នាយក​រដ្ឋមន្ត្រី​ពេញ​ចិត្ត​នឹង​បច្ចេកវិជ្ជា​នៃ​ការ​ប្រជុំ​តាម​ម៉ាស៊ីន​វីដេអូ

នាយរដ្ឋមន្ត្រី​ខ្មែរ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​បច្ចេកវិជ្ជា​ទំនើប​ទាន់​សម័យ​នៅ​ក្នុង​ការ​ជួប​ប្រជុំ​ការងារ​ជាមួយ​មន្ត្រី​តាម​បណ្តា​ខែត្រ​តាម​រយៈ​ម៉ាស៊ីន​វីដេអូ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ថ្មីៗ​នេះ បាន​ជួប​ប្រជុំ​ការងារ​ពី​ចម្ងាយ​តាមរយៈ​វីដេអូ​ជាមួយ​មន្ត្រី​ចៅហ្វាយ​ខែត្រ​ទាំង​២៣ ដោយ​លោក​ចាត់​ទុក​ថា នេះ​ជា​ជោគជ័យ​មួយ​ក្នុង​ការ​ទំនាក់​ទំនង​ការងារ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចេញ​ផ្សាយ​ចុង​សប្តាហ៍​នេះ ស្រង់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​វីដេអូ​សម្រាប់​ប្រជុំ​ដែល​អាច​មើល​គ្នា​ឃើញ​ពី​ចម្ងាយ​នោះ អាច​កាត់​បន្ថយ​ការ​ចំណាយ​និង​ធ្វើ​កិច្ចការ​បាន​លឿន ពីព្រោះ​មិន​ចាំ​បាច់​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ និង​មាន​ប្រយោជន៍​សម្រាប់​កត្តា​សន្តិសុខ​ផង​ដែរ។

បច្ចុប្បន្ន ប្រព័ន្ធ​វីដេអូ​នេះ មាន​រួច​ជា​ស្រេច​នៅ​តាម​ទីរួម​ខេត្ត​ទាំង​២៣ ដែល​លោក​នាយក​រដ្ឋមន្ត្រី​អាច​ទាក់ទង​បាន​ពី​គេហដ្ឋាន​របស់​លោក​បាន។

លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ដំឡើង​បច្ចេកវិជ្ជា​ទំនើប​នេះ​នៅ​តាម​បណ្តា​ស្រុក​ផង​ដែរ។

មាន​ប្រសាសន៍​នៅ​ខែត្រ​ឧត្តរ​មានជ័យ​នា​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​ដំឡើង​ប្រព័ន្ធ​វីដេអូ​ទំនើប​នេះ នៅ​ឯ​សេនាធិការ​យោធា​ទាំង​អស់​នៅ​តាម​តំបន់​សម្រាប់​ប្រើប្រាស់​បញ្ជា​កងទ័ព។

លោក​ថា មក​ដល់​ពេល​នេះ ក្រុមហ៊ុន Viettel ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​គ្រប់គ្រង​ដោយ​យោធា​វៀតណាម បាន​ដំឡើង​ខេប៊ល​ចំនួន​ប្រាំ​ពាន់ (៥០០០) គីឡូ Fiber Optic ដាក់​ពាសពេញ​ប្រទេស​រួច​ទៅ​ហើយ។ លោក​បន្ថែម​ថា ក្រុមហ៊ុន Viettel នឹង​ដំឡើង​ប្រាំ​ពាន់ ទៅ​ប្រាំ​បី​ពាន់​គីឡូ​ទៀត​នៅ​ថ្ងៃ​អនាគត៕