គ.ជ.ប.​ពន្យារ​ពេល​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​៣​ថ្ងៃ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ប្រើ​រយៈ​ពេល ៤៥​ថ្ងៃ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​១៥ តុលា ឆ្នាំ​២០១១ សម្រាប់​ដំណើរ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២។

0:00 / 0:00

ដំណើរ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​នេះ កំពុង​មាន​ភាព​រអាក់រអួល​ដោយសារ​គ្រោះ​ទឹក​ជំនន់​នៅ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា និង​មាន​ភាព​អសកម្ម​មួយ​ចំនួន​ពី​មន្ត្រី​ឃុំ​សង្កាត់ មិន​អាច​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ថ្មី និង​ទៅ​ពិនិត្យ​ឈ្មោះ​បាន​ឡើយ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​សម្រេច​ពន្យារ​ពេល ៣​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទន្លេ​មេគង្គ ទន្លេ​បាសាក់ និង​ជំនន់​ទឹក​ភ្លៀង បាន​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

សមាជិក គ.ជ.ប. លោក ឯម សូផាត បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ជំនួប​រវាង​មន្ត្រី​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល នៅ​ទីស្នាក់ការ គ.ជ.ប. ថ្ងៃ​ទី​១៤ តុលា ថា ឃុំ​សង្កាត់​ចំនួន ៣៦៧ នៅ​ក្នុង​ខេត្ត​ចំនួន ១៦ នឹង​បន្ត​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​ថ្ងៃ​ទី​១៥ តុលា រហូត​ដល់​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១១។

លោក​ថា ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​នេះ​គឺ​មាន​តំណាង​គណបក្ស​នយោបាយ​ចំនួន​៦ គឺ​ស្មើ ៩.៣៨២​នាក់ នឹង​ចូល​ខ្លួន​សង្កេតការណ៍ អ្នក​សង្កេតការណ៍​ជាតិ​ចំនួន ១.៣២៣​នាក់ មក​ពី ៨​អង្គការ អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន ២៣​នាក់។

ប៉ុន្តែ​មន្ត្រី​បក្ស​ជំទាស់​មួយ​ចំនួន​មិន​បាន​សាទរ​ទេ​ចំពោះ​វិធានការ​របស់ គ.ជ.ប. បន្ថែម​ពេល​វេលា​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង ទឹក​ទន្លេ​មេគង្គ និង​ទឹក​ទន្លេ​បាសាក់​នេះ។

មន្ត្រី​គណបក្ស សម រង្ស៊ី លោក ហ៊ីង យឿន បាន​ចោទ​ជា​សំណួរ​ទៅ​មន្ត្រី គ.ជ.ប. ដើម្បី​សុំ​បំភ្លឺ​ចំពោះ​ការ​ពន្យារ​ពេល ៣​ថ្ងៃ​បន្ថែម​នេះ ហើយ​ថា ពេល​វេលា​នេះ​អាច​នឹង​អសារបង់​ដោយសារ​ស្ថានភាព​ទឹក​ជំនន់​ហាក់​មិន​ទាន់​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​រងគ្រោះ​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​បាន​ទេ។

ចំណែក​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស លោក អ៊ុក ស៊ុយ បាន​ស្នើ​សុំ​ឲ្យ គ.ជ.ប. បើក​ការ​ស៊ើបអង្កេត​ចំពោះ​មន្ត្រី​ឃុំ​សង្កាត់​មួយ​ចំនួន​ថា បាន​ធ្វើការ​មិន​គោរព​តាម​នីតិវិធី​របស់ គ.ជ.ប.។

សមាជិក គ.ជ.ប. លោក ឯម សូផាត បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ដំណាក់កាល​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ ពុំ​មាន​ករណី​ស្មៀន​ឃុំ​បដិសេធ​ការ​សុំ​ចុះ​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ទេ។ លោក​ថា គ.ជ.ប. បាន​ទទួល​បណ្ដឹង​ចំនួន ៨​ករណី ប៉ុន្តែ​មាន​បណ្ដឹង​ទាក់ទង​នឹង​មន្ត្រី​ចុះ​ឈ្មោះ គឺ​ស្មៀន​ចំនួន ៥​បណ្ដឹង ដែល​បាន​ប្ដឹង​នៅ​ថ្នាក់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ហើយ​បណ្ដឹង​នេះ​បាន​ដោះស្រាយ​រួច​រាល់​ហើយ។

គ.ជ.ប. បាន​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​១៣ តុលា នៅ​ទូទាំង​ខេត្ត​រាជធានី មាន​ពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ជាង ៨១​ម៉ឺន​នាក់ ហើយ​ថា ពលរដ្ឋ​ដែល​មាន​អាយុ ១៨​ឆ្នាំ​ឡើង​មាន​សិទ្ធិ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១១​នេះ មាន​ជាង ៨​លាន​៨​សែន​នាក់ គឺ​កើន​ច្រើន​ជាង​ឆ្នាំ​២០១០ កន្លង​ទៅ​ដែល​មាន​តែ ៨​លាន​៥​សែន​នាក់៕