សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ​ពីរ​អង្គ

សង្គម​ស៊ីវិល ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ ពីរ​អង្គ​បន្ថែម​ទៀត ខណៈ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន និង​ផ្សឹក​ព្រះតេជព្រះគុណ សឺន ហាយ។

ការ​ចាប់​ខ្លួន​នេះ សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ជា​អំពើ​យង់ឃ្នង ហើយ​សមត្ថកិច្ច​ក៏​គ្មាន​អំណាច​ណា​ទៅ​ចាប់​ព្រះសង្ឃ​យក​ទៅ​ឃុំឃាំង​បាន​ទេ ល្គឹក​ណា​មិន​មាន​ការ​ផ្សឹក​ត្រឹមត្រូវ​ពី​មន្ត្រី​សង្ឃ​តាម​ធម៌​វិន័យ​ក្នុង​ព្រះពុទ្ធ​សាសនា។

លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ពីរ​អង្គ​នេះ ជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​ព្រះតេជព្រះគុណ ថាច់ សាន និង​ព្រះតេជព្រះគុណ ឃិត វណ្ណៈ គង់​នៅ​កុដិ​លេខ​៤៤ ក្នុង​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ជាមួយ​ព្រះតេជព្រះគុណ សឺន ហាយ ដែល​ជា​រឿយៗ ព្រះសង្ឃ​ទាំង​នោះ​បាន​ចូលរួម​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា និង​ដុត​ទង់ជាតិ​វៀតណាម ក្នុង​ពេល​កន្លង​ទៅ។

លោក ចាន់ សុវ៉េត ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នេះ​អាច​ជា​ការ​បំបាក់​ស្មារតី​ព្រះសង្ឃ​ដែល​តវ៉ា​នឹង​ពលរដ្ឋ​ជួប​ភាព​អយុត្តិធម៌ ដូចជា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ព្រះសង្ឃ​ពីរ​អង្គ​នោះ​គ្រាន់​តែ​ទៅ​ចូលរួម​ធ្វើ​ការ​តវ៉ា​ជាមួយ​ពលរដ្ឋ​មាន​ជម្លោះ​ដី ដែល​ស្នាក់​នៅ​វត្ត​សាមគ្គីរង្សី តែ​បែរ​ជា​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ថា​បាន​យក​ដំបង​ចង​ជាមួយ​ទង់ជាតិ ដើម្បី​ប្រើ​ហិង្សា​ជាមួយ​សមត្ថកិច្ច​ទៅ​វិញ៖ «អ៊ីចឹង​ស្នើសុំ​ដោយ​ទទូច​តែ​ម្ដង ថា​ព្រះសង្ឃ​មិន​គប្បី​ឲ្យ​មាន​ការ​ចាប់​ខ្លួន ឬ​ចោទ​ប្រកាន់​អ្វី​ទេ សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ត្រឡប់​មក​វិញ វា​រឿង​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់​ចិត្ត ព្រោះ​ឥឡូវ​ប្រជាពលរដ្ឋ​កំពុង​ពិនិត្យ​មើល​ស្ថានភាព​នេះ មាន​ការ​ភ័យ​ខ្លាច​ព្រួយ​បារម្ភ ព្រោះ​ការ​ចាប់​ខ្លួន​កន្លង​ផុត​ថ្មីៗ​នេះ មួយ​រយៈពេល​នេះ​ឃើញ​មាន​ការ​ចាប់​ព្រះសង្ឃ សហគមន៍ សមាជិក​គណបក្ស​នយោបាយ អ៊ីចឹង​ថា​តើ​ស្ថានភាព​នេះ​ជា​ភាព​ស្ងប់ស្ងាត់​ទេ ឬ​ជា​ការ​បញ្ឆេះ​កំហឹង​ដល់​ពលរដ្ឋ​កាន់​តែ​ក្ដៅ​ក្រហាយ ឬ​ក៏​យ៉ាង​ម៉េច?»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ករណី​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១២ វិច្ឆិកា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នោះ​ទៅ​សាកសួរ​នៅ​ការិយាល័យ​ធម្មការ​ខណ្ឌ​មានជ័យ ហើយ​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ស្នងការ​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។