គណបក្សប្រជាជនកម្ពុជា បានតែងតាំងកូនៗ របស់មន្ត្រីជាន់ខ្ពស់ និងក្រុមមន្ត្រីជំនិតរបស់លោក ហ៊ុន ម៉ាណែត ចំនួន ២៣នាក់បន្ថែមទៀត ជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជា។ អ្នកវិភាគ យល់ថា ការតែងតាំងនេះ គឺជាការពង្រីកឥទ្ធិពលរបស់ លោក ហ៊ុន ម៉ាណែត នៅក្នុងគណបក្សដែលកំពុងត្រៀមទទួលតំណែងពីលោក ហ៊ុន សែន។
ក្រោយលោក ហ៊ុន ម៉ាណែត ក្លាយជាប្រធានយុវជនបក្ស ពេលនេះក្រុមកូនៗ មន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតរបស់លោកជាច្រើននាក់ ក៏ត្រូវបានគណបក្សប្រជាជនកម្ពុជាតែងតាំងជាថ្នាក់ដឹកនាំយុវជនអមជាមួយលោក ហ៊ុន ម៉ាណែត ផងដែរ។
សេចក្តីសម្រេចចុះហត្ថលេខាដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឲ្យដឹងថា សមាសភាពអ្នកទទួលបាន ការតែងតាំងទាំងនោះ មានដូចជា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ហួត ហាក់ រដ្ឋលេខាធិការក្រសួងការពារជាតិ អ្នកស្រី ដាំ ដារិនី និងអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ជាដើម។ ក្នុងនោះក៏មានកូនប្រុសពីរនាក់របស់ទេសរដ្ឋ មន្ត្រី គន់ គីម គឺលោក គីម រិទ្ធី និងលោក គីម សុភៈ ព្រមទាំងមានកូនប្រុសម្នាក់របស់អនុប្រធានទី១ រដ្ឋសភា លោក ងួន ញ៉ិល ឈ្មោះ ងួន រាសី ដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការតែងតាំងក្រុម មនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ លោក ហ៊ុន ម៉ាណែត នេះ គឺធ្វើឡើងស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់បក្ស។ លើសពីនេះ លោកមើលឃើញថា ក្រុមយុវជនជំនាន់ ក្រោយទាំងនេះ មានស្នាដៃនិងគំរូល្អជាច្រើន ជាពិសេសមានគោលជំហរស្មោះត្រង់ជាមួយបក្ស ប្រទេសជាតិនិងប្រជាជន ព្រមទាំងមានសកម្មភាពការងារស្រួចស្រាល់ ដោយគ្មានអល់អែកជាដើម៖ «ទី១ មិនប្រកាន់ថា យុវជនណា ឬឯកឧត្ដមណាស្គាល់ជិតស្និត ឬមិនជិតស្និតទេ គេផ្អែកទៅលើលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗ។ទី២ ផ្អែកលើសំណូមពរ និងភារកិច្ចនយោបាយ ដែលត្រូវប្រើប្រាស់មន្ត្រីទាំងអស់នោះ ដើម្បីឲ្យគាត់មានតួនាទីដើម្បីបំពេញភារកិច្ចណាមួយ » ។
ក្រុមមនុស្សដែលទទួលបានតែងតាំងទាំងនេះ ភាគច្រើនសុទ្ធសឹងតែជាអ្នកដើរហែហមអមដំណើរ លោក ហ៊ុន ម៉ាណែត ពេលចេញទៅក្រៅប្រទេស ដើម្បីរកសំឡេងគាំទ្រឲ្យគណបក្សប្រជាជនដូចជានៅប្រទេសប្រទេស ថៃ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបជាដើម។ ទោះជាយ៉ាងណា យុទ្ធនាការស្វះស្វែងរកការគាំទ្រពីសហគមន៍ខ្មែរនៅក្រៅប្រទេសនោះ ត្រូវបានសហគមន៍ខ្មែរចាត់ទុកថា ជាការបំបែកបំបាក់សាមគ្គីភាពក្នុងសហគមន៍របស់ពួកគាត់។ លើសពីនេះ ក្នុងចំណោមមនុស្សដែលទទួលបានតែងតាំងនេះ ក៏មានជាប់ឈ្មោះថា ជាក្រុមមនុស្សដៃឆៅពាក់ព័ន្ធនឹងរៀបចំគម្រោងធ្វើបាបសកម្មជន បក្សប្រឆាំងទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងពាក់ព័ន្ធនឹងការចូលរួមរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ លើកឡើងថា ក្នុងពេលវេលានេះ លោក ហ៊ុន សែន កំពុងរៀបចំដាក់បញ្ជូលមនុស្សមួយក្រុមថ្មី ដែលស្ថិតក្នុងចង្កោមអ្នកជំនាន់ក្រោយ និងស្មោះត្រង់ជាមួយកូនប្រុសច្បងរបស់គាត់ ដើម្បីចាប់ផ្តើមការងារជាបណ្តើរៗ មុននឹងលោក ហ៊ុន ម៉ាណែត ស្នងតំណែងជាផ្លូវការពីលោក ហ៊ុន សែន។ លោក គឹម សុខ បន្តថា ទោះបីជាក្រុមអ្នកនយោបាយចាស់របស់គណបក្សកាន់អំណាចមួយចំនួនទៀត មិនពេញចិត្តក៏ដោយ ក៏គ្មានអ្នកណាម្នាក់ហ៊ានប្រឆាំងជាចំហនោះទេ ដោយសារតែ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មានឥទ្ធិពលធំធេងនៅគណបក្ស៖ « នៅក្នុងសង្គមប្រជាធិបតេយ្យគេត្រូវការគុណវុឌ្ឍិ និងការប្រកួតប្រជែងគ្នាច្បាស់លាស់ ចំណែកសង្គមកុម្មុយនិស្តគេរៀបចំតាមបណ្ដាញខ្សែរយៈបក្ខពួក អ្នកណាមានឥទ្ធិពលជាង គឺអ្នកនោះ រៀបចំមនុស្សរបស់ខ្លួនកាន់តែខ្ពស់ជាង និងមានអំណាចជាង។ ទី២ ភាពជាក់ស្ដែងនៅក្នុងការរៀបចំផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា គឺជារបៀបកុម្មុយនិស្តទាំងស្រុង ម្ល៉ោះហើយការរៀបចំនេះមានទំនោរនៃការក្ដោបអំណាចផ្ដាច់ការប្រគល់ទៅឲ្យលោក ហ៊ុន ម៉ាណែត » ។
អ្នកវិភាគនយោបាយ និងសង្គមរូបនេះយល់ថា នៅពេលគណបក្សប្រជាជនកម្ពុជា រៀបចំរចនាសម្ព័ន្ធនានា ដើម្បីក្ដោបអំណាច ក្រោមការចាត់ចែងរបស់លោក ហ៊ុន សែន បែបនេះ គឺ គ្មានផលប្រយោជន៍ធំដុំដល់ប្រទេសជាតិ និងប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញមានតែបន្តនូវមរតកដឹកនាំ បែបផ្ដាច់ការតវង្សត្រកូលដូចករណីប្រទេសកូរ៉េខាងជើងយ៉ាងដូច្នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។