គិតមកទល់ថ្ងៃទី៨ ខែមីនា នេះ រយៈពេលពីរថ្ងៃជាប់គ្នាហើយដែលស្នាមប្រេះអគារប៊ូឌីញ ចាប់ផ្ដើមមានសកម្មភាពឡើងវិញ។ ប្រជាពលរដ្ឋរស់នៅលើអគារឲ្យដឹងថា កញ្ចក់ដែលមន្ត្រីជំនាញបានបិទសងខាងនៃស្នាមប្រេះដើម្បីតាមដានពីការប្រេះនៅពេលនេះ បានដាច់ចេញពីកន្លែងបិទដែលមានស្នាមប្រេះ។ ក្រុមមន្ត្រីជំនាញថា នៅមិនទាន់ទទួលព័ត៌មានជាផ្លូវការនៅឡើយទេ ប៉ុន្តែពួកគេថា នឹងចុះសិក្សាដើម្បីវាយតម្លៃបន្ថែម។
ក្រុមប្រជាពលរដ្ឋកំពុងព្រួយបារម្ភជាថ្មី ព្រោះខ្លាចអគារដែលមានវ័យចំណាស់នៅកណ្ដាលក្រុងភ្នំពេញ ដែលគេហៅជាភាសាបារាំងថា ប៊ូឌីញ ដួលរលំ។ មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារទាក់ទងរឿងនេះ ទទូចឲ្យរដ្ឋាភិបាលអន្តរាគមន៍ ដោយអះអាងថា ពលរដ្ឋកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់។
ប្រជាពលរដ្ឋរស់នៅលើអគារប៊ូឌីញ លោក ម៉ម នាង ឲ្យដឹងថា ក្នុងចំណោមកញ្ចក់ដែលមន្ត្រីជំនាញបិទបីកន្លែង មានពីកន្លែងហើយបានដាច់ចេញពីជញ្ជាំង។ លោកបន្តថា នៅពេលនេះ ក្រុមពលរដ្ឋកំពុងព្រួយបារម្ភខ្លាចអគារនោះដួលរលំ និងអ្នកខ្លះចាប់ផ្ដើមចាកចេញពីកន្លែងនេះទៀតហើយ៖ «វា (កញ្ចក់) ដាច់ចេញពីគ្នា។ ពេលនេះពួកខ្ញុំព្រួយបារម្ភណាស់»។
កាលពីខែកុម្ភៈ ក្រុមជំនាញរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានយកកញ្ចក់ទៅបិទសងខាងជញ្ជាំងចំកន្លែងអាគារប្រេះ ក្នុងករណីអគារមានចលនា ឬបន្តបែកប្រេះ កញ្ចក់នោះបែកប្រេះ ឬដាច់ចេញពីជញ្ជាំង។ អគារនេះចាប់ប្រេះដែលបង្កការព្រួយបារម្ភដល់ពលរដ្ឋកាលពីដើមខែកុម្ភៈ គឺស្របពេលដែលសំណង់សណ្ឋាគារមួយនៅក្បែរនោះ ចាប់ផ្ដើមបុកគ្រឹះដំណើរការការដ្ឋាន។ ភ្លាមៗនោះដែរ មន្ត្រីជំនាញបានបញ្ជាឲ្យផ្អាកការដ្ឋានសាងសង់សណ្ឋាគារនោះសិន។
អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទទួលបន្ទុករឿងនេះ លោក កើត សារ៉េត មានប្រសាសន៍ថា លោកមិនទាន់ដឹងពីមូលហេតុនៃការបែកកញ្ចក់នៅឡើយទេ។ លោកថា លោកនឹងចាត់ចែងឲ្យមន្ត្រីជំនាញចុះតាមដានរឿងនេះ ដើម្បីវាយតម្លៃឡើងវិញពីការបែកប្រេះអគារ៖ «ក្រុមមន្ត្រីការិយាល័យជំនាញគេធ្វើរឿងនេះរួចហើយ គេនឹងប្រគល់របាយការណ៍ឲ្យខ្ញុំដើម្បីសិក្សាស្រាវជ្រាវ»។
មូលហេតុនៃការប្រេះជញ្ជាំងអគារប៊ូឌីញ នៅតែស្ថិតក្នុងភាពការអាថ៌កំបាំង ស្រប់ពេលដែលក្រុមពលរដ្ឋចោទប្រកាន់ថា បង្កឡើងដោយការបុកគ្រឹះរបស់ការដ្ឋានសាងសង់សណ្ឋាគារ។ នៅក្នុងការដ្ឋាននោះមានដែកបន្ទះធំៗ បុកចូលដី និងបានកាយដីចេញក្បែរជញ្ជាំងអគារប៊ូឌីញ មានជម្រៅជាងប្រហែលជាពី ៦ម៉ែត្រ ទៅ ១០ម៉ែត្រ។
នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត លោក អ៊ី សារ៉ុម និយាយថា ស្ថានភាពអគារកាន់តែធ្វើឲ្យប្រជាពលរដ្ឋរស់នៅទីនេះ ស្ថិតក្នុងភាពគ្រោះថ្នាក់។ មន្ត្រីសង្គមស៊ីវិលដែលតាមដានរឿងនេះយល់ថា រដ្ឋាភិបាលគួរផ្អាកគម្រោងសាងសង់សណ្ឋាគារនៅក្បែរនេះជាបន្ទាន់ នឹងរកកន្លែងមានសុវត្ថិភាពជម្លៀសពលរដ្ឋចេញ៖ «រដ្ឋាភិបាលចេះតែច្រានចោលរបាយការណ៍សង្គមស៊ីវិល និងយល់ថា ពលរដ្ឋស្ដាប់តាមញុះញង់រឿងអគារប្រេះ ប៉ុន្តែពេលនេះគឺក្រុមពលរដ្ឋស្ថិតស្ថានភាពគ្រោះថ្នាក់»។
កាលពីចុងឆ្នាំ២០១៤ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានអនុញ្ញាតឲ្យលោក ធី សំណាង និងអ្នកស្រី ភូ ឈាលីន ជាប្ដីប្រពន្ធនឹងគ្នាសាងសង់សណ្ឋាគារដែលកម្ពស់ ១១ជាន់ នៅជាប់អគារប៊ូឌីញ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ ភ្លាមៗនោះដែរ ពលរដ្ឋចំនួន ៥០០នាក់ បានប្ដឹងទៅអាជ្ញាធរមូលដ្ឋានទាមទារឲ្យក្រុមហ៊ុនសាងសង់ទទួលខុសត្រូវការខូចខាតប្រេះស្រាំអគារ និងប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងករណីប៉ះពាល់នៅពេលសាងសង់។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺតំណាងក្រុមហ៊ុនសាងសង់សណ្ឋាគារបានទេ នៅថ្ងៃទី៨ ខែមីនា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថា លោកមិនទាន់ដឹងករណីបែកកញ្ចក់តាមដានស្នាមប្រេះអគារនេះនៅឡើយទេ។ លោកថា សាលារាជធានីភ្នំពេញ មិនមានចំណាត់ការយ៉ាងណាលើរឿងនេះឡើយ ព្រោះជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី៖ «រឿងនេះប្រគល់ជូនក្រសួងរៀបចំដែនដីជាអ្នកទទួលខុសត្រូវ»។
ក្រុមពលរដ្ឋទាមទារឲ្យម្ចាស់សំណង់សណ្ឋាគារ និងអាជ្ញាធរក្រុងភ្នំពេញ ជាអ្នកទទួលខុសត្រូវក្នុងករណីអគារប៊ូឌីញ បែកប្រេះមិនអាចធ្វើឲ្យពួកគេរស់នៅបាន។ អ្នកខ្លះទាមទារសំណងស្នើតម្លៃទីផ្សារ និងអ្នកខ្លះទៀតចង់បានកន្លែងរស់នៅថ្មីក្នុងក្រុងដែលអាចប្រកបរបរចិញ្ចឹមជីវិតបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។