ក្រុម​យុវជន​ ស្នើ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​ពុក​រលួយ​តាម​ច្រក​ព្រំដែន​

0:00 / 0:00

ក្រុម​យុវជន​ និង​មន្ត្រី​សង្គម​ស៊ីវិល​ ចង់ឱ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-វៀតណាម​។ ពួក​គេ​បារម្ភ​ថា​ អំពើពុករលួយ​ ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​ជន​អន្តោប្រវេសន៍​វៀតណាម​ចូល​មក​កម្ពុជា​ដោយ​សេរី​ នឹង​ប៉ះពាល់​អធិបតេយ្យ​ជាតិ និង​បង្ក​អសន្តិសុខ​សង្គម​ជា​ដើម។

ក្រុម​យុវជន​ និង​មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​អំពើ​ពុក​រលួយ​ ជា​ថ្នូរ​ឱ្យ​ជន​បរទេស​ចូល​មក​កម្ពុជា​ដោយសេរី​ ជាពិសេស ជនជាតិ​វៀតណាម​ គឺជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​មួយ​ កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ​។ ពួក​សង្កេត​ឃើញ​ថា​ សមត្ថកិច្ច​ខ្មែរ​ តាម​ព្រំដែន​កម្ពុជា​-វៀតណាម​ តែងតែ​ប្រព្រឹត្ត​អំពើ​ពុករលួ​យ ហើយ​រឿង​នេះ​បាន​ក្លាយជា​ទម្លាប់​អាក្រក់​មួយ​ ប៉ះពាល់​អធិបតេយ្យ​ជាតិ​ធ្ងន់ធ្ងរ​។

អំពើ​ពុក​រលួយ​ទាំងនោះ ​រួមមាន​ ការ​យក​លុយ​ជាក់​ស្ដែង ឬ​ដោយ​លាក់លៀម​ និង​ដោយ​មនោសញ្ចេតនា​ ជា​ថ្នូរ​ឱ្យ​ជនជាតិ​វៀតណាម​ចូល​មក​កម្ពុជា​បាន​ដោយ​ងាយ​ នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​ និង​ច្រក​របៀង​មួយ​ចំនួន​ ក្នុង​ខេត្ត​ កំពត​ តាកែវ​ កណ្ដាល ត្បូង​ឃ្មុំ ខេត្ត​ព្រែ​វែង​ ខេត្ត​ស្វាយរៀង​ និង​ខេត្ត​រតនគិរី​ជា​ដើម។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​ជា​សមាជិក​ក្រុម​ការងារ​ ១០០រាត្រី​ ដែល​ចុះ​អង្កេត​រឿង​នេះ​ លោក​ មួង​ សូ​នី​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា​ថា ព្រំដែន​កម្ពុជា​ និង​វៀតណាម​មាន​ប្រវែង​ ជាង​ ១ពាន់​គីឡូម៉ែត្រ​ ដែល​មាន​ច្រក​ព្រំដែន​អន្តរជាតិ​ និង​ច្រក​របៀង​ភាគ​ច្រើន​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ។ លោក​ថា​ អំពើ​ពុក​រលួយ​ទាំង​នេះ​ ធ្វើ​ឡើង​ជា​ថ្នូរ​ឱ្យ​វៀតណាម​ចូល​កម្ពុជា​ដោយ​សេរី​ និង​នាំ​ទំនិញ​ចូល។ លោក​បន្ថែម​ថា​ ច្រករបៀង​ក្នុង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង​ និង​ច្រក​មួយ​ចំនួន​ ឋិត​ក្នុង​ក្រុង​បាវិត​ជាដើម​ សមត្ថកិច្ច​កម្ពុជា​តែង​តែប​ណ្ដោយ​ឱ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ចូល​មក​កម្ពុជា​បាន​ដោយ​ងាយ​ ដើម្បី​មក​លេង​ល្បែង​ស៊ីសង​ និង​រក​ស៊ី​ជា​ដើម៖ «ច្រក​ភាគ​ច្រើន អត់​មាន​ការ​អនុវត្ត​ខុស​ទំនង អត់​មាន​ការ​គ្រប់គ្រង​តាម​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ។ ដូច្នេះ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​សិក្សា និង​ស៊ើប​អង្កេត ចាប់​ពី​ខេត្ត​កំពត រហូត​មក​ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង ហើយ​និង​ខេត្ត​ត្បូង​ឃ្មុំ គឺ​តំបន់​ទាំង​អស់​ហ្នឹង មាន​ការ​គ្រប់គ្រង​ព្រំដែន​មាន​ភាព​មិន​ប្រក្រតី »

លោក មួង សូនី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ ពិចារណា​លុប​បំបាត់​អំពើ​ពុក​រលួយ​តាម​ច្រក​ព្រំដែន​ និង​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​ និង​សន្តិសុខ​សង្គម​ជា​ដើម​។ លោក​ថា​ ការ​គ្រប់គ្រង​ច្រក​ព្រំដែន​នៅ​ប្រទេស​ថៃ​ និង​វៀតណាម​ច្បាស់លាស់​ជាង​កម្ពុជា​ ហើយ​ប្រទេស​គេ​មាន​នគរបាល​ និង​មន្ត្រី​យោធា​យាមល្បាត​ តាម​ព្រំដែន​ជាច្រើន​ទី​តាំង​ផ្សេងៗ គ្នា​ ផ្ទុយ​ពី​កម្ពុជា​គ្មាន​ការ​គ្រប់គ្រង​ច្រក​ព្រំដែន​ច្បាស់លាស់​ឡើយ៖ «យើង​បណ្តោយ​ឱ្យ​ជន​អន្តោប្រវេសន៍​ដោយ​សេរី។ មាន​ន័យ​ថា ប្រទេស​អត់​របង គេ​ចូល​មក​ដោយ​សេរី​គេ​ចូល​យក​ផ្ទះ ចូល​យក​ដីធ្លី​ដោយ​សេរី វា​ប៉ះពាល់​អធិបតេយ្យ និងឯករាជភាពរបស់ប្រទេសហើយ។ វៀតណាម​ចូល​ដោយ​សេរី​យើង​ឃើញ​ហើយ​ថា ជូន​កាល​ជន​ជាតិ​វៀតណាម​ខ្លះ​ប្រព្រឹត្ត​ខុស​ច្បាប់ គាត់​ចូល​មក​ខ្មែរ​គាត់​បង្ក​អន្តរាយ ផ្នែក​សន្តិសុខ​សង្គម យើងឃើញហើយថា ទន្លេសាបយើងអស់ត្រី គាត់ចូលមករកស៊ី កាប់​ព្រៃ ។ល។ វា​នាំ​ឱ្យ​ខាត​បង់​ច្រើន​ណាស់ »

ឆ្លើយតប​រឿង​នេះ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ ផ្តាំ​ឱ្យ​ក្រុម​យុវជន​ ដែល​រក​ឃើញ​អំពើ​ពុក​រលួយ​ទាំង​នេះ ត្រូវ​ផ្ញើ​ភស្ដុ​តាង​មក​ស្ថាប័ន​ជំនាញ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​ចាត់​វិធានការ​លើ​មន្ត្រី​ខិលខូច​តាមផ្លូវ​ច្បាប់។ លោក​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ និង​ ក្រុម​ពលរដ្ឋ​ ធ្វើ​របាយការណ៍​អំពើ​ពុក​រលួយ​ទាំងនេះ​ មក​នាយក​រដ្ឋា​នការ​ពារ​ព្រំដែន​ និង​ត្រូវ​ផ្ញើ​មក​អង្គភាព​អំពើពុករលួយ​ផង​ ប្រសិនបើ​ចង់​លុបបំបាត់​អំពើពុករលួយ៖ «យើង​មាន​វិធានការ​ចាប់ ដើម្បី​បំបាត់​អំពើ​ពុក​រលួយ ការ​អនុវត្ត​តាម​ច្បាប់​របស់​យើង។ នេះជាវិធានការ។ មិន​មែន​រដ្ឋាភិបាល​ទទួល​ស្គាល់​មិន​មែន​អ៊ីចឹង​ទេ។ ក៏​ប៉ុន្តែ​វិធានការ​គ្រប់គ្រង រាយការណ៍​ជូន​នាយករដ្ឋាន​ការពារ​ព្រំដែន​ហ្នឹង​ទៅ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ »

មន្ត្រី​នាំពាក្យ​សមា​គម​អាដ​ហុក​ (ADHOC)​ លោក​ ស៊ឹង​ សែន​ករុណា​ ចាត់ទុក​ការ​រក​ឃើញ​ របស់​ក្រុម​និស្សិត​ ជា​រឿង​ល្អ​ ហើយ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវចិត្ត​ទុកដាក់​ដោះស្រាយ​ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ លោក​ថា​ ប្រទេសជិតខាង​រួមមាន​ ថៃ​ ឡាវ​ និង​វៀតណាម​ មានការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​តឹងតែង​ និង​គ្រប់គ្រង​ច្រកព្រំដែន​ច្បាស់លាស់​ ផ្ទុយពី​កម្ពុជា​ ដែល​រដ្ឋាភិបាល​ពុំសូវ​ខ្វល់ខ្វាយ​គ្រប់គ្រង​ច្រកព្រំដែន​ឱ្យ​ល្អ​នោះ​ទេ​ ជាច្រើន​ឆ្នាំ​មក​ហើយ៖ «ជា​ពិសេស ពលរដ្ឋ​គាត់ ធម្មតា​គាត់​មិន​ចង់​ឃើញ មាន​ការ​អនុវត្ត​ច្បាប់ បែប​ធូរ​រលុង​ហ្នឹង​ទេ ខណៈ​បណ្តា​ប្រទេស​ទាំង​អស់​ហ្នឹង​ត្រូវ​បាន​គេ​ឆែក​រក​ឯកសារ​យ៉ាង​តឹងរ៉ឹង។ អ៊ីចឹង​គួរ​តែ​មាន​ការ​អនុវត្ត​ហ្នឹង ស្រប​តាម​ផ្លូវ​ច្បាប់​យើង ដែល​មាន​ចែង​ទៅ​ជា​រឿង​មួយ​ល្អ​ប្រសើរ »

ក្រុម​យុវជន​រក​ឃើញថា​ មាន​ច្រកព្រំដែន​ខ្មែរ​នៅ​ខេត្ត​មួយ​ចំនួន​ មាន​ជនជាតិ​វៀតណាម​ចេញ​ចូល​កម្ពុជា​ដោយ​សេរី​ ពុំ​មាន​កា​រត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ត្រឹមត្រូវ​ ដូចជា​ ច្រក​ថ្ម​បី​ដុំ​ ក្នុង​ខេត្តតាកែវ​ និង​ច្រករបៀង​មួយ​ចំនួន​ក្នុង​ក្រុង​បាវិត​ជាដើម​។ ពួកគេ​អះអាង​ថា​ សមត្ថកិច្ច​​គ្រប់គ្រង​ច្រកព្រំដែន​ របស់​រដ្ឋាភិបាល​ធូររលុង​ច្រើន​ ហើយក៏​មាន​ជន​ជាតិ​វៀតណាម​ខ្លះ​ លួចចូល​មក​រស់នៅ​ និង​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា​មិន​ត្រឡប់ទៅ​ប្រទេស​គេ​វិញ​ ថែម​ទាំង​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ ធ្វើ​សៀវភៅ​គ្រួសារ​ សំបុត្រ​កំណើត​ និង​ឯក​សារ​ផ្សេងៗ ជាដើម​ ដើម្បី​បន្ត​រស់នៅ​ ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។