សាច់ញាតិយុវជនខ្មែរថាវរៈ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសទទូចឱ្យអាជ្ញាធរ ដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយបារម្ភថា ពួកគេនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារជំងឺផង និងដោយសារការវាយដំពីអ្នកជាប់ឃុំជាមួយគ្នាផង។
ការទទូចជាថ្មីនេះបន្ទាប់ពីមានយុវតីជាប់ឃុំ ២នាក់ គឺកញ្ញា សូ មេត្តា និងអ្នកនាង ឈឿន ដារ៉ាវី ត្រូវក្រុមអ្នកជាប់ឃុំព្រួតវាយធ្វើបាបនៅពេលអ្នកទាំង២នាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដោយបង្អត់អាហារខ្លួនឯងក្នុងពន្ធនាគារ។
ប្អូនស្រីរបស់ កញ្ញា សូ មេត្តា គឺកញ្ញា អេងវ៉ាន់ឌី ប្រាប់អាស៊ីសេរីនៅយប់ថ្ងៃទី១៧ ខែធ្នូ ថា នាងបានទៅសួរសុខទុក្ខបងស្រី កាលពីល្ងាចថ្ងៃដដែលនោះ និងបានឃើញបងស្រីស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង ម្យ៉ាងដោយសាររបួសជើងមិនទាន់ជាសះស្បើយ ម្យ៉ាងត្រូវក្រុមអ្នកជាប់ពន្ធនាគារជាមួយនោះព្រួតគ្នាវាយធ្វើបាប។
បើតាមកញ្ញា អេង វ៉ាន់ឌី ឱ្យដឹងថា បងស្រីកញ្ញា សូ មេត្តា និងអ្នកនាង ឈឿន ដារ៉ាវី ដែលជាយុវជនខ្មែរថាវរៈ និងស្ត្រី២នាក់ទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរដែរនោះបាននាំគ្នាប្រារព្ធខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយបង្អត់អាហារខ្លួនឯងចាប់តាំងពីថ្ងៃទី២ ដល់ទី១៥ ខែធ្នូ ។ ពួកគេមានបំណងទាមទារឱ្យបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្ស ទាំងក្នុង និងខាងក្រៅពន្ធនាគារ។ ចាប់តាំងពីថ្ងៃដំបូងអនុរក្សពន្ធនាគារព្យាយាមបង្ខំឱ្យអ្នកទាំង៤បោះបង់ការបង្អត់អាហារនោះ ប៉ុន្តែមិនបានសម្រេច ដោយអ្នកទាំង៤មិនយល់ព្រម។ កញ្ញាបន្តថា នៅថ្ងៃទី៦ ខែធ្នូ ក៏ស្រាប់តែមានក្រុមអ្នកជាប់ឃុំជាច្រើននាក់ព្រួតគ្នាវាយធ្វើបាប កញ្ញា សូ មេត្តា និងនាង ឈឿន ដារ៉ាវី ទ្រោមខ្លួន។ បើទោះជាយ៉ាងណាអ្នកទាំង២ នៅតែបន្តបង្អត់អាហាររហូតគ្រប់ចំនួនថ្ងៃ ដែលកំណត់៖ «អ្នកទោសសម្លាប់មនុស្ស និងអ្នកទោសជក់ថ្នាំហ្នឹងបានព្រួតគ្នាមកវាយធ្វើបាបពួកគាត់អ៊ីចឹង។ ហើយបងខ្ញុំគាត់ប្រាប់ថា វាយគាត់ឡើងទ្រោមហើយបើសិនជាគាត់អត់យកដៃរាំងមុខទេ គឺត្រូវមុខគាត់ខ្លាំង ហើយទៅបង ឈឿន ដារ៉ាវី វិញកុំអីក៏គាត់នៅជុំគ្នាដែរ តែពេលហ្នឹងគេបានចាប់ទាញគាត់ ចាប់លីគាត់ទៅកន្លែងផ្សេងពីគាត់ ហើយគាត់ថា មិនដឹងថាបង ដារ៉ាវី ត្រូវគេវាយខ្លាំង ឬអត់ទេ ព្រោះគាត់ត្រូវគេវាយច្រើននាក់ដែរ»។
វ៉ាន់ឌីបន្តថា បងស្រីរបស់នាងអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើអាជ្ញាធរពន្ធនាគារមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះទេ។ កញ្ញាទទូចឱ្យអាជ្ញាធរ ពិសេសចៅក្រមនៅសាលាឧទ្ធរណ៍ពិចារណាដោះលែងបងស្រីឱ្យមានសេរីភាពវិញនៅថ្ងៃទី១៨ ខែធ្នូនេះ៖ «ព្រោះអីគាត់មានជំងឺច្រើន ហើយគាត់ត្រូវរបួសជើង ហើយត្រូវគេវាយធ្វើបាបអ៊ីចឹងទៀត គឺខ្ញុំខ្លាចប៉ះពាល់ដល់អាយុជីវិតគាត់មែនទែនបង ហើយឱ្យតែខ្ញុំទៅសួរគាត់ម្ដងៗមិនដែលឮថាមានដំណឹងល្អ អ៊ីចឹងណាបងគឺខ្ញុំពិបាកចិត្ត ហើយក៏ខ្ញុំចង់ស្នើសុំឱ្យគាត់បាននៅក្រៅឃុំឱ្យបានឆាប់»។
វ៉ាន់ឌី បញ្ជាក់ដែរថា កញ្ញា សូ មេត្តា បានជូនដំណឹងករណីនេះទៅមន្ត្រីពន្ធនាគាររួចហើយ តែមិនឃើញមានចំណាត់ការយ៉ាងណានៅឡើយ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ដើម្បីបានការឆ្លើយតបចំពោះការចោទប្រកាន់ថា មានអំពើហិង្សាបង្កដោយក្រុមអ្នកជាប់ឃុំទៅលើយុវតីខ្មែរថាវរៈនេះបាននៅឡើយទេ។
ក្នុងរឿងក្ដីក្រុមយុវជនខ្មែរថាវរៈវិញសាលាឧទ្ធរណ៍គ្រោងនឹងប្រកាសសាលដីកានៅថ្ងៃទី១៨ ខែធ្នូនេះបន្ទាប់ពីបានបើកសវនាការសំណុំរឿងយុវជន៥នាក់កាលពីថ្ងៃទី១៦ ខែធ្នូ។ យុវជនទាំង៥នាក់ ដែលប្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ននោះ រួមមានក្រុមខ្មែរថាវរៈ ៣នាក់ គឺព្រះតេជព្រះគុណ កើត សារ៉ាយ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក ថា ឡាវី ចំណែក ២នាក់ទៀត គឺជាសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី និង លោក មួង សុភ័ក្ត្រ។
អ្នកទាំង ៥នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពួកគេត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពេលពួកគេ នាំគ្នាជម្នះរៀបចំការតវ៉ា នៅទីលានប្រជាធិបតេយ្យឱ្យខាងតែបាន ដើម្បីទាមទារ ឱ្យតុលាការដោះលែង តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សោភ័ណ្ឌ និងតំណាងក្រុមយុវជនខ្មែរថាវរៈផ្សេងទៀត។
អ្នកសិទ្ធិមនុស្សក្នុងស្រុក និងអង្គការអន្តរជាតិ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផង បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយី និងការចោទប្រកាន់ទាំងបំពានច្បាប់ លើអ្នកការពារសិទ្ធិមនុស្ស អ្នករិះគន់ អ្នកនយោបាយ និងត្រូវដោះលែងអ្នកកំពុងជាប់ឃុំដោយការចោទប្រកាន់ទាំងបំពាន ឬតាមទំនើងចិត្តទាំងឡាយឱ្យមានសេរីភាពមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។