ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ ដែលរងគ្រោះដោយការប្រើហិង្សាពីសំណាក់សន្តិសុខខណ្ឌ ៧ មករា សម្រេចដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចាត់វិធានការតាមច្បាប់ លើជនដៃដល់ ដែលបង្ករបួសស្នាមធ្ងន់ធ្ងរលើលោកស្រី។ មន្ត្រីសិទ្ធិមនុស្សស្នើដល់តុលាការចាត់ការរឿងនេះដោយយុត្តិធម៌តាមច្បាប់។
ប្រពន្ធរបស់សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោត លោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២៥ កញ្ញាថា មន្ត្រីតុលាការភ្នំពេញបានទទួលយកបណ្ដឹងរបស់លោកស្រីរួចរាល់ហើយ ដោយមានមេធាវីការពារក្ដីគឺលោក សំ សុគង់ បានអមដំណើរលោកស្រីចូលទៅនៅតុលាការ។ ស្ត្រីវ័យ៤៤ឆ្នាំរូបនេះ ចាត់ទុកការប្រើហិង្សារបស់កងសន្តិសុខសាលាខណ្ឌ ៧ មករានេះថា ជាប៉ុនប៉ងសម្លាប់លោកស្រី។ លោកស្រីបញ្ជាក់ថា ការប្ដឹងនេះ ដោយចង់ឱ្យតុលាការចាត់វិធានការលើជនល្មើសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដោយពុំមានការលើកលែងនោះឡើយ៖ «មនុស្សបើគេមិនចង់សម្លាប់ទេ គឺគេមិនធ្វើដល់ថ្នាក់ហ្នឹងទេ គេគ្រាន់តែទប់ស្កាត់តិចតួចទេ តែនេះទៅដល់ចាប់បោកយកតែម្ដង។ ខ្ញុំសុំឱ្យដាក់ទោសតាមផ្លូវចាប់ និងចាប់ជនល្មើសដាក់ពន្ធនាគារ ព្រោះអីប្ដីខ្ញុំគ្មានកំហុសផង គេនៅចាប់យកដាក់ពន្ធនាគារជាច្រើនខែមកហើយ ចុះទម្រាំអ្នក ដែលចង់ធ្វើឃាតខ្ញុំបែបនេះ តើតុលាការគាត់ដាក់ទោសកម្រិតណា ។អីចឹងខ្ញុំចង់ដឹងចំណុចហ្នឹងដែរ ខ្ញុំចង់ឱ្យតុលាការរកយុត្តិធម៌ឱ្យខ្ញុំ»។
ការប្ដឹងរកយុត្តិធម៌របស់លោកស្រីសេង ចាន់ថន នេះ មានប្រពន្ធនិងកូនរបស់សកម្មជនគណបក្សប្រឆាំងប្រមាណ២៥នាក់ ដែលប្ដីនិងឪពុករបស់ពួកគេកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសចូលរួមផ្ដល់កម្លាំងចិត្តដល់លោកស្រី ហើយបាននាំគ្នាសម្ដែងមតិស្រែកទាមទារឱ្យមានយុត្តិធម៌សង្គមនៅមុខតុលាការភ្នំពេញទៀតផង៖ «ដោះលែង សូមដោះលែងអ្នកទោសនយោបាយ។ដោះលែងអ្នកទោសមនសិការ សូមដោះលែង » ។
លោកស្រី សេង ចាន់ថន ត្រូវបានសន្តិសុខខណ្ឌ៧មករា ឈ្មោះ ឆាំ ប្រសិដ្ឋ ចាប់ក្រវាត់ឱ្យដួលនៅលើថ្នល់ បណ្ដាលឱ្យរងរបួសធ្ងន់ អំឡុងការតវ៉ាកាលពីដើមខែកញ្ញា។ លោកស្រីឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៥ កញ្ញា កន្លែងរបួស ដូចជា ស្មា កែងដៃ និងដើមទ្រូងខាងឆ្វេងឈឺចុកចាប់ មិនទាន់ជាសះស្បើយនៅឡើយទេ។
រដ្ឋបាលខណ្ឌ ៧ មករា អះអាងថា បានដាក់ពិន័យរដ្ឋបាលសន្តិសុខរូបនោះហើយ តែមិនបានបញ្ជាក់ថា ការពិន័យនោះបែបណាឡើយ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អាជ្ញាធរត្រូវអនុវត្តលើជនប្រព្រឹត្តតាមច្បាប់ ដោយមិនអាចបញ្ចប់ត្រឹមការសុំទោស ឬ ដាក់ពិន័យផ្នែករដ្ឋបាលនោះឡើយ។ ក្រៅពីនេះ លោកថា តុលាការគួរតែដំណើរក្ដីលើរឿងនេះឱ្យមានភាពសុក្រឹតនិង យុត្តិធម៌ ដើម្បីជៀសវាងកុំឱ្យប្រជាពលរដ្ឋរិះគន់ថាតុលាការអនុវត្តច្បាប់ស្តង់ដារ ២ ដូចពេលមុនៗ ទៀត៖ «ហើយនេះដែលជាចំណុចនៃការព្រួយបារម្ភ មិនមែនតែសង្គមស៊ីវិលយើងទេ សូម្បីតែមតិជាតិនិងអន្តរជាតិ សូម្បីតែអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកខាងសិទ្ធិមនុស្សក៏មានការព្រួយបារម្ភចំពោះឯករាជភាពរបស់តុលាការបញ្ហាសមភាពនៅចំពោះមុខច្បាប់ហ្នឹងដែរ។ ដូចកាលពីប៉ុន្មានឆ្នាំមុនខាងអ្នករាយការណ៍ពិសេស ដែលបាននិយាយថា នៅកម្ពុជាយើងមិនមែនអនុវត្តនីតិរដ្ឋទេ គឺអនុវត្តទៅតាមបញ្ជា គេហៅថា មិនមែន rule of law ទេ គឺ rule by law ដែលយកបញ្ជាធំជាងច្បាប់ » ។
ក្រោយពីជួបជុំគ្នាផ្ដល់កម្លាំងចិត្តលោកស្រី សេង ចាន់ថន នៅមុខតុលាការភ្នំពេញ ហើយនៅរសៀលថ្ងៃទី២៥ កញ្ញាដដែល មានប្រពន្ធសកម្មជនបក្សប្រឆាំងចំនួន ៤នាក់ បាននាំគ្នាទៅសួរ សុខ ទុក្ខប្ដីរបស់ពួក គាត់នៅពន្ធនាគារព្រៃសបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។