ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅខេត្តឧត្ដរមានជ័យកំពុងរកអន្តរាគមន៍ពីមេធាវី ដើម្បីឱ្យជួយប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការខេត្តនេះ ដែលបានកាត់ទោសប្ដីរបស់លោកស្រីដាក់ពន្ធនាគារ ៥ឆ្នាំ។ លោកស្រីចាត់ទុករឿងនេះថា ជាការធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ មិនអាចទទួលយកបាន។
សាលាដំបូងខេត្តឧត្ដរមានជ័យបានផ្ដន្ទាទោសលើសកម្មជនគណបក្សសង្គ្រោះជាតិក្រុងសំរោង គឺលោក ធួក ធឿយ ដាក់ពន្ធនាគារ ចំនួន ៥ឆ្នាំនេះ ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ប្រពន្ធរបស់សកម្មជនបក្សរូបនេះ ច្រានចោលការសម្រេចនេះថា ជារឿងអយុត្តិធម៌។
ប្រពន្ធរបស់លោក ធូក ធឿយ គឺ លោកស្រី កុយ ច្រឹប រៀបរាប់ប្រាប់អាស៊ីសេរីថា តុលាការខេត្តឧត្ដរមានជ័យបានបើកសវនាការជំនុំជម្រះលើសំណុំរឿងប្ដីរបស់លោកស្រី ធ្វើឡើងដោយតក់ក្រហល់ និងពុំមានមេធាវីការពារក្ដីឱ្យជនជាប់ឃុំនោះឡើយ។ ស្ត្រីវ័យ ៣៦ឆ្នាំ រូបនេះថា សេចក្តីសម្រេចរបស់តុលាការនេះ គឺជាការធ្វើបាប និងជាការបំបែកបំបាក់ប្តីពីលោកស្រីដែលកំពុងមានកូនខ្ចី។ លោកស្រីកំពុងស្វែងរកមេធាវី ដើម្បីប្ដឹងទាស់ទៅតុលាការឧទ្ធរណ៍ ឱ្យសើរើសំណុំរឿងនេះសាឡើងវិញ៖ «ខ្ញុំតូចចិត្តត្រង់ថា គេកាត់ទោសប្ដីខ្ញុំវាអត់ត្រឹមត្រូវ មានតែតុលាការអត់មានមេធាវីទេ។ ខ្ញុំចង់ឱ្យដោះលែងប្ដីខ្ញុំមកវិញ មករកស៊ីចិញ្ចឹមប្រពន្ធ ព្រោះខ្ញុំពិបាកណាស់កូនតូចខ្ញុំមិនដឹងទៅរកស៊ីអីទេ។ ចាប់អីចឹងវាខុសហើយ ព្រោះប្ដីខ្ញុំមិនបានទៅធ្វើបាបអ្នកណាគេផង មិនបានទៅលួចដីអ្នកណាបានមួយប្លង់ផង»។
លោកស្រី កុយ ច្រឹប គ្រោងប្ដឹងរឿងនេះទៅតុលាការឧទ្ធរណ៍ខេត្តបាត់ដំបងនៅចុងខែកុម្ភៈខាងមុខ។
លោក ធួក ធឿយ ជាសមាជិកក្រុមប្រឹក្សាក្រុងសំរោងជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ខេត្តឧត្ដរមានជ័យ។ កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២០ អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនលោក ធួក ធឿយ និងអនុប្រធានគណបក្សប្រឆាំងក្រុងសំរោងម្នាក់ទៀត គឺលោកគៀត ភ្លី ក្នុងពេលដែលពួកគាត់បានទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមតាមដានឃ្លាំមើលសវនាការជំនុំជម្រះប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សនេះមួយចំនួនទៀត ។ សាលាដំបូងខេត្តឧត្ដរមានជ័យបានជំនុំជម្រះសំណុំរឿងរបស់លោក ធួក ធឿយ នៅថ្ងៃទី១៦ កុម្ភៈ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារសកម្មជនបក្សប្រឆាំងរូបនេះចំនួន ៥ឆ្នាំ។
ចំណែកជនជាប់ឃុំម្នាក់ទៀត គឺលោក គៀត ភ្លី ត្រូវបានសាច់ញាតិប្ដឹងសុំពន្យារពេលការជំនុំជម្រះមួយរយៈ ដើម្បីរកមេធាវីឱ្យជួយការពារក្ដីដល់ជនជាប់ឃុំ។ ចាប់តាំងពីចាប់ខ្លួនមក អ្នកទាំងពីរត្រូវបានតុលាការបញ្ជូនឃុំខ្លួននៅពន្ធនាគារខេត្តឧត្ដរមានជ័យ ហើយរហូតមកដល់ពេលនេះមានរយៈជិត ២ខែហើយ។
ប្រពន្ធសកម្មជនគណបក្សប្រឆាំង លោក គៀត ភ្លី គឺលោកស្រី ពៅ ធាវី ប្រាប់អាស៊ីសេរីថា លោកស្រីបានចូលទៅសួរសុខទុក្ខប្ដីរបស់លោកស្រីនៅក្នុងពន្ធនាគារខេត្តឧត្ដរមានជ័យជារៀងរាល់សប្ដាហ៍។ ក្នុងពេលសួរសុខទុក្ខនោះ លោក ធួក ធឿយ បានប្រាប់លោកស្រីថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះទេ ហើយលោកបានផ្ដាំលោកស្រីឱ្យប្រាប់ប្រពន្ធរបស់គាត់ប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់តុលាការខេត្តឧត្ដរមានជ័យ៖ «គាត់ជួបផលពិបាកខ្លាំងនៅក្នុងពន្ធនាគារ គាត់មិនសុំានឹងការហូបចុក ហើយការដេក វាចង្អៀត ហើយនៅក្នុងនោះគេអ្នកជក់បារី ហើយគាត់អត់ចេះជក់។ គាត់កើតទុកមិនសុខចិត្តឱ្យខ្ញុំជូនប្រពន្ធគាត់សុំប្ដឹងតវ៉ា គាត់ទទួលយកមិនបាន វាអយុត្តិធម៌ សម្រាប់គាត់ វាអត់យុត្តិធម៌សម្រាប់ទេ គាត់គ្រាន់តែអ្នកគាំទ្រ។ តាំងប្ដីខ្ញុំអី ថ្ងៃគេកាត់ក្ដីប្ដីខ្ញុំមុខស្លោកខ្មៅអស់ ចំណែកបងធឿយនោះ ទឹកមុខគាត់ស្លេកស្លាំងអស់ ហើយប្រពន្ធគាត់យំ កូនក៏ឈឺទៀត»។
ដោយឡែកសកម្មជនបក្សប្រឆាំង លោក គៀត ភ្លី វិញ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោកស្រី ពៅ ធាវី និយាយថា ប្ដីរបស់លោកស្រីមិនបានប្រព្រឹត្តសុខច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ ពីព្រោះលោកគ្រាន់តែទៅតាមដានឃ្លាំមើលសវនាការ ដើម្បីផ្ដល់កម្លាំងចិត្តដល់ជនជាប់ចោទ ដោយសារអាណិតស្រលាញ់ពួកគាត់ដែលធ្លាប់រួមការងារមួយគ្នាពីមុនមក។ លោកស្រីអំពាវនាវឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើអ្នកទាំង២ ហើយដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
អាស៊ីសេរីមិនអាចទាក់ទងនឹងអ្នកនាំពាក្យសាលាដំបូងខេត្តឧត្ដរមានជ័យលោក ហែល សេងហុង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ កុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងណាអនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តឧត្ដរមានជ័យដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក អូន ស្រ៊ាន យល់ថា អ្នកទាំងពីរបានឈប់ធ្វើនយោបាយ តាំងតែអាជ្ញាធររបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិកាលឆ្នាំ២០១៧ រហូតមក។ ប៉ុន្តែពួកគាត់នៅតែស្មោះស្ម័គ្រជាមួយគណបក្សប្រឆាំង ដោយមិនបានចុះចូលជាមួយគណបក្សកាន់អំណាចទើបអាជ្ញាធរចាប់ពួកគាត់បំបិទមាត់ ដើម្បីកុំឱ្យធ្វើទៅចូលរួមគាំទ្រថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅថ្ងៃក្រោយទៀត៖ «ខ្ញុំបានទំនាក់ទងជាមួយគាត់ដែរ ប៉ុន្តែដោយសារគេចាប់គាត់ទៅគេដកយកទូរស័ព្ទទាំងអស់គេមិនឱ្យទាក់ទងបាន។ នៅខេត្តឧត្ដរមានជ័យហ្នឹងពួកគាត់ហ្នឹងជាអ្នកហ៊ាននិយាយគាត់ហ៊ានថា ហ៊ានតវ៉ាអីចឹងទៅ។ អីចឹងរបបក្រុងភ្នំពេញហ្នឹងគាត់បំបិទសិទ្ធិសេរីភាពមិនឱ្យប្រជាពលរដ្ឋទាមទារអីទាំងអស់ ហើយសម្រាប់នៅខេត្តឧត្ដរមានជ័យហ្នឹង គឺមានតែពួកគាត់ប៉ុន្មាននាក់ហ្នឹងឯងដែលហ៊ាននិយាយហ៊ានតតាំងជាមួយរបបផ្ដាច់ការហ្នឹង»។
ទាក់ទងនឹងបញ្ហានេះអ្នកពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា អាជ្ញាធរចាប់សកម្មជនបក្សប្រឆាំងជារឿងត្រឹមត្រូវដោយសារពួកគាត់ធ្វើសកម្មភាពនយោបាយដោយខុសច្បាប់៖ «ព្រោះតាំងពីតុលាការកំពូលកាត់សេចក្ដីគាត់ចោលហើយគាត់ទៅជាអង្គការចាត់តាំងមួយអត់មានអីទៀតទេ។ អីចឹងបើអ្នកគាំទ្រហើយធ្វើសកម្មភាពបម្រើឱ្យអតីតបក្សប្រឆាំងហ្នឹងបានសេចក្ដីថាគាត់ប្រព្រឹត្តអំពើល្មើសច្បាប់ហើយ។ ដូចដែលលោក ហ៊ុន សែន លោកបានប្រកាសហើយ បងប្អូនដែលរត់ទៅប្រទេសថៃអីឱ្យរត់ចូលមកស្រុកវិញមក ប៉ុន្តែលើមូលដ្ឋាន ឱ្យឈប់ធ្វើសកម្មភាពបម្រើឱ្យអតីតបក្សប្រឆាំងអាហ្នឹងវាអត់មានបញ្ហាអីទេ»។
ទោះជាយ៉ាងនេះក្ដីអ្នកនាំពាក្យសមាគមការពារសិទ្ធិអាដហុក (Adhoc)លោក ស៊ឹង សែនករុណា យល់ថា ការចាប់ខ្លួននេះ ជាធ្វើការបំភ័យបំភ័យផ្នែកនយោបាយ។ លោកបញ្ជាក់ថា ការចូលរួមគាំទ្រគណបក្សនយោបាយ ឬតាមដានសវនាការជំនុំជម្រះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ៖ «ចំណុចទាំងអស់នេះខ្ញុំទទូចឱ្យភាគីនយោបាយគួរតែបញ្ចប់ការធ្វើទុក្ខបុកម្នេញហ្នឹងទៅ យើងគួរធ្វើនយោបាយដោយសុចរិតដោយសន្តិវិធី កុំឱ្យមានការបៀតបៀនគ្នាទៅវិញទៅមកក្នុងនាមជាពលរដ្ឋ ឬក៏ជាខ្មែរដូចគ្នា គួរតែមានការគិតគួរអំពីសិទ្ធិនិងសេរីភាព និងសេចក្ដីសុខពាក់ព័ន្ធសុវត្ថិភាព ឬក៏សិទ្ធបុគ្គលអីជាដើមហ្នឹងគួរតែបញ្ឈប់អំពើធ្វើទុក្ខបុកម្នេញហ្នឹង ទើបមានការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ»។
ចាប់តាំងពីដើមឆ្នាំ២០២០ មកដល់ថ្ងៃទី២១ កុម្ភៈ មានសកម្មជននយោបាយ សកម្មជនបរិស្ថាន ព្រះសង្ឃខ្មែរថាវរៈ សកម្មជនសង្គម និងក្រុមយុវជនជិត៧០នាក់ ហើយត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារ។ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំ ដែលជាបទជាប់ចោទពេញនិយមរបស់ព្រះរាជអាជ្ញា ហើយត្រូវក្រុមសិទ្ធិមនុស្សមើលឃើញថា ជាការចោទប្រកាន់តាមទំនើងចិត្ត។
អ្នកតាមដានស្ថានការណ៍ ចាត់ទុកការចាប់ខ្លួន និងការចោទប្រកាន់ទាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីកម្ទេចសំឡេងប្រឆាំង ឬសំឡេងរិះគន់រដ្ឋាភិបាលឱ្យអស់ពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។