៣០ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស៖ ក្រុមអ្នកជំនាញថា កេរដំណែល​អវិជ្ជមានកំពុង​រុញច្រាន​កម្ពុជា​ឱ្យ​មក​គ្រប់គ្រង​ដោយ​របប​ឯកបក្ស

0:00 / 0:00

៣០​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ចូលជា​ធរមាន ក្រុមអ្នកជំនាញ​នៅតែ​មើលឃើញ​ពី​សារៈសំខាន់​មិនអាច​ខ្វះបាន និង​ភាពជាប់ពាក់ព័ន្ធ​ដែល​កិច្ចព្រមព្រៀង​នេះ​នៅតែមាន​នៅក្នុង​ដំណើរការ​កសាង​សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​ការផ្សះផ្សា​ជាតិ​នៅក្នុង​សង្គម​កម្ពុជា​ដដែល។ ពួកគេ​វាយតម្លៃ​ថា ទន្ទឹមនឹង​កេរដំណែល​វិជ្ជមាន​ដែល​កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់ជូន​ដល់​សង្គមកម្ពុជា កេរដំណែល​អវិជ្ជមាន​ជាច្រើន​កំពុង​លុបដាន​កេរដំណែល​វិជ្ជមាន​ទាំងនេះ និង​រុញច្រាន​កម្ពុជា​ឱ្យ​វិលមក​រក​ស្ថានភាព​គ្រប់គ្រង​ដោយ​របប​ផ្តាច់ការ​ឯកបក្ស និង​បញ្ហា​ប្រឈម​ជាច្រើន​មិនខុស​ពី​នៅមុន​ឆ្នាំ១៩៩១​នោះទេ។

ការវាយតម្លៃ​យ៉ាងដូច្នេះ ធ្វើឡើង​នៅ​ក្នុង​ កិច្ចពិភាក្សា​អំពីខួបលើកទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស រៀបចំឡើង​តាម​ប្រព័ន្ធអនឡាញ​​កាលពី​ថ្ងៃទី១៤ ខែតុលា ដោយ​វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋអាមេរិក (United States Institute of Peace, USIP) ដែល​មានមូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington)។

ឧបការី​រង​​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទួលបន្ទុក​ការិយាល័យ​ដោះស្រាយ​ជម្លោះ និង​ប្រតិបត្តិការ​ស្ថិរភាពអ្នកស្រី អេរៀល អេខប្លេដ (Ariel Eckblad) ថ្លែងថា ពលរដ្ឋ​កម្ពុជា​បានយល់​យ៉ាងច្បាស់​ថា គោលការណ៍​នានា​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​មិនត្រឹមតែ​នៅតែ​ពាក់ព័ន្ធ​ប៉ុណ្ណោះទេ តែថែមទាំង​យល់​ថា​ ការការពារ​គោលការណ៍​​ទាំងនោះ គឺត្រូវតែមាន​ភាពបន្ទាន់​មិនខុស​គ្នា​កាលពី​ឆ្នាំ១៩៩១​នោះឡើយ។ អ្នកស្រីបន្ត​ថា ក្នុង​រយៈពេល ៣០ឆ្នាំ​មក​នេះ កម្ពុជា​ទទួល​បាន​នូវ​ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច​គួរឱ្យ​កត់សម្គាល់ ហើយ​ថ្មីៗ​នេះទៀតសោត​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ-១៩ ប្រកប​ដោយ​ជោគជ័យ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏នៅមានបញ្ហា​មួយចំនួនទៀត​ដែល​កម្ពុជា​បាន​បរាជ័យ៖ « ភាពប្រសើរឡើង​របស់​កម្ពុជា​ជុំវិញ​​លទ្ធផល​នៃ​ការអភិវឌ្ឍន៍​សុខភាព​មនុស្ស និង​កំណើន​សេដ្ឋកិច្ច កើតមាន​ឡើង​គួរឱ្យ​ចាប់អារម្មណ៍​មែនទែន។ ក៏ប៉ុន្តែ ទិដ្ឋភាព​មួយ​ចំនួន​នៃ​កិច្ចព្រមព្រៀង​នេះ នៅតែ​មិនទាន់​បំពេញបាន។ ជាជាង​ធ្វើឱ្យ​សម្រេចបាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ការប្រកួតប្រជែង​ប្រកបដោយ​ភាពសេរីពហុបក្ស​ដូចដែល​កិច្ចព្រមព្រៀង​នេះ​បាន​រំពឹង​ទុក​កាលពី​៣០ឆ្នាំមុន សព្វថ្ងៃនេះ កម្ពុជា​នៅតែ​ជួបប្រទះ​នូវ​ការរឹតត្បិត​កាន់តែខ្លាំង​ឡើងៗ និង​ការធាក់ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ។ គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅក្នុង​ប្រទេសនេះ ត្រូវបាន​រម្លាយ​ចោល ហើយ​ក្រុមមេដឹកនាំ​របស់​គណបក្ស​នេះ​កំពុង​ប្រឈម​នឹង​ដំណើរការ​ក្តីក្តាំ និង​ការកាត់ទោស​ដែល​មាន​លក្ខណៈ​នយោបាយ។ ក្រុមអ្នកកាសែត សង្គមស៊ីវិល និង​ពលរដ្ឋ​ដែល​រិះគន់​គណបក្ស​កាន់អំណាច ទទួល​រងនូវ​ការចោទប្រកាន់​ពី​បទញុះញង់ និង​ត្រូវ​​ចាប់​ដាក់គុក »

ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូបនេះ គូសបញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​នៅតែ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិសេរីភាព​ជាមូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស។ អ្នកស្រី​សង្កត់ធ្ងន់​ថា សេរីភាព​នៃ​ការបញ្ចេញមតិ ការជួបប្រជុំ និង​ការជ្រើសរើស​មេដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ពិតជា​មាន​សារៈសំខាន់​សម្រាប់​សន្តិភាព និង​វិបុលភាព​យូរអង្វែង​នៅ​កម្ពុជា។ អ្នកស្រី​ព្រមានថា ការធ្វើ​ដំណើរ​ចាកចេញ​ពី​គោលការណ៍​ទាំងនោះ គឺជា​ការធ្វើដំណើរ​ចាកចេញ​ពី​ចក្ខុវិស័យ​ចម្បង​របស់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ អ្នកស្រី​ថា អំណាច​នយោបាយ​ពិតប្រាកដ​ត្រូវតែ​ស្ថិតនៅ​លើ​ពលរដ្ឋ​កម្ពុជា​ខ្លួនឯង។ ដូច្នេះ​ហើយ​អ្នកស្រី​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស និង​គោលការណ៍​នានា​ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​នោះ នៅតែ​មាន​សារៈសំខាន់​នាពេល​បច្ចុប្បន្ន​នេះ មិនខុស​កាលពី​ ៣០ ឆ្នាំ​មុន​នោះឡើយ។

ឆ្លើយតប​នឹង​ការកត់សម្គាល់​នេះ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិកលោក ជុំ សុន្ទរី ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះដែរ អះអាង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គំនិត​ផ្តួចផ្តើម​នយោបាយ «ឈ្នះ-ឈ្នះ» ដើម្បី​ធានា​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ។ លោកថា ការអនុវត្ត​នយោបាយ​ឈ្នះ-ឈ្នះ ​បាន​បញ្ចប់​សង្គ្រាម​អូសបន្លាយ​នៅ​កម្ពុជា និង​នាំ​មក​នូវ​សន្តិភាព​ពេញលេញ ឯកភាព​ជាតិ និង​ទឹកដី​នៅចុង​ឆ្នាំ១៩៩៨។ លោក ជុំ សុន្ទរី អះអាង​ថា លំហ​បរិយាកាស​នយោបាយ​សេរី «នៅតែមាន» នៅ​កម្ពុជា​សម្រាប់​ប្រជាពលរដ្ឋ​ដែល «គោរពច្បាប់»។ លោក​ចោទ​ក្រុមអ្នកនយោបាយ​បក្សប្រឆាំង​ថា បាន​បំពាន​វប្បធម៌​សន្ទនា និង​ប្រើ​សេរីភាព​បញ្ចេញមតិ​ទៅ​បរិហារកេរ្តិ៍ បង្កាច់បង្ខូច ធ្វើឱ្យ​បែកបាក់ជាតិ ឬ​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ និង​ប៉ូលីស​បះបោរ​​ប្រឆាំង​រដ្ឋាភិបាល​ជាដើម។ តំណាង​កម្ពុជា​រូបនេះ គូសបញ្ជាក់​ថា កម្ពុជា​កំពុង​ស្ថិត​នៅលើ «ផ្លូវត្រូវ» ចាប់តាំង​ពី​ការបញ្ចប់​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ។

យ៉ាងណាក៏ដោយ ការអះអាង​នេះ​មិនត្រូវ​បាន​ក្រុមអ្នកជំនាញ​ដទៃទៀត​យល់ស្រប​តាម​ទាំងស្រុង​នោះឡើយ។ សាស្ត្រាចារ្យ​ផ្នែក​ការសិក្សា​អំពី​កិច្ចការ​សន្តិភាព និង​សន្តិសុខ​សាកល​នៃ​សាកលវិទ្យាល័យ រ៉ាយអ័រសិន (Ryerson University) នៃ​ប្រទេស​កាណាដា បណ្ឌិត ពៅ សូរពង្ស កត់សម្គាល់​ថា បើទោះបី​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុងប៉ារីស​បាន​នាំ​មកជូន​កម្ពុជា​នូវ​ដំណើរវិវឌ្ឍន៍​បែប​អន្តរកាល​បីសំខាន់ៗ គឺពី​សង្គ្រាម​មក​សន្តិភាព ពី​របបផ្តាច់ការ​មក​ប្រជាធិបតេយ្យ និង​ពី​ភាពក្រីក្រ​មក​វិបុលភាព​ក៏ដោយ ក៏​កម្ពុជា​នៅតែ​មិនអាច​ចាត់ទុក​ថា​ ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរីពហុបក្ស​បាននៅឡើយទេ។ លោកថា នយោបាយ​នៅ​កម្ពុជា​នៅតែ​គ្របដណ្តប់​ដោយ​នយោបាយ​ចាញ់ឈ្នះ​ដើម្បី​យករស់តែ​រៀងៗខ្លួន ខណៈ​អ្នកនយោបាយ​ខ្មែរ​នៅតែ​មិនទុកចិត្តគ្នា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួម​របស់​ជាតិ​នៅឡើយ៖ « ក្នុងនាម​ជា​អ្នកសិក្សា​ស្រាវជ្រាវ ខ្ញុំដឹង​ថា ​វាមានន័យ​យ៉ាងម៉េច​នៅពេល​ដែល​យើងនិយាយ​អំពី​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស។ យើង​ឃើញមាន​នូវ​ដំណើរការ​ប្រែប្រួល​អន្តរកាល​ធាក់ថយក្រោយ​​មករក​លទ្ធិប្រជាធិបតេយ្យ​បែប​ឯកបក្ស​ដោយ​មាន​ការបោះឆ្នោត​ដែល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​គួរឱ្យ​ទុកចិត្តបាន​កាលពី​ការបោះឆ្នោត​លើកមុន។ មាន​ការវិវឌ្ឍន៍​ផ្នែក​សិទ្ធិមនុស្ស​នៅ​ក្នុង​វិស័យ​មួយចំនួន។ ក៏ប៉ុន្តែ ជារួម សិទ្ធិ​ទាំងនោះ​មិនត្រូវ​បាន​គេការពារ​ឱ្យ​បាន​ពេញលេញ​នោះទេ ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ និង​សិទ្ធិពលរដ្ឋ។ ការគោរព​ច្បាប់ ឬ​នីតិរដ្ឋ​ទៀតសោត ក៏​នៅតែ​មាន​បញ្ហា​ខ្លាំង​នៅឡើយ »។

បណ្ឌិត ពៅ សូរពង្ស ពន្យល់ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស បានត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏ល្អ​ដែល​ធ្វើឱ្យ​ភាគីខ្មែរ​មកពីគ្រប់​មជ្ឈដ្ឋាន​អាចធ្វើការ​ជាមួយ​គ្នាបាន ពលរដ្ឋអាច​កសាង​អនាគត​មួយ​ប្រសើរ​សម្រាប់​ពួកគេ និង​កូនចៅ​របស់​ពួកគេបាន។ ក៏ប៉ុន្តែ លោក​ថា មិនមែន​ជា​ការងាយស្រួល​ឡើយ​ក្នុងការ​សម្រេចបាន​នូវ​វត្ថុបំណង​នៃ​កិច្ចព្រមព្រៀងនេះ ដោយសារ​នយោបាយ​នៅ​កម្ពុជា​កំពុង​ធ្វើ​ឱ្យ​ស្មុគ្រស្មាញ​ដោយ​នយោបាយ​របស់​មហាអំណាច​ក្នុង​សាកលលោក និង​ក្នុង​តំបន់។ លោកថា កម្ពុជា​នឹង​មាន​អនាគត​ប្រសើរ បើអំណាច​អាច​ត្រូវបាន​ចែករម្លែក​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ។

ស្រដៀងគ្នានេះ សាស្ត្រា​ចារ្យមួយរូប​ទៀត គឺ​អ្នកស្រី ឃែរ៉ូលីន ហាហ្គេស (Caroline Hughes) ដែល​ជា​ព្រឹទ្ធបុរស​រង​ផ្នែក​គោលនយោបាយ និង​ការអនុវត្ត​នៃ​សាកលវិទ្យាល័យ ណូត្រឺ ដាម (University of Notre Dame) សហរដ្ឋអាមេរិក កត់សម្គាល់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅក្នុង​នយោបាយ​ និង​សង្គម​កម្ពុជា។ ក៏ប៉ុន្តែ អ្នកស្រី​ផ្តល់​អំណះអំណាង​ថា ឱកាស​សម្រាប់​ការកសាង​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ត្រូវបាន​ធ្វើឱ្យ​ទន់ខ្សោយ​ដោយ​វិធីសាស្ត្រ​នៃ​ការអភិវឌ្ឍន៍​ប្រទេស​ដែល​អ្នកស្រី​ថា​ជាវិធីសាស្ត្រ​បែប​ជាន់ឈ្លី​ពលរដ្ឋទន់ខ្សោយ និងបង្កប់​ដោយ​អំពើហិង្សា​គួរឱ្យ​កត់សម្គាល់​នៅខាងក្រោយ។ អ្នកស្រីថា សមិទ្ធិផល​ដែល​សម្រេចបាន​កាលពី​ពេល​អតីតកាល​ដោយ​កិច្ចព្រមព្រៀងនេះ​មានភាព​ផុយស្រួយ​នៅឡើយ។ កម្ពុជា​នៅមាន​រដ្ឋធម្មនុញ្ញ​សេរីពហុបក្ស និង​ដំណើរការបោះឆ្នោត។ ក៏ប៉ុន្តែ ជាក់ស្តែង អ្នកស្រី​ថា ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​អ្នកនយោបាយ​យក​ទៅ​បកស្រាយ​ក្នុងន័យ​ប្រឆាំងនឹង​ការគោរពសិទ្ធិមនុស្ស​និង​គោលការណ៍​ប្រជាធិបតេយ្យ​ទៅវិញ។ ទន្ទឹមនឹងនោះ អ្នកស្រីថា​បើទោះបីជា​ការបោះឆ្នោត​នៅតែ​ត្រូវ​បាន​ធ្វើឡើង តែ​ការបោះឆ្នោត​ទាំងនោះ​ធ្វើឡើង​តាមរបៀប​ដើម្បី​ធានា​ពី​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​ជា​ឧបករណ៍​ផ្តល់​ភាពស្របច្បាប់​ជាជាង​ធានា​ឱ្យ​មាន​ការទទួលខុសត្រូវ​និង​ការបែងចែក​អំណាច​ពិតប្រាកដ។

ដោយឡែក នាយិការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ដែល​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ធ្វើជា​វាគ្មិន​នៅ​ក្នុង​កិច្ចពិភាក្សា​នោះដែរ បាន​គូសបញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​មាន​តែ​នៅលើ​ក្រដាស។ ខណៈ​ការអនុវត្ត​ជាក់ស្តែង អ្នកស្រីថា កម្ពុជា​នៅមាន​ពី​បញ្ហា​ប្រឈម​ចម្បង​មួយ​ចំនួន​ដូចជា កង្វះ​ស្ថាប័ន​ជាតិ​ឯករាជ្យ ប្រព័ន្ធ​ត្រួតពិនិត្យ​ស្ថាប័ន​រដ្ឋ​ប្រកបដោយ​តុល្យភាព និង​យោធា​មិន​ឯករាជ្យ​ជាដើម។ អ្នកស្រី​ថា នៅមាន​កិច្ចការ​ជាច្រើន​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ដើម្បី​ធានា​នូវ​បរិយាកាស​ប្រកបដោយ​អំណោយផល​ដល់​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ អ្នកស្រី​អំពាវនាវ​ឱ្យ​ក្រុមមេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​យក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ធ្វើជា​គំរូ​ដែល​ខ្មែរគ្រប់ភាគី​អាច​ធ្វើការ​ជាមួយ​គ្នា​បាន និង​បញ្ចប់​ជម្លោះ​ឆ្ពោះ​ទៅរក​ការផ្សះផ្សាជាតិ​ឡើងវិញ។

៣០ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ក្រុមអ្នកជំនាញ​ឆ្លុះបញ្ចាំង​ថា កិច្ចព្រមព្រៀង​នេះ​បាន​នាំមកនូវ​កេរដំណែល​វិជ្ជមាន និង​អវិជ្ជមាន​សម្រាប់​កម្ពុជា។ ក៏ប៉ុន្តែ កេរដំណែល​អវិជ្ជមាន កំពុង​រុញច្រាន​កម្ពុជា​ឱ្យ​វិលមក​រក​ស្ថានភាព​នៃ​ការគ្រប់គ្រង​ដោយ​របប​ឯកបក្ស និង​​​បញ្ហាប្រឈម​ជាច្រើន​មិនខុសពី​នៅ​មុន​ឆ្នាំ១៩៩១​នោះឡើយ។ ពួកគេ​ចង់​ឃើញ​សហគមន៍​អន្តរជាតិ និង​ប្រទេស​ភាគីហត្ថលេខី​នៃ​កិច្ចព្រមព្រៀងនេះ នៅតែបន្ត​ពិគ្រោះយោបល់​ជាមួយ​កម្ពុជា ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​អ្នកនយោបាយ​ងាកមក​រក​ផ្លូវត្រូវ​នៃ​ដំណើរការ​កសាងសន្តិភាព​ដូចដែល​បានគូសវាស​ដោយ​កិច្ចព្រមព្រៀងនេះ កាលពី៣០ឆ្នាំមុន ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ព្រមទាំង​ភាពងាយ​រអិល​ធ្លាក់ចូល​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។