លោក មាស សុឃន មានប្រសាសន៍ថា ទម្រង់សិល្បៈបែបថ្មីរបស់លោកនោះ បង្កើតឡើងដោយយកវត្ថុដែលគេបោះចោលយកមកបង្កើតជាវត្ថុសិល្បៈផ្សេងៗសម្រាប់ដាក់តាំងជូនអ្នកមកទស្សនា។ គោលបំណងនៅក្នុងការបង្កើតទម្រង់សិល្បៈបែបថ្មីនេះ គឺដើម្បីចង់បង្ហាញថា គ្រប់វត្ថុទាំងអស់សុទ្ធតែមានតម្លៃផ្នែកសិល្បៈទោះបីវាជាសំរាមក៏ដោយ។
កន្លងមកលោក មាស សុឃន បាននាំយកទម្រង់សិល្បៈបែបថ្មីនេះទៅចូលរួមតាំងពិព័រណ៍មួយលើករួចមកហើយនៅប្រទេសសិង្ហបុរី។ ការទៅចូលរួមពិធីតាំងបង្ហាញនោះមានប្រទេសចំនួន២៣ចូលរួម។
វត្ថុសិល្បៈបែបថ្មីនេះគឺអ្នកមើលស្រមៃទៅតាមរូបភាពដែលខ្លួនគិតឃើញ។ ទម្រង់សិល្បៈនេះមិនមានកំណត់ជាអ្វីឲ្យបានច្បាស់លាស់នោះទេ គឺគិតឃើញរូបភាព ឬអត្ថន័យអ្វីមួយទៅតាមការយល់ឃើញរបស់ខ្លួនឯងតែម្តង។
លោក មាស សុឃន បញ្ជាក់បន្ថែមថា ទម្រង់សិល្បៈថ្មីនេះមានន័យធំទូលំទូលាយមិនមានដែនកំណត់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយក៏ទម្រង់សិល្បៈបែបថ្មីនេះនៅទទួលបានការនិយមតិចតួចនៅឡើយពីប្រជាពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ននេះ មានតែជនបរទេសមួយចំនួនប៉ុណ្ណោះដែលគិតថា វាជាទម្រង់សិល្បៈថ្មីនិងល្អ។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោក មាស សុឃន មានប្រសាសន៍ថា នាពេលខាងមុខលោកនឹងរៀបចំគម្រោងដើម្បីដាក់បញ្ចូលសិល្បៈប្រភេទថ្មីនេះទៅក្នុងផ្នែកមួយនៃទម្រង់សិល្បៈខ្មែរផងដែរ៕