តុលាការខេត្តកំពត បានបញ្ជូនបុរសម្នាក់ ជាអ្នកលក់ស្រាស នៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ទៅពន្ធនាគារហើយ ពាក់ព័ន្ធនឹងករណីសង្ស័យលក់ស្រាស បណ្ដាលឲ្យមនុស្សដប់នាក់ ពុលស្លាប់។ ប្រពន្ធរបស់អ្នកលក់ស្រាសរូបនោះ ទាមទារ ឲ្យតុលាការដោះលែងប្ដីវិញ ដោយលោកស្រីអះអាងថា គ្រួសាររបស់លោកស្រី ក៏ជាជនរងគ្រោះ នៃករណីពុលស្រាសដូចគ្នា។
ពលរដ្ឋថា នគរបាលចាប់អ្នកលក់ស្រាស ក្នុងភូមិធ្នង់ និងភូមិក្ងាប នៅស្រុកកំពង់ត្រាច មិនមានភាពស្មើគ្នាចំពោះមុខច្បាប់។ ប្រពន្ធរបស់អ្នកលក់ស្រាស ឈ្មោះ មុំ ផល្លា ដែលត្រូវបានតុលាការខេត្តសម្រេចឃុំខ្លួន កាលពីថ្ងៃទី២៨ ឧសភា គឺ លោកស្រី ណុប ណាស៊ី ប្រាប់អាស៊ីសេរីថា អ្នកលក់ស្រាស នៅក្នុងភូមិ មានច្រើនតូប តែនគរបាលចាប់ខ្លួន តែប្ដីរបស់លោកស្រីម្នាក់។
លោកស្រីបញ្ជាក់ថា ប្ដីរបស់លោកស្រី មិនបានដឹងថា ស្រាសនេះ មានសារធាតុពុលទេ ហើយក៏មិនបានបន្ថែមសារធាតុអ្វី ឲ្យស្រា ប្រែជាពុលដែរ។ ម្យ៉ាងទៀត លោកស្រីអះអាងថា គ្រួសាររបស់លោកស្រី ក៏ជាជនរងគ្រោះ នៃការពុលស្រាសនេះដែរ ព្រោះមានឪពុកមាម្នាក់ ពុលស្លាប់ដែរ។ លោកស្រី ណុប ណាស៊ី ទាមទារឲ្យតុលាការ ដោះលែងប្ដីរបស់លោកស្រីវិញ៖ «ពូរបស់ខ្ញុំ គាត់ស្លាប់ ហើយប៉ាខ្ញុំ គាត់ដឹកស្រាទៅរោងបុណ្យ ហើយដល់ពេលទៅរោងបុណ្យហ្នឹង អ្នកទៅបុណ្យហ្នឹង គាត់ហូប។ គាត់ហូប ពុលទៅ គេសួរថា យើងលក់ស្រាពីណាមក យកពីណាមកអ៊ីចឹងណា។ ប៉ាខ្ញុំ គាត់ប្រាប់ថា យកស្រា ពីពូសុខមក។ ខ្ញុំអ្នកលក់ដែរ។ ប៉ុន្តែ អាស្រាគេពិនិត្យហ្នឹង មិនមែនយកពីផ្ទះខ្ញុំទេ យកពីអ្នកផ្សេង ប៉ុន្តែម៉ូយពូសុខដែរ ហើយខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីចាប់តែប្ដីខ្ញុំម្នាក់»។
នគរបាលខេត្តកំពត បានចាប់ខ្លួនមនុស្ស៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីពុលស្រាស នៅ ស្រុកកំពង់ត្រាច កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ឧសភា។ ក្នុងនោះ មាន២នាក់ ជាអ្នកផលិតស្រាស (២៣ ឧសភា) និងម្នាក់ ឈ្មោះ មុំ ផល្លា ជាអ្នកលក់ស្រាស ចាប់ខ្លួនក្រោយគេ (២៥ ឧសភា)។
នគរបាល និងតំណាងអយ្យការ បានចោទអ្នកទាំង៣ ពីបទ «អំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ មានស្ថានទម្ងន់ទោស» ពាក់ព័ន្ធនឹងរឿងមនុស្សចំនួន ១០នាក់ពុលស្រាស្លាប់ និង ៣៧នាក់ផ្សេងទៀត ធ្លាក់ខ្លួនឈឺ។
ប៉ុន្តែ លោកស្រី ណុប ណាស៊ី ឲ្យដឹងថា ក្រោយការសាកសួរ ចៅក្រម បានដោះលែងមនុស្សម្នាក់ ជាកូនប្រុសរបស់អ្នកផលិតស្រាស ឲ្យមានសេរីភាពវិញ ហើយសម្រេចឃុំខ្លួន តែ២នាក់ប៉ុណ្ណោះ គឺអ្នកផលិតស្រាសម្នាក់ និងប្ដីរបស់លោកស្រី។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ និងអ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរ៉េត បានទេ ជុំវិញករណីថា ការចាប់ខ្លួន និងការចោទប្រកាន់នេះ មិនស្មើភាពគ្នា។ ទោះជាយ៉ាងណា សាច់ញាតិរបស់អ្នកលក់ស្រាស គឺលោកស្រី ណុប ណាស៊ី អះអាងបន្តថា គ្រាន់តែក្នុងភូមិធ្នង់មួយ មានតូបលក់ស្រាស ស្រាថ្នាំ បន្តពីឈ្មោះ សុខ ដែល ជាអ្នកផលិត ចំនួន៧កន្លែង។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកំពត និងកែប លោក អ៊ុប សុវណ្ណចាន់ថន យល់ថា ករណីពុលស្រានេះ អាចបណ្ដាលមកពីការធ្វេសប្រហែលរបស់អ្នកផលិតស្រាស ឬការលាយជាតិពុលមេតាណុលច្រើនលើស។ ឯអ្នកលក់ស្រាសបន្តនោះ លោកថា ពួកគេ ក៏មិនបានដឹងថា ស្រានោះ មានជាតិពុល ឬបានលាយសារធាតុបន្ថែមធ្វើឲ្យស្រាស ប្រែជាពុលនោះទេ។
លោកស្នើសុំឲ្យនគរបាល និងតុលាការ ស៊ើបអង្កេតករណីនេះ ឲ្យច្បាស់ ជៀសវាងការចោទប្រកាន់ និងការឃុំខ្លួនពលរដ្ឋ ដោយអយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិល ក៏ជំរុញអាជ្ញាធរជំនាញ និងមន្ត្រីមូលដ្ឋាន ចុះត្រួតពិនិត្យ ពីការផលិតស្រាស នៅតាមទីតាំងជាក់ស្ដែង ឲ្យដិតដល់ ដើម្បីធានាថា នឹងមិនមានការលួចផលិតស្រាស ខុសបច្ចេកទេសទៀតទេ៖ «ហើយម្យ៉ាងវិញទៀត វាគួរតែអាជ្ញាធរធ្វើការអប់រំ ផ្សព្វផ្សាយ ឲ្យទូលំទូលាយ មានការតឹងរ៉ឹងបំផុត ចំពោះអ្នកបិទស្រាស ហ្នឹង ឲ្យគាត់ធ្វើយ៉ាងម្ដេច ឲ្យមានបច្ចេកទេសត្រឹមត្រូវតាមស្តង់ដារ ដែលក្រសួងសុខាភិបាល ឬក៏ខាងអាជ្ញាធរមូលដ្ឋាន គាត់ចុះទៅអប់រំផ្ទាល់តែម្ដង»។
រយៈពេល១០ថ្ងៃ (១៦ ដល់២៥ ឧសភា) កម្ពុជា មានអ្នកស្លាប់ ដោយសារ ពុលស្រាស ២២នាក់ ក្នុងនោះ ១២នាក់ នៅស្រុកល្វាឯម ខេត្តកណ្ដាល និង ១០នាក់ទៀត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងករណីទាំងពីរនេះ តុលាការខេត្តកណ្ដាល និងខេត្តកំពត បានចោទប្រកាន់អ្នកជាប់ពាក់ព័ន្ធការផលិតស្រាសលើសជាតិមេតាណុល និងអ្នកលក់បន្ត សរុប១៥នាក់ (១៣នាក់ ខេត្តកណ្ដាល ២នាក់ ខេត្តកំពត) ពីបទ អំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ មានស្ថានទម្ងន់ទោស នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
ទោះយ៉ាងណា អង្គការសង្គមស៊ីវិល ផ្ដល់យោបល់ថា ដើម្បីទប់ស្កាត់ករណីពុលស្រាស ស្រាថ្នាំ បន្តទៀត រដ្ឋាភិបាលគួរតែប្រញាប់អនុម័ត ច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង ឲ្យបានលឿនបំផុត។ ជាមួយគ្នានេះ ពួកគេក៏ស្នើសុំអាជ្ញាធរ ឱ្យត្រួតពិនិត្យ និងរឹតបន្តឹងការផលិត និងការលក់ដូរគ្រឿងស្រវឹងនៅតាមមូលដ្ឋាន ដើម្បីកុំឱ្យមានករណីពលរដ្ឋពុលស្រា ស្លាប់បែបនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។