គណបក្សនយោបាយដែលចូលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រថ្ងៃដំបូង ដើម្បីផ្ញើសារទៅម្ចាស់ឆ្នោតឱ្យបោះឆ្នោតជូនគណបក្សរបស់ខ្លួន។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា ( គ.ជ.ប) អះអាងថា ដំណើរយុទ្ធការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយល្អប្រសើរ ដោយសហការពីគ្រប់គណបក្សនយោបាយ និងអាជ្ញាធរដែនដី។
គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាថ្ងៃដំបូងរបស់ខ្លួនហើយ នៅថ្ងៃទី២១ ខែឧសភា នៅតាមរាជនីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស។ គណបក្សទាំងនោះបានចងបដាសារនយោបាយអាទិភាពលើរថយន្តបំពាក់ដោយឧបករណ៍ឧគ្ឃោសនស័ព្ទស្រែកឃោសនាអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សពួកគេ ដើម្បីមានឱកាសដឹកនាំ និងអភិវឌ្ឍឃុំសង្កាត់។
គណបក្សនយោបាយធំពីរដែលមានចំនួនបេក្ខជនប្រជែងយកអាសនក្រុមប្រឹក្សាឃុំ សង្កាត់ប្រហាក់ប្រហែលគ្នា និងលេចធ្លោសម្រាប់ការហែក្បួនឃោសនាថ្ងៃទីមួយនេះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ប្រធានក្រុមការងារ និងសមាជិករបស់គណបក្សទាំងអស់ចូលរួមបើកយុទ្ធការឃោសនាថ្ងៃដំបូងទាំង២៥រាជធានី-ខេត្ត ប៉ុន្តែលោកមិនអាចបញ្ជាក់ពីចំនួនអ្នកចូលរួម និងមធ្យោបាយឃោសនាបាននោះទេ៖ «គណបក្សប្រជាជនបានណែនាំហើយ គឺគ្រប់ឃុំ សង្កាត់ទូទាំងប្រទេសហ្នឹងឱ្យធ្វើព្រមៗគ្នា ហើយចំនួននៅភ្នំពេញ និងតាមឃុំ សង្កាត់ យើងមិនអាចដឹងបានទេ ប៉ុន្តែសមាជិក សមាជិកាបក្សទាំងប៉ុន្មានដែលសកម្ម គឺប្រមូលយកមកហែក្បួន»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានចូលរួមពិធីប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានអ្នកគាំទ្រគណបក្សជាង៥ពាន់នាក់។ លោក ស ខេង បានលើកឡើងនូវគោលនយោបាយ និងស្នាដៃកន្លងមកដោយអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនបេក្ខជនរបស់ខ្លួនបន្តទៀត។
ចំណែកអនុប្រធាន គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលដឹកនាំធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ប្រាប់ថា សកម្មជន និងអ្នកគាំទ្រគណបក្សនៅទូទាំងប្រទេសបានចេញឃោសនារកសំឡេងឆ្នោតហើយនៅថ្ងៃទី២១ ខែឧសភានេះ។ លោកឱ្យដឹងថា គណបក្សបានធ្វើយុទ្ធនាការហែក្បួនឃោសនាជាមួយសកម្មជន និងប្រជាពលរដ្ឋក្នុងខណ្ឌទាំង១២ នៃរាជធានីភ្នំពេញដែលមានចូលអ្នកគាំទ្រជិត២ម៉ឺននាក់ និងមានរថយន្ត ផាសអាប់ ម៉ូតូរាប់ពាន់គ្រឿង។ លោកឱ្យដឹងទៀតថា ក្បួនបក្សភ្លើងទៀនបានធ្វើឱ្យប្រជាពលរដ្ឋនៅតាមផ្ទះ និងដងផ្លូវចេញទទួលស្វាគមន៍៖ «គណបក្សភ្លើងទៀនបានរៀបចំឃោសនាទូទាំងប្រទេសនៅថ្ងៃនេះ ព្រមគ្នាតែម្តង ហើយចាប់ពីថ្ងៃស្អែកនេះទៅ ថ្នាក់ដឹកនាំយើងចុះទៅមូលដ្ឋានជួយឃោសនាតាមខេត្ត ស្រុក ឃុំ នីមួយផងដែរ»។
ក្រៅពីនេះ គណបក្សភ្លើងទៀនក៏បើកយុទ្ធនាការហែក្បួនឃោសនានៅក្រុងសៀមរាប ខេត្តសៀមរាបដែរ។
គណបក្សតូចៗនិងគណបក្សទើបបង្កើតបានហែក្បួនទ្រង់ទ្រាយតូចនៅតាមឃុំ សង្កាត់ដែលពួកគេបានដាក់បេក្ខជនឈរឈ្មោះដែរ។ ប្រធានគណបក្សកម្ពុជានិយម គឺលោក យ៉ែម ប៉ុញ្ញឬទ្ធិ ថ្លែងថាថ្ងៃបើកយុទ្ធនាការនេះ លោកបានដឹកនាំសកម្មជនគណបក្សប្រមាណជាង១រយនាក់ និងម៉ូតូ៥០គ្រឿងហែក្បួនឃោសនានៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាប់ព្រំដែនកម្ពុជា-វៀតណាម៖ «ឃុំសង្កាត់ទាំងអស់ចាប់ផ្តើមដំណើរចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយ និងដើរចែកខិត្តប័ណ្ណ ហើយអ្វីដែលយើងបានផ្សព្វ ផ្សាយសំខាន់បំផុត គឺកសិផល សេវាសាធារណៈ និងទីបីភូមិឃុំមានសុវត្ថិភាព»។
ចំណែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យង់ សាំងកុមារ ឱ្យដឹងថា ថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សជាង២រយនាក់អមដោយឡាន ផាសអាប់ ម៉ូតូ បានហែក្បួនឃោសនានៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទោះយ៉ាងណាលោកបញ្ជាក់ថាក្បួនរបស់គណបក្សនៅស្រុកបាយធាយ ខេត្តកំពង់ចាម ត្រូវលើកទៅធ្វើនៅពេលក្រោយវិញ ដោយសារជាន់ថ្ងៃជាមួយគណបក្សប្រជាជន៖ «ហែក្បួនគ្រប់ភូមិទាំងអស់នៃឃុំកោះដាច់ យើងឃើញថាផុលផុសល្អចំពោះការគាំទ្រ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវចំណាយពេលឱ្យបានច្រើនដើម្បីជួបប្រជាពលរដ្ឋតាមភូមិដោយពន្យល់ពីសារៈសំខាន់នៃការបោះឆ្នោត ឃុំ សង្កាត់ បង្ហាញពីគោលនយោបាយ និងបេក្ខជនចៅសង្កាត់»។
ក្រៅពីប្រមូលជុំជួប និងហែក្បួនបក្សដែលចូលរួមឃោសនាបោះឆ្នោតឃុំ សង្កាត់ ក៏បានធ្វើសកម្មភាពឃោសនាមួយចំនួននៅតាមមូលដ្ឋានដូចជាការចាក់មេក្រូ ចងបដា និងចែកខិត្តប័ណ្ណតាមខ្នងផ្ទះប្រជាពលរដ្ឋជាដើម។ ទន្ទឹមនឹងនេះ បក្សនយោបាយលើកឡើងថាស្ថានភាពឃោសនាបោះឆ្នោតថ្ងៃទី១ គឺមិនមានបញ្ហាចោទ ឬភាពមិនប្រក្រតីកើតមាននោះទេ។ ពួកគេអះអាងថាប្រជាពលរដ្ឋ និងសកម្មជនដែលចូលរួមឃោសនា គឺមានរបៀបរៀបរាយ និងរក្សាភាពថ្លៃថ្នូររបស់ខ្លួន។
យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សនយោបាយនេះ មានរយៈ១៤ថ្ងៃ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ខែមិថុនានេះ ។ ច្បាប់បោះឆ្នោតអនុញ្ញាតឱ្យគណបក្សនយោបាយហែរក្បួនទ្រង់ទ្រាយធំចំនួនពីរដងប៉ុណ្ណោះក្នុងមួយឃុំ សង្កាត់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថាគិតត្រឹមល្ងាចថ្ងៃទី២១ ខែឧសភានេះ គណបក្សនយោបាយចំនួន១១ បានធ្វើចេញឃោសនាបោះឆ្នោត។ លោកបន្តថា យុទ្ធនាការហែក្បួរថ្ងៃទី១ទៀតសោតប្រព្រឹត្តទៅល្អប្រសើរដោយគ្មានអំពើហិង្សា ឬពាក្យបណ្តឹងណាមួយនោះទេ ហើយលទ្ធផលនេះដោយសារពួកគេបានជូនដំណឹងមក គ.ជ.ប បានត្រឹមត្រូវតាមច្បាប់៖ «គ . ជ . ប មិនទទួលបានពាក្យបណ្តឹង ឬព័ត៌មានពាក់ព័ន្ធអំពើហិង្សា ឬញុះញង់បង្កបញ្ហាអំឡុងពេលឃោសនាបោះឆ្នោតដែរ ដូច្នេះ គ . ជ . ប សង្ឃឹមថាថ្ងៃទី២ ទី៣ នឹងប្រព្រឹត្តទៅបន្តទៀតដោយល្អប្រសើរ»។
គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយទាំងអស់ ត្រូវគោរពវិធាន បទបញ្ញត្តិ និងគោលណ៍ដែលចែងក្នុងច្បាប់ស្តីទីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គោរពបទបញ្ញា និងនីតិវិធី ក្រុមសីលធម៌ ជាដើម ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តិទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ លើសពីនេះ គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនា និងហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នាដែរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខ។ ក្នុងនោះគណបក្សនយោបាយចំនួន១៧ បានចូលប្រកួតប្រជែងដណ្ដើមយកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនជាង ១ម៉ឺន (១១.១២២) អាសនៈ ហើយប្រជាពលរដ្ឋជាង៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត៕
ទស្សនាវីដេអូបន្ថែមដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។