កម្មករ​ជាង​៧០​នាក់​រង​គ្រោះថ្នាក់​ដោយសារ​ក្រឡាប់​រថយន្ត

កម្មការិនី​រោងចក្រ ម៉ារូឈុន (Maro Chuan) ជាង ៧០​នាក់ បាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​រថយន្ត​ដឹក​ជញ្ជូន​កម្មករ​ទៅ​ធ្វើការ​នោះ បាន​បែក​កង់​បណ្ដាល​ឲ្យ​ក្រឡាប់​នៅ​ចំណុច​វត្ត​ជើងឯក ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អ្នកស្រី ឆន សុខា បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ពេល​វេលា​ម៉ោង​ប្រមាណ ៦ និង ២០​នាទី កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​២៣ មេសា ខណៈ​ពេល​ដែល​រថយន្ត​ដឹក​កម្មករ​ទៅ​ធ្វើការ។

អ្នកស្រី​បន្ត​ថា កម្មករ​ចំនួន ៧២​នាក់​បាន​របួស​ធ្ងន់ និង​បាក់​ដៃ​បាក់​ជើង និង​មួយ​ចំនួន​រង​របួស​ស្រាល ក៏​ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា កម្មការិនី​ទាំង​នោះ​អាច​រង​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ ៖ «ឡាន​គេ​ដឹក​កម្មករ​ឡាន​ទ្រុងៗ តាម​ខ្ញុំ​សួរ​កម្មករ​ថា មួយ​ឡាន​ហ្នឹង ៧២​នាក់។ ឡាន​ហ្នឹង​បែក​កង់ ហើយ​វា​ក្រឡាប់​មនុស្ស​មួយ​ឡាន​នោះ​មាន​បញ្ហា​ទាំង​អស់ មាន​របួស​ធ្ងន់​របួស​ស្រាល។ រហូត​មក​ដល់​ពេល​នេះ​យើង​អត់​ដឹង​ថា មាន​អ្នក​ស្លាប់ ខ្ញុំ​ឃើញ​ស្ថានភាព​កម្មករ​នៅ​ពេទ្យ​បញ្ញាស័ក មាន​របួស​ធ្ងន់​ច្រើន បញ្ហា​ក្រំ​ក្នុង​ក្រំ​អី​យើង​អត់​ទាន់​ដឹង​ទេ ព្រោះ​មាន​អ្នក​ខ្លះ​គាត់​ខ្ទាំ ក្នុង​ពេទ្យ​គេ​អត់​ទាន់​បាន​ថត​អស់»

កម្មការិនី​ដែល​រង​គ្រោះ​ទាំង​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​នានា ដូច​ជា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ហៅ​មន្ទីរពេទ្យ​រុស្ស៊ី និង​គ្លីនិក​មួយ​ចំនួន ដូចជា គ្លីនិក​ចោមចៅ គ្លីនិក​បញ្ញាស័ក គ្លីនិក​អង្គរ និង​គ្លីនិក​គីមសុង ជាដើម៕