ល្បែង​ប្រជាប្រិយ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ

0:00 / 0:00

ក្នុង​ពេល​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ម្ដងៗ ប្រជាពលរដ្ឋ​ខ្មែរ ក្រៅ​ពី​ទៅ​វត្ត​និង​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ពួកគាត់​ក៏​បាន​នាំ​គ្នា​លេង​កម្សាន្ត​នៅ​តាម​ភូមិ​ឃុំ​ស្រុក​កំណើត​របស់​ខ្លួន​ដែរ ជា​ពិសេស​ក្រុម​យុវជន​និង​កុមារ នាំ​គ្នា​លេង​ច្រៀង​រាំ និង​លេង​ល្បែង​ប្រជាប្រិយ​តាម​ចិត្ត​ចង់​តែ​រៀង​ខ្លួន។

«ចម្រៀង» ប្រជាពលរដ្ឋ​ខ្មែរ​ទោះ​មាន​ឬ​ក្រ រីករាយ​នាំ​គ្នា​ទទួល​អប​អរ​សាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៤។ សំឡេង​ហ៊ោកញ្ជ្រៀវ​អឺងកង​លាយឡំ​បទ​ចម្រៀង​បន្លឺ​ឡើង​នៅ​តាម​ភូមិ​នានា ទាំង​ក្រុង​និង​ជនបទ។ ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​យុវជន ភាគ​ច្រើន​នាំ​គ្នា​លេង​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​យ៉ាង​រីក​រាយ។ អ្នក​នៅ​ទី​ក្រុង​ដែល​សម្បូរ​អគ្គិសនី យប់​ឡើង​គេ​បបួលគ្នា​រាំ​លេង ឬ​លេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ នៅ​តាម​ផ្លូវ និង​តាម​ទី​សាធារណៈ។

(សំឡេង​ចាក់​ធុងបាស​និង​ក្មេងៗ​ហ៊ោកញ្ជ្រៀវ)

ចំណែក​អ្នក​នៅ​ទី​ជនបទ​ខ្លះ ដែល​គ្មាន​ភ្លើង​អគ្គិសនី​បំភ្លឺ​លេង​នឹង​គេ គេ​នាំ​បំពក់​ភ្នក់​ភ្លើង​គល់​ឧស​គ្រាក់​បំភ្លឺ ឬ​ក៏​ដាក់​ភ្លើង​អាគុយ​បំភ្លឺ​លេង​ពេល​ខែ​ល្ងឹត ហើយ​បើ​រដូវ​ខែ​ភ្លឺ​គេ​នាំ​គ្នា​លេង​ក្រោម​ពន្លឺ​ខែ​មាន​បង​ប្អូន ពុក​ម៉ែ យាយតា​អង្គុយ​ទំពា​ស្លា មើល​កម្សាន្ត​ពី​ក្រោយ។ ពួក​គេ​នាំ​គ្នា​លេង​កម្សាន្ត​តាំង​ពី​មុន​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ម្ល៉េះ។

រី​ក្រុម​សិល្បករ រួម​ទាំង​ក្រុមហ៊ុន​ផលិតកម្ម​វីដេអូ​នានា ក៏​បាន​ថត​កម្រង​បទ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី និង​ផលិត​ល្បែង​ប្រជាប្រិយ​សម្រាប់​ចាក់​ផ្សព្វផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​លើក​តម្កើង និង​រក្សា​កេរ​វប្បធម៌​ប្រពៃណី​ជាតិ។

(បទ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី)

ប្រធាន​សមាគម​សិល្បករ លោក សុះ ម៉ាច ឲ្យ​ដឹង​ថា ក្រុម​តារា​សិល្បករ​ជា​ច្រើន រួម​ជាមួយ​ក្រុមហ៊ុន​ផលិតកម្ម​នានា បាន​មមាញឹក​តាំង​ពី​ពេល​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ម៉េ្លះ នាំ​គ្នា​ថត​ជា​ខ្សែ​វីដេអូ និង​បទ​ចម្រៀង​របាំ​ប្រពៃណី​និង​ល្បែង​ប្រជាប្រិយ​ខ្មែរ សម្រាប់​ចាក់​ផ្សាយ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ៣​ថ្ងៃ​ដែរ។

លោក សុះ ម៉ាច៖ «រី​ឯ​តារា​យើង​មុន​ចូល​ឆ្នាំ គឺ​មមាញឹក គាត់​ថត​តាម​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ។ គឺ​មាន​រាំវង់ រាំ​ក្បាច់​ជាដើម លេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ ដូច​ជា​លាក់​កន្សែង គេ​ថត​នៅ​ក្នុង​ស្ទូឌីយោ ខ្លះ​ថត​នៅ​ខាង​ក្រៅ​ស្ទូឌីយោ ដែល​ទាក់​ទង​ថ្ងៃ​ចូល​ឆ្នាំ​ហ្នឹង ក៏​មាន​ការ​បញ្ចូល​នូវ​ល្បែង​ប្រជាប្រិយ​យើង ដូច​ជា​មាន​ការ​រាំវង់ រាំ​ផ្សេងៗ​ទៅ ដែល​ជា​ចង្វាក់​ប្រពៃណី​ជាតិ​យើង រួម​ទាំង​លេង​ល្បែង​កម្សាន្ត​ផង​ដែរ»

ឯកសារ​នានា​សរសេរ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​សម្រាប់​លេង​សប្បាយ​ពេល​បុណ្យ​ចូល​ឆ្នាំ​មាន​ច្រើន​ដូចជា​ចោល​ឈូង បោះ​អង្គញ់ លាក់​កន្សែង ខ្លែង​ចាប់​កូន​មាន់ ល្បែង​ក្រុង​មាន់ វាយ​ឆ្នាំង​ដី ល្បែង​បាយខុម លេង​មឹក ចាក់​ទឹក​ដូង ដណ្ដើម​ស្លឹក​ឈើ ទាញព្រ័ត្រ របាំ​ត្រុដិ និង​រាំវង់ រាំ​ក្បាច់ ជាដើម។

ក៏​ប៉ុន្តែ​ចាស់​ទុំ​នៅ​តាម​​មូលដ្ឋាន​មួយ​ចំនួន​សង្កេត​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនោរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្រុម​យុវជន ហាក់​បោះបង់​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ជាតិ​ចោល​បន្តិច​ម្ដងៗ ហើយ​និយម​ចាក់​ធុងបាស​រាំ​លេង ឬ​ជួបជុំ​គ្នា​ផឹក​ស្រា​ច្រៀង​ខារ៉ាអូខេ​ទៅ​វិញ។

អតីត​សាស្ត្រាចារ្យ​នៅ​ខេត្ត​កំពង់ស្ពឺ លោក ម៉ៅ ឈិន ដែល​ធ្លាប់​ឆ្លង​កាត់​សង្គម​ខ្មែរ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ឆ្នាំ​១៩៦០ មក បញ្ជាក់​ភាព​ខុស​គ្នា​ក្នុង​ការ​ចូល​ចិត្ត​លែង​ល្បែង​ប្រជាប្រិយ​ជំនាន់​នោះ​និង​ជំនាន់​នេះ៖ «ពី​ដើម​កំលោះ​ក្រមុំ​គាត់​ស្ថិត​នៅ​សហគមន៍ ឬ​ភូមិ​មួយ​អត់​ចេញ​ទៅ​ណា​ទេ។ ឥឡូវ​កំលោះ​ក្រមុំ​វា​ចេញ​មក​ផ្គុំ​គ្នា​នៅ​តំបន់​រោងចក្រ។ ពី​សង្គម​ចាស់​កំលោះ​ក្រមុំ​គាត់​នៅ​សហគមន៍​មួយ​ភូមិៗ គាត់​លេង​បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ។ យើង​លេង​ពី​ដើម​មាន​ចាស់ៗ គាត់​ឈរ​មើល​ទៀត ឈរ​មើល​តាម​កូន​ក្រមុំ​គាត់​ណា។ ទំនៀម​ទម្លាប់​ខ្មែរ​ពី​ដើម​គេ​ថា ដូច​សំពត់​ក្នុង​ផ្នត់​អ៊ីចឹង​ណា គ្រាន់​តែ​សរសេរ​សំបុត្រ​ហ្នឹង ក៏​ម៉ែឪ​សង្ស័យ​ដែរ តិច​យក​ស្នេហា​អី? អ៊ីចឹង​គាត់​តាម​ដាន​កូន​គាត់​ណាស់»

ការ​អះអាង​នេះ ហាក់​សមស្រប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្ដែង​នៃ​សង្គម​ខ្មែរ​បច្ចុប្បន្ន ដែល​កំពុង​រង​ឥទ្ធិពល​សកលភាវូបនីយកម្ម និង​ឥទ្ធិពល​វប្បធម៌​​និង​សិល្បៈ​បរទេស។

ល្បែង​និង​ចម្រៀង​ប្រជាប្រិយ​ខ្មែរ ភាគ​ច្រើន​មានតែ​លើ​កញ្ចក់​ទូរទស្សន៍ និង​តាមវិទ្យុ​ដែល​ផលិតកម្ម​មួយ​ចំនួន​បាន​ថត​ទុក​ជា​ស្រេច​សម្រាប់​ចាក់​ពេល​ចូល​ឆ្នាំ​តែ​ប៉ុណ្ណោះ។ តែ​បើ​ពិនិត្យ​មើល​សង្គម​ជាក់​ស្ដែង ​ប្រជាពលរដ្ឋ​ភាគ​ច្រើន ជា​ពិសេស​ក្រុម​យុវជន​ហាក់​​បោះ​បង់​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ជាតិ បែរ​ទៅ​និយម​សិល្បៈ​វប្បធម៌​បរទេស ដូចជា ចូល​ចិត្ត​លេង​ប៉ាត​ម្សៅ និង​ជះ​ទឹក​ដាក់​គ្នា​ដែល​មិន​មែន​ជា​ល្បែង​ប្រជាប្រិយ។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ខ្មែរ ជា​ជាង​យក​​ល្បែង​ដែល​មាន​ឥទ្ធិពល​បរទេស​មក​ឡូកឡំ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។

លោក ហ៊ុន សែន៖ «គឺ​ទាក់​ទង​នឹង​ការ​លេង​របស់​យុវជន អា​រឿង​បាច​ម្សៅ ជះ​ទឹក​ជះ​អី​ សុទ្ធតែ​រឿង​មិន​មែន​ប្រពៃណី​ខ្មែរ​ទេ ​ហើយ​បង្កើត​រឿង​ច្រើន​ណាស់ ជួនកាល​គ្រោះថ្នាក់ គ្រោះថ្នាក់​ដោយសារ​អា​ហ្នឹង។ ជួនកាល​គ្នា​កំពុង​តែ​ជិះ​ម៉ូតូ​អ៊ីចឹង​ទៅ ស្រាប់​តែ​លេង​យក​អា​ថង់​ប្លាស្ទិក គប់​ទឹក ដប​ទឹក អ៊ីចឹង​ក៏​ដួល​ម៉ូតូ ឬ​ក៏​ស្អី​អ៊ីចឹង​ទៅ។ រួច​អា​រឿង​ប៉ាត​ម្សៅ ជួនកាល​មិន​មែន​ជា​រឿង​ប៉ាត​ម្សៅ ទៅ​លេង (ឆក់) ក្រវិល​គ្នា​ហ្នឹង​ទៅ​ទៀត។ អ៊ីចឹង​ទេ ក៏​ត្រូវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​បញ្ហា​អស់​ទាំង​ហ្នឹង​ដែរ»

បុណ្យ​ចូល​ឆ្នាំ​រួម​ទាំង​ចម្រៀង​និង​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ជាតិ ត្រូវ​បាន​លប់​បំបាត់​ក្នុង​របប​ខ្មែរ​ក្រហម ប៉ុល ពត កាន់​អំណាច​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ តែ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ប្រារព្ធ​ឡើង​វិញ ក្រោយ​ពី​របប​ប្រល័យ​ពូជសាសន៍​នេះ ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កងទ័ព​វៀតណាម នៅ​ឆ្នាំ​១៩៧៩ មក​ទល់​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។