ទោះបីរស់នៅទីណាក៏ដោយ ពលរដ្ឋខ្មែរតែងគោរពប្រតិបត្តិជំនឿសាសនាប្រពៃណីវប្បធម៌ និងទំនៀមទម្លាប់របស់ខ្លួនជាប់ជានិច្ច។
ការគោរពប្រតិបត្តិនេះ ច្រើនស្ដែងចេញតាមរយៈការធ្វើនំចំណីអាហារមានក្បាច់ក្បូរតាមក្បួនខ្នាតរបស់ខ្មែរ ការស្លៀកពាក់ជាលក្ខណៈខ្មែរ ការគោរពបូជាព្រះពុទ្ធសាសនា និងការបន្សល់ទុកនូវមរតកវប្បធម៌ខ្មែរដល់មនុស្សជំនាន់ក្រោយជាដើម។
បើទោះបីជាមានការងាររវល់មមាញឹកប៉ុណ្ណាក៏ដោយ ពលរដ្ឋខ្មែរប្រមាណ ១០០នាក់បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃតាំងពីព្រលឹមនៅក្នុងថ្ងៃកាន់បិណ្ឌវេន ៦ នាទីក្រុងវូដប្រីដជ៍ (Woodbridge) នៃរដ្ឋវឺជីនៀ (Virginia) ក្នុងអារាមដ៏តូចមួយលើផ្ទៃដីទំហំប្រហែល ២ហិកតារ ឈ្មោះ វត្តពុទ្ធជ័យមង្គល ឬហៅថាវត្ត វូដប្រីដជ៍ (Woodbridge) ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនរបស់ពួកគេដែលបានចែកឋានទៅ។
ក្នុងទឹកមុខញញឹមរីករាយ សើចក្អាកក្អាយ អ្នកស្រី មុំ សោភ័ណ្ឌ ដែលកំពុងចៀនចេក និងដំឡូង មានក្លិនឈ្ងុយឈ្ងប់គួរអោយចង់ពិសានោះ មានប្រសាសន៍ថា ទោះបីខ្មែររស់នៅចាកឆ្ងាយពីមាតុប្រទេសរបស់ខ្លួនក៏ដោយ ក៏ពួកគេភាគច្រើននៅតែចងចាំអំពីរបៀបធ្វើនុំនែក ម្ហូបចំណីអាហារតាមទំនៀមទំលាប់របស់ខ្លួនដើម្បីចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬព្រឹត្តិការណ៍ប្រពៃណីផ្សេងៗ។
អ្នកស្រី មុំ សោភ័ណ្ឌ៖ «ចេះវេចនំបត់ និងនំគម ហើយនំអន្សមចេក។ នៅទីនេះមានលក់ស្លឹកចេកទាំងអស់នៅតាមហាងលក់ទំនិញរបស់ខ្មែរ និងថៃ ហើយកូរ៉េ ឥឡូវក៏មានដែរ ប្រដាប់ប្រដាវេចនំហ្នឹង។ ស្លឹកចេកជាស្លឹកស្រស់ដែលគេដាក់ឲ្យកកក្នុងទូទឹកកក។ ពេលយើងបញ្ចេញពីទូទឹកកកមកទុកឲ្យវារលាយទឹកកកឲ្យអស់សិនទើបយើងអាចវេចនំបាន។ ឥឡូវនេះយើងកំពុងចៀនចេក។ វត្តវូដប្រីដជ៍នេះឲ្យតែមានពិធីបុណ្យអី គឺចៀនចេក»។
នំចំណីរបស់ខ្មែរពីបូរាណមកមាននំអន្សមចេក អន្សមជ្រូក អន្សមខ្នុរ នំគម នំបត់ នំជៀល នំស្លឹកស្រស់អាកោត្នោត អាកោខ្ទិះ នំកង នំក្រូច និងបង្អែមខ្មែរជាច្រើនប្រភេទទៀត។

ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ភាគច្រើននៅចងចាំអំពីរបៀបធ្វើនំទាំងអស់នេះបាន ប៉ុន្តែពួកគេមានការលំបាកបន្តិចក្នុងការរកគ្រឿងផ្សំសម្រាប់ធ្វើនំនៅទីនេះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែឃើញនំខ្មែរជាច្រើនប្រភេទត្រូវបានគេធ្វើយកទៅវត្តជាញឹកញាប់។
នំដែលគេមិនអាចខ្វះបាននៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឬបុណ្យភ្ជុំបិណ្ឌម្តងៗនោះ គឺនំអន្សម នំគម និងនំបត់ ហើយដែលនំទាំងនេះតែងត្រូវបានពលរដ្ឋខ្មែរធ្វើយកទៅវត្តមិនដែលខានដើម្បី ឧទិ្ទសកុសលដែលបានស្លាប់ទៅ។
ព្រះភិក្ខុ ស្រី ទិត្យ ដែលជាព្រះចៅអធិការវត្តខេមរារាម ហៅវត្តលិកស៊ីងតុន (Lexington) ក្នុងរដ្ឋណ័រ ឃែរ៉ូឡាយណា (North Carolina) ឯណោះវិញ មានសង្ឃដីកាតាមទូរស័ព្ទថា ការធ្វើនំអន្សម នំគម នំបត់ យកទៅវត្តនៅរដូវភ្ជុំបិណ្ឌ ទី១ គឺដើម្បីបូជាដល់ពពួកប្រេតផង ទី២ ដើម្បីបង្ហាញអំពីសាមគ្គីភាពផង និងទី៣ គឺដើម្បីទុកឲ្យព្រះសង្ឃអាចឆាន់បានយូររហូតដល់ទៅចេញវស្សា។
ព្រះភិក្ខុ ស្រី ទិត្យ៖ «ធ្វើនំអន្សម នំបត់ នំគម ហឹ្នងគឺដើម្បីបោះទៅឲ្យពពួកសត្វប្រេត ពួកអីអ៊ីចឹងទៅ។ គេធ្វើរបស់ហ្នឹងសម្រាប់ទុកបានយូរ។ លោកអាចទុកឲ្យនំទាំងនោះបានយូរដូចជាអន្សមអីហ្នឹង គេយកទៅឆ្អើដើម្បីទុកឆាន់រហូតដល់ចេញវស្សា ហើយបើតាមការអានសៀវភៅ ការធ្វើនំអន្សម នំបត់ នំគមអីនេះ គឺដើម្បីចង់បង្ហាញអំពីសាមគ្គីភាពដែលស្អិតល្មួតដូចអង្ករដំណើបអ៊ីចឹងដែរ»។
សុភាសិតខែ្មរមួយពោលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កំថ្កើង»។ ហេតុដូច្នេះហើយបានជាពលរដ្ឋភាគច្រើន ទោះរស់នៅឆ្ងាយចាកស្រុកកំណើតរបស់ខ្លួនក៏ដោយ ក៏ពួកគេនៅតែរក្សាមរតកវប្បធម៌របស់ខ្លួននេះជានិច្ច។
លោក អំ ស៊ួសស៊ុន ហៅ ជួន សុផល បានប្រាប់វិទ្យុអាស៊ីសេរីថា ក្រៅពីរូបលោកខិតខំអភិរក្សប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ លោកក៏បានបង្ហាត់បង្រៀនកូនៗរបស់លោកដើម្បីបន្តវេនរក្សាវប្បធម៌ខ្មែរដ៏ប្រពៃនេះទៅថ្ងៃអនាគតទៀត៖ «ហើយសូមផ្តាំទៅបងប្អូននៅស្រុកខ្មែរផងថា យើងនៅឆ្ងាយមែន ប៉ុន្តែយើងនៅតែមានចិត្តកាន់សាសនា និងប្រពៃណីរបស់យើងជាដរាបអ៊ីចឹងដែរបាទ!»។
សម្រាប់ពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រទាំងនេះ របររកស៊ី និងការងារសំរាប់ចិញ្ចឹមរបស់ពួកគេមានភាពរវល់មមាញឹកខ្លាំងណាស់។ លុះដល់រដូវបុណ្យទានបែបនេះម្តងៗ ក្រៅតែពីខិតខំសម្រិតសម្រាំងបញ្ចេញស្នាដៃរៀងៗខ្លួន ធ្វើម្ហូបនំចំណីមកប្រគេនដល់ព្រះសង្ឃ និងចែកគ្នាបរិភោគជាលក្ខណៈសាមគ្គីផងនោះ វាក៏ជាឱកាសសំរាប់ជួបជុំ ជជែកសំណេះសំណាលគ្នាពីនេះពីនោះផងដែរ។
ក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន (Washington) ដែលប្រជុំដោយរដ្ឋវឺជីនៀ (Virginia) និងរដ្ឋមែរីលែន (Maryland) មានពលរដ្ឋខ្មែរជាង ១ម៉ឺននាក់កំពុងរស់នៅ ហើយមានវត្តអារាមចំនួនបីសំរាប់ពុទ្ធបរិស័ទទៅគោរពប្រតិបត្តិសាសនា។
ក្រៅពីមនុស្សចាស់ៗ កំលោះ ក្រមុំ កុមារា កុមារី ដែលអ្នកខ្លះកើតក្នុងសហរដ្ឋអាមេរិក ក៏មានអ្នកខ្លះទៀតជាអ្នកចំណាកស្រុកពីកម្ពុជា មករស់នៅកសាងសង្គមគ្រួសារថ្មីនៅទីនេះដែរ។ ពួកគេបានយកវត្តអារាមជាមជ្ឈមណ្ឌលដើម្បីបណ្តុះវប្បធម៌ខ្មែរ ហើយឆ្លៀតបង្រៀន រៀនអំពីអក្សរសាស្ត្រ សិល្បៈ និងប្រវត្តិសាស្ត្រខ្មែរថែមទៀត។
ក្នុងខណៈជួបជុំក្រុមគ្រួសារនិងនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃកាន់បិណ្ឌទី៦ នៅវត្តវូដប្រីដជ៍ នេះដែរ អ្នកស្រី ស៊ូ ដួង មានប្រសាសន៍ទាំងទឹកមុខញញឹមរីករាយថា អ្នកស្រីសប្បាយចិត្តនៅពេលដែលឃើញកូនចៅរបស់អ្នកស្រីយកចិត្តទុកដាក់ចង់ចេះ ចង់ដឹងអំពីវិស័យព្រះពុទ្ធសាសនា៖ «ចាស! ពេលដែលកូននាងខ្ញុំ ហើយនិងក្មួយៗទាំងអស់ដែលបានមកវត្តនេះ គឺអ្នកទាំងអស់គ្នាចូលចិត្តព្រះពុទ្ធសាសនាខ្មែរ។ ដូច្នេះពួកគេទាំងអស់គ្នាហ្នឹងមិនដែលទៅព្រះវិហារសាសនាគ្រិស្តនោះទេ ពីព្រោះពួកគេស្រឡាញ់ព្រះពុទ្ធសាសនា។ ជួនកាលសួរចាស់ៗដែរ ហើយនាងខ្ញុំក៏ពន្យល់ទៅ ហើយក៏យកចិត្តទុកដាក់សំពះលោក។ ថ្ងៃនេះបងប្អូននាងខ្ញុំធ្វើម្ហូបម្នាក់មួយមុខៗមក ហើយបងប្អូននាងខ្ញុំប្រាប់ថា នេះជាសាសនារបស់ខ្មែរយើង គឺយើងអាចដាក់ទានដល់ពលរដ្ឋណាដែលអត់ធ្វើម្ហូបយកមក ហើយពួកគេក៏យល់ដែរ»។
ជាងនេះទៅទៀត ព្រះតេជព្រះគុណ ពៅ សាយ ដែលកំពុងគង់ចាំវស្សានៅវត្តពុទ្ធជ័យមង្គលនេះ មានសង្ឃដីកាថា នៅខែមន្តសន្តរដូវក្នុងសហរដ្ឋអាមេរិក និងនៅស្រុកខ្មែរ គឺមានការគោរពដូចគ្នា ការបួងសួង ការឧទ្ទិសកុសល និងការគោរពជំនឿសាសនាដូចគ្នា៖ «បើតាមអាត្មាមើលទៅខ្មែរយើងទៅរស់ទីណា មិនចោលទេព្រះពុទ្ធសាសនា ជួបជុំគ្នាមកធ្វើបុណ្យកាន់បិណ្ឌហ្នឹង។ បិណ្ឌមាន ១៥វេន ហើយឥឡូវនេះ គឺជាវេនទី៦ អ៊ីចឹងហើយពុទ្ធបរិស័ទនាំគ្នាមកកាន់បិណ្ឌដាក់វេនដូចស្រុកខ្មែរយើងអ៊ីចឹង។ គឺមានចង្ហាន់បរិបូណ៌សព្វបែបយ៉ាងទាំងអស់ហ្នឹង។ ថ្ងៃនេះជាថ្ងៃអាទិត្យផង ហើយពុទ្ធបរិស័ទមកធ្វើបុណ្យតាមព្រះពុទ្ធសាសនា។ ខែនេះជាមន្តសន្តរដូវ ដូច្នេះខ្មែរយើងមិនចោលទេខាងជំនឿសាសនានោះ»។
រដូវភ្ជុំបិណ្ឌដែលជាប្រពៃណីទំនៀមទំលាប់ដ៏ចំណាស់របស់ខ្មែរនេះ តែងប្រារព្ធធ្វើឡើងពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ដាច់ខែភទ្របទ គឺពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា។
អ្នកស្រី ទេព ស្រីពៅ មានប្រសាសន៍ថា បើទោះបីជាវត្តអារាមនៅសហរដ្ឋអាមេរិកមានលក្ខណៈតូចជាងនៅស្រុកខ្មែរមែន ប៉ុន្តែការចូលរួមរបស់ពុទ្ធបរិស័ទពោរពេញទៅដោយសាមគ្គីភាព និងការចែករំលែក៖ «ការធ្វើបុណ្យទានជាទូទៅមានលក្ខណៈដូចតែគ្នាទេ រវាងស្រុកខ្មែរនិងនៅទីនេះ។ គ្រាន់តែថា នៅស្រុកខ្មែរមានវត្តធំៗ មានលោកច្រើនអង្គ ហើយយើងនៅទីនេះមានលក្ខណៈតូចជាង តែយើងមានលោកសូត្រមន្តអីហ្នឹងគឺដូចគ្នាទេ។ យើងប្រគេនចង្ហាន់លោកយើងរាប់បាត្រ។ និយាយរួមទៅពិធីដែលយើងប្រារព្ធក្នុងវិស័យពុទ្ធសាសនាយើងហ្នឹង គឺមានលក្ខណៈដូចគ្នា។ ខ្ញុំសង្កេតឃើញថា ប្រជាជននៅទីនេះមានលក្ខណៈសាមគ្គីគ្នាខ្លាំងណាស់។ ដូចថា យើងធ្វើម្ហូបយកមកប្រគេនលោកហើយ មួយចំនួនទៀតយើងចែកចាយគ្នាញ៉ាំ អ៊ីចឹងគឺមានលក្ខណៈល្អ»។
ចង្ហាន់ដែលពលរដ្ឋនៅសហរដ្ឋអាមេរិកធ្វើយកទៅវត្តសម្បូរហូរហៀរក៏ពិតមែន ក៏ប៉ុន្តែចង្ហាន់ទាំងនោះមិនសូវឃើញគេបោះចោលចូលធុងសំរាមខ្ជះខ្ជាយដូចនៅតាមអារាមមួយចំនួនក្នុងប្រទេសកម្ពុជា ដែលជាប្រទេសស្ថិតក្រោមបន្ទាត់នៃភាពក្រីក្រនោះឡើយ។ នៅទីនេះ ក្រៅពីពុទ្ធបរិស័ទទទួលទានចង្ហាន់ដែលសល់ពីប្រគេនព្រះសង្ឃហើយ អ្នកខ្លះវេចខ្ចប់ម្ហូបទាំងនោះយកទៅផ្ទះរៀងៗខ្លួនដើម្បីទុកបរិភោគនៅថ្ងៃបន្តបន្ទាប់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។