ក្រសួងព័ត៌មានគ្រោងបិទកម្មវិធីក្នុងទូរទស្សន៍ My TV
2011.06.29
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រកាសឲ្យអ្នកកាសែតដឹងនៅថ្ងៃទី២៩ ខែមិថុនា នៅក្រសួងព័ត៌មានថា កម្មវិធី ស្មាស ដែលជាកម្មវិធីមួយនៅក្នុងទូរទស្សន៍ ម៉ាយ ធីវី នឹងត្រូវបិទការផ្សាយ បន្ទាប់ពីលោកបានទទួលព័ត៌មានពីសាធារណជនដែលបានរិះគន់ថា កម្មវិធីនេះបានផ្សព្វផ្សាយដើម្បីអូសទាញអ្នកទស្សនាជាយុវវ័យ ប៉ុន្តែវាបានធ្វើឲ្យប្រាសចាកសីលធម៌ខ្លះនៅក្នុងសង្គម។
លោកមានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំអត់បានមើលទេ ម៉ាយ ធីវី ហ្នឹង ប៉ុន្តែមានអ្នកខ្លះរិះគន់ ដោយសារថា ថតទៅមានសម្លៀកបំពាក់កូនសិស្ស ហើយដូចជាថតនៅក្នុងក្លឹប ឬក្នុងបា ក្នុងឌីស្កូថេក គ្នាខំធ្វើ ដើម្បីឲ្យលក្ខណៈយុវវ័យ ប៉ុន្តែមានការរិះគន់ពីយុវវ័យមកវិញ វាទៅជាឃើញក្មេងស្លៀកពាក់ សិស្សសាលារៀន ទៅលោតញាក់អ៊ីចឹងមកវិញ វាមិនត្រូវ។ អ៊ីចឹងយើងក៏បានជួបជាមួយខាងអ្នកផលិតកម្មវិធី ស្មាស ធីវី ហ្នឹង ក៏ឥឡូវគាត់បានឯកភាពថា គាត់ជាប់កុងត្រា អ៊ីចឹងសុំតែ ២ប្រូក្រាមទៀត គាត់សុំបិទតែម្ដង»។
យ៉ាងនេះក្ដី អ្នកផលិតកម្មវិធីរបស់ទូរទស្សន៍ ម៉ាយ ធីវី លោក សុខលី ដាញ៉ែល បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយចំពោះបញ្ហានេះ។
កម្មវិធី ស្មាស ជាកម្មវិធីមួយនៅក្នុងទូរទស្សន៍ ម៉ាយ ធីវី ដែលផ្សព្វផ្សាយជារៀងរាល់យប់ថ្ងៃសុក្រ វេលាម៉ោង ៨ ដល់ម៉ោង ៩យប់ ដែលទើបចាប់ផ្តើមដំណើរការបានប្រមាណជា ២ខែថ្មីៗនេះ៕