ប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន អំពាវនាវឱ្យអ្នកនយោបាយចាប់ដៃគ្នា កសាងជាតិ និងបញ្ឈប់ការចោទប្រកាន់លាបពណ៌ដោយគ្មានមូលដ្ឋាន នៅឆ្នាំ២០២០នេះ។ ពួកគេសង្កេតឃើញថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្លោះនយោបាយបានផ្ទុះឡើងកាន់តែខ្លាំង ក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៧ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋ និងសកម្មជនបក្សប្រឆាំងធ្ងន់ធ្ងរ។
ក្រុមពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន យល់ថា ជម្លោះនយោបាយ ដែលអូសបន្លាយពេលជិត ៣ឆ្នាំកន្លងមកនេះ បានបង្កប៉ះពាល់ធំធេងដល់ សិទ្ធិសេរីភាពពលរដ្ឋ ការធ្លាក់ចុះប្រជាធិបតេយ្យ សេដ្ឋកិច្ចជាតិ និងវិស័យទេសចរជាដើម។ ក្នុងថ្ងៃចូលឆ្នាំសាកល ឆ្នាំ២០២០ នេះ ពួកគេចង់ឱ្យអ្នកនយោបាយរួបរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិនិយម អភិវឌ្ឍន៍ជាតិដោយស្មោះត្រង់ ដើរតាមបន្ទាត់ច្បាប់ និងត្រូវបញ្ឈប់ការចោទប្រកាន់គ្នា ដោយគ្មានមូលដ្ឋាន។
ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង លោក ថាន់ វ៉ន ថ្លែងនៅថ្ងៃទី១ មករា ថា ក្រុមពលរដ្ឋភ័យព្រួយយ៉ាងខ្លាំងអំពីជម្លោះនយោបាយបច្ចុប្បន្ន ដែលប៉ះពាល់ធំធេងដល់ប្រព័ន្ធសេដ្ឋកិច្ចជាតិ ជីវភាពពលរដ្ឋធ្លាក់ចុះ អំពើពុករលួយកើនឡើង ការថយចុះធនធានធម្មជាតិ និងវិបត្តិសង្គមនានាជាដើម។ លោកកត់ចំណាំថា នៅមុនពេលបោះឆ្នោតជាតិម្ដងៗ អ្នកនយោបាយតែងតែសន្យា អភិវឌ្ឍជាតិ និងសាមគ្គីគ្នារឹងមាំ។ ក៏ប៉ុន្តែផ្ទុយទៅវិញនៅពេលអ្នកនយោបាយជាប់ឆ្នោត ពួកគេមិនបានអនុវត្តដូចអ្វីដែលបានសន្យានោះទេ៖ «មន្ត្រីរាជការដឹកនាំប្រទេស ដូចថាមិនត្រូវស៊ីចង្វាក់គ្នាអ៊ីចឹងខ្ញុំភ័យព្រួយណាស់។ មន្ត្រីរាជការធំៗ ជាពិសេសអ្នកក្តាប់ប្រទេស គួរនឹកឃើញពលរដ្ឋផង ពេលបោះឆ្នោតម្តងៗគ្រប់គណបក្សដើររកអំពាវនាវពលរដ្ឋ ដល់ចុងក្រោយវាមានបញ្ហា។ អត់ខ្មាសដៃ ឬអត់ខ្មាសមាត់ខ្លួនឯងទេហី ? អត់ខ្មាសពលរដ្ឋទេហី ? ពលរដ្ឋឥឡូវកំពុងភ័យព្រួយឮថា បាត់ EBA ( ប្រព័ន្ធអនុគ្រោះពន្ធ ) ងាប់ហើយខ្មែរមិនដឹងធ្វើអីទៀតទេ ? អាហ្នឹងខ្ញុំសូមអំពាវនាវរដ្ឋាភិបាលទាំងអស់»។
បុរសដដែលអំពាវនាវឱ្យអ្នកនយោបាយទាំងអស់ ត្រូវគិតពិចារណាឡើងវិញ កុំយកប្រទេសជាតិមកលេងសើច ដោយសារតែអំណាចរបស់ខ្លួន។ លោកថា ការដឹកនាំប្រទេសបែបឯកបក្ស ដោយគ្មានគណបក្សប្រឆាំង គឺជាគ្រោះថ្នាក់មួយសម្រាប់ប្រទេសជាតិ ព្រោះគ្មានអ្នកឃ្លាំមើលកំហុសរបស់រដ្ឋាភិបាល៖ «និយាយរួមទៅគោលនយោបាយរបស់កម្ពុជាយើងខ្ញុំ ចង់ឱ្យសម្របសម្រួលគ្នា ពិសេស គណបក្សកាន់អំណាច និងគណបក្សប្រឆាំង សង្គមស៊ីវិល និងព័ត៌មានអន្តរជាតិ។ ទាំងអស់ ត្រូវរួមគ្នាឡើងវិញ ដើម្បីកសាងប្រទេស ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត។ តើបើបញ្ហាព្រំដែន រឿងយួន រឿងចិននៅក្នុងប្រទេសហ្នឹង អាហ្នឹងយើងកុំអាលគិតគួរ យើងគិតគូររឿងសម្របសម្រួលគ្នាសិន»។
សមាជិកក្រុមយុវជន ១០០រាត្រី និងជាសមាជិក សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក ស៊ុន បាន ចង់ឃើញអ្នកនយោបាយសាមគ្គីគ្នាជាធ្លុងមួយ អភិវឌ្ឍជាតិ ស្របតាមច្បាប់ ជាពិសេសត្រូវមានព្រហ្មវិហារធម៌ទាំង៤ រួមមាន មេត្តា ករុណា មុទិតា និងឧបេក្ខា ចំពោះគ្នាទៅវិញទៅមក ធ្វើយ៉ាងណា បម្រើប្រយោជន៍រួមរបស់ពលរដ្ឋ និងសង្គមជាតិឱ្យបានពេញលេញ គ្មានអំពើពុករលួយ។ លោកមើលឃើញថា អ្នកនយោបាយបច្ចុប្បន្នខ្វះសាមគ្គីភាព និងគ្មានចិត្តធម៌មេត្តា បង្កការលំបាកធ្ងន់ធ្ងរដល់ពលរដ្ឋ និងសង្គមជាតិ៖ «ថ្នាក់ដឹកនាំ និងគណបក្សប្រឆាំងគឺត្រូវតែរួបរួមគ្នា ដើម្បីរកដំណោះស្រាយក្នុងប្រទេស។ គណបក្សប្រឆាំងមានការរិះគន់ ឱ្យរដ្ឋាភិបាលធ្វើឱ្យត្រឹមត្រូវ។ រដ្ឋាភិបាលត្រូវតែទទួលការរិះគន់របស់គណបក្សប្រឆាំងហ្នឹង ដើម្បីយកមកអភិវឌ្ឍន៍ខ្លួនឯង។ សព្វថ្ងៃយើង មានវិបត្តិច្រើនណាស់ រឿងកម្មកររោងចក្រ ហើយជម្លោះដីធ្លីក៏ច្រើន ជាពិសេស បញ្ហាព្រំដែន»។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការអំពាវនាវរបស់ពលរដ្ឋ និងក្រុមយុវជន ឱ្យអ្នកនយោបាយរួបរួមសាមគ្គីគ្នា វាជាចេតនាល្អមួយ។ ក៏ប៉ុន្តែលោកថា សាមគ្គីគ្នាដោយឈរលើគោលការណ៍ ប្រជាធិបតេយ្យ និងច្បាប់ ទើបជារឿងត្រឹមត្រូវ មិនមែនគ្រាន់តែចាប់ដៃគ្នា ហើយមានល្បិចទុច្ចរិតនៅពីក្រោយខ្នងនោះទេ។ លោកថា គណបក្សកាន់អំណាចមិនចង់បំបាត់ បក្សប្រឆាំងទេ ប៉ុន្តែគឺដោយសារតែគណបក្សនេះ បានប្រព្រឹត្តល្មើសច្បាប់ ហើយតុលាការកំពូលបានកាត់ទោស រំលាយគណបក្សប្រឆាំងរួចហើយ មិនអាចឱ្យរស់ឡើងវិញបាននោះទេ៖ «គាត់ត្រូវយល់ថា សាមគ្គីឯកភាពគ្នាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ឈរលើគោលការណ៍ច្បាប់ អាហ្នឹងបានហៅថា សាមគ្គីគ្នាកើតមិនអាចគ្រាន់តែថា ចាប់ដៃគ្នា ហើយមានល្បិចទុច្ចរិតនៅពីក្រោយខ្នង ហើយថា សាមគ្គីគ្នាបាន ហើយកើតជាសុខុមនីយកម្មកម្ពុជាបានទេ។ ខ្ញុំយល់ថា ការស្នើរបស់គាត់ទោះបី មានកម្រិតល្អ ក៏ប៉ុន្តែវានៅមិនទាន់យល់ជ្រៅ ពីចរិតអ្នកនយោបាយខ្លះ»។
ចំណែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា វិបត្តិនយោបាយ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរ សេរីភាពបញ្ចេញមតិ សិទ្ធិចួបជុំ និងសិទ្ធិប្រមូលផ្តុំ ជាពិសេសគឺសកម្មជនបក្សប្រឆាំងត្រូវរងការធ្វើទុក្ខបុកម្នេញឥតឈប់ឈរ។ លោកសង្កេតឃើញថា បញ្ហាទាំងអស់នេះ នៅតែជារឿងចម្រូងចម្រាសដដែលៗ គ្មានដំណោះស្រាយជាវិជ្ជមាននៅឡើយទេ៖ «ឆ្នាំ២០១៨ និងឆ្នាំ ២០១៩នេះ ស្ថានភាពនៃលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហ្នឹង គឺអត់មានភាពល្អប្រសើរទេ។ ជាក់ស្ដែងយើងឃើញមាន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិជាដើម រួមទាំងអ្នករាយការណ៍ពិសេស នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានលើកឡើងអំពៅស្ថានភាពដែលកើតឡើងក្នុងប្រទេសកម្ពុជា ប៉ុន្តែជា អកុសលរដ្ឋាភិបាលតែងតែច្រានចោល»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ក្នុងឆ្នាំ២០២០ នេះ លោកចង់ឃើញអ្នកនយោបាយទាំងអស់ រកដំណោះស្រាយវិបត្តិនយោបាយ និងដោះស្រាយឱ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍រួមរបស់ពលរដ្ឋ និងសង្គមជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។