សមត្ថកិច្ច​ដោះលែង​អ្នក​បឹង​កក់​ម្នាក់​ដែល​ប្រមូល​ស្នាម​មេដៃ​គាំទ្រ ម៉ម សូណង់ដូ

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បាន​ដោះលែង​អ្នក​បឹង​កក់​ម្នាក់​វិញ​ហើយ បន្ទាប់​ពី​បុរស​រូប​នោះ​យល់​ព្រម​ចុះ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ ក្នុង​តំបន់​បឹង​កក់ ដើម្បី​គាំទ្រ​អោយ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ តទៅ​ទៀត។

0:00 / 0:00

លោក ជ័យ ឡាយ មាន​វ័យ​៧៥​ឆ្នាំ ជា​អ្នក​ភូមិ​២០ ក្នុង​តំបន់​បឹង​កក់ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​យល់​ព្រម​ដោះ​លែង​លោក បន្ទាប់​ពី​លោក​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ច្បាប់ នៅ​ចំពោះ​មុខ​សមត្ថកិច្ច។ លោក ជ័យ ឡាយ បន្ត​ថា នោះ​គឺ​ជា​ការ​សន្យា​ឈប់​បន្ត​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ៖ «ចាប់​ខ្ញុំ​ម៉ោង​៥ ទល់​គ្នា​ម៉ោង​៨​កន្លះ គេ​អោយ​មក​ផ្ទះ​វិញ។ អត់​ធ្វើ​បាន​អី​ខ្ញុំ​ដែរ អត់​អី​ទេ គេ​គ្រាន់​តែ​អោយ​ខ្ញុំ​ធ្វើ​កិច្ច​សន្យា​ជាមួយ​គេ​ថា កុំ​អោយ​ជួយ​ផ្ដិត​មេដៃ​តទៅ​ទៀត។ គេ​ថា លោក ម៉ម សូណង់ដូ​ ធ្វើ​អបគមន៍​ទេ»

លោក ជ័យ ឡាយ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ដូន​ពេញ​ចាប់​ខ្លួន នៅ​តំបន់​បឹង​កក់ កាល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​កក្កដា និង​ត្រូវ​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​នេះ។ លោក ជ័យ ឡាយ អះ​អាង​ថា នៅ​គ្រា​ដែល​លោក​ត្រូវ​ចាប់​ខ្លួន​នោះ លោក​បាន​ប្រមូល​បាន​ជាង​២០០​ស្នាម​មេដៃ​ពលរដ្ឋ​រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។