ប្រពន្ធ​របស់​អ្នក​លក់​ស្រា​ស​ទាមទារ​តុលាការ​ខេត្តកំពត​ដោះលែង​ប្ដី​វិញ

ដោយ សន ចាន់រដ្ឋា
2021-05-30
Share
ប្រពន្ធ​របស់​អ្នក​លក់​ស្រា​ស​ទាមទារ​តុលាការ​ខេត្តកំពត​ដោះលែង​ប្ដី​វិញ (ឆ្វេង) ជនរងគ្រោះពុលស្រាសកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព (ស្តាំ) បុរសនិងស្ត្រី ២នាក់ប្តីប្រពន្ធ ជាអ្នកបិទស្រាស ដែលត្រូវបានឃាត់ខ្លួនក្រោយមានករណីពុលស្រាសស្លាប់មនុស្ស១០នាក់នៅក្នុងស្រុកកំពង់ត្រាចខេត្តកំពត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
Photo Provided

តុលាការ​ខេត្ត​កំពត បាន​បញ្ជូន​បុរស​ម្នាក់ ជា​អ្នក​លក់​ស្រា​ស នៅ​ភូមិ​ធ្នង់ ឃុំ​ឫស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ទៅ​ពន្ធនាគារ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ​លក់​ស្រា​ស បណ្ដាល​ឲ្យ​មនុស្ស​ដប់​នាក់ ពុល​ស្លាប់។ ប្រពន្ធ​របស់​អ្នកលក់​ស្រា​ស​រូប​នោះ ទាមទារ ឲ្យ​តុលាការ​ដោះលែង​ប្ដី​វិញ ដោយ​លោកស្រី​អះអាង​ថា គ្រួសារ​របស់​លោក​ស្រី ក៏​ជា​ជនរងគ្រោះ នៃ​ករណី​ពុល​ស្រា​ស​ដូចគ្នា។

ពលរដ្ឋ​ថា នគរបាល​ចាប់​អ្នក​លក់​ស្រា​ស ក្នុងភូមិ​ធ្នង់ និង​ភូមិ​ក្ងាប នៅ​ស្រុក​កំពង់ត្រាច មិន​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់។ ប្រពន្ធ​របស់​អ្នកលក់​ស្រា​ស ឈ្មោះ មុំ ផល្លា ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​សម្រេច​ឃុំខ្លួន កាលពី​ថ្ងៃទី​២៨ ឧសភា គឺ លោកស្រី ណុប ណា​ស៊ី ប្រាប់​អាស៊ីសេរី​ថា អ្នក​លក់​ស្រាស នៅក្នុង​ភូមិ មាន​ច្រើន​តូប តែ​នគរបាល​ចាប់ខ្លួន តែ​ប្ដី​របស់​លោកស្រី​ម្នាក់។

លោកស្រី​បញ្ជាក់​ថា ប្ដី​របស់​លោកស្រី មិន​បាន​ដឹង​ថា ស្រា​ស​នេះ មាន​សារធាតុពុល​ទេ ហើយក៏​មិនបាន​បន្ថែម​សារធាតុ​អ្វី ឲ្យ​ស្រា ប្រែជា​ពុល​ដែរ។ ម្យ៉ាង​ទៀត លោកស្រី​អះអាង​ថា គ្រួសារ​របស់​លោក​ស្រី ក៏​ជា​ជនរងគ្រោះ នៃ​ការ​ពុល​ស្រា​ស​នេះ​ដែរ ព្រោះ​មាន​ឪពុកមា​ម្នាក់ ពុល​ស្លាប់​ដែរ​។ លោកស្រី ណុប ណាស៊ី ទាមទារ​ឲ្យ​តុលាការ ដោះលែង​ប្ដី​របស់​លោកស្រី​វិញ៖ «ពូ​របស់ខ្ញុំ គាត់​ស្លាប់ ហើយ​ប៉ា​ខ្ញុំ គាត់​ដឹក​ស្រា​ទៅ​រោងបុណ្យ ហើយ​ដល់​ពេល​ទៅ​រោងបុណ្យ​ហ្នឹង អ្នក​ទៅ​បុណ្យ​ហ្នឹង គាត់​ហូប​។ គាត់​ហូប ពុល​ទៅ គេ​សួរ​ថា យើង​លក់​ស្រា​ពី​ណា​មក យក​ពី​ណា​មក​អ៊ីចឹង​ណា​។ ប៉ា​ខ្ញុំ គាត់​ប្រាប់​ថា យក​ស្រា ពី​ពូ​សុខ​មក។ ខ្ញុំ​អ្នក​លក់​ដែរ​។ ប៉ុន្តែ អា​ស្រា​គេ​ពិនិត្យ​ហ្នឹង មិនមែន​យក​ពី​ផ្ទះ​ខ្ញុំ​ទេ យក​ពី​អ្នក​ផ្សេង ប៉ុន្តែ​ម៉ូយ​ពូ​សុខ​ដែរ ហើយ​ខ្ញុំ​ចេះតែ​ឆ្ងល់​ថា ហេតុអ្វី​ចាប់​តែ​ប្ដី​ខ្ញុំ​ម្នាក់»

នគរបាល​ខេត្តកំពត បាន​ចាប់ខ្លួន​មនុស្ស​៣​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ពុល​ស្រា​ស នៅ ស្រុក​កំពង់ត្រាច កាល​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ ឧសភា​។ ក្នុង​នោះ មាន​២​នាក់ ជា​អ្នក​ផលិត​ស្រា​ស (២៣ ឧសភា​) និង​ម្នាក់ ឈ្មោះ មុំ ផល្លា ជា​អ្នកលក់​ស្រា​ស ចាប់​ខ្លួន​ក្រោយ​គេ (២៥ ឧសភា)

នគរបាល និង​តំណាង​អយ្យការ បាន​ចោទ​អ្នក​ទាំង​៣ ពី​បទ «​អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ សេវា ឬ​ការ​អះអាង​ដោយ​បំភាន់ មាន​ស្ថាន​ទម្ងន់ទោស​» ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​ចំនួន ១០​នាក់​ពុល​ស្រា​ស្លាប់ និង ៣៧​នាក់​ផ្សេងទៀត ធ្លាក់​ខ្លួន​ឈឺ។

ប៉ុន្តែ លោកស្រី ណុប ណាស៊ី ឲ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ ចៅក្រម បាន​ដោះលែង​មនុស្ស​ម្នាក់ ជា​កូនប្រុស​របស់​អ្នក​ផលិត​ស្រា​ស ឲ្យ​មាន​សេរីភាព​វិញ ហើយ​សម្រេច​ឃុំខ្លួន តែ​២​នាក់​ប៉ុណ្ណោះ គឺ​អ្នក​ផលិត​ស្រាស​​ម្នាក់ និង​ប្ដី​របស់​លោកស្រី។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត លោក ម៉ាន់ បូរ៉េត បាន​ទេ ជុំវិញ​ករណី​ថា ការ​ចាប់ខ្លួន និង​ការ​ចោទប្រកាន់​នេះ មិន​ស្មើភាព​គ្នា​។ ទោះជា​យ៉ាងណា សាច់ញាតិ​របស់​អ្នកលក់​ស្រា​ស គឺ​លោកស្រី ណុប ណាស៊ី អះអាង​បន្ត​ថា គ្រាន់តែ​ក្នុង​ភូមិ​ធ្នង់​មួយ មាន​តូប​លក់​ស្រា​ស ស្រាថ្នាំ បន្ត​ពី​ឈ្មោះ សុខ ដែល ជា​អ្នក​ផលិត ចំនួន​៧​កន្លែង។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពត និង​កែប លោក អ៊ុប សុវណ្ណចាន់ថន យល់​ថា ករណី​ពុល​ស្រា​នេះ អាច​បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែល​របស់​អ្នក​ផលិត​ស្រា​ស ឬ​ការ​លាយ​ជាតិពុល​មេតាណុល​ច្រើន​លើស។ ឯ​អ្នកលក់​ស្រា​ស​បន្ត​នោះ លោក​ថា ពួកគេ ក៏​មិន​បាន​ដឹង​ថា ស្រា​នោះ មាន​ជាតិពុល ឬ​បាន​លាយ​សារធាតុ​បន្ថែម​ធ្វើ​ឲ្យ​ស្រា​ស ប្រែជា​ពុល​នោះ​ទេ។

លោក​ស្នើសុំ​ឲ្យ​នគរបាល និង​តុលាការ ស៊ើបអង្កេត​ករណីនេះ ឲ្យ​ច្បាស់ ជៀសវាង​ការចោទប្រកាន់ និង​ការ​ឃុំខ្លួន​ពលរដ្ឋ ដោយ​អយុត្តិធម៌​។ មន្ត្រី​សង្គម​ស៊ីវិល ក៏​ជំរុញ​អាជ្ញាធរ​ជំនាញ និង​មន្ត្រី​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ ពី​ការផលិត​ស្រា​ស នៅ​តាម​ទីតាំង​ជាក់ស្ដែង ឲ្យ​ដិត​ដល់ ដើម្បី​ធានា​ថា នឹង​មិន​មាន​ការ​លួច​ផលិត​ស្រា​ស ខុស​បច្ចេកទេស​ទៀត​ទេ៖ «ហើយ​ម្យ៉ាងវិញទៀត វា​គួរតែ​អាជ្ញាធរ​ធ្វើការ​អប់រំ ផ្សព្វផ្សាយ ឲ្យ​ទូលំទូលាយ មាន​ការ​តឹងរ៉ឹង​បំផុត ចំពោះ​អ្នក​បិទ​ស្រា​ស ហ្នឹង ឲ្យ​គាត់​ធ្វើ​យ៉ាង​ម្ដេច ឲ្យ​មាន​បច្ចេកទេស​ត្រឹមត្រូវ​តាម​ស្តង់ដារ ដែល​ក្រសួង​សុខាភិបាល ឬក៏​ខាង​អាជ្ញាធរ​មូលដ្ឋាន គាត់​ចុះទៅ​អប់រំ​ផ្ទាល់​តែម្ដង»

រយៈពេល​១០​ថ្ងៃ (១៦ ដល់​២៥ ឧសភា​) កម្ពុជា មាន​អ្នក​ស្លាប់ ដោយសារ ពុល​ស្រា​ស ២២​នាក់ ក្នុង​នោះ ១២​នាក់ នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល និង ១០​នាក់​ទៀត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ក្នុង​ករណី​ទាំងពីរ​នេះ តុលាការ​ខេត្ត​កណ្ដាល និង​ខេត្តកំពត បាន​ចោទប្រកាន់​អ្នក​ជាប់​ពាក់ព័ន្ធ​ការផលិត​ស្រា​ស​លើស​ជាតិ​មេតាណុល និង​អ្នក​លក់​បន្ត សរុប​១៥​នាក់ (១៣​នាក់ ខេត្ត​កណ្ដាល ២​នាក់ ខេត្តកំពត​) ពី​បទ អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ សេវា ឬ​ការ​អះអាង​ដោយ​បំភាន់ មាន​ស្ថាន​ទម្ងន់ទោស នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់។

ទោះ​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល ផ្ដល់​យោបល់​ថា ដើម្បី​ទប់ស្កាត់​ករណី​ពុល​ស្រា​ស ស្រាថ្នាំ បន្ត​ទៀត រដ្ឋាភិបាល​គួរតែ​ប្រញាប់​អនុម័ត ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង ឲ្យ​បាន​លឿន​បំផុត​។ ជាមួយ​គ្នា​នេះ ពួកគេ​ក៏​ស្នើសុំ​អាជ្ញាធរ ឱ្យ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ការ​ផលិត និង​ការ​លក់ដូរ​គ្រឿង​ស្រវឹង​នៅ​តាម​មូលដ្ឋាន ដើម្បី​កុំឱ្យ​មាន​ករណី​ពលរដ្ឋ​ពុល​ស្រា ស្លាប់​បែប​នេះ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល