វគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងដោយសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា (KAFDOC) ត្រូវបានលោក ឈឺន ឫទ្ធិ ជាតំណាងឲ្យដឹងថា គោលបំណងនៃការរៀបចំនិងដឹកនាំក្លឹបកុមារ គឺឲ្យអ្នកដឹកនាំ មានអាជ្ញាធរឃុំ គ្រូកម្រង នាយកសាលា យល់ដឹងអំពីរបៀបរៀបចំនិងដឹកនាំ ដោយធ្វើយ៉ាងណាឲ្យកុមារមានចិត្តចង់ទៅរៀនដើម្បីជំរុញគុណភាពអប់រំ។
លោក ឈឺន ឫទ្ធិ មានប្រសាសន៍ថា ៖ «វគ្គនេះគឺសម្រាប់គ្រូបង្គោល យកទៅបណ្ដុះបណ្ដាលដល់កុមារ ហើយគណៈកម្មការកុមារហ្នឹង យកទៅបណ្ដុះបណ្ដាលដល់ក្រុមក្លឹបរបស់គេ។ គ្រូខ្លះគាត់គិតតែពីបង្រៀន។ របៀបនៃការអប់រំកុមារ បើសិនជាយើងអត់មានកម្មវិធីសប្បាយៗជាមួយកុមារទេ វាអត់បានជោគជ័យ»។
លោក ឈឺន ឫទ្ធិ បានឲ្យដឹងពីរបៀបរៀបចំក្លឹបកុមារ និងរៀបចំគណៈកម្មការដើម្បីគ្រប់គ្រងផងដែរ ៖ «តាមក្លឹបនីមួយៗ យើងបានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការ ក្នុងមួយក្លឹប គណៈកម្មការគេមាន ៣ ជាក្មេងនៅក្នុងសាលាហ្នឹង ការបោះឆ្នោតគឺពួកគេអ្នកបោះឆ្នោត។ មួយក្លឹបមាន ២៥ ទៅ ៣០នាក់ ទាំងអស់ ១៨ក្លឹប»។
ក្រុមប្រឹក្សាឃុំដារ គឺអ្នកស្រី លន់ នី ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំនិងគ្រប់គ្រងក្លឹបកុមារចំនួន ៣ថ្ងៃមក បានផ្ដល់ទស្សនៈថា ការរៀបចំក្លឹបកុមារ គឺធ្វើឲ្យកុមារចេះស្គាល់ចិត្តថ្លើមគ្នា ចេះប្ដូរយោបល់គ្នាដើម្បីឲ្យការសិក្សារីកចម្រើន។
ប៉ុន្តែអ្នកស្រីថា ក្លឹបកុមារអាចរីកចម្រើនទៅបាន លុះណាតែមានការចូលរួមពីមាតាបិតា ឬអាណាព្យាបាលសិស្សផងដែរ ៖ «សំខាន់បំផុត ពន្យល់ម្ដាយហ្នឹងផង បើសិនជាម្ដាយយល់ ម្ដាយជំរុញកូន បើកូនមិនចង់ទៅ ម្ដាយជំរុញ ដើម្បីឲ្យកូនចេះដឹងតទៅមុខទៀត កុំឲ្យកូនហ្នឹងអវិជ្ជា»។
មន្រ្តីអប់រំស្រុកក្រចេះ គឺលោក ហោ សុខ ដែលបានចូលរួមបិទវគ្គនោះដែរ បានជម្រាបវគ្គបណ្ដុះបណ្ដាលនោះថា ការបង្កើតក្លឹបកុមារជាជំហានឈានទៅបង្កើតសាលាកុមារមេត្រី ដែលក្រសួងអប់រំត្រូវការរៀបចំឡើង ប៉ុន្តែលោកបានជម្រាបដោយត្រង់ថា លោកមិនទាន់យល់អំពីរបៀបរៀបចំក្លឹបកុមារនេះនៅឡើយទេ។
លោក ហោ សុខ ថ្លែងដូច្នេះថា ៖ «ខ្ញុំបានទៅចួលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បង្កើតសាលាមេត្រី ហើយត្រឡប់មកវិញ មកដល់ស្រុកក្រចេះ ខ្ញុំមិនអាចកសាងសាលាកុមារមេត្រីបាន ខ្ញុំខ្វះ គឺការរៀបចំក្លឹបកុមារ។ ខ្ញុំមានមន្រ្តីម្នាក់ទទួលខាងយុវជននិងកុមារ ខ្ញុំក៏ចាត់តាំងឲ្យគេមកចូលរួមក្នុងវគ្គនេះដើម្បីស្វែងយល់រចនាសម្ព័ន្ធក្លឹបកុមារយ៉ាងម៉េច របៀបជ្រើសរើសគណៈកម្មការក្លឹបយ៉ាងម៉េច ហើយហ្វឹកហាត់គេយ៉ាងម៉េច»។
លោក ឈឺន ឫទ្ធិ បានឲ្យដឹងដែរថា ក្លឹបកុមារនេះបានរៀបចំឡើងនៅឃុំដារ ឃុំថ្មី ឃុំថ្មអណ្ដើក និងឃុំកន្ទួត ស្រុកក្រចេះ ដែលកុមារងាយរងគ្រោះ កុមារពិការ និងកុមារក្រីក្រប្រមាណ ៦០០នាក់ ចូលរួម៕