភានេះ។
តំណាងរាស្ត្រជាប់ឆ្នោតអាណត្តិទី៥នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា រដ្ឋសភាមិនមែនជាស្ថាប័នឯករាជ្យនោះទេ ប៉ុន្តែជាស្ថាប័នដែលចាំតែប្រថាប់ត្រាឱ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា ច្បាប់ជាច្រើនធ្វើឡើង តាមតែការចង់បានរបស់លោក ហ៊ុន សែន ទោះជាមិនបម្រើប្រយោជន៍សាធារណៈក៏ដោយ ដូចជា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន និងច្បាប់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ជាមួយវៀតណាម ជាដើម។
លោក អ៊ុំ សំអាន មើលឃើញថា របបលោក ហ៊ុន សែន ប្រញាប់ធ្វើច្បាប់ណាដែលទ្រទ្រង់អំណាចផ្តាច់ការរបស់ខ្លួន ចំណែកច្បាប់ដែលសំខាន់សម្រាប់ប្រយោជន៍សាធារណៈវិញ របបនេះមិនងាយឱ្យចេញរួចឡើយ៖ « មានតែរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីគេគ្រប់គ្រងអំណាចផ្តាច់ការ ដូច្នេះគេមិនអាចយកច្បាប់ណាដែលបន្ធូរបន្ថយទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាននោះទេ ឬក៏ដើម្បីឱ្យគណបក្សប្រឆាំងរស់ឡើងវិញនៅកម្ពុជានោះទេ។ កាលណាបើកលំហសេរីភាពអ៊ីចឹង វាធ្វើឱ្យអំណាចរបស់គាត់អាចនឹងបាត់នៅពេលខាងមុខ ឬក៏អាចប៉ះពាល់ទៅដល់ការផ្ទេរអំណាចរបស់គាត់ទៅដល់កូនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត » ។
ច្បាប់មួយចំនួនដែលសហគមន៍ជាតិ និងអន្តរជាតិ បានជួយតាក់តែង ឬផ្តល់យោបល់ តែមិនទាន់អាចចេញរួចនោះ មានជាអាទិ៍ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន វិសោធនកម្មច្បាប់គណបក្សនយោបាយ វិសោធនកម្មច្បាប់បោះឆ្នោត និងវិសោធនកម្មច្បាប់អង្គការ-សមាគម ជាដើម។ ក្រុមអ្នកជំនាញអះអាងថា ច្បាប់ទាំងនេះមានសារៈសំខាន់ ដោយសារវាស្របទៅនឹងគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតយ្យ។
អ្នកជំនាញខាងកិច្ចការបោះឆ្នោតលោក កន សាវាង្ស អំពាវនាវដល់ស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ឱ្យពិនិត្យ និងកែលម្អឡើងវិញនូវច្បាប់ទាំងឡាយណាដែលមានលក្ខណៈគាបសង្កត់ ស្របទៅតាមសំណើរបស់សហភាពអឺរ៉ុប ដើម្បីបើកលំហនយោបាយ និងសិទ្ធិពលរដ្ឋ ជាពិសេសដើម្បីធានានូវបរិយាកាសនយោបាយល្អ នៅមុនការបោះឆ្នោតនាពេលខាងមុខ។
កាលពីថ្ងៃទី១១ ខែមីនា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចំនួន ២៥ ចំណុច ថ្កោលទោសអំពើរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងនោះ សហភាពអឺរ៉ុបបានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលច្បាប់ និងបទបញ្ញត្តិទាំងឡាយណាដែលគាបសង្កត់ និងមានទិសដៅគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ ដូចជា វិសោធនកម្មរដ្ឋធម្មនុញ្ញ វិសោធនកម្មក្រមព្រហ្មទណ្ឌ វិសោធនកម្មច្បាប់គណបក្សនយោបាយ វិសោធនកម្មច្បាប់សហជីព និងច្បាប់អង្គការ-សមាគម ជាដើម។ ជាមួយគ្នានេះ សហភាពអឺរ៉ុបអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។ ជាពិសេស សហភាពអឺរ៉ុបទាមទារឱ្យអាជ្ញាធរកម្ពុជា លុបចោលសាលក្រមផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដោះលែង និងទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។