មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ាណែត រង​ភាព​អាម៉ាស់​នៅ​ពេល​មិន​បាន​ជួប​ពិភាក្សា​ផ្លូវការ​ទ្វេ​ភាគី​ជាមួយ​ក្រុម​មេ​ដឹកនាំ​ប្រទេស​សេរី​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន

មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត រង​ភាព​អាម៉ាស់ នៅ​ពេល​មិន​អាច​ជួប​ពិភាក្សា​ទ្វេ​ភាគី​ផ្លូវការ​ណា​មួយ ជាមួយ​បណ្ដា​មេ​ដឹកនាំ​ប្រទេស​សេរី​ធំៗ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ចំណែក​អ្នក​វិភាគ​យល់​ឃើញ​ថា ក្រុម​ប្រទេស​លោក​ខាង​លិច​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៣ កក្កដា​កន្លង​ទៅ​នេះ។

មន្ត្រី​បក្ស​ប្រឆាំង​មើល​ឃើញ​ថា វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កំពុង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ហាក់​មិន​បាន​ជួយ​លើក​កម្ពស់​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៧ កញ្ញា​ថា វា​ជា​ភាព​អាម៉ាស់​មួយ​របស់​លោក ហ៊ុន សែន ដែល​មិន​អាច​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​មេ​ដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូច​ជា​សហរដ្ឋ​អាមេរិក កាណាដា និង​អូស្ត្រាលី​ជាដើម​។ លោក​បន្ត​ថា ការណ៍​មិន​ជួប​មេ​ដឹកនាំ​ប្រទេស​សំខាន់ៗ ទាំង​នោះ ដូច្នេះ លោក ហ៊ុន ម៉ាណែត មិន​បាន​ស្វែងរក​ផល​ចំណេញ​អ្វី​ឡើយ​សម្រាប់​កម្ពុជា។

លោក អ៊ុំ សំអាន៖ «នៅ​ពេល​អត់​បាន​ជួប​ប្រទេស​លោក​សេរី​ជា​ទ្វេ​ភាគី​អ៊ីចឹង ដូច្នេះ​អត់​បាន​ផល​ចំណេញ​អី​មក​កម្ពុជា​ទេ​។ បើ​គាត់​បាន​ជួប​ជាមួយ​មេ​ដឹកនាំ​លោក​ខាង​លិច ប្រាកដ​ជា​មាន​ផល​ប្រយោជន៍​សម្រាប់​កម្ពុជា ដូច​ជា អាច​ទាក់ទាញ​អ្នក​វិនិយោគទុន ពី​លោក​ខាង​លិច​មក​វិនិយោគ​នៅ​កម្ពុជា បាន​ទទួល​ជំនួយ បាន​ទទួល​កម្ចី​សម្រាប់​កម្ពុជា​ផង​ដែរ​។ ក៏​ប៉ុន្តែ​អត់​បាន​ជួប​ទ្វេ​ភាគី​អ៊ីចឹង អត់​បាន​ផល​ប្រយោជន៍​អី​ទាំង​អស់ ដូច​ការ​ទៅ​ចូលរួម​ប្រជុំ​អាស៊ាន ដូច​ទៅ​ដើរ​លេង អត់​ប្រយោជន៍»។

ការ​លើក​ឡើង​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ ស្រប​ពេល​នៅ​ថ្ងៃ​ទី៦ និង​ថ្ងៃ​ទី៧ កញ្ញា អាស៊ាន​បើក​កិច្ច​ប្រជុំ​កំពូល​មួយ​ចំនួន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​មេ​ដឹកនាំ​ប្រទេស​ជា​ដៃ​គូ​ផ្លូវការ​របស់​ខ្លួន ដូច​ជា​កិច្ច​ប្រជុំ​កំពូល​រវាង​អាស៊ាន​ជាមួយ​ឥណ្ឌា ជប៉ុន កាណាដា កូរ៉េ​ខាង​ត្បូង អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​ចិន ស្ដី​ពី​បញ្ហា​សន្តិសុខ​ស្បៀង ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ទូលំទូលាយ កិច្ច​សហប្រតិបត្តិការ​ដែន​សមុទ្រ និង​ការ​ពង្រឹង​គោលការណ៍​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ជាដើម។

អំឡុង​ពេល​ចូលរួម​កិច្ច​ប្រជុំ​ទាំង​នោះ លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​បណ្ដា​មេ​ដឹកនាំ​ចំនួន ដូច​ជា​នាយក​រដ្ឋមន្ត្រី​ចិន នាយក​រដ្ឋមន្ត្រី​វៀតណាម ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នាយក​រដ្ឋមន្ត្រី​ជប៉ុន រួម​ទាំង​មេ​ដឹកនាំ​អាស៊ាន ប៉ុន្តែ​លោក មិន​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​មេ​ដឹកនាំ​អាមេរិក អូស្ត្រាលី និង​កាណាដា​ឡើយ​។ ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត បាន​ឆ្លៀត​ពេល​ចូលរួម​ពិធី​ជប់លៀង និង​នៅ​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន បាន​ទៅ​ជជែក​ស្វាគមន៍​ដោយ​ខ្លី​ជាមួយ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក អាន់តូនី អាល់បានីស៊ី (Anthony Albanese)។

មន្ត្រី​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន លើក​ឡើង​ថា ការ​ជួប​ជជែក​ចាប់​ដៃ​គ្នា​ដោយ​ចៃដន្យ​នោះ មិន​មាន​ន័យ​ថា បណ្ដា​មេ​ដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ ទទួល​ស្គាល់​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​របស់​កម្ពុជា​នោះ​ទេ​។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី​៧​កញ្ញា។ ប៉ុន្តែ​លោក ប៉ែន បូណា បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា អំឡុង​ពេល​ចូលរួម​កិច្ច​ប្រជុំ​នានា​នៅ​ទីក្រុង​ហ្សាកាតា លោក ហ៊ុន ម៉ាណែត បាន​ឡើង​ថ្លែង​សុន្ទរកថា​១២​លើក និង​ចូលរួម​ជំនួប​ទ្វេ​ភាគី​ចំនួន​១៣​លើក។

លោក ប៉ែន បូណា សរសើរ​លោក ហ៊ុន ម៉ាណែត ថា ជា​មេ​ដឹកនាំ​បន្ត​វេន​ប្រកប​ដោយ​សមត្ថភាព និង​ភាព​ប៉ិន​ប្រសប់ និង​ជា​តារា​ថ្មី​របស់​កម្ពុជា ដែល​រះ​យ៉ាង​ចិញ្ចែងចិញ្ចាច​លើ​ឆាក​អាស៊ាន និង​កំពុង​ឆក់​យក​បេះដូង​ពលរដ្ឋ​ខ្មែរ។

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា ក្រុម​ប្រទេស​លោក​សេរី នៅ​តែ​រក្សា​គោល​ជំហរ​ថ្កោលទោស និង​ត្រៀម​ដាក់​ទណ្ឌកម្ម​បន្ថែម ប្រសិន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​បង្ហាញ​សញ្ញា​វិល​ទៅ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​។

លោក គឹម សុខ៖«តើ ហ៊ុន ម៉ាណែត ចិញ្ចែងចិញ្ចាច​រឿង​អី បើ​ប្រទេស​មហា​អំណាច​ប្រជាធិបតេយ្យ​នានា មិន​ព្រម​ជួប​ទ្វេ​ភាគី​និយាយ​រឿង​ការងារ​ផង​ហ្នឹង នេះ​ជា​ឥរិយាបថ​ការទូត​ច្បាស់​ណាស់​ថា បច្ចឹម​លោក​ចាត់​ទុក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខុស​ច្បាប់ គឺ​កើត​មក​ខុស​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ នៃ​ប្រទេស​កម្ពុជា ហើយ​ជា​សារ​ការទូត គ្មាន​ភាព​ស្រពិចស្រពិល​ទេ គឺ​បស្ចិម​លោក នៅ​តែ​រក្សា​ជំហរ​ថ្កោលទោស ដាក់​ទណ្ឌកម្ម»។

លោក គឹម សុខ បន្ត​ថា ថ្វីត្បិត​មេ​ដឹកនាំ​ប្រទេស​មួយ​ចំនួន ដូច​ជា​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​ហ្វីលីពីន​ជាដើម បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ក្រុម​មេដឹកនាំ​ប្រទេស​ទាំង​នោះ ហាក់​បញ្ជូន​សញ្ញា​បែប​ចំអក​ច្រើន​ជាង​ទៅ​លោក ហ៊ុន ម៉ាណែត ដោយសារ​បណ្ដា​មេ​ដឹកនាំ​ទាំង​នោះ ផ្ដោត​សំខាន់​តែ​លើ​កិច្ច​សហប្រតិបត្តិការ បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​ជួញដូរ​មនុស្ស​។ ការ​លើកឡើង​របស់​លោក គឹម សុខ នេះ បន្ទាប់​ពី​របាយការណ៍​អង្គការ​សហប្រជាជាតិ​កាល​ពី​ពេល​ថ្មីៗ នេះ​បង្ហាញ​ថា មាន​មនុស្ស ១០ម៉ឺន​នាក់ ត្រូវ​បាន​គេ​ជួញដូរ​ឆ្លង​កាត់​ទឹក​ដី​កម្ពុជា​។

អ្នក​វិភាគ​រូប​នេះ​បន្ថែម​ថា រី​ឯ​ជំនួប​ទ្វេ​ភាគី​រវាង​លោក ហ៊ុន ម៉ាណែត ជាមួយ​មេ​ដឹកនាំ​វៀតណាម ឡាវ និង​ចិន​ជាដើម គ្រាន់​តែ​ជំនួប​ប្រពៃណី​ដើម្បី​រឹត​ចំណង​រវាង​គណបក្ស​ប្រជាជន​ជាមួយ​គណបក្ស​កុម្មុយនិស្ត​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។