បន្ទាប់ពីការចាប់ខ្លួននោះ ស្ថាប័នតុលាការបានសម្រេចកាត់ក្តីជនជាប់ចោទភ្លាមៗ ដោយធ្វើការផ្ដន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។
ចៅក្រមតុលាការខេត្តមណ្ឌលគិរី បានបើកសវនាការសម្រេចឲ្យជនជាប់ចោទជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសមួយរូប ជាប់ពន្ធនាគារ៦ខែ តែទោសនេះត្រូវព្យួរ និងរឹបអូសឈើប្រណិតប្រភេទឈើនាងនួនមួយម៉ែត្រគូប ទុកជាសម្បត្តិរដ្ឋ ហើយពិន័យជាប្រាក់គុណនឹងបីដងតម្លៃទីផ្សារសេរី នៃឈើរឹបអូស និងពិន័យជាប្រាក់៥០ម៉ឺនរៀលបន្ថែមទៀត ពីបទគ្រប់គ្រងអាវុធខុសច្បាប់។
ការចាប់ខ្លួន និងបើកសវនាការកាត់ក្តីមន្ត្រីអាវុធហត្ថនេះ ធ្វើឡើងកាលពីថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១២ បន្ទាប់ពីក្រុមសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្ត និងស្ថាប័នអយ្យកាតុលាការខេត្តមណ្ឌលគិរី បានចេញដីកាចាប់ខ្លួនមន្ត្រីអាវុធហត្ថ គឺលោក សូ ម៉ារិត។
ប្រធានក្រឡាបញ្ជីតុលាការខេត្តមណ្ឌលគិរី លោក ក្រាំង សុង មានប្រសាសន៍បញ្ជាក់ថា ដោយសារទោសដាក់ពន្ធនាគារត្រូវព្យួរ ដូច្នេះ ជនជាប់ចោទត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃចាប់ខ្លួន បន្ទាប់ពីសវនាការកាត់ក្តីបានបញ្ចប់ ហើយជនជាប់ចោទយល់ព្រមបង់ប្រាក់ពិន័យតាមការកំណត់របស់ចៅក្រមកាត់ក្តី៖ «ចៅក្រម សុវណ្ណ ច័ន្ទគ្រឹស្នា ជាមួយព្រះរាជអាជ្ញារង សោម វុទ្ធី ដាក់គុក គ្រប់គ្រងអាវុធខុសច្បាប់ រឹបអូសឈើទុកជាសម្បត្តិរដ្ឋ ហើយនិងពិន័យជាប្រាក់»។
សេចក្តីរាយការណ៍របស់មន្ត្រីបង្ក្រាបខេត្តមណ្ឌលគិរី ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ក្រុមសមត្ថកិច្ចតំបន់ជីវចម្រុះកែវសីមា បានចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តដឹកជញ្ជូនឈើប្រណិតមួយគ្រឿង ប្រភេទរថយន្តទេសចរណ៍ម៉ាកឡង់គ្រីស័រ (Land Cruiser) ផ្ទុកដោយឈើខុសច្បាប់ប្រមាណមួយម៉ែត្រគូប ជាកម្មសិទ្ធិរបស់ជនជាប់ចោទរូបនេះ រួមទាំងរកឃើញអាវុធប្រភេទអា.កា៤៧ (AK 47) មួយដើមនៅក្នុងរថយន្តនោះ។
មន្ត្រីខេត្តមណ្ឌលគិរីមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះ ឲ្យដឹងថា ជនជាប់ចោទគឺជាអតីតនាយកងរាជអាវុធហត្ថស្នាក់ការលេខ ៧៦១ ប្រចាំស្រុកកែវសីមា ប៉ុន្តែត្រូវបានប្ដូរភារកិច្ចទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ ដោយសារមន្ត្រីអាវុធហត្ថរូបនេះបានប្រព្រឹត្តខុសវិន័យកងរាជអាវុធហត្ថច្រើនករណី ដូចជាធ្វើអាជីវកម្មឈើប្រណិតខុសច្បាប់ ប្រើប្រាស់អាវុធគំរាមកំហែងប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម។
លោកបន្តថា មន្ត្រីអាវុធហត្ថនេះបានមករស់នៅស្រុកអូររាំង ជាបន្ត ហើយប្រកបរបរខុសច្បាប់ និងប្រើប្រាស់អាវុធដើម្បីគំរាមសមត្ថកិច្ចបង្ក្រាប៖ «ចាប់បានជនល្មើសម្សិលមិញ យកមកតុលាការ ឮថាដោះលែង ឬនៅឥឡូវនេះ។ សុទ្ធតែបាញ់គេបាញ់អីផង សំណុំរឿងហ្នឹងវាគរច្រើនណាស់ចាប់ហើយម៉េចក៏លែងវិញ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក សូ ម៉ារិត ដើម្បីធ្វើការអត្ថាធិប្បាយជុំវិញសេចក្តីសម្រេចរបស់ចៅក្រមតុលាការខេត្តមណ្ឌលគិរី បាននៅឡើយ។
យ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថមួយរូបមានប្រសាសន៍ថា ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅយោធិន នៃកងខេមរភូមិន្ទចែងថា មន្ត្រីយោធិនណាដែលមានកំហុស ត្រូវទទួលទណ្ឌកម្មយោធា ដោយមិនគិតពីការផ្ដន្ទាទោសតាមផ្លូវតុលាការ មានទណ្ឌកម្មខាងផ្នែកវិន័យ ដែលកំណត់ដោយបទវិន័យទូទៅក្នុងកងខេមរភូមិន្ទ ឬទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ដូចជាលុបឈ្មោះចេញពីតារាងដំឡើងឋានន្តរស័ក្ដិ ដកហូតមុខតំណែង ដោយដាក់ឲ្យនៅក្នុងស្ថានភាពអសកម្ម លប់ឈ្មោះចេញពីក្របខណ្ឌ និងការព្យួរមុខតំណែង ឬអាចនឹងទទួលទណ្ឌកម្មទាំងពីរ អាស្រ័យលើការសម្រេចរបស់ក្រុមប្រឹក្សាវិន័យរបស់កងយោធពលខេមរភូមិន្ទ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។