តុលាការ​ចោទ​ប្រកាន់​យុវជន​គំរាម​សម្លាប់​នាយករដ្ឋមន្ត្រី​ចំនួន​២​ករណី

យុវជន​ម្នាក់​ដែល​គំរាម​សម្លាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ទៀង សុខ ចោទ​ប្រកាន់​ចំនួន​២​ករណី​គឺ ករណី​គំរាម​សម្លាប់ និង​ការ​ប្រមាថ។

យុវជន​រូប​នេះ​ឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ម្នាវ សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ពី​ថ្ងៃ​ទី​៦ មករា បន្ទាប់​ពី​យុវជន​រូប​នេះ ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះក្លែងក្លាយ គំរាម​សម្លាប់​លោក ហ៊ុន សែន តាម​បណ្ដាញ​សង្គម​នេះ។

ការ​ចោទ​ប្រកាន់​ប្រកាន់​ចំនួន​២​ករណី តាម​ក្រមព្រហ្មទណ្ឌ​មាត្រា​២៣៣ ស្ដីពី​ការ​គំរាម​ថា​នឹង​សម្លាប់ ដែល​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​៦ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន ដល់​៤​លាន​រៀល។ ចំណែក​មាត្រា​៥០២ ស្ដីពី​បទ​ប្រមាទ ចំពោះ​អ្នករាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ ដោយ​ការ​បោះឆ្នោត នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ថ្ងៃ ទៅ​៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ពី​១​ពាន់ ទៅ​ដប់​ម៉ឺន​រៀល។

យ៉ាង​ណា​ក៏​ដោយ​ពេល​ដែល​សមត្ថកិច្ច​នាំ​យុវជន​រូប​នោះ មក​កាន់​តុលាការ​ដើម្បី​សាកសួរ នៅ​រសៀល​ថ្ងៃ​នេះ យុវជន​រូប​នោះ​បាន​ស្រែក​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល។ ខណៈ​ក្រុម​គ្រួសារ​យុវជន​នេះ មិន​ទាន់​ជឿ​ថា យុវជន ម៉ាន់ សំអ៊ាន់ ប្រព្រឹត្ត​ដូច​ការ​ចោទ​ឡើយ និង​ស្នើ​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​​ចំពោះ​ករណី​នេះ។

សូម​ស្ដាប់​សេចក្ដីរាយការណ៍​បន្ថែម​របស់​លោក សូត សុខប្រាថ្នា ដែល​តាម​ដាន​រឿង​នេះ៖​

0:00 / 0:00

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។