បទវិភាគ៖ តើ​អ្វី​នៅ​ពី​ក្រោយ​ខ្នង​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន?

ដោយ ទីន ហ្សាការីយ៉ា
2020.04.19
រដ្ឋសភា 041020 សមាជិក​សភាប្រជុំ​អនុម័ត​​ច្បាប់​​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ២០២០។
រូប៖ រដ្ឋសភា

ការ​ធ្វើ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន អាច​មិន​មែន​គ្រាន់​តែ​ធ្វើ ទុក​សម្រាប់​ប្រើប្រាស់​នៅ​គ្រា​ប្រទេស​ជាតិ កំពុង​តែ​ប្រឈម​នឹង​ជំងឺ​កូវីត១៩ ដូច​ដែល​ប្រទេស​នានា នៅ​លើ​ពិភពលោក​កំពុង​តែ​ប្រឈម​នោះ​ទេ។ អាច​នៅ​មាន​ហេតុផល​មួយ​ចំនួន​ទៀត ដែល​ធ្វើ​លោក ហ៊ុន សែន ឆក់​ឱកាស​បញ្ជា​មនុស្ស​ជំនិត​របស់​លោក គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ទើប​ឡើង​កាន់​តួនាទី​ថ្មីថ្មោង​តាក់តែង​ច្បាប់​នេះ​ឡើង។

តើ​ហេតុផល​អ្វីខ្លះ ទើប​របប​ក្រុង​ភ្នំពេញ ចាំបាច់​ត្រូវ​ធ្វើ​ច្បាប់​នេះ យ៉ាង​តក់​ក្រហល់​បែប​នេះ ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ច្បាប់​នេះ មិន​ចាំបាច់​យក​មក​ប្រើប្រាស់ នៅ​គ្រា​ជំងឺ​កូវីត១៩ កំពុង​តែ​រាតត្បាត​ទេ​នោះ?

នៅ​ទី​បំផុត​ទៅ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន ត្រូវ​បាន​សភា ព្រឹទ្ធសភា អនុម័ត​ដូច​ការ​គ្រោង​ទុក។ នេះ​អាច​ជា​កាដូរ​មួយ​ទៀត របស់​លោក ហ៊ុន សែន សម្រាប់​ឆ្នាំថ្មី​នេះ ដើម្បី​សម្រេច​គោល​បំណង​ធំ​របស់​លោក​នៅ​ពេល​អនាគត។

សេចក្ដីព្រាង​ច្បាប់​នេះ ត្រូវ​បាន​ស្ថាប័ន​កំពូល​ទាំង​ពីរ​បាន​អនុម័ត ដោយ​ពុំ​បាន​កែប្រែ​ខ្លឹមសារ​ដើម​នោះ​ទេ ទោះ​បី​ជា​ការ​មាន​ការ​រិះគន់ ឬ​ទាមទារ​ពី​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ អន្តរជាតិ​ឲ្យ​ទម្លាក់​ចោល​ច្បាប់​នេះ​វិញ​យ៉ាង​ណា​ក្ដី។ ការ​ទាមទារ​ទាំង​នោះ ពុំ​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ស្ថាប័ន សភា និង​ព្រឹទ្ធសភា​ឡើយ។ ស្ថាប័ន សភា ព្រឹទ្ធសភា​នេះ មិន​ខុស​ពី​អ្វី​ដែល​គេ​រិះគន់​ថា ជា​ស្ថាប័ន​ចាំតែ​ប្រថាប់​ត្រា​នោះ​ឡើយ។ នៅ​មុន​ពេល​ច្បាប់​នេះ បញ្ជូន​ទៅ​ដល់​រដ្ឋសភា ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ផ្ញើ​លិខិត​ពីរ​ច្បាប់​ដាច់​ដោយ​ឡែក​​ពី​គ្នា ទៅ​ប្រធាន​សភា និង​ព្រឹទ្ធសភា​ តែ​មាន​ន័យ​ដូច​គ្នា ឲ្យ​ពិនិត្យ និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ថា ជា​ការ​ប្រញាប់។

ចំពោះ​មហាក្សត្រ​វិញ ព្រះអង្គ​ក៏​អាច​មិន​គាំទ្រ​​ការ​ធ្វើ​ច្បាប់​នេះ​ដែរ ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​យាង​ទៅ​ទីក្រុង​ប៉េកាំង នៅ​ខណៈ​ចិន​កំពុង​តែ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ១៩ ទោះ​ជា​ចិន​ជា​ប្រភព​ដើម​ចម្លង​ជំងឺ​កូវីដ១៩ យ៉ាង​ណា​ក្ដី។

តើ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​នេះ ពិត​ជា​ត្រូវ​ការ​ប្រញាប់​ទាន់ហន់​សម្រាប់​របប​លោក ហ៊ុន សែន យក​មក​ប្រើប្រាស់​ភ្លាមៗ ឬ​យ៉ាង​ណា?។ តាម​ពិត​ទៅ​ច្បាប់​នេះ ពុំ​មែន​ជា​ច្បាប់ ដែល​របប​ក្រុង​ភ្នំពេញ ត្រូវ​ការ​ប្រញាប់​យក​មក​ប្រើប្រាស់​នោះ​ទេ។

ជាក់ស្ដែង លោក ហ៊ុន សែន បាន​ប្រកាស​ថា ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​ពុំ​ទាន់​ធ្ងន់ធ្ងរ​ដល់​កម្រិត ដែល​កម្ពុជា​ត្រូវ​ប្រើប្រាស់​ច្បាប់​គ្រប់គ្រង​ប្រទេស​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​ឡើយ ប៉ុន្តែ​លោក អះអាង​ថា កម្ពុជា​ត្រូវ​តែ​មាន​ឧបករណ៍​ច្បាប់​នៅ​ក្នុង​ដៃ​ជា​មុន​សិន សម្រាប់​ប្រើប្រាស់​នៅ​ពេល​វេលា​ចាំបាច់​ណា​មួយ​កើត​ឡើង។

ការ​ប្រើប្រាស់​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន ទុក​ប្រើប្រាស់​នៅ​ពេល​ចាំបាច់ ដូច​ដែល​លោក ហ៊ុន សែន អះអាង​នេះ តើ​ប្រើ​នៅ​ក្នុង​ស្ថានភាព​ចាំបាច់​បែប​ណា? ជា​ការ​ឆ្លើយ និង​សំណួរ​នេះ តាមមើលទៅ លោក ហ៊ុន សែន នឹង​អាច​ប្រើប្រាស់​នៅ​ពេល​មាន​ចលនា​បះបោរ​ប្រឆាំង​នឹង​ការ​ដឹក​នាំ​របស់​លោក​កើត​ឡើង​នៅ​ពេល​ណា​មួយ ពី​ព្រោះ​ថា នេះ​ជា​លើក​ទីមួយ​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​ទសវត្ស​ចុង​ក្រោយ​នេះ ដែល​ពលករ កម្មករ សម្រុក​វិល​ចូល​ស្រុក​វិញ រាប់​ម៉ឺន រាប់​សែន​នាក់ ខណៈ​ជំងឺ​កូវីដ១៩ បាន​វាយ​លុក​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភព​លោក។

លោក ហ៊ុន សែន ទំនង​ជា​ដឹង​ច្បាស់​ថា ក្រុម​ពលករ​ទាំង​នេះ មិន​មែន​ជា​ក្រុម​មនុស្ស​ដែល​គាំទ្រ លោក​ឡើយ។ ពួក​គេ​ភាគ​ច្រើន​ជា​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង នៅ​ខណៈ​ក្រុម​ពលករ​វិល​មក​ស្រុក​វិញ​មាន​ចំនួន​ច្រើន​ជាង​ពេល​ណាៗ ទាំង​អស់ គរ​ជើង​គ្នា គ្មាន​ការងារ​ធ្វើ គួប​ផ្សំ​នឹង​វិបត្តិ​កូវីដ១៩ កំពុង​វាយ​លុក​ផង​នោះ ធ្វើ​ឲ្យ​លោក​លំបាក​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ រួម​ទាំង​កម្លាំង​កម្មករ​ក្នុង​ស្រុក​កំពុង​តែ​បាត់បង់​ការងារ​ធ្វើ​ជា​បណ្ដើរៗ ដោយសារ​រោងចក្រ​បិទ​ទ្វារ​ជា​បន្តបន្ទាប់​ផង​នោះ។

លើសពីនេះ​ទៀត លោក ហ៊ុន សែន ប្រហែល​ជា​ព្រួយ​បារម្ភ​ខ្លាច​កម្លាំង​បី​រួបរួម​គ្នា​ផ្ទុះ​ឡើង គឺ​កម្លាំង​ពលករ​ក្រៅ​ស្រុក កម្លាំង​កម្មករ​ក្នុង​ស្រុក និង​កម្លាំង​បក្ស​ប្រឆាំង ចាប់​ដៃ​គ្នា​ងើប​ឡើង​បះបោរ​ប្រឆាំង​ការ​ដឹក​នាំ​របស់​លោក​នៅ​ពេល​ណា​មួយ​ក៏​ថា​បាន ខណៈ​ជំងឺ​កូវីដ​កំពុង​តែ​វាយ​លុក ដែល​បង្ក​ឲ្យ​មាន​វិបត្តិសេដ្ឋកិច្ច វិបត្តិ​អត់​ការងារ​ធ្វើ វិបត្តិ​គ្មាន​ទីផ្សារ​ផលិតផល​កសិកម្ម​ផង​នោះ។ នៅ​ត្រង់​ចំណុច​នេះ​ហើយ ជា​ហេតុផល​មួយ​ជំរុញ​ឲ្យ​មាន​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ផ្ទុះ​ឡើង​ឡើង​វិញ និង​សកម្មភាព​ចាប់​ខ្លួន​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​រឿង​ជំងឺ​កូវីដ១៩ ដែល​អាជ្ញាធរ​ចោទ​ថា ជា​ការ​បំពុល​សង្គម​ជា​ដើម។ ការ​ចាប់​ខ្លួន​នេះ ជា​ការ​ទប់ស្កាត់​មុន​ផង និង​ជា​ការ​វាយ​ស្មៅ​បង្អើល​ពស់​ផង។

ចាប់​តាំង​ពី​ជំងឺ​កូវីដ១៩ បាន​រាល​ដាល​ដល់​ប្រទេស​កម្ពុជា តំាង​ពី​ខែ​ដើម​មករា មក​ទល់​ពេល​នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ ៤០នាក់​ហើយ  ក្រោម​បទ​ចោទ​ប្រកាន់​​ដូចៗ គ្នា​ គឺ​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ​ ញុះញង់​ធ្វើ​ឲ្យ​ចលាចល​នៅ​ក្នុង​សង្គម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ជា​ដើម។​ តុលាការ​បញ្ជូន​អ្នក​ទាំង​នោះ ​ទៅ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ ហើយ​ភាគ​ច្រើន​ជា​សកម្មជន​គណបក្ស​ប្រឆាំង។

ការ​ធ្វើ​ច្បាប់​នេះ ជា​ការ​បើក​ឱកាស​ឲ្យ​លោក ហ៊ុន​ សែន ប្រើ​កង​កម្លាំង​ស្រប​ច្បាប់ ក្នុង​នាម​លោក​ជា​មេ​ដឹក​នាំ​ប្រទេស ដែល​កំពុង​តែ​រង​ការ​ចោទ​ប្រកាន់​ថា ជា​មេដឹកនាំ​រំលោភ​សិទ្ធិ​មនុស្ស​នោះ។ ម្យ៉ាង​ទៀត កម្ពុជា​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ចាត់​ទុក​ថា របប​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន ជា​របប​ខុស​ច្បាប់ និង​យក​ប្រទេស​នេះ ដាក់​នៅ​ក្នុង​ភាព​អាសន្ន​តាំង​ពី​យួរ​យារ​ណាស់​មក​ហើយ ពោល​គឺ តាំង​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​លោក​បាន​បាញ់​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម និង កម្ទេច​បំបែក​កម្លាំង​បាតុករ​បក្ស​ប្រឆាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឆ្នាំ២០១៤ មក​ម៉្លេះ។

ទាក់ទង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​សារភាព​ថា ទោះជា​គ្មាន​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ក៏ដោយ ក៏​លោក​ធ្លាប់​បាន​ប្រើ​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​បង្ក្រាប​ការ​ប្រមូល​ផ្តុំ ឬ​ការ​តវ៉ា​របស់​ពលរដ្ឋ​រួច​ទៅ​ហើយ​ដែរ៖ «លើ​ការ​ជាក់ស្ដែង ពូ​បណ្ដោយ​ឱ្យ​ធ្វើបាតុកម្ម​ជិត​មួយ​ឆ្នាំ​នៅ​ភ្នំពេញ សូម​អញ្ជើញ​ធ្វើ​ទៅ កុំ​តែ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​។ ដល់ពេល​វា​ពង្រីក​ទ្រង់ទ្រាយ​រហូត​ឈាន​ដល់​ការ​ផ្តួល​រលំ អត់​ចាំបាច់​ច្បាប់​គ្នា​មាន​អាសន្ន​ទេ ប៉ោង​ខោ​រត់​ខ្ទេច​។ អា​មេៗ រត់​ទៅ​ដេក​កន្លែង​យូមែន រ៉ៃត៍ (Human Rights) នៅក្បែរ​វត្ត​លង្កា ម៉ោង ៣ ទូរស័ព្ទ​ឱ្យ​គេ​ទិញ​ភីហ្សា​យក​មក​ស៊ី​។ កុំ​ចង់​ពេក តែ​ដល់​ម៉ោង គេ​ដាក់​ហើយ មិន​ចាំ​បាច់​ប្រកាស​ច្បាប់​ទេ​។ តែ​ដល់​ម៉ោង និយាយ​គ្នា​មិន​ស្ដាប់​ហើយ ដាក់​ភូស រត់​ព្រាត»

ក្រៅ​តែ​ពី​ការ​ធ្វើ​ច្បាប់ គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន ច្បាប់​នេះ ក៏​អាច​សម្រាប់​ទុក​ទប់ទល់​នឹង​ការ​ងើប​ឡើង​ពី​រង្វង់​ផ្ទៃក្នុង​គណបក្ស​របស់​ខ្លួន​ដែរ។ នៅ​ត្រង់​ចំណុច​នេះ លោក ហ៊ុន​ សែន ប្រហែល​ជា​ដឹង​ច្បាស់​ថា សមាជិក​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​ជា​មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​នេះ​ឡើយ។ បញ្ហា​នេះ​ហើយ បាន​ជា​លោក​ធ្វើ​លិខិត​ទៅ​ប្រធាន​សភា ព្រឹទ្ធ​សភា ដោយ​មាន​ខ្លឹមសារ​ដូច​គ្នា​ថា រដ្ឋាភិបាល​ត្រូវ​ការ “ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​នៅ​ក្នុង​ភាព​អាសន្ន​ជា​ចាំបាច់ ហើយ​ស្នើ​ឲ្យ​ស្ថាប័ន​សភា និង​ព្រឹទ្ធសភា ឲ្យ​យោគយល់ និង​អនុម័ត” ។ ប្រការ​នេះ ទំនង​ជា​លោក ហ៊ុន សែន ព្រួយ​បារម្ភ​ខ្លាច​សមាជិក​សភា ព្រឹទ្ធសភា​មួយ​ចំនួន​ជំទាស់​មិន​អនុម័ត​ច្បាប់​នេះ ដូច្នេះ​លោក​មាន​តែ​ដើរ​ផ្លូវ​កាត់ ផ្ញើ​លិខិត​ទៅ​ប្រធាន​ស្ថាប័ន​ទាំង​ពីរ​ជា​មុន ដើម្បី​ជា​ការ​គំរាម​ផង និង​បង្ខំ​ឲ្យ​អនុម័ត​ទទួល​ស្គាល់​ផង។ ច្បាប់​នេះ លោក ហ៊ុន សែន បាន​លេង​ផ្លូវ​កាត់​តាំង​ពី​ដើម​ទី​មក ព្រោះ​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​ក៏​មិន​បាន​ឆ្លង​កាត់ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​ដែរ គ្រាន់​តែ​ឆ្លង​កាត់​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​រដ្ឋមន្ត្រី​ ហើយ​ក៏​បញ្ជូន​ឲ្យ​សភា​អនុម័ត​ភ្លាមៗ តែ​ម្ដង។

ប្រហែល​គ្នា​នេះ​ដែរ ហ៊ុន សែន ចង់​ឲ្យ​មាន​ច្បាប់​នេះ នៅ​ក្នុង​ដៃ​ទុក​ប្រើប្រាស់​នៅ​ពេល​ចាំបាច់​នៅ​ពេល​សម​ស្រប​ណា​មួយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នំា​ទៅ​មុខ​ទៀត ពេល​មាន​ជា​ឱកាស ដែល​លោក​អាច​មើល​ទៅ “ថា​ផ្ទេរ​អំណាច​ឲ្យ​កូន​របស់​លោក​គ្រប់គ្រង​ប្រទេស​បាន”។ នៅ​ត្រង់​ចំណុច​នេះ ប្រាកដ​ជា​មាន​សមាជិក​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​ផ្ទៃក្នុង​បក្ស​លោក មិន​គាំទ្រ​ជា​មិនខាន ។ ផែនការ​លោក ហ៊ុន សែន រៀប​ជើង​ព្រួល​ទប់ស្កាត់​ការ​ជំទាស់​នេះ មិន​មែន​លោក​ទើបតែ​នឹក​ឃើញ​នៅ​ពេល​នេះ​ទេ។ ចាប់​តាំង​ពី​លោក​បង្កើត​រដ្ឋាភិបាល​ថ្មី ចេញពី​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ការបោះឆ្នោត ​ក្លែងក្លាយ» កាល​ពី​ឆ្នាំ២០១៨ រួច​មក លោក ហ៊ុន សែន បាន​ព្យាយាម​ពន្លឿន​យុទ្ធនាការ​ដំឡើង​តំណែង​បុណ្យ​សក្ដិ និង​មុខ​មាត់ ឱ្យ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ក្នុង​នោះ​ជាពិសេស​កូនៗ របស់​លោក​ផ្ទាល់​តែម្ដង រួមមាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី ជា​ដើម។ ក្នុង​ចំណោម​កូនៗ របស់​លោក ដែល​លោក ហ៊ុន សែន ចង់​ផ្ទេរ​អំណាច​ឲ្យ​នោះ ប្រហែល​ជា​លោក ហ៊ុន ម៉ាណែត ដែល​កំពង់​តែ​ស្ពាយ​តំណែង​ខាង​យោធា​ជា​ច្រើន​ស្អេកស្កះ​ស្រាប់ ហើយ​លោក ហ៊ុន​ សែន ក៏​ធ្លាប់​បាន​នាំ​កូន​ប្រុស​ច្បង​នេះ នៅ​ជួប​ចៅហ្វាយ​នាយ​របស់​លោក​ជា​បណ្ដើរៗ ហើយ​ដែរ នៅ​ឯ​ទីក្រុង​ប៉េកាំង​ខណៈ​ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង​វូហាន (Wuhan) នោះ។

នៅ​មុន​ពេល​លោក ហ៊ុន សែន ចាប់​ផ្ដើម​ដំឡើង​តួនាទី​កូន​ចៅ​របស់​លោក ឲ្យ​មាន​ឋានន្តរសក្ដិ​ខ្ពង់ខ្ពស់​ដូច​សព្វ​ថ្ងៃ​នេះ លោក​បាន​កាត់​ដៃ​ជើង​ក្រុម​មនុស្ស​ដែល​លោក​អាច​មើល​ឃើញ​ថា ជា​ក្រុម​ជំទាស់​នឹង​លោក​នោះ​យូរ​មក​ហើយ។  លោក​បាន​បន្សាប​ឥទ្ធិពល​សែស្រឡាយ លោក ស ខេង ដែល​ជា​មនុស្ស​កំពូល​នៅ​ក្នុង​បក្ស តាម​រយៈ​ដក​តួនាទី លោក កែ គឹមយ៉ាន ពីមេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ដែល​ជា​មេទ័ព​តស៊ូ​ដ៏​សំខាន់​ម្នាក់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​ទសវត្ស​មក​នោះ។ ប្រការ​នេះ បាន​ន័យ​ថា នៅពេលអនាគត បើ​សិន​ជា​លោក ហ៊ុន សែន ប្រកាស​ផ្ទេរ​តួនាទី​ឲ្យ​កូន​លោក​នោះ ខាង​កម្លាំង​របស់​លោក ស ខេង បើ​ចង់​រើ​បម្រះ ទំនង​ជា​កម្លាំង​នគរបាល​របស់​លោក ស ខេង លំបាក​នឹង​ទប់ទល់​ជាមួយ​កម្លាំង​ទ័ព និង​កង​រាជ​អាវុធហត្ថ​របស់​លោក ហ៊ុន សែន ជាមិនខាន។

អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ទៀត​នោះ ខ្លឹមសារ​ច្បាប់​មាន​ចំនួន ១២ចំណុច ដែល​បិទ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ទាំង​ស្រុង ហើយ​អំណាច​ទាំង​អស់​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​រដ្ឋាភិបាល។ រីឯ​នៅ​មាត្រា៥ ក្នុង​កថាខណ្ឌ​ចុង​ក្រោយ​ចែង​ថា៖ «ក្នុង​ពេល​សង្គ្រាម ឬ​ក្នុង​កាលៈទេសៈ​ដទៃ​ទៀត  ដែល​សន្តិសុខ​ជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ដោយ​រាជ​រដ្ឋាភិបាល ឬ​លោក ហ៊ុន សែន  អាច​ធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក​»

ជា​សរុប​សេចក្ដី​ទៅ​ជំងឺ​កូវីដ១៩ បាន​ផ្ទុះ​ឡើង​នៅ​ពេល​នេះ ជា​ពេល​វេលា​សម​ស្រប ដែល​លោក ហ៊ុន សែន យក​មក​ធ្វើ​ជា​ហេតុផល​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​ឡើង​ដោយ​លោក​អះអាង​ថា ទុក​ប្រើ​នៅ​ពេល​ជំងឺ​រាតត្បាត​ធ្ងន់ធ្ងរ។ តែ​ផ្ទុយ​ទៅ​វិញ លោក​បង្កើត​នេះ​ឡើង ប្រហែល​ជា​ដើម្បី​សម្រេច​គោល​បំណង​ធំ​របស់​លោក​ ក្នុង​ការ​ផ្ទេរ​អំណាច​ឲ្យ​កូន​ចៅ​ត​វង្ស​ត្រកូល ក្នុង​កាលៈទេសៈ​សម​ស្រប​ណា​មួយ ដោយ​យក​ច្បាប់​នេះ “ជា​ឧបករណ៍ ដើម្បី​ប្រើ​កម្លាំង​បាយ​ស្រប​ច្បាប់ បើ​សិន​ជា​មាន​អ្នក​ហ៊ាន​ងើប​ជំទាស់ “៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។