គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ជួយ​ព្យាបាល​និង​វះកាត់​កុមារ​មាត់​ឆែប

អង្គការ អូប៉េរេសិន ស្មាយ (Operation smile) បាន​នាំ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពី​ប្រទេស​សិង្ហបុរី ដើម្បី​វះកាត់​កុមារ​មាត់​ឆែប ក្នុង​មន្ទីរ​ពេទ្យ​កំពង់ធំ ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់ ទី​៩ ខែ​មិថុនា។ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សំដែង​ការ​រីករាយ​ចំពោះ​ក្រុម​ពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ជួយ​វះកាត់​កុមារ​មាន​មាត់​ឆែប។

0:00 / 0:00

ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ចំនួន ១០​នាក់ មក​ពី​ប្រទេស​សិង្ហបុរី មក​ជួយ​វះកាត់ និង​ព្យាបាល​កុមារ​ដែល​មាន​មាត់​ឆែប​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ធំ រយៈពេល ៥​ថ្ងៃ។

លោក សន សៀងហេង មក​ពី​ទីក្រុង​ភ្នំពេញ កំពុង​អង្គុយ​រង់​ចាំ​ការ​វះកាត់​មាត់​ឆែប​របស់​លោក បាន​ប្រាប់​អោយ​ដឹង​ថា លោក​បាន​វះកាត់ ៣​ដង រួច​មក​ហើយ នេះ​ជា​លើក​ទី​៤ ដែល​ក្រុម​គ្រូ​ពេទ្យ​របស់​អង្គការ អូប៉េរេសិន ស្មាយ បាន​ណាត់​អោយ​មក​ធ្វើ​ការ​វះកាត់​មួយ​ម្តង​ទៀត។ លោក​សង្ឃឹម​ថា ការ​វះកាត់​លើក​នេះ​នឹង​អាច​ធ្វើ​អោយ​មាត់​របស់​លោក ល្អ​ស្អាត ដូច​ជា​មនុស្ស​ធម្មតា​ដែរ។ កាល​មុន ដែល​លោក​មិន​ទាន់​បាន​វះកាត់ លោក​មាន​ការ​ខ្មាស​អៀន​មិន​ហ៊ាន​ជួប​អ្នក​ដទៃ​នោះ​ទេ ដោយ​សារ​តែ​លោក​និយាយ​មិន​សូវ​ច្បាស់។ លោក​បន្ត​ទៀត​ថា ឥឡូវ​នេះ​លោក​មាន​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​មាត់​របស់​លោក​មាន​សភាព​ដូច​គេ ដូច​ឯង។

លោក សន សៀងហេង៖ «មិន​បាន​ដូច​គេ​ទាំង​ស្រុង ប៉ុន្តែ​មើល​ទៅ​ផ្តល់​អោយ​យើង​មាន​មុខ​មាត់​ស្អាត​ដូច​ជា​មនុស្ស​ធម្មតា​វិញ ហើយ​ក៏​ជា​សេចក្តី​សង្ឃឹម​មួយ ដែល​ក្មេង​មាត់​ឆែប ដែល​គិត​ថា​អនាគត​បាត់​បង់​អស់ ដោយ​មុខ​មាត់​ អាក្រក់​អញ្ចឹង»

អ្នកស្រី ចាប លាង ជា​ម្តាយ​កូន​មាន​មាត់​ឆែប មក​ពី​ខេត្ត​កំពត អោយ​ដឹង​ថា កាល​ពី​អ្នក​ស្រី​មាន​ផ្ទៃពោះ អ្នក​ស្រី​មិន​បាន​ចាប់​អារម្មណ៍​ទេ ថា​វា​មាន​បញ្ហា​កើត​ឡើង​ចំពោះ​កូន​ទី​៥ របស់​គាត់ នៅ​ពេល​ដែល​កូន​កើត​មក​បែរ​ជា​មាន​មាត់​ឆែប​ទៅ​វិញ។ អ្នក​ស្រី​ថា ធ្វើ​អោយ​អ្នក​ស្រី​មាន​ការ​អាណិត​អាសូរ​កូន ហើយ​ក៏​ស្វែង​រក​គ្រូ​ពេទ្យ ដើម្បី​ព្យាបាល​កូន​អោយ​សុខភាព​ល្អ​ដូច​ជា​មនុស្ស​ដទៃ​ទៀត​ដែរ។

អ្នកស្រី ចាប លាង៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ បាន​កូន​ដេរ​មាត់​បាន ល្អ​ស្អាត។ ចាស! ខ្ញុំ​មិន​នឹក​ស្មាន​ថា មាត់​ល្អ​អញ្ចឹង​សោះ អ្នក​ស្រុក អ្នក​ភូមិ និង​អ្នក​នៅ​ជិត​ផ្ទះ​គ្មាន​អ្នក​ណា​មាន មាន​តែ​កូន​ខ្ញុំ​មួយ គេ​មក​មើល​ផ្អើល​ផ្លួក​ទឹក ផ្លួក​ដី»

លោក​វេជ្ជបណ្ឌិត លឹមស៊ុន ប៊ុនហុង អនុប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពី​ប្រទេស​សិង្ហបុរី បាន​មក​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​មួយ​ចំនួន​ទៀត ក្នុង​ប្រទេស​កម្ពុជា គឺ​គោលដៅ​សំខាន់​វះកាត់​ទៅ​លើ​កុមារ ដែល​មាន​មាត់​ឆែប វះកាត់​ក្រអូម​មាត់ និង​ស្លាក​ស្នាម​នៅ​មុខ​របស់​កុមារ។ លោក​បន្ត​ទៀត​ថា នៅ​ក្នុង​រយៈពេល ៥​ថ្ងៃ​នេះ គឺ​ក្រុម​គ្រូ​ពេទ្យ​ទាំង​អស់​នឹង​ធ្វើ​ការ​វះកាត់​មាត់​ឆែប​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦០​នាក់។

លោក​វេជ្ជបណ្ឌិត លឹមស៊ុន ប៊ុនហុង៖ «ព្រោះ​វា​មាន​ប្រយោជន៍ កុមារ​ឆែប​មាត់ គឺ​គាត់​ពិការ​ភាព​មួយ ធ្វើ​អោយ​គាត់​គេច​ពី​សាលា គេច​ពី​សង្គម ព្រោះ​គាត់​ខ្មាស​អៀន ហើយ​ខូច​អារម្មណ៍ ហើយ​និយាយ​ឥត​សូវ​ច្បាស់ ស្តាប់​មិន​សូវ​បាន នៅ​ពេល​ដែល​គាត់​ឆែប​មាត់ ប៉ុន្តែ​ការ​កែ​អោយ​មាត់​គាត់​ល្អ​វិញ​មាន​ន័យ​ថា ការ​ព្យាបាល​ទៅ​លើ​សោភ័ណភាព​គាត់ ទៅ​លើ​ផ្លូវ​ចិត្ត រួម​ទាំង​ស្តាប់​លឺ​មក​វិញ»

នាយក​ទូទៅ អង្គការ អូប៉េរេសិន ស្មាយ លោក ម៉ុក ថាវី មាន​ប្រសាសន៍​ថា ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​លោក បាន​ជួយ​ប្រទេស​កម្ពុជា ទៅ​លើ​កុមារ​ឆែប​មាត់​នេះ ២៩​លើក​ហើយ ទូទាំង​ប្រទេស​កម្ពុជា។ លោក​ថា គ្រូ​ពេទ្យ​ដែល​មក​ចូល​រួម​វះកាត់ នៅ​ក្នុង​ខេត្ត​កំពង់ធំ នេះ មាន​ចំនួន ២៧​នាក់ ដែល​មក​ពី​ប្រទេស​សិង្ហបុរី ចំនួន ១០​នាក់ និង​គ្រូ​ពេទ្យ​ខ្មែរ​ចំនួន ១៧​នាក់ ព្រម​ទាំង​គ្រូ​ពេទ្យ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ធំ ទៀត​ផង។ លោក​បន្ត​ទៀត​ថា អង្គការ អូប៉េរេសិន ស្មាយ បាន​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជាង ២​ពាន់​នាក់​មក​ហើយ លោក​សង្ឃឹម​ថា កុមារ​ទាំង​អស់​ដែល​បាន​ជួយ​ពី​ក្រុម​ពេទ្យ​ស្ម័គ្រ នឹង​មាន​ការ​ចូល​រួម​ជាមួយ​នឹង​សង្គម និង​លែង​មាន​ការ​ខ្មាស​អៀន​ត​ទៅ​ទៀត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។