ពិធី​បុណ្យ​ភ្ជុំ​​បិណ្ឌ​របស់​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក

ដោយ តាំង សារ៉ាដា
2014-09-22
Share
ភ្ជុំ អាមេរិក ៦២០ ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​ពិធី​រាប់​បាត្រ​នៅ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​​នៅ​វ​ត្ត​លិកស៊ីងតុន (Lexington) រដ្ឋ​ណ័រ ឃែរ៉ូឡាយណា (North Carolina) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៤។
RFA/Taing Sarada

ទោះ​បី​រស់​នៅ​ទីណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​តែង​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា​ប្រពៃណី​វប្បធម៌ និង​ទំនៀម​ទម្លាប់​របស់​ខ្លួន​ជាប់​ជានិច្ច។

ការ​គោរព​ប្រតិបត្តិ​នេះ ច្រើន​ស្ដែង​ចេញ​តាម​រយៈ​ការ​ធ្វើ​នំចំណី​អាហារ​មាន​ក្បាច់​ក្បូរ​តាម​ក្បួនខ្នាត​របស់​ខ្មែរ ការ​ស្លៀក​ពាក់​ជា​លក្ខណៈ​ខ្មែរ ការ​គោរព​បូជា​ព្រះពុទ្ធ​សាសនា និង​ការ​បន្សល់​ទុក​នូវ​មរតក​វប្បធម៌​ខ្មែរ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ជាដើម។

បើ​ទោះ​បី​ជា​មាន​ការងារ​រវល់​មមា​ញឹក​ប៉ុណ្ណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០០​នាក់​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាំង​ពី​ព្រលឹម​នៅ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​វេន ៦ នាទី​ក្រុង​វូដប្រីដជ៍ (Woodbridge) នៃ​រដ្ឋ​វឺជីនៀ (Virginia) ក្នុង​អារាម​ដ៏​តូច​មួយ​លើ​ផ្ទៃដី​ទំហំ​ប្រហែល ២​ហិកតារ ឈ្មោះ វត្ត​ពុទ្ធជ័យមង្គល ឬ​ហៅ​ថា​វត្ត វូដប្រីដជ៍ (Woodbridge) ដើម្បី​ឧទ្ទិសកុសល​ដល់​បុព្វការី​ជន​របស់​ពួកគេ​ដែល​បាន​ចែក​ឋាន​ទៅ។

​ក្នុង​ទឹក​មុខ​ញញឹម​រីករាយ សើច​ក្អាកក្អាយ អ្នកស្រី មុំ សោភ័ណ្ឌ ដែល​កំពុង​ចៀន​ចេក និង​ដំឡូង មាន​ក្លិន​ឈ្ងុយ​ឈ្ងប់​គួរ​អោយ​ចង់​ពិសា​នោះ មាន​ប្រសាសន៍​ថា ទោះ​បី​ខ្មែរ​រស់​នៅ​ចាក​ឆ្ងាយ​ពី​មាតុ​ប្រទេស​របស់​ខ្លួន​ក៏ដោយ ក៏​ពួកគេ​ភាគ​ច្រើន​នៅ​តែ​ចងចាំ​អំពី​របៀប​ធ្វើ​នុំនែក ម្ហូប​ចំណី​អាហារ​តាម​ទំនៀម​ទំលាប់​របស់​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឬ​ព្រឹត្តិការណ៍​ប្រពៃណី​ផ្សេងៗ។

អ្នកស្រី មុំ សោភ័ណ្ឌ៖ «ចេះ​វេច​នំបត់ និង​នំ​គម ហើយ​នំ​អន្សម​ចេក។ នៅ​ទី​នេះ​មាន​លក់​ស្លឹក​ចេក​ទាំង​អស់​នៅ​តាម​ហាង​លក់​ទំនិញ​របស់​ខ្មែរ និង​ថៃ ហើយ​កូរ៉េ ឥឡូវ​ក៏​មាន​ដែរ ប្រដាប់ប្រដា​វេច​នំ​ហ្នឹង។ ស្លឹក​ចេក​ជា​ស្លឹក​ស្រស់​ដែល​គេ​ដាក់​ឲ្យ​កក​ក្នុង​ទូ​ទឹក​កក។ ពេល​យើង​បញ្ចេញ​ពី​ទូ​ទឹក​កក​មក​ទុក​ឲ្យ​វារ​លាយ​ទឹកកក​ឲ្យ​អស់​សិន​ទើប​យើង​អាច​វេច​នំ​បាន។ ឥឡូវ​នេះ​យើង​កំពុង​ចៀន​ចេក។ វត្ត​វូដប្រីដជ៍​នេះ​ឲ្យ​តែ​មាន​ពិធី​បុណ្យ​អី គឺ​ចៀន​ចេក»

នំ​ចំណី​របស់​ខ្មែរ​ពី​បូរាណ​មក​មាន​នំ​អន្សម​ចេក អន្សម​ជ្រូក អន្សម​ខ្នុរ នំ​គម នំ​បត់ នំ​ជៀល នំ​ស្លឹក​ស្រស់​អា​កោ​ត្នោត អា​កោ​ខ្ទិះ នំ​កង នំ​ក្រូច និង​បង្អែម​ខ្មែរ​ជាច្រើន​ប្រភេទ​ទៀត។

ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​ពិធី​រាប់​បាត្រ​នៅ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​​នៅ​វ​ត្ត​លិកស៊ីងតុន (Lexington) រដ្ឋ​ណ័រ ឃែរ៉ូឡាយណា (North Carolina) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៤។
ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​ពិធី​រាប់​បាត្រ​នៅ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​​នៅ​វ​ត្ត​លិកស៊ីងតុន (Lexington) រដ្ឋ​ណ័រ ឃែរ៉ូឡាយណា (North Carolina) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៤។
RFA/Taing Sarada

 

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ភាគ​ច្រើន​នៅ​ចងចាំ​អំពី​របៀប​ធ្វើ​នំ​ទាំង​អស់​នេះ​បាន ប៉ុន្តែ​ពួកគេ​មាន​ការ​លំបាក​បន្តិច​ក្នុង​ការ​រក​គ្រឿងផ្សំ​សម្រាប់​ធ្វើ​នំ​នៅ​ទី​នេះ។ តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ ក៏​គេ​នៅ​តែ​ឃើញ​នំ​ខ្មែរ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​គេ​ធ្វើ​យក​ទៅ​វត្ត​ជា​ញឹកញាប់។

នំ​ដែល​គេ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ម្តងៗ​នោះ គឺ​នំ​អន្សម នំ​គម និង​នំ​បត់ ហើយ​ដែល​នំ​ទាំង​នេះ​តែង​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​យក​ទៅ​វត្ត​មិន​ដែល​ខាន​ដើម្បី ឧទិ្ទស​កុសល​ដែល​បាន​ស្លាប់​ទៅ។

ព្រះភិក្ខុ ស្រី ទិត្យ ដែល​ជា​ព្រះចៅ​អធិការ​វត្ត​ខេមរារាម ហៅ​វត្ត​លិកស៊ីងតុន (Lexington) ក្នុង​រដ្ឋ​ណ័រ ឃែរ៉ូឡាយណា (North Carolina) ឯ​ណោះ​វិញ  មាន​សង្ឃ​ដីកា​តាម​ទូរស័ព្ទ​ថា ការ​ធ្វើ​នំ​អន្សម នំ​គម នំ​បត់ យក​ទៅ​វត្ត​នៅ​រដូវ​ភ្ជុំបិណ្ឌ ទី​១ គឺ​ដើម្បី​បូជា​ដល់​ពពួក​ប្រេត​ផង  ទី​២ ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព​ផង និង​ទី​៣ គឺ​ដើម្បី​ទុក​ឲ្យ​ព្រះសង្ឃ​អាច​ឆាន់​បាន​យូរ​រហូត​ដល់​ទៅ​ចេញ​វស្សា។

ព្រះភិក្ខុ ស្រី ទិត្យ៖ «ធ្វើ​នំ​អន្សម នំ​បត់ នំ​គម ហឹ្នង​គឺ​ដើម្បី​បោះ​ទៅ​ឲ្យ​ពពួក​សត្វ​ប្រេត ពួក​អី​អ៊ីចឹង​ទៅ។ គេ​ធ្វើ​របស់​ហ្នឹង​សម្រាប់​ទុក​បាន​យូរ។ លោក​អាច​ទុក​ឲ្យ​នំ​ទាំង​នោះ​បាន​យូរ​ដូច​ជា​អន្សម​អី​ហ្នឹង គេ​យក​ទៅ​ឆ្អើ​ដើម្បី​ទុក​ឆាន់​រហូត​ដល់​ចេញ​វស្សា ហើយ​បើតាម​ការ​អាន​សៀវភៅ ការ​ធ្វើ​នំ​អន្សម នំ​បត់ នំ​គម​អី​នេះ គឺ​ដើម្បី​ចង់​បង្ហាញ​អំពី​សាមគ្គីភាព​ដែល​ស្អិត​ល្មួត​ដូច​អង្ករ​ដំណើប​អ៊ីចឹង​ដែរ»

សុភាសិត​ខែ្មរ​មួយ​ពោល​ថា «វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កំថ្កើង»។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពលរដ្ឋ​ភាគ​ច្រើន ទោះ​រស់​នៅ​ឆ្ងាយ​ចាក​ស្រុក​កំណើត​របស់​ខ្លួន​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​រក្សា​មរតក​វប្បធម៌​របស់​ខ្លួន​នេះ​ជានិច្ច។

លោក អំ ស៊ួសស៊ុន  ហៅ ជួន សុផល បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រៅ​ពី​រូប​លោក​ខិតខំ​អភិរក្ស​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ លោក​ក៏​បាន​បង្ហាត់​បង្រៀន​កូនៗ​របស់​លោក​ដើម្បី​បន្ត​វេន​រក្សា​វប្បធម៌​ខ្មែរ​ដ៏​ប្រពៃ​នេះ​ទៅ​ថ្ងៃ​អនាគត​ទៀត៖ «ហើយ​សូម​ផ្តាំ​ទៅ​បងប្អូន​នៅ​ស្រុក​ខ្មែរ​ផង​ថា យើង​នៅ​ឆ្ងាយ​មែន ប៉ុន្តែ​យើង​នៅតែ​មាន​ចិត្ត​កាន់​សាសនា និង​ប្រពៃណី​របស់​យើង​ជា​ដរាប​អ៊ីចឹង​ដែរ​បាទ!»

សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ឯ​នាយ​សមុទ្រ​ទាំង​នេះ របរ​រក​ស៊ី និង​ការងារ​សំរាប់​ចិញ្ចឹម​របស់​ពួក​គេ​មាន​ភាព​រវល់​មមាញឹក​ខ្លាំង​ណាស់។ លុះដល់​រដូវ​បុណ្យទាន​បែប​នេះ​ម្តងៗ ក្រៅ​តែ​ពី​ខិតខំ​សម្រិតសម្រាំង​បញ្ចេញ​ស្នាដៃ​រៀងៗ​ខ្លួន ធ្វើ​ម្ហូប​នំចំណី​មក​ប្រគេន​ដល់​ព្រះសង្ឃ និង​ចែក​គ្នា​បរិភោគ​ជា​លក្ខណៈ​សាមគ្គី​ផង​នោះ  វា​ក៏​ជា​ឱកាស​សំរាប់​ជួបជុំ ជជែក​សំណេះសំណាល​គ្នា​ពី​នេះ​ពី​នោះ​ផង​ដែរ។

​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ដែល​ប្រជុំ​ដោយ​រដ្ឋ​វឺជីនៀ (Virginia) និង​រដ្ឋ​មែរីលែន (Maryland) មាន​ពលរដ្ឋ​ខ្មែរ​ជាង ១​ម៉ឺន​នាក់​កំពុង​រស់​នៅ ហើយ​មាន​វត្ត​អារាម​ចំនួន​បី​សំរាប់​ពុទ្ធ​បរិស័ទ​ទៅ​គោរព​ប្រតិបត្តិ​សាសនា។

ក្រៅ​ពី​មនុស្ស​ចាស់ៗ កំលោះ ក្រមុំ កុមារា កុមារី ដែល​អ្នក​ខ្លះ​កើត​ក្នុង​សហរដ្ឋអាមេរិក ក៏​មាន​អ្នក​ខ្លះ​ទៀត​ជា​អ្នក​ចំណាក​ស្រុក​ពី​កម្ពុជា មក​រស់​នៅ​កសាង​សង្គម​គ្រួសារ​ថ្មី​នៅ​ទី​នេះ​ដែរ។ ពួកគេ​បាន​យក​វត្ត​អារាម​ជា​មជ្ឈមណ្ឌល​ដើម្បី​បណ្តុះ​វប្បធម៌​ខ្មែរ ហើយ​ឆ្លៀត​បង្រៀន រៀន​អំពី​អក្សរសាស្ត្រ សិល្បៈ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ថែម​ទៀត។

ក្នុង​ខណៈ​ជួបជុំ​ក្រុម​គ្រួសារ​និង​នាំ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ទី​៦ នៅ​វត្ត​វូដប្រីដជ៍ នេះ​ដែរ អ្នកស្រី ស៊ូ ដួង មាន​ប្រសាសន៍​ទាំង​ទឹក​មុខ​ញញឹម​រីករាយ​ថា អ្នកស្រី​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ឃើញ​កូន​ចៅ​របស់​អ្នកស្រី​យក​ចិត្ត​ទុក​ដាក់​ចង់​ចេះ ចង់​ដឹង​អំពី​វិស័យ​ព្រះពុទ្ធ​សាសនា៖ «ចាស! ពេល​ដែល​កូន​នាង​ខ្ញុំ ហើយ​និង​ក្មួយៗ​ទាំង​អស់​ដែល​បាន​មក​វត្ត​នេះ គឺ​អ្នក​ទាំង​អស់​គ្នា​ចូល​ចិត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ។ ដូច្នេះ​ពួកគេ​ទាំង​អស់​គ្នា​ហ្នឹង​មិន​ដែល​ទៅ​ព្រះវិហារ​សាសនា​គ្រិស្ត​នោះ​ទេ ពីព្រោះ​ពួកគេ​ស្រឡាញ់​ព្រះពុទ្ធ​សាសនា។ ជួនកាល​សួរ​ចាស់ៗ​ដែរ ហើយ​នាង​ខ្ញុំ​ក៏​ពន្យល់​ទៅ ហើយក៏​យក​ចិត្ត​ទុក​ដាក់​សំពះ​លោក។ ថ្ងៃ​នេះ​បង​ប្អូន​នាង​ខ្ញុំ​ធ្វើ​ម្ហូប​ម្នាក់​មួយ​មុខៗ​មក ហើយ​បងប្អូន​នាង​ខ្ញុំ​ប្រាប់​ថា នេះ​ជា​សាសនា​របស់​ខ្មែរ​យើង គឺ​យើង​អាច​ដាក់​ទាន​ដល់​ពលរដ្ឋ​ណា​ដែល​អត់​ធ្វើ​ម្ហូប​យក​មក ហើយ​ពួកគេ​ក៏​យល់​ដែរ»

ជាង​នេះ​ទៅ​ទៀត ព្រះតេជព្រះគុណ ពៅ សាយ ដែល​កំពុង​គង់​ចាំ​វស្សា​នៅ​វត្ត​ពុទ្ធជ័យមង្គល​នេះ មាន​សង្ឃដីកា​ថា នៅ​ខែ​មន្ត​សន្ត​រដូវ​ក្នុង​សហរដ្ឋអាមេរិក និង​នៅ​ស្រុក​ខ្មែរ គឺ​មាន​ការ​គោរព​ដូច​គ្នា ការ​បួងសួង ការ​ឧទ្ទិស​កុសល និង​ការ​គោរព​ជំនឿ​សាសនា​ដូច​គ្នា៖ «បើតាម​អាត្មា​មើលទៅ​ខ្មែរ​យើង​ទៅ​រស់​ទី​ណា មិន​ចោល​ទេ​ព្រះពុទ្ធ​សាសនា ជួបជុំគ្នា​មក​ធ្វើបុណ្យ​កាន់​បិណ្ឌ​ហ្នឹង។ បិណ្ឌ​មាន ១៥​វេន ហើយ​ឥឡូវ​នេះ គឺ​ជា​វេន​ទី​៦ អ៊ីចឹង​ហើយ​ពុទ្ធបរិស័ទ​នាំ​គ្នា​មក​កាន់​បិណ្ឌ​ដាក់​វេន​ដូច​ស្រុក​ខ្មែរ​យើង​អ៊ីចឹង។ គឺ​មាន​ចង្ហាន់​បរិបូណ៌​សព្វ​បែប​យ៉ាង​ទាំង​អស់​ហ្នឹង។ ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​ផង ហើយ​ពុទ្ធ​បរិស័ទ​មក​ធ្វើ​បុណ្យ​តាម​ព្រះពុទ្ធ​សាសនា។ ខែ​នេះ​ជា​មន្ត​សន្ត​រដូវ ដូច្នេះ​ខ្មែរ​យើង​មិន​ចោល​ទេ​ខាង​ជំនឿ​សាសនា​នោះ»

រដូវ​ភ្ជុំបិណ្ឌ​ដែលជា​ប្រពៃណី​ទំនៀម​ទំលាប់​ដ៏​ចំណាស់​របស់​ខ្មែរ​នេះ តែង​ប្រារព្ធ​ធ្វើ​ឡើង​ពី​ថ្ងៃ ១​រោច ខែ​ភទ្របទ ដល់​ថ្ងៃ ១៥​រោច ដាច់​ខែភទ្របទ គឺ​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។

អ្នកស្រី ទេព ស្រីពៅ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​វត្ត​អារាម​នៅ​សហរដ្ឋអាមេរិក​មាន​លក្ខណៈ​តូច​ជាង​នៅ​ស្រុក​ខ្មែរ​មែន ប៉ុន្តែ​ការ​ចូល​រួម​របស់​ពុទ្ធ​បរិស័ទ​ពោរ​ពេញ​ទៅ​ដោយ​សាមគ្គីភាព និង​ការ​ចែក​រំលែក៖ «ការ​ធ្វើ​បុណ្យទាន​ជា​ទូទៅ​មាន​លក្ខណៈ​ដូច​តែ​គ្នា​ទេ រវាង​ស្រុក​ខ្មែរ​និង​នៅ​ទី​នេះ។ គ្រាន់តែ​ថា នៅ​ស្រុក​ខ្មែរ​មាន​វត្ត​ធំៗ មាន​លោក​ច្រើន​អង្គ ហើយ​យើង​នៅ​ទី​នេះ​មាន​លក្ខណៈ​តូច​ជាង តែ​យើង​មាន​លោក​សូត្រមន្ត​អី​ហ្នឹង​គឺ​ដូច​គ្នា​ទេ។ យើង​ប្រគេន​ចង្ហាន់​លោក​យើង​រាប់​បាត្រ។ និយាយ​រួម​ទៅ​ពិធី​ដែល​យើង​ប្រារព្ធ​ក្នុង​វិស័យ​ពុទ្ធ​សាសនា​យើង​ហ្នឹង គឺ​មាន​លក្ខណៈ​ដូច​គ្នា។ ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជាជន​នៅ​ទី​នេះ​មាន​លក្ខណៈ​សាមគ្គី​គ្នា​ខ្លាំង​ណាស់។ ដូច​ថា យើង​ធ្វើ​ម្ហូប​យក​មក​ប្រគេន​លោក​ហើយ មួយ​ចំនួន​ទៀត​យើង​ចែកចាយ​គ្នា​ញ៉ាំ អ៊ីចឹង​គឺ​មាន​លក្ខណៈ​ល្អ»

​ចង្ហាន់​ដែល​ពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក​ធ្វើ​យក​ទៅ​វត្ត​សម្បូរ​ហូរហៀរ​ក៏​ពិត​មែន ក៏ប៉ុន្តែ​ចង្ហាន់​ទាំង​នោះ​មិនសូវ​ឃើញ​គេ​បោះ​ចោល​ចូល​ធុង​សំរាម​ខ្ជះខ្ជាយ​ដូច​នៅ​តាម​អារាម​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ស្ថិត​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នោះ​ឡើយ។ នៅ​ទី​នេះ ក្រៅ​ពី​ពុទ្ធបរិស័ទ​ទទួល​ទាន​ចង្ហាន់​ដែល​សល់​ពី​ប្រគេន​ព្រះសង្ឃ​ហើយ អ្នក​ខ្លះ​វេច​ខ្ចប់​ម្ហូប​ទាំង​នោះ​យក​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ដើម្បី​ទុក​បរិភោគ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល