អ្នក​ភូមិ​ចោទ​បុគ្គលិក​ក្រុមហ៊ុន​ភាពីម៉ិច​ថា​ប្រើ​អំពើ​ហិង្សា

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចំនួន ៣​នាក់ បាន​ចោទ​ប្រកាន់​បុគ្គលិក​ក្រុមហ៊ុន​ភាពីម៉ិច​ថា បាន​ចាប់ចង និង​ធ្វើការ​វាយ​ដំ​លើ​រាងកាយ​ពួកគាត់​យ៉ាង​ដំណំ ដោយ​ចោទ​ប្រកាន់​ថា ប្រជាពលរដ្ឋ​ទាំង ៣​រូប​នេះ បាន​បំពាន​លើ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន។
ដោយ មណ្ឌលកែវ
2010.12.31

អ្នក​ភូមិ​ចំនួន ៣​នាក់ បាន​រង​ការ​ចាប់​ចង និង​វាយ​ដំ​យ៉ាង​ដំណំ​ពី​មន្ត្រី និង​អ្នក​យាម​ការពារ​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ធ្នូ បន្ទាប់​ពី​គាត់​បាន​អារ​រំលំ​ឈើ​ច្បោះ​មួយ​ដើម​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ដើម​រៀង​មក។

ប្រជាពលរដ្ឋ​រង​គ្រោះ​ឈ្មោះ ធួង ថន ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​កោះ​រំដួល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ថា គាត់​ត្រូវ​បាន​មន្ត្រី​ក្រុមហ៊ុន​ភាពីម៉ិច ចំនួន ៣​នាក់ ដែល​ក្នុង​នោះ​មាន​ម្នាក់​ជា​ជន​ជាតិ​ចិន បាន​ព្រួត​គ្នា​វាយ​ដំ​គាត់​នៅ​ពេល​ដែល​គាត់​បាន​បើក​គោយន្ត​ដឹក​ឈើ ដែល​គាត់​កាប់​ពី​ក្នុង​ព្រៃ​ដើម្បី​យក​ទៅ​ធ្វើ​ផ្ទះ។

គាត់​បញ្ជាក់​ពី​សកម្មភាព​ដែល​មន្ត្រី​ក្រុមហ៊ុន​ភាពីម៉ិច បាន​ប្រព្រឹត្ត​មក​លើ​គាត់​នោះ​ថា ៖ «វា​សង្កត់​ខ្ញុំ​ទាំង ៣​នាក់​ហ្នឹង ញី​ទៅ​ហ្នឹង​ដី រួច​វា​ឲ្យ​ខ្ញុំ​ងើប​ឈរ​ឡើង ហើយ​អា​មួយ​ចិន​នោះ វា​ច្របាច់​ក​ខ្ញុំ​ផ្ងើយ​ទៅ​លើ រួច​វា​ឲ្យ​ខ្មែរ ២​នាក់​នោះ​ស្រាយ​ក្រមា​ពី​ចង្កេះ​មក​ចង​រឹត​ក​ខ្ញុំ​ចង់​ផុត​ដង្ហើម។ មិន​អស់​ចិត្ត​ទៀត វា​យក​ខ្សែ​គោ​ចង​ពី​លើ​មួយ​ជាន់​ទៀត ខ្ញុំ​ភ័យ​មែន​ទែន»

ចំណែក​ប្រជាពលរដ្ឋ​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ភិក ធាន រៀបរាប់​ពី​សកម្មភាព​ដែល​មន្ត្រី​ក្រុមហ៊ុន​ភាពីម៉ិច បាន​ប្រព្រឹត្ត​មក​លើ​គាត់ និង​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ លីន ស៊ីណា ដែល​កំពុង​កាប់​ឈើ​នោះ​ថា ៖ «ខ្ញុំ​ទៅ​កាប់​ដើម​រណ្ដៅ​ជ័រ... ខ្ញុំ​យក​មក​ធ្វើ​ផ្ទះ​ហ្នឹង​ណា!។ វា​ទៅ​ដល់​វា​អត់​មាន​សួរ​នាំ​អី​ទាំង​អស់ វា​ចាប់​វ៉ៃ​តែម្តង ម្នាក់​ទៀត​ដែល​ទៅ​ជាមួយ​ខ្ញុំ​នោះ​វា​យក​ខ្សែ​គោ​ទៅ​ចង​ស្លាប​សេក​រួច​វាយ»

ប្រជាពលរដ្ឋ​ទាំង ៣​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​បាន​វាយ​ដំ​ពួក​គាត់​អស់​ចិត្ត​ហើយ គេ​ក៏​ទូរស័ព្ទ​ហៅ​កម្លាំង​ប៉េអឹម ឲ្យ​មក​នាំ​ខ្លួន​ពួក​គាត់​ទៅ​កាន់​ការដ្ឋាន​ធំ​របស់​ក្រុមហ៊ុន​ដែល​នៅ​ទីនោះ មាន​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​នៅ​យាម​ការពារ​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន ហើយ​បន្ទាប់​មក​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ដែន​ដី​ជួយ​ធ្វើ​អន្តរាគមន៍ ទើប​ក្រុមហ៊ុន​ព្រម​ដោះលែង​ពួកគាត់​នៅ​វេលា​ម៉ោង​ប្រមាណ ៩ និង ៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ភាពីម៉ិច គឺ​លោក ទី គឹមតុក បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ ដោយ​ទូរស័ព្ទ​លោក​រោទ៍ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។

មេ​ឃុំ​អន្សាចំបក់ លោក ឡាញ់ ស៊ីធន មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​លម្អិត​អំពី​មូលហេតុ​នៃ​ការ​ចាប់​ចង​វាយ​ដំ​នេះ​ទេ លោក​ជំរុញ​ឲ្យ​សួរ​ទៅ​អាជ្ញាធរ​ប៉ូលិស ៖ «រឿង​នេះ​ប៉ូលិស​គេ​យក​ទៅ​អង្កេត​ការ។ លោក​ទាក់ទង​ទៅ​ខាង​ប៉ូលិស ព្រោះ​បញ្ហា​វាយ​ដំ​អី​ហ្នឹង​គឺ​ខាង​ប៉ូលិស​គេ​ត្រូវ​ធ្វើ​កំណត់​ហេតុ»

អធិការ​នគរបាល​ស្រុក​ក្រគរ លោក លែន សុង មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ពាក្យ​ចំពោះ​បញ្ហា​នេះ​ពី​ប្រជាពលរដ្ឋ​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អេង ឈុនហាន  មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ទៅ​ធ្វើការ​អង្កេត​ករណី​នេះ​នៅ​ឡើយ។ លោក​ថា ប្រសិន​បើ​ការ​រៀបរាប់​របស់​អ្នក​ភូមិ​ជា​ការ​ពិត​នោះ អំពើ​ប្រព្រឹត្ត​របស់​មន្ត្រី​ក្រុមហ៊ុន​គឺ​ជា​អំពើ​ខុស​ច្បាប់ ដែល​អ្នក​ប្រព្រឹត្ត​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។