កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២០នេះ ត្រូវលើកពេលទៅ ធ្វើនៅចុងខែមិថុនាវិញ ដោយសារតែក្តីបារម្ភជុំវិញការរីករាលដាល នៃជំងឺកូវីដ-១៩។ អ្នកជំនាញមើលឃើញថា ក្រុមមេដឹកនាំអាស៊ាន មិនទាន់បានត្រៀមខ្លួន ធ្វើការរួមគ្នា ដើម្បីដោះស្រាយទប់ទល់នឹងវិបត្តិបង្កឡើងដោយជំងឺរាតត្បាតនេះនៅឡើយទេ ដោយសារពួកគេគិតតែពីប្រយោជន៍ក្នុងប្រទេសរៀងៗខ្លួន។
កិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមមេដឹកនាំអាស៊ានទាំង១០ប្រទេស ដែលដំបូងឡើយ គ្រោងធ្វើពីថ្ងៃទី៦ ដល់ថ្ងៃទី៩ មេសា នៅទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវលើកពេលទៅធ្វើនៅចុងខែ មិថុនា វិញ។ នេះបើតាមភ្នាក់ងារសារព័ត៌មានអង់គ្លេសរ៉យទ័រ (Reuters) ដែលបានរាយការណ៍កាលពីថ្ងៃទី១៩ មីនា ថា មេដឹកនាំប្រទេសកុម្មុយនិស្តវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) បានជូនដំណឹងអំពីការលើកពេលនេះ ទៅដល់ក្រុមមេដឹកនាំអាស៊ានទាំងអស់ រួចរាល់ហើយ។
កាលពីថ្ងៃទី១៧ មីនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ថា វៀតណាមកំពុងពិគ្រោះយោបល់ជាមួយរដ្ឋសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធអំពីលទ្ធភាពនៃការលើកពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយសារតែការវិវឌ្ឍគួរឱ្យព្រួយបារម្ភនៃជំងឺកូវីត១៩ នៅក្នុងតំបន់ និងនៅលើពិភពលោក។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ កួង តាមប្រព័ន្ធតេឡេក្រាម ដើម្បីសុំព័ត៌មានបន្ថែមជុំវិញរឿងនេះ ក៏លោកមិនឆ្លើយតប គិតត្រឹមម៉ោងផ្សាយនេះ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ចាប់តាំងពីកើតមាន ការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ តំបន់អាស៊ានទាំងមូល ហាក់ដូចជាពុំបានសហការគ្នា បានល្អនោះទេ ដោយសារតែក្រុមមេដឹកនាំអាស៊ាន គិតតែពីសុវត្ថិភាព និងប្រយោជន៍រៀងៗខ្លួន។ លោកថា ពួកគេមិនបានសហការគ្នាផ្តល់ព័ត៌មានឱ្យគ្នាទៅវិញ ទៅមកនោះទេ ដូចជាជាក់ស្ដែងករណីអ្នកដំណើរខ្មែរមកពីថៃដែលមានកើតជំងឺកូវីដ-១៩ ករណីវៀតណាមបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ដោយពុំបានពិគ្រោះយោបល់ ជាមុនជាមួយកម្ពុជាជាដើម។ លោកថា បញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុង ធ្វើឱ្យក្រុមមេដឹកនាំអាស៊ាន ខ្វះការទុកចិត្តគ្នា។ លោកផ្ដល់អនុសាសន៍ថា សម្រាប់ដំណាក់កាលបន្ទាន់នេះ ក្រុមមេដឹកនាំអាស៊ាន និងមន្ត្រីជំនាញថ្នាក់ក្រោម គួរស្វែងរកវិធីជួបប្រជុំតាមរបៀបដទៃទៀត ដើម្បីធ្វើការដោះស្រាយរួមគ្នាចំពោះបញ្ហាប្រឈម ក្នុងតំបន់នៃការរាតត្បាតជំងឺកូវីដ-១៩នេះ។
ដូចគ្នានេះដែរ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី ថា ការលើកពេលកិច្ចប្រជុំកំពូលអាស៊ាននាពេលនេះ ជារឿងត្រឹមត្រូវ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីត១៩។ លោកក៏យល់ស្របដែរថា ក្រុមមេដឹកនាំអាស៊ាន ហាក់មិនទាន់មានវិធានការរួមចំពោះការទប់ទល់នឹងបញ្ហារាតត្បាតនៃជំងឺនេះ។ លោកថា ក្រុមមេដឹកនាំអាស៊ាននៃប្រទេសនីមួយៗ កំពុងចាត់វិធានការលើបញ្ហានេះរៀងៗខ្លួន។ លោកបង្ហាញក្តីបារម្ភថា បញ្ហាជំងឺកូវីត១៩នេះ ក៏បានធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ចោទប្រកាន់គ្នា ឬមានការបែកបាក់សាមគ្គីគ្នា។ ជាក់ស្ដែង ករណីសង្គ្រាមពាក្យសម្តីរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងរឿងធ្វើតេស្តជនជាតិអាមេរិកាំង កើតជំងឺកូវីដ-១៩ ករណីបិទច្រកព្រំដែនរវាងវៀតណាម និងកម្ពុជាជាដើម។
ចាប់តាំងពីមានការផ្ទុះរីករាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំកំពូលធំៗត្រូវបានប្រកាសលើកពេល ឬលុបចោលជាបន្តបន្ទាប់ដោយគ្មានកាលកំណត់។ ជាក់ស្ដែង កិច្ចប្រជុំកំពូលរវាងក្រុមមេដឹកនាំ អាស៊ាន និងអាមេរិក ដែលគ្រោងធ្វើនៅពាក់កណ្តាលខែមីនានេះ នៅក្រុងឡាសវេហ្គាស (Las Vegas) សហរដ្ឋអាមេរិក ត្រូវប្រកាសលើកពេលដោយគ្មានកាលកំណត់។ ថ្មីៗនេះ កម្ពុជាក៏បានលុបចោលកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីអាស៊ី អឺរ៉ុប ដែលគ្រោងធ្វើនៅ ខេត្តសៀមរាបនៅដើមខែមីនានេះ ក្រោមហេតុផលថា សហភាពអឺរ៉ុប បានហាមប្រាមការធ្វើ ដំណើរទៅក្រៅប្រទេសដោយសារតែការផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីត១៩។ ក្រៅពីនេះ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ហើយរំពឹងថា មានក្រុមមេដឹកនាំពីអឺរ៉ុប និងអាស៊ី សរុបជាង៥៣ប្រទេសចូលរួម នៅពាក់កណ្ដាលខែវិច្ឆិកា ខាងមុខនោះ ក៏កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ខណៈការរាតត្បាតជំងឺកូវីដ-១៩ កំពុងអូសបន្លាយ ហើយពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងព្យាបាលជំងឺនេះនៅឡើយ។ យ៉ាងណាក៏ដោយ ខុសប្រទេសនានានៅលើពិភពលោក កម្ពុជានៅតែបង្ហាញភាពស្មោះស្ម័គ្រ ជាមួយសម្ព័ន្ធមិត្តចាក់ទឹកមិនលិច គឺប្រទេសកុម្មុយនិស្តចិន ដោយជម្នះរៀបចំធ្វើសមយុទ្ធ យោធានាគមាសជាមួយគ្នាដដែល ដោយមានទាហ៊ានចិន និងទាហ៊ានខ្មែរចូលរួមសរុបជាង៣ពាន់នាក់។ ការធ្វើដូច្នេះ ត្រូវអ្នកជំនាញព្រមានថា វិស័យសន្តិសុខជាតិកម្ពុជា អាចនឹងប្រឈមហានិភ័យ និងគ្រោះមហន្តរាយ ប្រសិនបើទាហ៊ានខ្មែរឆ្លងជំងឺកូវីដ-១៩នេះ ពីទាហ៊ានចិនដោយប្រការណាមួយជាអកុសលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។