អ្នកជំនាញផ្នែកសិល្បៈរបាំបុរាណខ្មែរ បានក្រើនរំលឹកដល់សង្គមជាតិកម្ពុជា ឲ្យនាំគ្នាចាប់អារម្មណ៍គាំទ្រដល់វិស័យសិល្បៈរបាំបុរាណ ពីព្រោះនៅក្នុងទម្រង់សិល្បៈទាំងអស់នោះ ជាទូទៅគឺបង្ហាញអំពីវប្បធម៌អរិយធម៌ជាតិផង ហើយនិងមានបង្កប់អត្ថន័យអប់រំសង្គមមនុស្សផង ដូចជាទម្រង់សិល្បៈរបាំ «កូរសមុទ្រទឹកដោះ» ជាដើម។
តើទម្រង់សិល្បៈរបាំបុរាណខ្មែរ «កូរសមុទ្រទឹកដោះ» មានអត្ថន័យអប់រំយ៉ាងដូចម្ដេច ហើយនិងមានប្រវត្តិដើមទងយ៉ាងណាខ្លះ?
«ភ្លេងនិងចម្រៀងនៃរបាំកូរសមុទ្រទឹកដោះ»
ទម្រង់សិល្បៈ «កូរសមុទ្រទឹកដោះ» ជារបាំបុរាណមួយនៅក្នុងចំណោមទម្រង់សិល្បៈរបាំបុរាណជាច្រើនទៀតនៃវប្បធម៌ខ្មែរ។
ឯកសារនានាបញ្ជាក់ថា របាំនេះគឺបុព្វបុរសខ្មែរបានដកស្រង់ចេញពីទេវកថារបស់ប្រទេសឥណ្ឌា នាសម័យបុរាណដែលរៀបរាប់អំពីវីរភាពរបស់អាទិទេពមួយអង្គ គឺ «ព្រះវិស្ណុ» ឬ «ព្រះនារាយណ៍»។ អាទិទេពនោះ គេបានចាត់ទុកជាតួអង្គយ៉ាងសំខាន់របស់ព្រហ្មញ្ញសាសនានៅប្រទេសឥណ្ឌា នាសម័យបុរាណនោះ ហើយក្រោយមកក៏បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមខ្មែរ ជាពិសេសនៅសម័យចក្រភពអង្គរ។
អតីតសិល្បកររបាំបុរាណខ្មែរមួយរូប លោក ព្រឿង ឈាង បច្ចុប្បន្នទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា របាំកូរសមុទ្រទឹកដោះរហូតមកដល់សព្វថ្ងៃ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅតែរក្សាទុកស្នាដៃនេះ ហើយបាននាំទៅសំដែងនៅក្នុងពិធីបុណ្យជាតិធំៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោកបន្តថា នូវរាល់ការសម្ដែងរបាំនេះម្ដងៗ ពិសេសនៅបរទេស ទស្សនិកជនអ្នកទស្សនានៅទីនោះ តែងតែឲ្យតម្លៃថា ជាសិល្បៈរបាំមួយឆ្លុះបញ្ចាំងអំពីវប្បធម៌ អរិយធម៌ខ្មែររុងរឿងនាសម័យបុរាណ ហើយនិងជាសិល្បៈមួយបង្ហាញអំពីអត្តសញ្ញាណជាតិខ្មែរដែលមានចរិតស្លូតបូត និងទន់ភ្លន់៖ «សិល្បៈខ្មែរយើងគឺមានតួនាទី៤។ ទី១ គឺអប់រំសីលធម៌ បណ្ដុះពុទ្ធិ ធ្វើឲ្យមានចំណេះដឹង ទី៣ ផ្សព្វផ្សាយ ចែកចាយទៅដល់ប្រជាជនយើងឲ្យយល់ ហើយនិងទី៤ គឺកម្សាន្ត។ ដល់ឥឡូវនេះ យើងច្រើនតែយកសិល្បៈនេះ យកទី៤ គឺគ្រាន់តែកម្សាន្ត»។
ប្រការដែលដូនតាខ្មែរបានបង្កើតទម្រង់សិល្បៈរបាំ «កូរសមុទ្រទឹកដោះ» ដោយដកស្រង់ចេញពីក្នុងទេវកថា នៃព្រហ្មញ្ញសាសនាប្រទេសឥណ្ឌា មកឆ្នៃឲ្យទៅជាទម្រង់របាំបុរាណខ្មែរ ពីព្រោះបានឃើញថា សាច់រឿងនោះសំខាន់ដែលជាប់ទាក់ទងទៅនឹងជីវិតរស់នៅរបស់សព្វសត្វក្នុងសកលលោកនេះ រួមមានមនុស្ស អមនុស្ស ដូចជាទេវតា យក្ស ឬអសុរ ជាដើម។ កត្តាសំខាន់មួយទៀត គឺដើម្បីបង្ហាញឲ្យដឹងអំពីសភាវៈ ឬភាពនៃការសាងអំពើល្អ និងអំពើអាក្រក់ ហើយចុងបញ្ចប់គេនឹងទទួលលទ្ធផលបែបណា។
ចំពោះដំណើររឿង «កូរសមុទ្រទឹកដោះ» នោះ គេឃើញមានចែងអំពីមហាសមុទ្រទឹកដោះដែលមានទំហំធំធេង ដោយគ្របដណ្ដប់ពាសពេញផ្ទៃចក្រវាលនៃពិភពលោកទាំងមូល ហើយពេលនោះ ពពួកទេវតា និងពពួកអសុរា ឬយក្ស បានធ្វើចម្បាំងជាមួយគ្នា ពីព្រោះតែចង់បានអំណាចរៀងៗខ្លួន ដើម្បីគ្រប់គ្រងលោកធាតុ ឬពិភពចក្រវាលនោះឯង។
នៅក្នុងឯកសារនានា ដែលស្ដីពីសិល្បៈរបាំកូរសមុទ្រទឹកដោះ ឲ្យដឹងថា ការធ្វើចម្បាំងរវាងពួកទេវ ឬទេវតា ជាមួយនិងអសុរ មានរយៈពេលជាង ១ពាន់ឆ្នាំ (១.០០០) ប៉ុន្តែនៅតែមិនទាន់ដឹងថា ក្រុមណាឈ្នះ ក្រុមណាចាញ់នោះឡើយ។ ដោយឃើញដូច្នោះ ព្រះវិស្ណុ ដែលគេចាត់ទុកជាព្រះអាទិទេពដ៏សំខាន់ក្នុងព្រហ្មញ្ញសាសនានោះ ក៏បានមកជួយពន្យល់បញ្ចុះបញ្ចូលដល់ក្រុមទាំងពីរពួកឲ្យឈប់ច្បាំងគ្នា ហើយឲ្យរួបរួមកម្លាំងសាមគ្គីគ្នាឡើង ដើម្បីកូរសមុទ្រទឹកដោះ យកទឹកអម្រឹត ឬទឹកមន្តអមតមកប្រើប្រាស់វិញ។ ការពន្យល់របស់ព្រះវិស្ណុ ហើយនិងដោយចង់បានទឹកអម្រឹត បានធ្វើឲ្យគូបដិបក្ខ ទេវ និងអសុរ ព្រមព្រៀងគ្នាបោះបង់ការធ្វើសង្គ្រាមចោល ហើយក៏នាំគ្នាកូរសមុទ្រទឹកដោះ។
នៅក្នុងសាច់រឿងបញ្ជាក់ទៀតថា នៅក្នុងពេលកូរសមុទ្រទឹកដោះនោះ គឺព្រះវិស្ណុ បានជួយជ្រោមជ្រែងឲ្យមានគ្រឿងសម្ភារៈ ដូចជាយកភ្នំមន្ទរៈ មកធ្វើជាឈើកូរវឹក ហើយនិងនិម្មិតខ្លួនធ្វើជាសត្វអណ្ដើកមួយយ៉ាងធំ ដើម្បីទល់ទ្រភ្នំមន្ទរៈកុំឲ្យលិចចុះ។
ទន្ទឹមគ្នានោះដែរ ក៏មានស្ដេចនាគមួយឈ្មោះ «វាសុកី» ក៏បានមកជួយដោយយកខ្លួនធ្វើជាខ្សែព្រ័ត្រ ដើម្បីឲ្យពួកទេវ និងអសុរ ទាញទៅទាញមក។ ក្រុមទេវទាញខាងកន្ទុយនាគ ហើយក្រុមអសុរ ទាញខាងក្បាលនាគ ដូចដែលគេឃើញមានសាងជារូបសំណាក ឬរូបចម្លាក់នៅតាមក្លោងទ្វារចូលនៃប្រាសាទអង្គរវត្តសព្វថ្ងៃនេះ។
ក្នុងឯកសាររឿងបញ្ជាក់ថា ការកូរវឹកសមុទ្រទឹកដោះរបស់ពួកទេវ និងពួកអសុរ គឺអស់រយៈពេលជាង ១ពាន់ឆ្នាំ ទិព្វនៃស្ថានទេវលោក ទើបមានរតនៈវត្ថុយ៉ាងច្រើនឥតគណនា បានផុសឡើងចេញពីមហាសមុទ្រទឹកដោះនោះ ដូចជា ផ្កាបណ្ណជាតិ (ផ្កាសួគ៌) ដំរីក្បាលបីឈ្មោះ ព្ធរាវ័ណ ដែលគេសម្រាប់ថ្វាយទៅព្រះឥន្ទ្រធ្វើជាយានជំនិះ។
បន្ទាប់មកទៀតមានរូបព្រះនាង ស្រីលក្ស្មី (មហេសីព្រះវិស្ណុ)។ មានសេះសឈ្មោះ ឧច្ច័យស្វរៈ ដែលគេរក្សាទុកគោរពប្រតិបត្តិសីលប្រាំ នៅក្នុងឋានទាំងបី គឺឋានទេវលោក មនុស្សលោក និងឋានបាតាល ឬពិភពសត្វនាគ។ បន្ទាប់មកទៀត គឺទឹកអម្រឹត ដែលគេចាត់ទុកថា ជាវត្ថុសក្ដិសិទ្ធិធ្វើឲ្យមានអាយុវែងក៏បានផុសឡើងចេញពីមហាសមុទ្រទឹកដោះដែរ។ ក្រៅពីនេះទៀត ក៏មានពួកទេពអប្សរ ផុសឡើងរាប់សិបអង្គ អណ្ដែតពាសពេញលំហអាកាស រេរាំរបាំសួគ៌ ឬដែលគេហៅថា របាំអប្សរា។
ចំពោះផ្ទៃរឿងទាំងអម្បាលមាណនេះ លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតសិល្បកររបាំបុរាណខ្មែរ មានប្រសាសន៍ថា នោះគឺជាភាពច្នៃប្រឌិតរបស់អ្នកនិពន្ធ ហើយដូនតាខ្មែរបានច្នៃបង្វែរសាច់រឿងនោះឲ្យកើតទៅជាទម្រង់សិល្បៈរបាំគំនិត ដោយមានបង្កប់ន័យអប់រំ ទូន្មានពីភាពសាមគ្គីធម៌ដែលនាំឲ្យកើតផលប្រយោជន៍។
លោកបានបន្តថា នៅក្នុងវិស័យសិល្បៈ គ្រប់ទម្រង់របាំបុរាណ គឺបុព្វបុរសខ្មែរលោកមានគំនិតច្នៃប្រឌិតបង្កើតឡើងមិនដើម្បីតែសម្រាប់កម្សាន្តសប្បាយភ្នែកមើលម្ដងម្កាលប៉ុណ្ណោះទេ កត្តាសំខាន់ គឺដើម្បីអប់រំសង្គមជាតិខ្មែរឲ្យចេះស្រឡាញ់រាប់អានគ្នា រួបរួមសាមគ្គីគ្នា ហើយហ៊ានលះបង់មហិច្ឆតា ឬការលោភលន់អំណាចប្រយោជន៍ផ្ទាល់ខ្លួនចោល។
លោក ព្រឿង ឈាង៖ «គឺដូនតាយើងមិនចង់ឲ្យមានសង្គ្រាម មិនចង់ឲ្យមានសត្រូវ គឺចង់ឲ្យរួមគ្នាធ្វើពលកម្មដើម្បីសាងជាតិឲ្យបានរុងរឿងហ្នឹង កុំគិតតែវ៉ៃគ្នា។ នេះហើយដែលសិល្បៈបុរាណខ្មែរយើងហ្នឹង ក្នុងសាច់រឿងកូរសមុទ្រទឹកដោះហ្នឹង គឺតែងតែអប់រំ មានតម្លៃពីរ គឺតម្លៃខាងបច្ចេកទេស ហើយនិងតម្លៃខាងស្មារតី»។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ បានបញ្ជាក់ដែរថា បុព្វបុរសខ្មែរលោកខិតខំរិះរកវិធីអប់រំទូន្មានកូនចៅតាមគ្រប់រូបភាព ដែលសូម្បីតែការសំដែងសិល្បៈក៏ដោយ ពិសេសគឺអប់រំឲ្យមានសីលធម៌ល្អឲ្យមានសាមគ្គីធម៌ ដើម្បីឲ្យមនុស្សរស់នៅក្នុងសង្គមជាតិតែមួយ មានសេចក្ដីសុខដុមរមនាជាមួយគ្នា។
លោកបន្តថា ដូចជានៅក្នុងទម្រង់សិល្បៈកូរសមុទ្រទឹកដោះជាដើម គឺដូនតាខ្មែរលោកច្នៃផ្ទៃរឿងដោយឲ្យសព្វសត្វ មនុស្ស ទេវតា អសុរ លះបង់ការធ្វើសង្គ្រាមច្បាំងគ្នា ហើយនាំគ្នាបង្កើតសេចក្ដីសុខ សន្តិភាពវិញ។ លោកបន្ថែមថា ប្រការនេះហើយ សម្រាប់សង្គមខ្មែរបច្ចុប្បន្ន គប្បីស្វែងយល់ពីគំនិតខ្ពង់ខ្ពស់របស់បុព្វបុរសខ្លួន ហើយនាំគ្នារក្សាបន្តប្រពៃណីវប្បធម៌នេះឲ្យបានគង់វង្សតទៅមុខយូរអង្វែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។