ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១០នាក់ មកពីប្រទេសសិង្ហបុរី មកជួយវះកាត់ និងព្យាបាលកុមារដែលមានមាត់ឆែបនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំ រយៈពេល ៥ថ្ងៃ។
លោក សន សៀងហេង មកពីទីក្រុងភ្នំពេញ កំពុងអង្គុយរង់ចាំការវះកាត់មាត់ឆែបរបស់លោក បានប្រាប់អោយដឹងថា លោកបានវះកាត់ ៣ដង រួចមកហើយ នេះជាលើកទី៤ ដែលក្រុមគ្រូពេទ្យរបស់អង្គការ អូប៉េរេសិន ស្មាយ បានណាត់អោយមកធ្វើការវះកាត់មួយម្តងទៀត។ លោកសង្ឃឹមថា ការវះកាត់លើកនេះនឹងអាចធ្វើអោយមាត់របស់លោក ល្អស្អាត ដូចជាមនុស្សធម្មតាដែរ។ កាលមុន ដែលលោកមិនទាន់បានវះកាត់ លោកមានការខ្មាសអៀនមិនហ៊ានជួបអ្នកដទៃនោះទេ ដោយសារតែលោកនិយាយមិនសូវច្បាស់។ លោកបន្តទៀតថា ឥឡូវនេះលោកមានការសប្បាយរីករាយយ៉ាងខ្លាំង ដែលមាត់របស់លោកមានសភាពដូចគេ ដូចឯង។
លោក សន សៀងហេង៖ «មិនបានដូចគេទាំងស្រុង ប៉ុន្តែមើលទៅផ្តល់អោយយើងមានមុខមាត់ស្អាតដូចជាមនុស្សធម្មតាវិញ ហើយក៏ជាសេចក្តីសង្ឃឹមមួយ ដែលក្មេងមាត់ឆែប ដែលគិតថាអនាគតបាត់បង់អស់ ដោយមុខមាត់ អាក្រក់អញ្ចឹង»។
អ្នកស្រី ចាប លាង ជាម្តាយកូនមានមាត់ឆែប មកពីខេត្តកំពត អោយដឹងថា កាលពីអ្នកស្រីមានផ្ទៃពោះ អ្នកស្រីមិនបានចាប់អារម្មណ៍ទេ ថាវាមានបញ្ហាកើតឡើងចំពោះកូនទី៥ របស់គាត់ នៅពេលដែលកូនកើតមកបែរជាមានមាត់ឆែបទៅវិញ។ អ្នកស្រីថា ធ្វើអោយអ្នកស្រីមានការអាណិតអាសូរកូន ហើយក៏ស្វែងរកគ្រូពេទ្យ ដើម្បីព្យាបាលកូនអោយសុខភាពល្អដូចជាមនុស្សដទៃទៀតដែរ។
អ្នកស្រី ចាប លាង៖ «ខ្ញុំសប្បាយចិត្តណាស់ បានកូនដេរមាត់បាន ល្អស្អាត។ ចាស! ខ្ញុំមិននឹកស្មានថា មាត់ល្អអញ្ចឹងសោះ អ្នកស្រុក អ្នកភូមិ និងអ្នកនៅជិតផ្ទះគ្មានអ្នកណាមាន មានតែកូនខ្ញុំមួយ គេមកមើលផ្អើលផ្លួកទឹក ផ្លួកដី»។
លោកវេជ្ជបណ្ឌិត លឹមស៊ុន ប៊ុនហុង អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ មានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី បានមកជួយប្រជាពលរដ្ឋខ្មែរនៅខេត្តកំពង់ធំ និងខេត្តមួយចំនួនទៀត ក្នុងប្រទេសកម្ពុជា គឺគោលដៅសំខាន់វះកាត់ទៅលើកុមារ ដែលមានមាត់ឆែប វះកាត់ក្រអូមមាត់ និងស្លាកស្នាមនៅមុខរបស់កុមារ។ លោកបន្តទៀតថា នៅក្នុងរយៈពេល ៥ថ្ងៃនេះ គឺក្រុមគ្រូពេទ្យទាំងអស់នឹងធ្វើការវះកាត់មាត់ឆែបអោយប្រជាពលរដ្ឋខ្មែរចំនួន ៦០នាក់។
លោកវេជ្ជបណ្ឌិត លឹមស៊ុន ប៊ុនហុង៖ «ព្រោះវាមានប្រយោជន៍ កុមារឆែបមាត់ គឺគាត់ពិការភាពមួយ ធ្វើអោយគាត់គេចពីសាលា គេចពីសង្គម ព្រោះគាត់ខ្មាសអៀន ហើយខូចអារម្មណ៍ ហើយនិយាយឥតសូវច្បាស់ ស្តាប់មិនសូវបាន នៅពេលដែលគាត់ឆែបមាត់ ប៉ុន្តែការកែអោយមាត់គាត់ល្អវិញមានន័យថា ការព្យាបាលទៅលើសោភ័ណភាពគាត់ ទៅលើផ្លូវចិត្ត រួមទាំងស្តាប់លឺមកវិញ»។
នាយកទូទៅ អង្គការ អូប៉េរេសិន ស្មាយ លោក ម៉ុក ថាវី មានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក បានជួយប្រទេសកម្ពុជា ទៅលើកុមារឆែបមាត់នេះ ២៩លើកហើយ ទូទាំងប្រទេសកម្ពុជា។ លោកថា គ្រូពេទ្យដែលមកចូលរួមវះកាត់ នៅក្នុងខេត្តកំពង់ធំ នេះ មានចំនួន ២៧នាក់ ដែលមកពីប្រទេសសិង្ហបុរី ចំនួន ១០នាក់ និងគ្រូពេទ្យខ្មែរចំនួន ១៧នាក់ ព្រមទាំងគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំ ទៀតផង។ លោកបន្តទៀតថា អង្គការ អូប៉េរេសិន ស្មាយ បានជួយប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២ពាន់នាក់មកហើយ លោកសង្ឃឹមថា កុមារទាំងអស់ដែលបានជួយពីក្រុមពេទ្យស្ម័គ្រ នឹងមានការចូលរួមជាមួយនឹងសង្គម និងលែងមានការខ្មាសអៀនតទៅទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។